

អ្នកតាមដានបញ្ហាសង្គម និងនយោបាយកម្ពុជាបារម្ភថា ករណីអតិថិជនដាក់ប្រាក់នៅ ហួយវ័ន ផេ (Huione Pay) មិនទទួលបានដំណោះស្រាយ និងបែរជារងទណ្ឌកម្ម ពេលចេញតវ៉ាគឺជាគំរូអាក្រក់ និងធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តលើការដាក់លុយក្នុងធនាគារ និងធ្វើឱ្យខូចឈ្មោះវិស័យហិរញ្ញវត្ថុកម្ពុជា។
ការវាយតម្លៃនេះធ្វើឡើងនៅក្រោយពេលដែលអតិថិជន ឬអ្នករងគ្រោះពីការបង្កកប្រាក់ដោយគ្រឹះស្ថាន ហួយវ័ន ផេ មិនអាចទារប្រាក់មកវិញបាន និងថែមទាំងត្រូវវាយធ្វើបាបដោយហិង្សា និងឃាត់ខ្លួនដាក់ពន្ធនាគារ ពេលចេញតវ៉ា។
រឿងរ៉ាវរបស់គ្រឹះស្ថាន ហួយវ័ន ផេ ជាឧទាហរណ៍ជាក់ស្ដែងនៃការអនុវត្តច្បាប់មានស្ដង់ដារ២ រវាងពលរដ្ឋទូទៅជាម្ចាស់ប្រាក់ និងអ្នកមានឥទ្ធិពលនៅកម្ពុជា។ លើសពីនេះវិស័យហិរញ្ញវត្ថុកម្ពុជាក៏អាចនឹងជួបបញ្ហាធំ ដោយសារសាធារណជនបាត់ទំនុកចិត្ត និងអាចធ្លាក់ចូលក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់របស់អន្តរជាតិជាថ្មី។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិច លោក សេង វណ្ណលី មានទស្សនៈថា ការមិនផ្ដល់ដំណោះស្រាយត្រឹមត្រូវដល់អតិថិជនដែលរងគ្រោះ ហើយបែរជាចាប់អ្នកតវ៉ាដាក់ទោស បានបង្ហាញថា វិស័យយុត្តិធម៌ ការអនុវត្តច្បាប់ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែមិនអាចទុកចិត្តបានទាំងសម្រាប់ពលរដ្ឋសាមញ្ញ និងអ្នកវិនិយោគ។ បញ្ហានេះនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់លោក ហ៊ុន ម៉ាណែត ដែលតែងប្រកាសពីការកែទម្រង់រដ្ឋបាល និងការពង្រឹងនីតិរដ្ឋ ព្រោះថាប្រសិនបើសាច់ញាតិរបស់លោកជាប់ពាក់ព័ន្ធមិនត្រូវបានដោះស្រាយ លោកនឹងត្រូវបាត់បង់តម្លៃនៅក្នុងកែវភ្នែកប្រជាជន និងវិនិយោគិនអន្តរជាតិ។
លោក សេង វណ្ណលី៖ «ជាសញ្ញាព្រមានដ៏គ្រោះថ្នាក់មួយសម្រាប់ទំនុកចិត្តដល់ប្រព័ន្ធហិរញ្ញវត្ថុជាតិទាំងមូល នៅពេលដែលធនាគារជាតិ ក៏ដូចជារដ្ឋាភិបាលហាក់ដូចជាស្ទាក់ស្ទើរក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើបុគ្គលមានអំណាច។ វានឹងធ្វើឱ្យសាធារណជនយល់ឃើញថា ប្រព័ន្ធយុត្តិធម៌ និងបទប្បញ្ញត្តិហិរញ្ញវត្ថុនៅកម្ពុជាមានស្តង់ដារ២ ដែលការពារតែអ្នកមានខ្នងបង្អែក ខណៈដែលប្រជាពលរដ្ឋក្លាយជាជនរងគ្រោះទ្វេដង។ ចំណែកអ្នកវិនិយោគមានការរារែកក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាដោយសារពួកគេបារម្ភពីហានិភ័យនៃបទល្មើសហិរញ្ញវត្ថុ និងកង្វះការការពារផ្នែកច្បាប់ដែលនាំឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់ជាថ្មីម្ដងទៀត»។
ទាក់ទងនឹងស្ថាប័ន ហួយវ័ន ផេ នេះ តុលាការបានចោទប្រកាន់អតិថិជន២នាក់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោយមានការបង្ក្រាបដោយហិង្សាលើអតិថិជនប្រមាណ ១០០នាក់ ដែលចេញតវ៉ានៅពីមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ មេសា។ តុលាការចោទលោក សួន សុវណ្ណថៃ និងលោក វ៉ាត មករា ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរាំងស្ទះចរាចរណ៍សាធារណៈ ដែលអាចឱ្យពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
ក្រុមហ៊ុន ហួយវ័ន ផេ ជាគ្រឹះស្ថានទូទាត់សាច់ប្រាក់ ដែលស្ថិតនៅក្រោមក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ដែលមានទីផ្សារអនឡាញជាច្រើនទៀតជាប់ឈ្មោះជាក្រុមរកស៊ីឆបោកតាមអនឡាញ អាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានទាំងកម្ពុជាផង។ កម្មវិធីនេះ អនុញ្ញាតឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់បាន។
ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ អេលីបទីក (Elliptic) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) កាលពីឆ្នាំ២០២៤ បានលាតត្រដាងថា បងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជានាយកមួយរូបនៃក្រុមហ៊ុន ហួយវ័ន ផេ។ ប្រភពដដែលបន្តថា ក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ ពាក់ព័ន្ធយ៉ាងសកម្មនឹងប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបោកតាមអនឡាញនៅជុំវិញពិភពលោក ហើយទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានទូទាត់លាងលុយកខ្វក់តាមរយៈកម្មវិធីក្រុមហ៊ុន ហួយវ័ន។
ធនាគារជាតិនៃកម្ពុជាអះអាងថា បានដកអាជ្ញាបណ្ណ ក្រុមហ៊ុន ហួយវ័ន ផេ របស់ លោក ហ៊ុន តូ កាលពីឆ្នាំ២០២៤ គឺស្ថាប័ននេះលែងស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនទៀត និងបានចាត់ឱ្យក្រុមហ៊ុនឯកជនជម្រះបញ្ជីទូទាត់លុយសងអតិថិជនតាំងពីចុងឆ្នាំ២០២៥។ ប៉ុន្តែអតិថិជននៅតែអះអាងថាការផ្ទេរប្រាក់នៅតែអាចបន្តធ្វើបានរហូតដល់មានការប្ដូរឈ្មោះជា H Pay និងការបង្កកប្រាក់ដោយក្រុមហ៊ុននេះនៅចុងឆ្នាំ២០២៥។
ចំណែក ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូ ហ្គនសាឡេស ដេវីដសុន(Alejandro Gonzalez Davidson) ហៅអាឡិច វិញ មើលឃើញថា បញ្ហាអាចនឹងរាលដាលទៅដល់វិស័យធនាគារនៅកម្ពុជា ដោយសារតែការបាត់ទំនុកចិត្ត នៅពេលដែលពលរដ្ឋខ្មែរជាទូទៅមិនសូវទុកចិត្ត និងគ្មានទម្លាប់ដាក់ប្រាក់នៅធនាគារស្រាប់ផង។ ចំណែកវិនិយោគិនមួយចំនួននឹងមានចិត្តរារែកក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដោយសារបារម្ភពីស្ថិរភាពសង្គម និងសុវត្ថិភាពដើមទុនរបស់ពួកគេ។
លោក អាឡិច ហាន់ដ្រូ៖ «ឬក៏ខ្មែរ ឬក៏បរទេសណា ដែលមានលុយច្រើនហ្នឹងណា ហ៊ានដាក់លុយ ហ៊ានទុកចិត្តលើធនាគារនៅនៅកម្ពុជាទៀត។ អ្វីដែលខ្ញុំបារម្ភមិនមែនត្រឹមតែ ហួយវ័ន ផេ ទេ ប៉ុន្មានខែទៅមុខទៀតហ្នឹងវាអាចឈានទៅដល់ធនាគារអេស៊ីលីដា ធនាគារផ្សេងៗទៀត រឿងហ្នឹងបើសិនជាកើតឡើងមែន គឺរបៀបអតិថិជមិនអាចដកលុយ គឺវាប៉ះពាល់ធ្ងន់ណាស់ អាចនឹងវិស័យធនាគាររលំក៏អាចថាបានដែរ»។
ជាមួយគ្នានេះ លោក អាឡិច មើលឃើញថា ធនាគារជាតិនៃកម្ពុជា ក្រៅតែពីជាស្ថាប័នជួយការពារឈ្មួញដែលមានលុយ មានអំណាចជាពិសេសគឺ ជួយការពារក្មួយប្រុស លោក ហ៊ុន សែន និងបងជីដូនមួយលោក ហ៊ុន ម៉ា ណែត គឺ លោក ហ៊ុន តូ ហើយនោះស្ថាប័ននេះទំនងពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់វិធានការទៅលើបណ្ដាញក្រុមហ៊ុនអន្តរជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងលាងលុយកខ្វក់។
លោក អាឡិច បន្តថា អតិថិជនទូទៅនៃធនាគារនៅកម្ពុជាទំនងជាគ្មានជម្រើសផ្សេងក្រៅតែពីដកលុយពីធនាគារ ទៅរក្សាទុកដោយខ្លួនឯងវិញ។
លោក អាឡិច ហាន់ដ្រូ៖ «ព្រោះយូរទៅរឿងហ្នឹងរាតត្បាត កុំទុកលុយក្នុងធនាគារទៀតទេធនាគារណាក៏ដោយ ព្រោះថ្ងៃណាមួយរឿងដែលបានកើតឡើងនៅប្រទេស ទុយណេស៊ី (Tunisia) ប្រទេសអាហ្សង់ទីន (Argentina) និងប្រទេសជាច្រើនទៀតកន្លងមកហ្នឹងគឺអាចកើតឡើងនៅកម្ពុជា គឺធនាគារលុយរបស់យើងតែអត់អាចដកលុយបាន»។
ទូរទស្សន៍អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីមន្ត្រីពាក់ព័ន្ធនៅធនាគារជាតិនៃកម្ពុជាបាននៅឡើយទេ នៅថ្ងៃទី៥ ខែឧសភា។ តែទោះជាយ៉ាងណាធនាគារជាតិអះអាងថា ក្នុងឆ្នាំ២០២៥ ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាបាននូវភាពធន់ និងបានការទុកចិត្តពីអតិថិជន ទោះបីជាត្រូវប្រឈមនឹងបញ្ហាឥណទានមិនដំណើរការ និងសម្ពាធពីស្ថានភាពភូមិសាស្ត្រនយោបាយសកលយ៉ាងណាក៏ដោយ។
យ៉ាងនេះក្ដីកម្ពុជាបានជាប់ឈ្មោះជាប្រទេសក្នុងបញ្ជីប្រផេះនៃអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់អន្តរជាតិ ឈ្មោះ ក្រុមការងារហិរញ្ញវត្ថុ (FATF) ជាច្រើនឆ្នាំ និងបានរួចខ្លួន ឬត្រូវគេដកចេញពីបញ្ជីប្រផេះវិញកាលពីឆ្នាំ២០២២ ។ ប៉ុន្តែមកដល់ពេលនេះមានមតិមួយចំនួនស្នើថា គួរបញ្ចូលកម្ពុជាទៅក្នុង «បញ្ជីខ្មៅ» នៃក្រុមប្រទេសលាងលុយកខ្វក់ ដើម្បីទប់ស្កាត់អំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញកុំឱ្យរីករាលដាលកាន់តែខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទាក់ទងនឹងបញ្ហាអតិថិជនមិនបានទទួលដំណោះស្រាយ និងអ្នកខ្លះត្រូវជាប់ពន្ធនាគារ លោក សេង វណ្ណលី លើកឡើងថា ជនរងគ្រោះដោយផ្ទាល់របស់ក្រុមហ៊ុន ហួយវ័ន ផេ នឹងលែងមានជម្រើសក្នុងការពឹងលើការអនុវត្តច្បាប់របស់អាជ្ញាធរ និងធនាគារជាតិទៀតហើយ កឺគួរស្វែងរកមធ្យោបាយផ្សេងទៀត ដោយការប្ដឹងទៅស្ថាប័នអន្តរជាតិពាក់ព័ន្ធជាដើម។
លោក សេង វណ្ណលី៖ «ប៉ុន្តែជម្រើស ដែលនៅសេសសល់គឺមានតែការស្វែងរកអន្តរាគមន៍ពីស្ថាប័នអន្តរជាតិ និងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដើម្បីជួយផ្សព្វផ្សាយ និងដាក់សម្ពាធ ដើម្បីឱ្យមានការត្រួតពិនិត្យពីខាងក្រៅ។ ទន្ទឹមនឹងនេះពួកគាត់ក៏អាចសង្ឃឹមលើកការដាស់តឿនពីសំណាក់ដៃគូអភិវឌ្ឍន៍ ក្នុងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិចាត់វិធានការដោះស្រាយបញ្ហានេះ ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចជាតិជាធំ ជាជាងការពារប្រយោជន៍បុគ្គលមានឥទ្ធិពល និងក្រុមគ្រួសារអ្នកមានអំណាច»។
កាលពីចុងខែមីនា សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) តាមសំណើរបស់អាជ្ញាធរចិន និងបញ្ជូនទៅប្រទេសចិន ដោយសារតែពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។
តែយ៉ាងនេះក្ដីមកដល់ពេលនេះទាំងអ្នកឃ្លាំមើលសង្គម និងនយោបាយនៅកម្ពុជា រួមនឹងជនរងគ្រោះជាអតិថិជនរបស់ ហួយវ័ន ផេ មិនរំពឹងថា តុលាការ និងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការផ្លូវច្បាប់ លោក ហ៊ុន តូ និងផ្ដល់ដំណោះស្រាយត្រឹមត្រូវណាមួយឡើយ បើទោះបីជាស្ថាប័នអន្តរជាតិរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងចាត់វិធានការរួមគ្នាដាក់ទណ្ឌកម្ម ដោយចោទថា ម្ចាស់ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់រាប់ពាន់លាន់ដុល្លារ ដោយមានជាប់ពាក់ព័ន្ធនឹងប្រាក់គ្រីបតូ និងក្រុមចោរបច្ចេកវិទ្យារបស់កូរ៉េខាងជើងផងក៏ដោយ៕









