

កម្ពុជា រួមជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិជិត៣០ បានអនុម័តសេចក្ដីប្រកាសទីក្រុងភ្នំពេញចំនួន ១១ចំណុច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន។ សេចក្ដីប្រកាស នេះគ្របដណ្ដប់លើការកាត់ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុរបស់បណ្ដាញឧក្រិដ្ឋជន ចាប់ខ្លួនមេខ្លោង និងការសង្គ្រោះជនរងគ្រោះ ជាដើម។ អ្នកឃ្លាំមើលលើកឡើងថា ការចូលរួមរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិក្នុងសន្និសីទនៅកម្ពុជាមិនមែនពួកគេទទួលស្គាល់ការបង្ក្រាបឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថាទទួលបានជោគជ័យនោះទេ ប៉ុន្តែគឺជាការបង្ហាញវត្តមានសម្រាប់ដាក់សម្ពាធបន្ថែមឱ្យរដ្ឋាភិបាលឪកូនចាប់ខ្លួនមេខ្លោងពិតប្រាកដ ដែលនៅពីក្រោយបណ្ដាញឆបោកតាមអនឡាញ។
សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរៀបចំឡើងដោយកម្ពុជាចំនួន ២ថ្ងៃត្រូវបានបិទបញ្ចប់យ៉ាងប្រញាប់ប្រញាល់ដោយមិនបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានសួរដេញដោលលម្អិតទៅកាន់រដ្ឋាភិបាលពាក់ព័ន្ធនឹងចំណាត់ការលើមេខ្លោង និងមន្ត្រីឧកញ៉ាដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញឡើយ។
សន្និសីទអន្តរជាតិ ២ថ្ងៃមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ ឬអាំងទែប៉ូល (Interpol) តំណាងអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចក្រភពអង់គ្លេស មន្ត្រីជាន់ខ្ពស់តំណាងប្រទេសចិន អាស៊ាន (ASEAN) និងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។ សុន្ទរកថារបស់តំណាងបណ្ដាប្រទេស និងអង្គការអន្តរជាតិទាំងនេះក៏បានថ្លែងផ្ដោតសំខាន់ទាមទារឱ្យកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែសកម្មជាងមុន ដើម្បីចាប់ខ្លួនជនល្មើសពាក់ព័ន្ធ បង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជន និងជួយសង្គ្រោះដល់ជនរងគ្រោះដែលរងការកេងប្រវ័ញ្ច និងជួញដូរ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសន្និសីទអន្តរជាតិរបស់ ទីក្រុងភ្នំពេញពេញនៅថ្ងៃទី២៤ ខែកញ្ញា បញ្ជាក់ថា បណ្ដាញប្រទេស និងអង្គការអន្តរជាតិធំៗបានសម្រេចអនុម័តទៅលើការប្ដេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីប្រឆាំងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។ ចំណុចទាំងនោះរួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម ស្ដារ ឬបង្កកទ្រព្យសម្បត្តិបណ្ដាញឧក្រិដ្ឋជន ពង្រឹងច្បាប់ និងក្របខ័ណ្ឌបទប្បញ្ញត្តិ កសាងសមត្ថភាព និងភាពធន់របស់សមត្ថកិច្ច ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ទប់ស្កាត់អំពើឆបោក និងការជួញដួរ និងលុបបំបាត់ទីតាំងបណ្ដាញមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញ។
សេចក្ដីប្រកាសទីក្រុងភ្នំពេញក៏ផ្ដោតលើកិច្ចការពារជនរងគ្រោះ និងមនុស្សដែលងាយរងគ្រោះ រួមទាំងការអនុវត្តគោលការណ៍មិនផ្ដន្ទាទោសចំពោះជនរងគ្រោះដែលត្រូវបានជួញដូរ ឬបង្ខំឱ្យចូលរួមក្នុងសកម្មភាពឆបោក។
ការអនុម័តសេចក្ដីប្រកាសនេះកើតឡើងនៅពេលដែលអង្គសន្និសីទបានកត់សម្គាល់ថា បណ្ដាញឆបោកកំពុងផ្លាស់ប្ដូររបៀបប្រតិបត្តិការរបស់ខ្លួន ដោយបែកចេញជាក្រុមតូចៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI)។ អង្គសន្និសីទបានចាត់ទុកថា ការបង្ក្រាបបណ្ដាញឆបោកតាមអនឡាញតែឯង មិនគ្រប់គ្រាន់សម្រាប់រារាំងបណ្ដាញឧក្រិដ្ឋកម្មដែលកំពុងរៀបចំខ្លួនឡើងវិញនោះទេ។
ថ្វីត្បិតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពេលបើកសន្និសីទអន្តរជាតិនេះថា កម្ពុជាលែងមានវត្តមានមជ្ឈមណ្ឌលឆបោកតាមអនឡាញក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិដែលចូលរួមមិនបានប្រកាសគាំទ្រ ឬសាទរក្នុងសេចក្ដីប្រកាសរបស់ ទីក្រុងភ្នំពេញឡើយ។
សេចក្ដីប្រកាសទីក្រុងភ្នំពេញក៏សង្កត់ធ្ងន់លើការចែករំលែកព័ត៌មានស៊ើបការណ៍ ការស៊ើបអង្កេតហិរញ្ញវត្ថុ ជំនួយផ្នែកច្បាប់ទៅវិញទៅមក ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងដែន។
សន្និសីទអន្តរជាតិនេះបានបិទបញ្ចប់ក្រោមអធិបតី ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺលោក លោក នេត សាវឿន។ លោក នេត សាវឿន ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល និងបក្ខពួករបស់លោក ហ៊ុន សែន ផ្សេងទៀតកំពុងជាប់ឈ្មោះក្នុងបញ្ជីខ្មៅ និងកំពុងត្រូវបានអាមេរិកពិចារណាដាក់ទណ្ឌកម្មរឿងពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងអំពើពុករលួយធ្ងន់ធ្ងរជាប្រព័ន្ធ។
ក្រៅពីលោក នេត សាវឿន ក៏មានមន្ត្រីហែហមចូលរួមក្នុងពិធីសន្និសីទអន្តរជាតិដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ក៏កំពុងត្រូវបានអាមេរិកពិចារណាដាក់ទណ្ឌកម្មរឿងពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញដូចគ្នា។
នៅចំពោះមុខមន្ត្រីជាន់ខ្ពស់នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ ឬអាំងទែប៉ូល (Interpol) លោក នេត សាវឿន បានអានសុន្ទរកថា ជំរុញឱ្យប្រទេសពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពាវនាវឱ្យបន្តចែករំលែកព័ត៌មានសម្ងាត់ និងបទពិសោធន៍ ដើម្បីប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
លោក នេត សាវឿន៖«វិធានការអនុវត្តច្បាប់ម៉ឺងម៉ាត់ គឺជាការឆ្លើយតបយ៉ាងសំខាន់ និងមានប្រសិទ្ធភាពចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទាមទារឱ្យមានយុទ្ធនាការ បោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើយ៉ាងណា កាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន និងឈានទៅលុបបំបាត់ឫសគល់នៃបញ្ហានេះចេញពីសង្គមជាតិ»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងមុនពេលបិទសន្និសីទថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលនេះ គឺស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃបណ្ដាញឆបោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្ដូរបទពិសោធន៍។
លោក នេត្រ ភក្ត្រា៖ «កិច្ចសហការអន្តរជាតិ វាជាគន្លឹះនៃដំណោះស្រាយមួយ។ ការរៀបចំសន្និសីទអន្តរជាតិនេះ គឺបង្ហាញអំពីការបើកចំហរបស់កម្ពុជា ក្នុងការធ្វើការជាមួយនិងបណ្ដាប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដែលមានលក្ខណៈឆ្លងដែន»។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ទោះបីជារដ្ឋាភិបាលឪកូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រៀបចំសន្និសីទអន្តរជាតិ ក៏សហគមន៍អន្តរជាតិគ្មានជំនឿ និងបានដឹងច្បាស់ថា ស្ថានភាពនៃបណ្ដាញឆបោកតាមអនឡាញ និងអំពើឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជានៅតែមានលក្ខណៈធ្ងន់ធ្ងរ។ លោកថា លក្ខណៈធ្ងន់ធ្ងរនោះគឺដោយសារតែរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នៅតែបន្តព្យាយាមកាងការពារក្រុមមេខ្លោងដែលជាបុគ្គលមានលុយមានអំណាច ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនេះ។
លោក គឹម សុខ វាយតម្លៃថា វត្តមានមន្ត្រីជាន់ខ្ពស់នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក អាំងទែប៉ូល (Interpol) និងបណ្ដាញប្រទេសអង្គការអន្តរជាតិផ្សេងទៀតចូលរួមសន្និសីទនៅក្រុងភ្នំពេញគឺជារូបភាពដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ ដោយមិនមែនមកគាំទ្រយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មរបស់លោក ហ៊ុន ម៉ាណែត ប្រកាសថា បានជោគជ័យឡើយ។
លោក កឹម សុខ៖ «ចំណុចសំខាន់របស់សហគមន៍អន្តរជាតិ ជាការឈានជើងចូលប្រទេសកម្ពុជា ដើម្បីដាក់សារច្បាស់លាស់ ដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា ចេញពីព្រឹត្តិការណ៍នោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែចាត់ការ លើពួកមេបណ្ដាញធំៗនៅកម្ពុជា។ បើមិនដូច្នេះទេ ការប្ដេជ្ញាចិត្ត ឬក៏ការសម្រេចចិត្តនានាដែលលោក ហ៊ុន ម៉ាណែត បានប្រាប់សហគមន៍អន្តរជាតិ នៅក្នុងសន្និសីទនោះ គឺជាការបោកប្រាស់។ ហើយរបៀបធ្វើរបស់សហគមន៍អន្តរជាតិ គឺគេទាញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យចូលទៅក្នុងការសន្យាឱ្យបានច្បាស់លាស់ ហើយត្រូវតែចាត់ការ។ បើសន្យាច្បាស់លាស់ជាអន្តរជាតិរហូតទៅដល់បើកសន្និសីទហើយ បែរជាមិនចាត់ការ នោះ FBI អាមេរិក ប៉ូលិសអាំងទែប៉ូលជាដើម មិនបន្តបណ្ដែតបណ្ដោយទៀតទេ។ លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់គាត់នឹងរងទណ្ឌកម្មកាន់តែខ្លាំង ប្រសិនបើមិនចាត់ការមែនទែន»។
សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរៀបចំឡើងដោយកម្ពុជាបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ កិច្ចពិភាក្សាក្នុងសន្និសីទរួមមាន ការប្រឆាំងឆបោកតាមអនឡាញ ការឆ្លើយតបក្នុងតំបន់ និងអន្តរជាតិ បច្ចេកវិទ្យា ការបង្ការ បញ្ហាប្រឈម និងទិសដៅអនាគតក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ។
រដ្ឋាភិបាលកម្ពុជាអះអាងថា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ អាជ្ញាធរបានបង្ក្រាប និងបិទទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញជាង ៨រយទីតាំង (៨៣២)។ ក្នុងនោះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងជាង ៤រយករណីទៅតុលាការដោយមានជនសង្ស័យជិត ៤ពាន់នាក់ (៣,៩២៧) និងបានបណ្ដេញជនបរទេសចម្រុះជាតិសាសន៍ជាង ២២ម៉ឺននាក់ចេញពីកម្ពុជា។
ថ្លែងក្នុងសន្និសីទអន្តរជាតិនៅថ្ងៃបិទបញ្ចប់អគ្គស្នងការនគរបាលជាតិ លោក ស ថេត ប្រកាសថា មិនមែនតែពលរដ្ឋអាមេរិក ឬពលរដ្ឋនៃប្រទេសមួយចំនួនបាត់បង់លុយរាប់ពាន់លានដុល្លារនោះទេ ពលរដ្ឋខ្មែរក៏បានខាតបង់លុយជាង ២៦លានដុល្លារអាមេរិកក្នុងរយៈពេល ៨ខែក្នុងឆ្នាំ២០២៦ នេះ ដោយសារតែក្រុមបណ្ដាញឆបោកតាមអនឡាញ៕









