សាច់​ញាតិ​​​អ្នក​​ទោស​មនសិការ​​​​​​​សោកសៅ​ពេល​​ឃើញ​អ្នក​ដទៃ​ជួប​ជុំ​គ្រួសារ​​​​ពេល​​​បុណ្យ​​ភ្ជុំបិណ្ឌ

0
55
ទិដ្ឋភាពលោក ថាច់ សេដ្ឋា ​អនុប្រធានគណបក្សភ្លើងទៀន និងភរិយា លោកស្រី ថាច់ ចន្ធូ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពលោក ថាច់ សេដ្ឋា ​អនុប្រធានគណបក្សភ្លើងទៀន និងភរិយា លោកស្រី ថាច់ ចន្ធូ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាច់​ញាតិ​​​​​អ្នក​​ទោស​មនសិការ​​​​​​​​ ដែល​កំពុង​ជាប់​ឃុំ​​នៅ​ពន្ធនាគារ​​ បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​ និង​សោកសៅ​នៅ​ពេល​ឃើញ​​​​​​គ្រួសារ​អ្នក​កាន់​អំណាច ដូចជា​ គ្រួសារ​​លោក ហ៊ុន សែន​​​ និង​អ្នក​ដទៃ​ទៀត​​ ​​ជួប​ជុំ​គ្រួសារ​ សើច​សប្បាយ​ ​នៅ​​​​​ពេល​​​​រដូវ​​​បុណ្យ​​​កាន់​ភ្ជុំបិណ្ឌ​ ​ខណៈ​ពួក​គាត់​​​បែរ​ជា​​ បាត់បង់​​សមាជិក​គ្រួសារ​ ​ដោយ​សារ​តែ​​រដ្ឋាភិបាល​​បក្ស​កាន់​អំណាច​ បាន​​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ​ចាប់​ ​​​​​ពួក​គាត់​​​ ដាក់​ពន្ធនាគារ​​​​​ ​​​​ពាក់ព័ន្ធ​ ​ការ​​ឈឺ​ឆ្អាល​​​​បញ្ហា​​ប្រទេស​​​ជាតិ។

ខុស​ពី​​​​គ្រួសារ​អ្នក​​កាន់​អំណាច និង​​​ពលរដ្ឋ​​ដទៃ​ទៀត ដែល​កំពុងតែ​​​ជួប​ជុំ​គ្រួសារ​​​​​​ហើយ​​ ​នាំ​គ្នា​ទៅ​វត្ត​​​អារាម ដើម្បី​​ធ្វើ​បុណ្យទាន​​​​​​​​​​ ក្នុង​ថ្ងៃ​​​​បុណ្យ​​​កាន់​បិណ្ឌ​​​​​ និង​ភ្ជុំ​បិណ្ឌ​​​​ សាច់​ញាតិ​​សកម្មជន​នយោបាយ​ ​សកម្មជន​បរិស្ថាន​ និង​សកម្មជន​​សិទ្ធិ​មនុស្ស​ ​​បង្ហាញ​​អារម្មណ៍​សោកសៅ​ ​និង​ក្ដុកក្ដួល ​​​​នៅ​ពេល​​​​​​​ ប្ដី​ កូន និង​​​​ឪពុក កំពុង​ជាប់​ពន្ធនាគារ​ ​​​​ទាំង​​អយុត្តិធម៌​។ ពួក​គាត់​​ទទូច​ឱ្យ​​រដ្ឋាភិបាល​​​ដោះលែង​​​​​អ្នក​ទោស​​មនសិការ​​​​ទាំង​​នោះ​​ឱ្យ​មាន​សេរីភាព​វិញ។

ប្អូន​ស្រី​​​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​កញ្ញា ឡុង គន្ធា គឺ​កញ្ញា ឡុង សុខលីន ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​​ថា ជា​រៀងរាល់​​ឆ្នាំ​ នៅ​ពេល​មាន​បុណ្យទាន​ម្ដង​ៗ​ ​កញ្ញា​​តែងតែ​ឃើញ​គ្រួសារ​អ្នក​ដទៃ​ រួម​នឹង​​គ្រួសារ​នាយករដ្ឋមន្ត្រី​​​​ផង​ ​ជួប​ជុំ​គ្រួសារ និង​​​បង្ហាញ​​​មនោសញ្ចេតនា​​រីករាយ​ ក៏ប៉ុន្តែ ​សម្រាប់​គ្រួសារ​សកម្មជន​​បរិស្ថាន​​​​ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង​២​ឆ្នាំ​មក​​ហើយ ​នោះ​ បែរ​ជា​មាន​អារម្មណ៍​សោកសៅ។ កញ្ញា​យល់​ថា តុលាការ​​ ​​មិន​​​​គួរ​​​​ផ្ដន្ទាទោស​​​ឱ្យ​ពួក​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​​ចន្លោះ​ពី​៦ ទៅ​៨ឆ្នាំ ដោយសារតែ​រឿង​​ការពារ​ធនធានធម្មជាតិ។

កញ្ញា​ស្នើ​​ទទូច​ឱ្យ​រដ្ឋាភិបាល​​ដោះលែង​​​សកម្មជន​បរិស្ថាន​ទាំង​៥​រូប​ ​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​​នៅ​​ថ្ងៃ​​បុណ្យ​​ភ្ជុំបិណ្ឌ​ខាង​មុខ​​​​​នេះ ដើម្បី​បាន​​ជួប​ជុំ​គ្រួសារ​​ ​​​ព្រោះ​​​ពួក​គាត់ ​ពុំ​មាន​កំហុស​​នោះ​ទេ។

​កញ្ញា ឡុង សុខលីន៖ «ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ពួក​គាត់​ទាំង​អស់​គ្នា​មាន​សេរីភាព មក​ជួប​ជុំ​គ្រួសារ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ព្រោះ​អី​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​បុណ្យ​ប្រពៃណី​ខ្មែរ គ្រួសារ​នីមួយ​ៗ​តែង​តែ​មាន​ការ​ជួប​ជុំ​ក្រុម​គ្រួសារ។ អ៊ីចឹង​ខ្ញុំ​ពិត​ជា​ចង់​ឃើញ​បង​ស្រី​ខ្ញុំ មក​ជួប​ជុំ​ក្រុម​គ្រួសារ ហើយ​បាន​ទៅ​ធ្វើ​បុណ្យ​ទាំង​អស់​។ ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​មាន​ការ​ដោះលែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ »​

កន្លង​មក​​នេះ​​​ ​គេ​​តែងតែ​ឃើញ​ លោក ហ៊ុន សែន ​បង្ហាញ​ពី​​សកម្មភាព​​ស្និទ្ធស្នាល​​ជា​ច្រើន​ជាមួយ​ចៅ​​​ប្រុស​ ចៅ​ស្រី​ដែល​​លោក​​អួត​ថា​មាន​ជាង​៣០​នាក់​។ ចំណែក​នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ​​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ តែងតែ​ដឹកនាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​យ៉ាង​អធិកអធម ​រួម​នឹង​ការ​​ផឹកស៊ី​រាំ​លេង​សប្បាយ​។ ក៏ប៉ុន្តែ​​នៅ​​ពី​ក្រោយ​ភាព​​រីករាយ​នៃ​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ ​​​​ពលរដ្ឋ​រិះគន់​ថា​ ​​លោក ហ៊ុន សែន ផ្ទាល់​​តែងតែ​​ប្រកាស​ពី​​យុទ្ធនាការ​​​​​​​​​«ងើប​មួយ​វាយ​មួយ​»​​​​​​​ប្រឆាំង​​​​មក​លើ​​​​​​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​​​​ ​​តាម​រយៈ​ការ​ចាប់​​អ្នក​ទាំង​នោះ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៥ឆ្នាំ ទៅ​១០​ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​​​ ​អ្នក​ទាំង​នោះ​ ​ត្រូវ​​​​​​ព្រាត់ប្រាស​​ប្រពន្ធ​កូន និង​គ្រួសារ​។​​

រីឯ​ប្រពន្ធ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​​ លោក​ថាច់ សេដ្ឋា ​លោកស្រី ថាច់ សុខបូរ៉ានី បាន​​រៀបរាប់​ទាំង​​អារម្មណ៍​​ ក្ដុកក្ដួល​ថា​​ លោកស្រី​​​​​ឈឺ​ចាប់​ណាស់​ នៅ​ពេល​ដែល​​​​ឃើញ​គ្រួសារ​គេ​សើច​សប្បាយ​​រីករាយ ​ជួប​ជុំ​គ្រួសារ​ ប៉ុន្តែ​​​​​ ​លោកស្រី​​​​​​ បែរ​ជា​​ទឹក​ភ្នែក​ហូរ ព្រោះ​ប្ដី​លោកស្រី ​ជាប់​ពន្ធនាគារ​អស់​ជាង​៣ឆ្នាំ​ហើយ ទាំង​​ដែល​​​​គ្មាន​​​​​​​កំហុស​​​សោះ។ លោក​ស្រី​ថា​ ​​​ថ្ងៃ​​បុណ្យ​កាន់​​បិណ្ឌ​ឆ្នាំ​នេះ​ ​​​​​មិន​ខុស​​​​​ពិធី​​បុណ្យទាន​ប្រពៃណី​ជាតិ​​ផ្សេងៗ​ទៀត​នោះ​ទេ គឺ​​​​​តែងតែ​បួង​សួង​​​ឱ្យ​ប្ដី​ ឆាប់​ទទួល​បាន​​​​​សេរីភាព​វិញ​​ ដើម្បី​បាន​ជួប​ជុំ​គ្រួសារ។

​លោកស្រី ថាច់ សុខបូរ៉ានី៖ «ពួក​គាត់​ចេះ​ស្រឡាញ់​គ្រួសារ​ពួក​គាត់ ​ចាស ចេះ​ស្រឡាញ់​កូន​ចៅ​គាត់ ចុះ​ពួក​ខ្ញុំ? ពួក​ខ្ញុំ​ហ្នឹង​មិន​មែន​មនុស្ស​ទេ​អី? អត់​ចេះ​ស្រឡាញ់​គ្រួសារ អត់​ចេះ​ស្រឡាញ់​កូន អត់​ស្រឡាញ់​អី​ទេ​អី? អត់​ស្រឡាញ់​ឪពុក​ម្ដាយ​ទេ? ចង់​និយាយ​ថា​ គាត់ ពួក​គាត់​អត់​មាន​អាសូរ​ពួក​ខ្ញុំ​ដែល​បែក​បាក់​គ្រួសារ ដែល​អត់​មាន​ខុស​អី​អី​សោះ ជាប់​ពន្ធនាគារ​អូន​ឯង​គិត​មើល​?»

បន្ថែម​ពី​លើ​នោះ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ដោះលែង​ប្ដី​លោកស្រី និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ នៅ​​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ​ព្រោះ​ថា​ការ​បន្ត​​ឃុំ​ខ្លួន​ពួក​គាត់​​​ដាក់​​ពន្ធនាគារ​ ពុំ​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​​ការ​អភិវឌ្ឍ​ជាតិ​នោះ​ទេ​ ក្រៅ​តែ​ពី​ការ​​​​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​ និង​​​បញ្ហា​សិទ្ធិ​មនុស្ស​បន្ត​រង​ការ​រិះគន់​ពី​សហគមន៍​​ជាតិ និង​អន្តរជាតិ។

លោកស្រី ថាច់ សុខបូរ៉ានី៖ «​មិន​ថា​គ្រួសារ​ខ្ញុំ មិន​ថា​​គ្រួសារ​បង​ប្អូន​ដទៃ​ទៀត ផ្សេង​ៗ​ហ្នឹង ឱ្យ​សុំ​ដោះលែង​ទាំង​អស់ ពួក​គាត់​អត់​មាន​ខុស​អី​ទេ ពួក​យើង​អត់​មាន​ខុស​អី​ទេ ហើយ​​ ពួក​គាត់​ធ្វើ​ដើម្បី​ជាតិ​សោះ និយាយ​ដើម្បី​ជាតិ​សោះ និយាយ​ការ​ពិត​សោះ ចាប់​ពួក​គាត់​ដាក់​គុក សួរ​ថា​ពួក​ខ្ញុំ​ហ្នឹង​មិន គ្រួសារ​ហ្នឹង​ឈឺ​ចាប់ និយាយ​ទៅ ពេល​បុណ្យ​ទាន ពួក​ខ្ញុំ​យំ​រហូត​ហ្នឹង ពេល​ពួក​ខ្ញុំ​ទៅ​វត្ត ពួក​ខ្ញុំ​អុជ​ធូប ក៏​យំ​យំ​ដែរ ខ្ញុំ​យំ​រហូត​ហ្នឹង ទឹក​ភ្នែក​ហូរ​មក​ឯង​ហ្មង តែ​ពួក​គាត់​ដែល​ធ្វើ​អញ្ចឹង ហេតុ​អ្វី​បាន​ជា​ពួក​ខ្ញុំ​អត់​រួច​ទេ ​»។

ទូរទស្សន៍​អាស៊ីសេរី ​ពុំ​អាច​ទាក់ទង​​​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា ​​ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

​​​​​​​​​​​​​​​​​​​​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា​ អាដហុក (ADHOC) លោក យិន ម៉េងលី ​សង្កេត​ឃើញ​ថា​ កម្ពុជា​តែងតែ​មាន​ទម្លាប់​មួយ​នៅ​ពេល​រដូវ​​បុណ្យ​ជាតិ​ធំ​ៗ​ គឺ​មាន​ការ​ដោះលែង​អ្នក​ទោស ដូច្នេះ ដើម្បី​ជា​បង្ហាញ​ពី​គោល​គំនិត​នៃ​ការ​បង្រួម​ប្រួម​ជាតិ​ពិត​ប្រាកដ ដូច​ដែល​រដ្ឋាភិបាល​តែងតែ​និយាយ​នោះ គួរតែ​​​យក​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោះលែង​​អ្នក​ទោស​​នយោបាយ និង​សកម្មជន​បរិស្ថាន​ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក យិន ម៉េងលី៖ «អញ្ចឹង ​យើង​ចង់​ឱ្យ​មាន​ការ​លើក​លែង យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ក្រុម​ទាំង​អស់​នេះ​ ​​ហើយ​ការ​ដោះលែង​ក្រុម​ទាំង​អស់​នេះ ក៏​ជា​សញ្ញា​មួយ​ធ្វើ​ឱ្យ​មុខ​មាត់​រដ្ឋាភិបាល​បាន​រីកចម្រើន​ដែរ។​ បាទ​ ព្រោះ​រាយការណ៍​ពិសេស​ក៏​បាន​និយាយ ក៏បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​អស់​ហ្នឹង​ដែរ បាទ។​ អញ្ចឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​មុខ​មាត់​នៅ​ក្នុង​ប្រទេស មាន​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ មើល​ឃើញ​ថា យើង​ចាប់​ផ្ដើម​ធ្វើ​ការ​បង្រួបបង្រួម​ជាតិ ធ្វើ​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ​ហើយ​ បាទ»។

បច្ចុប្បន្ន​មាន​​អ្នក​ទោស​នយោបាយ​ សកម្មជន​បរិស្ថាន ​សកម្មជន​សង្គម​ និង​​អ្នក​​សារព័ត៌មាន​ចំនួន​១១០​នាក់​ ដែល​កំពុង ​ជាប់​ពន្ធនាគារ ​ក្រោយ​ពី​ពួក​គាត់​បាន​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​​អំពី​​បញ្ហា​សង្គម​​ និង​ កិច្ច​ការ​​ការពារ​​​ធនធាន​ធម្មជាតិ​ ស្រប​​តាម​ច្បាប់​​។​ ​​​​​កន្លងទៅ​​ការ​ចាប់​​​ពលរដ្ឋ​ និង​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​​​តាម​​ទំនើង​ចិត្ត​ របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​​​ត្រូវ​បាន​​សហគមន៍​​ជាតិ​ និង​អន្តរជាតិ​រិះគន់​​ ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ​​​។​​​

​​គ្រួសារ​​​​អ្នក​ទោស​នយោបាយ​ ​និង​អ្នក​ឃ្លាំមើល​​​​​​សង្ឃឹម​ថា​ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ​​នឹង​ផ្លាស់​ប្ដូរ​​​​​ការ​​ដឹកនាំ​​​​​​ ដោយ​​​ផ្ដោត​​លើ​​​​​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​​​ជា​ជាង​​ធ្វើ​នយោបាយ​​គុំកួន​​ ​ដោយ​​ចាត់​ទុក​ពលរដ្ឋ​​​​ជា​សត្រូវ​ ​ខណៈ​​​​ដែល​​​ប្រទេស​ជាតិ​ កំពុង​តែ​​​​រង​ផល​​ប៉ះពាល់​​​​​​​មុខ​មាត់​សារ​តែ​​​​​​​ ​បណ្ដាញ​​ឧក្រិដ្ឋជន​​​ឆបោក​​តាម​​ប្រព័ន្ធ​អនឡាញ​​​ ​​​​​បញ្ហា​​​​សេដ្ឋកិច្ច​ ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​​បាន​​ត្រឹម​ត្រូវ​​​​​ ​​​​​រួម​នឹង​បញ្ហា​​​យោធា​​ថៃ​​បង្ក​សង្គ្រាម​​ ឈ្លានពាន​​​​កម្ពុជា ​​ជា​ដើម​។​​ពួក​គាត់​ថា​​ ​​​​​​​នេះ​ ​​ជា​​រឿង​ចាំបាច់​ ដែល​​​​​​​​រដ្ឋាភិបាល​​​ត្រូវ​ផ្ដោត​លើ​ការ​ផ្សះផ្សា​​​ជាតិ​​ឡើង​វិញ​​ តាម​រយៈ​ការ​ដោះលែង​អ្នក​ទោស​មនសិការ​​​​​​ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​​​​​ ជាតិ​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ