

ក្រុមគ្រួសារ និងគណបក្សកម្លាំងជាតិ ទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញ បង្ហាញហេតុផលឲ្យបានច្បាស់លាស់ ក្នុងការចាប់ខ្លួនប្រធានយុវជនគណបក្សកម្លាំងជាតិស្រុកជីក្រែង ខេត្តសៀមរាប ពីព្រោះការចុះចាប់យុវជនរូបនេះ មិនមានដីកាត្រឹមត្រូវនោះឡើយ។ សង្គមស៊ីវិលថា ក្រោយឃាត់ខ្លួនបុគ្គលណាមួយ លើសពី២៤ម៉ោង អាជ្ញាធរត្រូវជូនដំណឹងទៅក្រុមគ្រួសារឬសាច់ញាតិអ្នកត្រូវបានឃាត់ខ្លួន។
គិតត្រឹមថ្ងៃទី២១ កញ្ញា នេះអាជ្ញាធរបានឃាត់ខ្លួន សមាជិកគណបក្សកម្លាំងជាតិស្រុកជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ អស់រយៈពេល៤យប់៤ថ្ងៃ ហើយ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញមិនទាន់បង្ហាញមូលហេតុច្បាស់លាស់ អំពីការចាប់ខ្លួននេះនៅឡើយ។ ក្រុមគ្រួសារ និងគណបក្សកម្លាំងជាតិ ទាមទារឲ្យអាជ្ញាធរបង្ហាញពីមូលហេតុចាប់ខ្លួន លោក ចក់ សារ៉ាយ ឲ្យច្បាស់លាស់ និងត្រូវធានាសុវត្ថិភាពរបស់លោក ពីព្រោះរហូតមកដល់ពេលនេះសាច់ញាតិ មិនទាន់ដឹងថា លោក ចក់ សារ៉ាយ នៅទីណានោះឡើយ។
បងប្រុសរបស់លោក ចក់ សារ៉ាយ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ ខែកញ្ញាថា អស់រយៈពេល៤ថ្ងៃហើយ លោកមិនទាន់ដឹង ដំណឹងពីប្អូនប្រុសរបស់លោកនោះទេ ហើយមិនដឹងថាអាជ្ញាធរចាប់ខ្លួនប្អូនរបស់លោកពីបទអ្វី និងបញ្ជូនទៅឃុំខ្លួននៅទីណានោះដែរ។
បងប្រុសរបស់លោក ចក់ សារ៉ាយ៖ «តាមមើលដូចជាស្ងាត់ឈឹងប្អូនរបស់ខ្ញុំ តាំងពីថ្ងៃទី១៧រហូតមកដល់ថ្ងៃទី២១ ឃើញតែរូបភាព និងព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុក តែសម្រាប់ប្អូនរបស់ខ្ញុំមិនដឹងដល់ណាដល់ណីទេ អត់មានឮដំណឹងអ្វីសោះតាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ស្ងាត់ឈឹង»។
ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២១ ខែកញ្ញាថា រហូតមកដល់ពេលនេះ លោកមិនទាន់ដឹងថា អាជ្ញាធរចាប់ខ្លួន លោក ចក់ សារ៉ាយ ពីបទអ្វី និងបានបញ្ជូនទៅឃុំខ្លួននៅទីណានោះឡើយ។ ប៉ុន្តែលោកថា ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងនៅមូលដ្ឋានជាបន្តបន្ទាប់បែបនេះ មិនមែនជារឿងល្អ សម្រាប់ប្រទេសប្រជាធិបតេយ្យ និងមិនគោរពទៅតាមគោលការណ៍ច្បាប់នោះឡើយ។ លោកថា នៅក្នុងបរិយាកាសនេះ អាជ្ញាធរមិនគួរចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញទៅលើគណបក្សក្រៅរដ្ឋាភិបាលនោះទេ។
លោក សុខ គឹមសេង៖ «ហើយដើម្បីអាចឲ្យប្រជាពលរដ្ឋចូលរួមផ្ដល់មតិយោបលដូចជាការដឹកនាំប្រទេសនេះ ទាល់តែយើងប្ដេជ្ញាចិត្តក្នុងការអនុវត្តប្រទេសជាតិរបស់យើងតាមគោលការណ៍ប្រជាធិបតេយ្យ ហើយរៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ ហើយការរៀបចំការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌នឹង ទាល់តែរៀបចំឲ្យមានបរិយាកាសនយោបាយឲ្យល្អពីឥឡូវនេះទៅ ត្រូវតែគ្រប់គណបក្សនយោបាយនានា ត្រូវមានឱកាសក្នុងការចូលរួមប្រកួតប្រជែងធ្វើសកម្មភាពដោយមិនមានការភ័យខ្លាច ហើយការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញរឿងនេះ ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានទេ នៅថ្ងៃទី២១ខែកញ្ញា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី លើកឡើងថា ក្រោយឃាត់ខ្លួនបុគ្គលណាមួយក្នុងរយៈពេល ២៤ម៉ោង អាជ្ញាធរត្រូវតែឲ្យជនសង្ស័យជូនដំណឹង ឬជួបជាមួយគ្រួសារ និងមេធាវី នោះទើបជាការអនុវត្ត ស្របទៅតាមច្បាប់។
លោក យិន ម៉េងលី៖ «សមត្ថកិច្ចគប្បីតែអនុវត្តឲ្យមានតម្លាភាព តម្លាភាពត្រង់នេះមានន័យថា សមត្ថកិច្ចគួរតែផ្ដល់ព័ត៌មានទៅមូលដ្ឋានវិញ ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមគ្រួសារ ថាពួកគាត់នឹងអាចមកជួប បងជួបប្អូនគាត់បាន នៅពន្ធនាគារណាមួយ ឥឡូវនេះគេឃុំនៅពន្ធនាគារណាមួយ គាត់អាចមកសួរសុខទុក្ខបាន យើងកុំទាន់ចាត់ទុកអ្នកដែលយើងចាប់ខ្លួនមកជនសង្ស័យ ថាជាពិរុទ្ធភាព យើងត្រូវយកគោលការណ៍ការសន្មតជាមុនថាអត់ទោស ដរាបណាមិនទាន់មានការផ្ដន្ទាទោស»។
ប្រធានយុវជនបក្សកម្លាំងជាតិ ស្រុកជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ ត្រូវបានកម្លាំងសមត្ថកិច្ចពីក្រសួងមហាផ្ទៃ ចុះចាប់ខ្លួន កាលពីព្រលប់ ថ្ងៃទី១៧ ខែកញ្ញា ដោយគ្មានដីកា នៅផ្ទះរបស់លោក ក្នុងភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងយុវជន ចក់ សារ៉ាយ ព្រមទាំង អ្នកទោសនយោបាយ និង អ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ តាមអនុសាសន៍ របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) កាលពីចុងខែកក្កដា។ លោក ថម អេនឌ្រូ បានដាស់តឿនលោក ហ៊ុន ម៉ាណែត ឱ្យដោះលែង និងផ្ដល់សេរីភាពពេញលេញ ដល់អ្នកទោសនយោបាយ និង អ្នកទោសមនសិការ ជាង ១០០នាក់ ដើម្បីអនុវត្តតាមគោលការណ៍គោរពសិទ្ធិមនុស្ស ដែលភាគីកម្ពុជាសន្យាជាអន្តរជាតិ៕









