លោក ហ៊ុន សែន រំឭក​ខួប ២៨​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើ​ឃាត ដោយ​ថា​ការវាយប្រហារ​បាន​ផ្លាស់ប្ដូរ​ផែនការ​នយោបាយ​របស់​លោក

0
98
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក

ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​រំឭក​ខួប ២៨​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើឃាត​រូបលោក ដោយ​និយាយថា ហេតុការណ៍​នេះ​បាន​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ចាក​ចេញពី​តំណែង ហើយ​ជំរុញ​ឱ្យ​លោក​ពង្រឹង​អំណាច និង​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​។ ប៉ុន្តែ​អ្នកឃ្លាំមើល​អះអាងថា ការប្តេជ្ញាចិត្ត​របស់លោក ហ៊ុន សែន ក្នុងការ​រក្សា​ឥទ្ធិពល​នយោបាយ គឺ​ផ្ទុយ​ពី​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

នៅក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី​២៤ ខែកញ្ញា លោក ហ៊ុន សែន បាន​និយាយថា ដើមឡើយ លោក​មាន​គម្រោង​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ ហើយ​គ្រោង​បន្ត​កាន់តំណែង​ត្រឹម​ឆ្នាំ​២០០៣។ ប៉ុន្តែ ការវាយប្រហារ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ បានធ្វើឱ្យ​លោក​ផ្លាស់ប្ដូរ​គំនិត​។​

លោក​បាន​សរសេរ​ថា ក្រោយពេល​ខ្មាំង​លួច​សម្លាប់​តែ​មិន​ស្លាប់ ពេលនោះ​ហើយ​ដែល​លោក​យកដៃ​ដាក់​លើ​ក្បាល ដោយនិយាយ​ក្នុង​ចិត្ត​ថា លោក​ត្រូវ​ពង្រឹង​អំណាច និង​ត្រូវ​បញ្ចប់សង្គ្រាម​ឱ្យខាងតែបាន​។ លោក ថា មុនពេល​កើតមាន​ការវាយប្រហារ លោក​ធ្លាប់​ស្នើសុំ​ចុះចេញ​ពី​តំណែង​នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឡើង​នៅផ្ទះ​របស់លោក​ក្នុង​ទីក្រុង​តាខ្មៅ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៩៨ ក្រោម​អធិបតីភាព​លោក ជា ស៊ីម ដែលជា​ប្រធាន​គណបក្ស​នៅពេលនោះ​។ ប៉ុន្តែ ថ្នាក់ដឹកនាំ​គណបក្ស​មិន​យល់​ព្រមឱ្យ​លោក​ចុះ​ចេញពី​តំណែង​នោះទេ។

លោក​បាន​និយាយថា លោក​ធ្លាប់​គិតថា​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​រហូតដល់​ឆ្នាំ​២០០៣ ប៉ុន្តែ​បន្ទាប់ពី​ការវាយប្រហារ លោក​បានសម្រេច​បន្ត​កាន់តំណែង​រហូតដល់​ពេល​ដែល​លោក​លែង​ចង់​ធ្វើ។

ការវាយប្រហារ​នៅ​ឆ្នាំ​១៩៩៨ បាន​កើតឡើង​នៅពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ បន្ទាប់ពី​ការបោះឆ្នោតជាតិ​ខែកក្កដា​។ តាម​សេចក្ដីរាយការណ៍​នៅពេលនោះ គ្រាប់​រ៉ុក្កែត​ត្រូវបាន​បាញ់​ទៅកាន់​ក្បួន​រថយន្ត​ដែល​ដឹក​មេដឹកនាំ​នយោបាយ​នៅ​ខេត្តសៀមរាប ប៉ុន្តែ​មិនបាន​ត្រូវ​រថយន្ត​របស់លោក ហ៊ុន សែន ទេ ហើយ​បាន​ធ្លាក់​ទៅលើ​ផ្ទះមួយ​នៅក្បែរនោះ បណ្ដាលឱ្យ​កុមារា​អាយុ​១២​ឆ្នាំ​ម្នាក់​ស្លាប់​។ លោក ហ៊ុន សែន បានចាត់ទុក​ហេតុការណ៍​នេះ​ជាការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក​។​

លោក ហ៊ុន សែន សរសេរ​បន្ថែមថា ក្រោយ​ការវាយប្រហារ​ឆ្នាំ​១៩៩៨ លោក​បាន​បោះបង់​គម្រោង​ចុះ​ចេញពី​តំណែង​នៅ​អាយុ​៤៦​ឆ្នាំ​។ ផ្ទុយទៅវិញ លោក​បាន​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល​២៥​ឆ្នាំ​ទៀត មុនពេល​ចុះចេញ​ពី​តំណែង​នៅ​អាយុ​៧១ឆ្នាំ។

លោក ហ៊ុន សែន បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ឆ្នាំ​១៩៨៥ និង​កាន់តំណែង​រហូតដល់​ឆ្នាំ​២០២៣ ដែល​ធ្វើឱ្យ​លោក​ក្លាយជា​មេដឹកនាំ​នយោបាយ​មួយរូប​ក្នុងចំណោម​អ្នកកាន់អំណាច​យូរ​ជាងគេ​បំផុត​នៅលើ​ពិភពលោក។

សៀវភៅ​មួយ​មាន​ចំណងជើង​ថា «​ឃាតកម្ម​ក្រោយខ្នង សម្ដេច​តេ​ជោ ហ៊ុន សែន​» បានបង្ហាញ​ការរៀបរាប់​អំពី​ការប៉ុនប៉ង​ធ្វើឃាត​លោក ហ៊ុន សែន​។ សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០២៤ ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា ផ្អែកលើ​សក្ខីកម្ម​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ មាស សុខុន ដែល​ធ្លាប់ជា​អង្គរក្ស និង​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក ហ៊ុន សែន។

តាម​ការរៀបរាប់​នៅក្នុង​សៀវភៅ ការប៉ុនប៉ង​ធ្វើឃាត​លោក ហ៊ុន សែន យ៉ាងហោចណាស់​៥​លើក ត្រូវបាន​អះអាងថា​បាន​កើតឡើង​ចន្លោះ​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​១៩៩៨ ដោយ​ការវាយប្រហារ​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​១៩៩៨ ត្រូវបាន​ចាត់ទុកថា​ជា​លើក​ទី​៥។

សៀវភៅ​ក៏បាន​ចោទប្រកាន់ថា លោក សុខ យឿង ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ​គណបក្ស សម រង្ស៊ី នៅពេលនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ឆ្នាំ​១៩៩៨ ហើយ​ថា​លោក​ត្រូវបាន​ជម្លៀស​ទៅ​ប្រទេស​ថៃ និង​បន្តទៅ​ប្រទេស​ហ្វាំងឡង់។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​និយាយ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់លោក ហ៊ុន សែន ក្នុងការ​រក្សា​ឥទ្ធិពល​នយោបាយ គឺ​ផ្ទុយ​ពី​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ​។ លោក ថា មេដឹកនាំ​នយោបាយ​គួរតែមាន​ការទទួលខុសត្រូវ​ចំពោះ​អ្នកបោះឆ្នោត ហើយ​អំណាច​នយោបាយ​មិនគួរ​ត្រូវបាន​ប្រមូលផ្ដុំ​ក្នុង​គ្រួសារ​តែមួយ​ឡើយ។

លោក ស៊ឹង សែនករុណា បន្ថែមទៀតថា គ្រួសារ​លោក ហ៊ុន សែន ប្រើប្រាស់​ស្ថាប័នរដ្ឋ រួមទាំង​កងកម្លាំងប្រដាប់អាវុធ និង​ប្រព័ន្ធតុលាការ ដើម្បី​បង្ក្រាប​សកម្មជន​នយោបាយ សង្គម និង​បរិស្ថាន។

លោក ស៊ឹង សែនករុណា៖ «យើង​អត់​ចង់ឃើញ​រូបភាព​នៃ​ការដឹកនាំ​បង្ក​ឱ្យ​អ្នកណាម្នាក់​ឈឺចាប់​នោះទេ ត្រូវ​ដឹកនាំ​ឱ្យ​មនុស្ស​គ្រប់រូប គ្រប់ភាគី​ពាក់ព័ន្ធ គ្រប់​និន្នាការ​នយោបាយ ឱ្យគេ​រស់នៅក្នុង សេចក្តីសុខ សុវត្ថិភាព នៅក្នុង​សង្គម​មួយ​ដែល​ធានា​ទៅដោយ​ការគោរព​សិទ្ធិមនុស្ស ដោយ​យុត្តិធម៌ ដោយមាន​ការប្រកួតប្រជែង​ផ្នែក​នយោបាយ មាន​ប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដ អាហ្នឹង គឺជា​រឿង​អ្វីដែល​គេ​ចង់បាន​គ្រប់រូប»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​រាយការណ៍​អំពី​ការ​រឹតត្បិត​លើ​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុងអំឡុងពេល​លោក ហ៊ុន សែន កាន់​អំណាច។

អ្នកឃ្លាំមើល​សង្គម​លើកឡើងថា អ្នកគាំទ្រ​លោក ហ៊ុន សែន បានផ្តល់​កិត្តិយស​ដល់​ការដឹកនាំ​រយៈពេល​យូរ​របស់លោក ចំពោះ​ការបញ្ចប់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍ និង​ការនាំមក​នូវ​ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​កម្ពុជា។ ប៉ុន្តែ​អ្នក​រិះគន់​វិញ​អះអាងថា ប្រព័ន្ធ​នយោបាយ​កម្ពុជា​បាន​ប្រមូលផ្ដុំ​អំណាច​កាន់តែខ្លាំង​នៅ​ជុំវិញ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​លោក ហ៊ុន សែន ចំណែក​គណបក្សប្រឆាំង និង​អ្នក​រិះគន់​ប្រឈម​នឹង​សម្ពាធ​យ៉ាងខ្លាំង។

ក្នុងពេល​លោក ហ៊ុន សែន តែង​បន្ត​រំឭក​នូវ​អ្វីដែល​លោក​ហៅថា​ជាការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក​ជា​រៀងរាល់ឆ្នាំ​នោះ ប៉ុន្តែ​នៅក្រោម​ការដឹកនាំ​របស់​លោក​ជាង​៤​ទសវត្សរ៍​មកនេះ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​បាញ់សម្លាប់ ក្នុងនោះ​មាន​ទាំង​អ្នកសារព័ត៌មាន ព្រះសង្ឃ មេដឹកនាំ​សហជីព​សកម្មជន​ការពារ​ព្រៃឈើ​និង​ចុងក្រោយ​គឺ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ប៉ុន្តែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិនបាន​តាមរក​មេខ្លោង​ពិតប្រាកដ​នៅ​ពីក្រោយ​ឃាតកម្ម​ទាំងអស់​នេះឡើយ ដែល​ធ្វើ​ឱ្យគេ​មើលឃើញថា លោក ហ៊ុន សែន ហាក់​ខ្វល់ខ្វាយ​តែ​រឿង​អយុត្តិធម៌​កើតឡើង​ចំពោះ​រូបលោក និង​ក្រុមគ្រួសារ ក្នុងពេល​លោក​មិនសូវ​យកចិត្តទុកដាក់​នោះឡើយ​ចំពោះ​ការឈឺចាប់ និង​ភាពអយុត្តិធម៌​កើតឡើង​ចំពោះ​អ្នកដទៃ​ស្ថិតនៅក្រោម​ការដឹកនាំ​របស់​លោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ