

អ្នកឃ្លាំមើលបារម្ភថា បញ្ហាគ្រឿងញៀន និងការនាំចូលអាវុធខុសច្បាប់អាចបង្កភាពវឹកវរដល់សង្គមកម្ពុជាកាន់តែធ្ងន់ធ្ងរ ខណៈការហូរចូលនៃគ្រឿងញៀន និងអាវុធខុសច្បាប់បន្តកើតមានកាន់តែច្រើន ដោយសារប្រព័ន្ធអនុវត្តច្បាប់ទន់ខ្សោយ។ កាលើកឡើងនេះ គឺក្រោយពេលដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងរឹបអូសគ្រឿងញៀនជិត១តោន និងអាវុធរាប់សិបដើមទៀត នៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែកញ្ញា។
អ្នកឃ្លាំមើលជំរុញឱ្យសមត្ថកិច្ចពង្រឹងការត្រួតពិនិត្យចរាចរណ៍គ្រឿងញៀន និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ប្រឆាំងនឹងជនល្មើស និងមេខ្លោងនៅពីក្រោយការជួញដូរគ្រឿងញៀន។
ការជំរុញកើតឡើង ស្របពេលដែលសមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៧នាក់ រឹបអូសម្សៅសថ្លាសង្ស័យជាសារធាតុញៀនបានជិត១តោន អាវុធវែង និងខ្លី សេរីទំនើប ចំនួន៣៩ដើម គ្រាប់កាំភ្លើងជិត ៨០០០គ្រាប់ ទូកអូប័រ ០១គ្រឿង និងម៉ូតូ ចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ប្រាប់អាស៊ីសេរីថា អនាគតយុវជនកម្ពុជា និងសន្តិសុខប្រជាពលរដ្ឋនៅតែបន្តរងគ្រោះ និងប្រឈមខ្លាំង ដោយសារការចរាចរណ៍គ្រឿងញៀនក្នុងប្រទេស។ លោកថា ករណីនេះ ដោយសារមន្ត្រីនៅច្រកព្រំដែនទាំងជើងទឹក និងគោក អនុវត្តច្បាប់មិនបានត្រឹមត្រូវ ព្រមទាំងប្រពឹត្តអំពើពុករលួយ និងជួយកាងឲ្យក្រុមឈ្មួញទាំងនោះ។ លោកបន្តថា ការបង្ក្រាបរបស់អាជ្ញាធរហាក់មិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើអាជ្ញាធរមិនកាត់ផ្តាច់ឬគល់នៃគ្រឿងញៀននេះ។ លោកអះអាងថា ការបន្តឲ្យមានលំហូរនៃគ្រឿងញៀននេះ នឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ហើយភ្ញៀវទេសចរណ៍ខ្លាចរអាក្នុងការមកលេងប្រទេសកម្ពុជា នោះសេដ្ឋកិច្ច និងសង្គមកម្ពុជាក៏នឹងធ្លាក់ចុះផងដែរ។
លោក ប៉ោ មករា៖ «រដ្ឋាភិបាលគាត់ហាក់បីដូចជា ជាពិសេសគឺបក្សកាន់អំណាច គាត់ហាក់ដូចជាអសមត្ថភាពពាក់ព័ន្ធនឹងការដែលគ្រប់គ្រងមន្ត្រីរបស់ខ្លួនឯងឱ្យមានប្រសិទ្ធភាព ឱ្យមានសមត្ថភាពក្នុងការហៅថាប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាគ្រឿងញៀន ប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហា Scam ហ្នឹងជាដើមណា។ ពីព្រោះកន្លងមកយើងឃើញថា មន្ត្រីមួយចំនួនគាត់ទៅជាក្រុមអ្នកដែល Scam ក្រុម… ទៅជាក្រុមជនពុករលួយមួយចំនួនធំ គឺវាផ្តល់ឱកាសឱ្យទៅអ្នកដែលគាត់ប្រព្រឹត្តបញ្ហាហ្នឹងទាំងអ៊ីចឹង។ ចឹងអឺរដ្ឋាភិបាលគួរតែពិនិត្យ ហើយនិងគួរតែចាប់ផ្តើមត្រួតពិនិត្យទៅលើបញ្ហាមន្ត្រីរបស់ខ្លួនឯង នូវសមត្ថភាពមន្ត្រីមួយចំនួនដែលអអនុវត្ត ពាក់ព័ន្ធនឹងបញ្ហាច្បាប់ហ្នឹងណា ពីព្រោះវាប៉ះពាល់ទៅនឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាធំណាស់»។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុបានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ទ្រង់ទ្រាយធំមួយ នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបានសរុប២២នាក់ រួមមានជនជាតិចិន១៨នាក់ ជនជាតិវៀតណាម១នាក់ និងជនជាតិខ្មែរចំនួន៣នាក់។ កងរាជអាវុធហត្ថខេត្ត បានរឹបអូសយកសារធាតុញៀនជាង ២៣០ គីឡូក្រាម ព្រមទាំងវត្ថុតាងជាច្រើនទៀត ដូចជា ហេរ៉ូអ៊ីន កូកាអ៊ីន កេតាមីន មេតំហ្វេតាមីន អ៊ិចស្តាស៊ី និងកញ្ឆាក្រៀម ជាមួយសារធាតុផ្សំ និងសារធាតុគីមីសម្រាប់ផលិតថ្នាំញៀនផងដែរ។ សមត្ថកិច្ចថែមទាំងបានដកហូត អាវុធខ្លី១ដើម ម៉ាក K59 គ្រាប់បែកដៃ១គ្រាប់ គ្រាប់អាវុធវែង(AK)ចំនួន១៦គ្រាប់ ជញ្ជីង៣៨គ្រឿង រថយន្តចំនួន៦គ្រឿង ម៉ូតូចំនួន៤គ្រឿង ទូរស័ព្ទដៃចំនួន ៣៣គ្រឿង លិខិតឆ្លងដែន៩ក្បាល ឧបករណ៍ផលិត សម្ភារៈកែច្នៃ និងសំបកវេចខ្ចប់ជាច្រើនទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ក្រុមម៉ាហ្វីយ៉ាដែលអាចនាំចូលសារធាតុញៀន និងអាវុធមកកម្ពុជាទ្រង់ទ្រាយធំបាន អាចដោយសារពួកគេមានអ្នកមានអំណាចកាងការពារពីក្រោយ។
លោក ម៉ែន ណាត ថា ការបង្ក្រាបការជួញដូរនេះ អាចប្រព្រឹត្តទៅបាន អាស្រ័យលើការប្តេជ្ញាចិត្ត និងទង្វើរបស់មេដឹកនាំថា មានឆន្ទៈខ្ពស់ក្នុងការលុបបំបាត់បញ្ហានេះដែរឬទេ ហើយចាប់យកអ្នកជាប់ពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់ មិនមែនចាប់ហើយ សុំការលើកលែងពីព្រះមហាក្សត្រឲ្យមេក្លោងធំៗជួញដូរគ្រឿងញៀនទាំងនោះរួចខ្លួនវិញនោះទេ។
លោក ម៉ែន ណាត៖ «មេដឹកនាំកម្ពុជាហ្នឹងមានអត្តចរិតមិនទៀងត្រង់ មានអត្តចរិតជាជនពាលដែរ ចឹងហើយឃុបឃិតជាមួយជនពាលហ្នឹងប្រព្រឹត្តបទឧក្រិដ្ឋកម្មពេញនៅក្នុងប្រទេសកម្ពុជា។ ហើយមានប្រទេសណាដែលគេធ្វើបានដូចកម្ពុជា? មានតែប្រទេសកម្ពុជាទេដែលពួកជួញដូរគ្រឿងញៀនអាចជួញដូរបានម្តងៗ នាំរាប់សិបតោន ហើយអ្នកដែលប្រព្រឹត្តពិតប្រាកដ មនុស្សមេខ្លោងនៅខាងក្រោយខ្នងនៃឧក្រិដ្ឋកម្មគ្រឿងញៀនហ្នឹង មិនទាន់ដែលបានឃើញយកមកផ្តន្ទាទោសតាមច្បាប់ទេ។ ឧទាហរណ៍ ដូចអន្តរជាតិគេចុចឈ្មោះលោក ហ៊ុន តូ កន្លងទៅអញ្ចឹង សួរថា លោក ហ៊ុន តូ ធ្លាប់ជាប់គុក ធ្លាប់ជាប់ឃុំឃាំងបានម្តងនៅ? អត់ទេ។ ឃើញទេ វាអញ្ចឹង…»។
កន្លងទៅនេះ លោក ហ៊ុន សែន ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាលើកលែងទោសដល់បុរសជនជាតិបែលហ្ស៊ិកម្នាក់ ដែលត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងបទជួញដូរគ្រឿងញៀនឆ្លងដែន តាមសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ការលើកលែងទោសឲ្យឧក្រិដ្ឋជននេះ ត្រូវបានពលរដ្ឋរិះគន់យ៉ាងខ្លាំង ដោយចាត់ទុកការអនុវត្តច្បាប់របស់រដ្ឋាភិបាលមានភាពលំអៀង និងយោគយល់ខ្លាំងទៅលើជនប្រព្រឹត្តបទឧក្រិដ្ឋដែលបំផ្លិចបំផ្លាញសង្គម ខណៈអ្នកជាប់ឃុំដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់ ត្រូវបានរដ្ឋាភិបាលដាក់គំនាបធ្ងន់ធ្ងរ៕








