

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ពលរដ្ឋ ៤នាក់ ដែលភាគច្រើនជាសកម្មជននយោបាយ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ចំនួន ៧ឆ្នាំ ពីបទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងតែមួយ ជុំវិញការសន្ទនា តាមទូរស័ព្ទជាលក្ខណៈឯកជន និង បញេ្ចញមតិតាមបណ្តាញសង្គម។ សង្គមស៊ីវិលស្នើឱ្យតុលាករពិនិត្យសេចក្ដីសម្រេចឡើងវិញ ពីព្រោះសកម្មភាពរបស់អ្នកទាំង ៤ សុទ្ធតែស្របរដ្ឋធម្មនុញ្ញ ដែលគ្មានកំហុសត្រូវជាប់ពន្ធនាគារទេ។
អ្នកទាំង ៤រូប ដែលសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសកាលពីថ្ងៃទី២៣ ខែកញ្ញា ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ រយៈពេល ៧ឆ្នាំ រួមមាន លោក រ័ត្ន សុធី លោក អាំ វង្ស និង លោក សួន ប៊ុនឡោ ដែលអ្នកទាំង៣ ជាអតីតសកម្មជនគណបក្ស សង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ហើយនិងលោក ពិន ប៉ូច ដែលជាមគ្គទេសក៍ទេសចរក្នុងខេត្តសៀមរាប។ អ្នកទាំង៤ ត្រូវបានតុលាការកាត់ទោស ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ប្រពន្ធ និងកូនរបស់ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក រ័ត្ន សុធី និយាយជាមួយទូរទស្សន៍អាស៊ីសេរី ទាំងក្ដុកក្ដួលថា ពួកគាត់ទទួលយកមិនបានទេ នូវការកាត់ទោសប្ដី និងឪពុក របស់ពួកគាត់ ដ៏ធ្ងន់ធ្ងរ ដោយគ្រាន់តែផ្អែកលើការ សន្ទនាតាមទូរសព្ទជាលក្ខណៈឯកជន ដែលគ្មានកំហុសអ្វីសោះ។
ប្រពន្ធលោក រ័ត្ន សុធី គឺលោកស្រី ឃឹម សុខុម ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែកញ្ញា ថា អាជ្ញារមិនគួរចាប់ខ្លួនប្ដីរបស់លោកស្រី ហើយតុលាការ ក៏មិនគួរណាផ្ដន្ទាទោសប្ដីលោកស្រី ដាក់ពន្ធនាគារ រហូតដល់ ៧ ឆ្នាំឡើយ ពីព្រោះ ក្នុងរយៈពេលធ្វើសកម្មភាពនយោបាយ ប្រមាណ ២០ ឆ្នាំ មកនេះ ប្ដីលោកស្រី មិនដែលប្រើពាក្យជេរប្រមាថលើបុគ្គលណាម្នាក់ ឬ មេដឹកនាំប្រទេស ជាសាធារណៈនោះទេ។ លោកស្រីអះអាងថា ប្ដីលោកស្រីស្លូតបូតណាស់ និងចូលរួមសកម្មភាព នយោបាយដោយសីលធម៌។
លោកស្រី ឃឹម សុខុម បន្ថែមថា ការកាត់ទោសប្ដីលោកស្រីឱ្យជាប់ពន្ធនាគារច្រើនឆ្នាំបែបនេះ គឺជា ការបង្កើនបន្ទុកធ្វើបាបលោកស្រី និងកូនៗ ស្របពេលលោកស្រីកំពុងមានជំងឺប្រចាំកាយ ដែលមិនអាចចេញទៅរកចំណូលបាន ខណៈគ្រួសារទាំងមូលជំពាក់បំណុលច្រើន។
លោកស្រី ឃឹម សុខុម៖ «ខ្ញុំពិបាកខ្លាំង ខ្ញុំពិបាកទទួល ហើយខ្លួនគាត់ក៏អ៊ីចឹងដែរ គាត់ខកចិត្តនៅក្នុងនោះ [ពន្ធនាគារ]លឺថា កាត់ទោសយូរឆ្នាំអ៊ីចឹង ព្រោះអីកន្លងមក គាត់ធ្វើការ អត់ដែលទៅធ្វើអ្វី ដែលប្រមាថ ឬក៏មើលងាយពាក្យសម្ដី ឬក៏ទៅស៊ែរ ឬ ក៏ផុសអី អត់ដែលមានទេ។ សំណូមពរសំុឱ្យរាជរដ្ឋាភិបាល សុំឱ្យអភ័យទោសដល់ ដោះលែងប្ដីខ្ញុំឱ្យគាត់ត្រឡប់មកផ្ទះវិញឆាប់ៗផង ព្រោះអីកន្លងមកដែលគាត់ធ្វើការ ខ្ញុំមិនដែលលឺពាក្យគាត់ប្រមាថរដ្ឋាភិបាលអីទេ»។
បច្ចុប្បន្នលោក រ័ត្ន សុធី និង លោក ពិន ប៉ូច កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ។ ចំណែកលោក អាំ វង្ស ជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ រីឯ លោក សួន ប៊ុនឡោ ជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ។
លោក រ័ត្ន សុធី អាយុ ៥៤ ឆ្នាំ ធ្លាប់ជាជំទប់ទី២ របស់គណបក្សភ្លើងទៀន នៃឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២៦ ក្រោយពីលោកបានសន្ទនាតាមទូរស័ព្ទ ដោយលើកឡើង ពីការដឹកនាំ របស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ ក្នុងខែកក្កដា លោក សុធី បានលាឈប់ពីគណបក្សភ្លើងទៀន និងបានសុំទោសរដ្ឋាភិបាល។ ទោះបីជាយ៉ាងណា តុលាការនៅតែបន្តនីតិវិធីផ្តន្ទាទោសលោកដដែល។
ចំណែកឯលោក អាំ វង្ស អាយុ៥៧ឆ្នាំ ធ្លាប់ជាជំទប់ទី២មកពីគណបក្សសង្គ្រោះជាតិ និងលោក សួន ប៊ុនឡោ អាយុ ៦៤ ឆ្នាំ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកទាំងពីរ ត្រូវបានចាប់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៥ ក្នុងស្រុកពួកខេត្តសៀមរាប ក្រោយពួកគាត់បានសន្ទនាជាឯកជនតាមទូរស័ព្ទ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
ដោយឡែក លោក ពិន ប៉ូច អាយុ ៤៨ ឆ្នាំ ដែលជាមគ្គទេសក៍ទេសចរ ក្នុងខេត្ត សៀមរាប ត្រូវបានចាប់ខ្លួនក្នុងខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីលោកបានចែករំលែក សារលើហ្វេសប៊ុក ពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍បាតុកម្មរបស់យុវជន ជេនហ្ស៊ី (Gen Z) នៅប្រទេសនេប៉ាល់ ដែលទម្លាក់មេដឹកនាំរដ្ឋាភិបាលនេប៉ាល់។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែកញ្ញាថា សង្គមស៊ីវិល សោកស្ដាយ ដែលតុលាការសម្រេចផ្ដន្ទាទោសមនុស្ស ៤ នាក់ ដាក់ពន្ធនាគារ ម្នាក់ៗ ៧ ឆ្នាំ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ដោយសារតែពួកគាត់សន្ទនា តាមទូរសព្ទជាលក្ខណៈឯកជន និងការបញ្ចេញមតិតាមបណ្ដាញសង្គមនោះ។
លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរ និងតុលាការគួរពិចារណាឡើងវិញ ពីព្រោះការសន្ទនាតាមទូរស័ព្ទ គឺជាសិទ្ធិឯកជនរបស់ពលរដ្ឋគ្រប់រូប ដែលមិនអាចរំលោភបំពានបានឡើយ ហើយការចូលរួមក្នុងសកម្មភាពនយោបាយ គឺជាសិទ្ធិ ជ្រើសរើសរបស់ប្រជាពលរដ្ឋទូទៅ ដោយសេរី និង ស្មើមុខគ្នា។ លោកថា សិទ្ធិទាំងនេះ របស់ប្រជាពលរដ្ឋ សុទ្ធតែការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។
លោក អំ សំអាត៖ «មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ ហើយសេដ្ឋកិច្ច សង្គម និងវប្បធម៌។ អ៊ីចឹងការអនុវត្តសេរីភាពនៅក្នុងការចូលរួមជីវភាពនយោបាយ វាជាសិទ្ធិនៅក្នុងការជ្រើសរើសរបស់បុគ្គលគ្រប់រូប ឬក៏ប្រជាពលរដ្ឋគ្រប់រូប ហើយសេរីភាពនៅក្នុងការបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញមាត្រា ៤១ និងបទដ្ឋានអន្តរជាតិ»។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងតុលាការកម្ពុជា កំពុងដើរតួនាទីរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងបំពានរដ្ឋធម្មនុញ្ញរបស់ប្រទេស ដោយខ្លួនឯង រួមទាំងប្រមាថមើលងាយអនុសាសន៍ របស់អង្គការសហប្រជាជាតិ ដើម្បីតែការពារអំណាចគ្រួសារអ្នកដឹកនាំមួយក្រុម។
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ប្រាប់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កាលពីចុងខែកក្កដា ថា ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ មិនមែនជាកម្មវត្ថុ នៃបទល្មើស ការចោទប្រកាន់ ការឃុំខ្លួន ឬ ការផ្តន្ទាទោសនោះទេ៕






