

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លើកឡើងថា លិខិតអំពាវនាវរបស់សមាគមឧកញ៉ាកម្ពុជា ឱ្យសមាជិកគាំទ្រការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងមានទម្ងន់ជាងនេះ ប្រសិនបើសមាគមចាប់ផ្តើមពិនិត្យ និងឆ្លើយតបចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងសមាជិករបស់ខ្លួន ជាពិសេសលោក លី យ៉ុងផាត់ និងលោក កុក អាន។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា លិខិតអំពាវនាវរបស់សមាគមឧកញ៉ាកម្ពុជា អាចធ្វើឱ្យពលរដ្ឋជឿបាន លុះត្រាតែសមាគមហ៊ានចាប់ផ្តើមពិនិត្យពីក្នុងជួរខ្លួនឯង។ ចំណុចដែលគេចោទសួរខ្លាំងនោះគឺលោក លី យ៉ុងផាត់ និងលោក កុក អាន ដែលក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្ម កាលពីឆ្នាំ២០២៤ និង ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបណ្តាញឆបោក។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមិនមែនជាសាលក្រមរបស់តុលាការកម្ពុជាទេ ប៉ុន្តែលោក សេង វណ្ណលី យល់ថា វាជាបញ្ហាដែលសមាគមគួរតែបង្ហាញថា ខ្លួនបានពិនិត្យការចោទប្រកាន់ ស្នើសុំការបំភ្លឺពីបុគ្គលពាក់ព័ន្ធ និងសហការជាមួយការស៊ើបអង្កេតឬយ៉ាងណា។
លោក សេង វណ្ណលី៖ «ខ្ញុំយល់ថា លិខិតអំពាវនាវរបស់សមាគមឧកញ៉ាកម្ពុជា អាចធ្វើឱ្យប្រជាពលរដ្ឋជឿបាន លុះត្រាតែសមាគមនេះ ហ៊ានចាប់ផ្តើមពិនិត្យមើលលើប្រវត្តិរបស់សមាជិកក្នុងជួរ សមាគមខ្លួនឯង។ ចំណុចដែលគេចោទសួរខ្លាំងបំផុត គឺលោក លី យ៉ុងផាត់ និងលោក កុក អាន។ ថ្វីត្បិតមិនមែនជាសាលក្រមរបស់តុលាការកម្ពុជាក៏ដោយ ប៉ុន្តែវាធ្ងន់ធ្ងរគ្រប់គ្រាន់ ឱ្យសមាគមឧកញ៉ាមួយនេះឆ្លើយថា តើបានពិនិត្យការចោទប្រកាន់ សុំការបំភ្លឺពីបុគ្គលទាំងពីរ និងសហការជាមួយនឹងការស៊ើបអង្កេតហើយឬនៅ?»។
លោក សេង វណ្ណលី បន្ថែមទៀតថា ថា ការបង្ហាញព័ត៌មានអំពីម្ចាស់ទីតាំង អ្នកផ្តល់ហិរញ្ញប្បទាន អ្នកទទួលផល និងមន្ត្រីដែលត្រូវបានសង្ស័យថាជួយសម្របសម្រួលដល់បណ្តាញឆបោក ព្រមទាំងបង្ហាញថាតើសំណុំរឿងណាខ្លះត្រូវបានបញ្ជូនទៅតុលាការ នឹងជួយបង្កើនភាពជឿជាក់លើការបង្ក្រាប។ លោកថា អ្នកដែលមានភស្តុតាងពាក់ព័ន្ធនឹងបទល្មើសគួរត្រូវបានចាត់ការតាមច្បាប់ ដោយមិនគិតពីឋានៈ ឬឥទ្ធិពលរបស់ពួកគេ។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា រូបនេះ បន្ទាប់ពីសមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយប្រកាសគាំទ្រគោលនយោបាយ និងវិធានការរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប និងលុបបំបាត់ទីតាំង និងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ សមាគមក៏បានប្រកាសជំហរ មិនអធ្យាស្រ័យ ចំពោះឧក្រិដ្ឋកម្មប្រភេទនេះ។
ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនពាក់ព័ន្ធរបស់លោកនៅខែកញ្ញា ឆ្នាំ២០២៤ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបង្ខំឱ្យជនរងគ្រោះពីការជួញដូរមនុស្សធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ នៅខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិក ក៏បានដាក់ទណ្ឌកម្មលើលោក កុក អាន និងបុគ្គលនិងអង្គភាពចំនួន ២៨ ដែលមានទំនាក់ទំនងជាមួយបណ្តាញមជ្ឈមណ្ឌលឆបោក។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានរិះគន់សេចក្តីថ្លែងការណ៍របស់សមាគម និងការបង្ក្រាបរបស់រដ្ឋាភិបាល ដោយចោទថា អ្នកមានឥទ្ធិពលមួយចំនួននៅក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាលមានទំនាក់ទំនងជាមួយបណ្តាញឆបោក។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធ។
លោក គឹម សុខ បន្ថែមទៀតថា ការប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា ក៏មានន័យដែរថា សមាគមឧកញ៉ាកម្ពុជាដឹងច្បាស់ណាស់ថា ពួកមេប្រតិបត្តិករឆបោកអនឡាញនៅកម្ពុជា ទាំងបណ្តាញតូច ទាំងបណ្តាញធំ ភាគច្រើនគឺជាឧកញ៉ា ដែលឃុបឃិតជាមួយពួកមន្ត្រីមានឥទ្ធិពលក្នុងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
លោក គឹម សុខ៖ «ដូច្នេះ ការប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា គឺជាការព្រមាន ប្រាប់ពួកឧកញ៉ា ហើយនិងមន្ត្រីជាន់ខ្ពស់មានឥទ្ធិពលក្នុងរដ្ឋាភិបាលនោះ ឱ្យបន្ថយនូវសកម្មភាពឆបោកអនឡាញរបស់ខ្លួន នៅក្នុងបណ្តាញកម្រិតណាក៏ដោយ ពីព្រោះ សហគមន៍អន្តរជាតិបាន ជាន់ទឹកដីកម្ពុជា ក្នុងការស៊ើបអង្កេតមែនទែនហើយ»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប្រាយអិន ម៉ាស្ត៍ (Brian Mast) ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងលោក ចន មូលេណា (John Moolenaar) ប្រធានគណៈកម្មាធិការពិសេសស្តីពីប្រទេសចិន បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កុត បេសិន (Scott Bessent) បានស្នើឱ្យរដ្ឋាភិបាលអាមេរិកស៊ើបអង្កេតបុគ្គល និងអង្គភាពចំនួន ២៨ ដែលពួកគេអះអាងថាមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍។
ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងលិខិត មាន លោក ហ៊ុន តូ ក្មួយប្រុសអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ, លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកយឹម លក្ខណ៍ កូនប្រុសលោកយឹម ឆៃលី ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក នេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិ, លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តកណ្តាលនិងបុគ្គលសំខាន់ៗមួយចំនួនទៀត សរុប ២៥នាក់ និងជនបរទេស និងក្រុមហ៊ុនមួយចំនួនផងដែរ៕









