លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ការពារ និង​អភិរក្ស​ប្រាសាទព្រះវិហារ​និង​ប្រាសាទ​ផ្សេងទៀត​នៅ​តាម​បណ្តោយ​ព្រំដែន

0
131
ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ
ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ការពារ​អធិបតេយ្យភាព​ទឹកដី និង​អភិរក្ស​ប្រាសាទព្រះវិហារ ព្រមទាំង​ប្រាសាទ​ផ្សេងទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​។ លោក បាន​ចាត់ទុក​ការខូចខាត​ប្រាសាទព្រះវិហារ​ដែល​កើតឡើង​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​កាលពី​ឆ្នាំ​២០២៥ ថា​ជា​ការ​បាត់បង់​សម្រាប់​មនុស្សជាតិ​ទាំងមូល។ បក្ស​ក្រៅ​រដ្ឋាភិបាល ថា ការដែល លោក ហ៊ុន ម៉ាណែត មិន​ឱ្យ​ថៃ​ទទួលខុសត្រូវ គឺ​មានន័យថា សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ គឺ​បង្កើត​ដោយ​ភាគី​ថៃ និង​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ការពារ​អធិបតេយ្យភាព​ទឹកដី និង​អភិរក្ស​ប្រាសាទព្រះវិហារ ព្រមទាំង​ប្រាសាទ​ផ្សេងទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​។ លោក បាន​ចាត់ទុក​ការខូចខាត​ប្រាសាទព្រះវិហារ​ដែល​កើតឡើង​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​កាលពី​ឆ្នាំ​២០២៥ ថា​ជា​ការ​បាត់បង់​សម្រាប់​មនុស្សជាតិ​ទាំងមូល។ បក្ស​ក្រៅ​រដ្ឋាភិបាល ថា ការដែល លោក ហ៊ុន ម៉ាណែត មិន​ឱ្យ​ថៃ​ទទួលខុសត្រូវ គឺ​មានន័យថា សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ គឺ​បង្កើត​ដោយ​ភាគី​ថៃ និង​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន។

នៅក្នុង​សារលិខិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែកក្កដា ក្នុង​ឱកាស​ខួប​១៨​ឆ្នាំ នៃ​ការ​ចុះ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​កាលពី​ខែកក្កដា និង​ខែធ្នូ ឆ្នាំ​២០២៥ បាន​បណ្តាល​ឱ្យ​ប្រាសាទព្រះវិហារ​ខូចខាត​ចំនួន ៥៦២​កន្លែង​។ លោក​បាន​ចាត់ទុកថា ការខូចខាត​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាល​កំពុង​សហការ​ជាមួយ​អង្គការ​យូណេស្កូ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ (ICC-Preah Vihear) និង​ដៃគូ​ជាតិ​-​អន្តរជាតិ ដើម្បី​វាយតម្លៃ​ការខូចខាត និង​អនុវត្ត​វិធានការ​សង្គ្រោះ​បន្ទាន់។ វិធានការ​ទាំងនោះ​រួមមាន ការ​សម្អាត​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការ​ទល់​ទ្រ​រចនាសម្ព័ន្ធ​ប្រាសាទ​ដែល​រង​ការខូចខាត ការ​ប្រមូល​បំណែក​ថ្ម​ចម្លាក់ និង​ការរៀបចំ​ផែនការ​អភិរក្ស​រយៈពេល​វែង។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​អាទិភាព​ដល់​ការ​ការពារ​បូរណភាព​ទឹកដី និង​ការ​អភិរក្ស​ប្រាសាទព្រះវិហារ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រែក្លាយ​ការខូចខាត​ដែល​បាន​កើតឡើង​ទៅជា​កម្លាំង​ជំរុញ​សាមគ្គីភាព​ជាតិ និង​ការ​អភិវឌ្ឍ​ប្រទេស។

ទាក់ទង​ទៅ​នឹង​ការបំផ្លាញ​ប្រាសាទខ្មែរ​ដោយ​យោធា​ថៃ​នោះ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​ចុះ​ថ្ងៃទី​៦ ខែកក្កដា ដោយមាន​ព្រះរាជ​បន្ទូល​កោតសរសើរ​ចំពោះ​ការ​រួបរួម​រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ និង​ថែរក្សា​ប្រាសាទព្រះវិហារ ក្រោយពី​កម្ពុជា​ប្រឈម​នឹង​ជម្លោះ​តាម​ព្រំដែន​កាលពី​ឆ្នាំ​២០២៥​។ ព្រះអង្គ​បាន​ទត​ឃើញ​ការ​រួបរួម​រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ និង​ថែរក្សា​ប្រាសាទព្រះវិហារ ឱ្យ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា​បន្ត​ទៅមុខ។

ជុំវិញ​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​រិះគន់​ថា រដ្ឋាភិបាល​មិនបាន​ទាមទារ​ឱ្យ​ប្រទេស​ថៃ​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ប្រាសាទព្រះវិហារ​នោះ​ទេ​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ស្នើ​ឱ្យ​ភាគី​ថៃ​ទទួលខុសត្រូវ និង​បង្ហាញ​ភស្តុតាង​នៃ​ការ​ខូច​ខាត់​ទាំងនោះ​ដល់​ទៅ​សហគមន៍​អន្តរជាតិ។

លោក គឹម សុខ៖ «កាលណា​កងទ័ព​ថៃ បាញ់​បំផ្លាញ​ប្រាសាទព្រះវិហារ នោះ​ច្បាស់​ជា​បន្សល់ទុក​ទិន្នន័យ ភស្តុតាង ដែល​បង្ហាញ​អំពី​សកម្មភាព​ប្រើ​អាវុធ​បាញ់​របស់​កងទ័ព​ថៃ ដែល​ចូល​ឈ្លានពាន​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នោះ​ហើយ​។ ដូច្នេះ នេះ​ជា​ឱកាស ដែល​ភាគី​កម្ពុជា​ត្រូវ​បង្ហាញ​ពិភពលោក​ឱ្យ​មើល​ឃើញច្បាស់​ថា កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​នៃ​ប្រទេស​កម្ពុជា និង​បំផ្លាញ​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​ពិតប្រាកដ​មែន​។ ហើយ UNESCO ប្រាកដជា​ជួយ​កម្ពុជា ក្នុង​ការ​វែកមុខ រក​ការពិត​អំពី​រឿង​នេះ»។

លោក គឹម សុខ បាន​ឲ្យ​ដឹង​បន្តទៀត​ថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គួរតែ​ពន្យល់​ឱ្យ​ច្បាស់ អំពី​បុព្វហេតុ​សង្គ្រាម បើ​ឪពុក​កូន​ទាំងពីរ​មិន​ឱ្យ​ថៃ​ទទួលខុសត្រូវ​លើ​ការបំផ្លាញ​ប្រាសាទព្រះវិហារ​នោះ​ទេ។ លោក​ថា ក្នុងនាម​ជា​ប្រាសាទ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក កម្ពុជា​ក៏​អាច​ស្វែងរក​ការ​គាំទ្រ​ពី​អង្គការ​យូណេស្កូ ដើម្បី​វាយតម្លៃ​ការខូចខាត និង​ស្វែងរក​ការពិត ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ផង​ដែរ។

កន្លងមក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​អះអាង​ថា ប្រាសាទព្រះវិហារ​របស់​កម្ពុជា​បាន​រង​ការខូចខាត​ប្រមាណ ៨០% ដោយ សារ​យោធា​ថៃ​បាន​បាញ់​ផ្លោង​គ្រាប់​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ​មក​ចំ​ប្រាង្គ​ប្រាសាទ​។ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្នាម​ប្រេះ ខួង​សាច់ និង​បាក់​រលំ​ចំនួន ៥៦២​ទីតាំង ខណៈ​មន្ត្រី​ស៊ីម៉ាក់​ក៏បាន​រក​ឃើញ​គ្រាប់បែក​គ្រប់​ប្រភេទ​ចំនួន​ជាង ១ ៣០០​គ្រាប់ ដែល​បន្សល់ទុក​ដោយ​យោធា​ថៃ​បាញ់​ស្រោច​មក​លើ​ប្រាសាទព្រះវិហារ។

ផ្អែកលើ​ការសិក្សា​បឋម​របស់​មន្ត្រី​ជំនាញ​ជាតិ និង​អន្តរជាតិ បាន​បង្ហាញថា រចនាសម្ព័ន្ធ​ប្រាសាទ​ជាច្រើន​ត្រូវ​បាន​បំផ្លាញ ដែល​កម្ពុជា​ត្រូវការ​ពេល​ពី​២០​ទៅ​៣០​ឆ្នាំ និង​ថវិកា​ប្រមាណ​៧០ លាន​ដុល្លារ ដើម្បី​ស្តារ​និង​អភិរក្ស​ឱ្យ​មាន​ភាពរឹងមាំ​ឡើងវិញ។

កេរដំណែល​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការ​ជ្រោមជ្រែង​របស់​អង្គការ​យូណេស្កូ (UNESCO) ចាត់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។

ប្រាសាទព្រះវិហារ​ត្រូវ​បាន​សាងសង់​នៅ​លើ​ជម្រាលភ្នំ​ដងរែក ហើយ​មាន​ច្រើន​ជាន់ ពី​ទាប​ទៅ​ខ្ពស់ ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ប្រាសាទ​នេះ​ជា​បណ្ដុំ​នៃ​ប្រាសាទ​មួយចំនួន​សង់​តម្រៀប​គ្នា​ពី​ជើង​ទៅ​ត្បូង លាតសន្ធឹង​លើ​ខ្នងភ្នំ​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ​។​ជណ្ដើរ​ឡើង នៅ​ភាគ​ខាងជើង គឺជា​ផ្លូវ​បុរាណ​សំខាន់​ជាងគេ​នៃ​ប្រាសាទព្រះវិហារ​។​ជណ្ដើរថ្ម​បុរាណ​នេះ នាំ​អ្នកទស្សនា​ទៅដល់​ប្រាសាទ​តាម​ខ្លោង​ទ្វារធំៗ ៥ ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា គោបុរៈ។ នៅ​លើ​ហោជាង​នៃ​គោបុរៈ​ទាំងនេះ មាន​ចម្លាក់​ក្បូរ​ក្បាច់រចនា​ល្អឥតខ្ចោះ។

អ្នកឃ្លាំមើល អះអាង​ថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​មិនទាន់​ប្រកាស​ជា​សាធារណៈ​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ឬ​ទាមទារ​សំណង​ពី​ភាគី​ថៃ​ពាក់ព័ន្ធ​នឹង​ការខូចខាត​ប្រាសាទព្រះវិហារ​នៅក្នុង​ការ​ប៉ះទង្គិច​កាល​ពី​ឆ្នាំ​២០២៥ នោះ​ទេ។ អ្នកឃ្លាំមើល​យល់ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្រមូល​ភស្តុតាង​រឿង​ថៃ រំលោភបំពាន​ទឹកដី​ខ្មែរ និង​បាន​បំផ្លាញ​ប្រាសាទព្រះវិហារ​ដើម្បី​ដាក់​បណ្តឹង​ទាមទារ​ឲ្យ​ប្រទេស​ថៃ​សង​ការខូចខាត​ទាំងនោះ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ