

គណៈកម្មការរៀបចំការបោះឆ្នោតពលរដ្ឋខ្មែរនៅក្រៅប្រទេស ឬហៅកាត់ថា (គបខក KOEC) ចាត់ទុកការផ្សព្វផ្សាយព័ត៌មានគំរាមកំហែងពលរដ្ឋខ្មែរនៅក្រៅប្រទេស ក្នុងបំណងមិនឲ្យចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន តាមបណ្តាប្រទេសនានាថា ជាការគំរាមកំហែងឆ្លងដែន។
អ្នកនាំពាក្យសភាក្រៅប្រទេស ថា មន្ត្រីរបស់ខ្លួននឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងបណ្តាប្រទេសទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលដែលព្យាយាមផ្ញើសារបំភិតបំភ័យ ឬប្រើប្រាស់រូបភាពផ្សេងៗពាក់ព័ន្ធនឹងការការគំរាមកំហែងឆ្លងដែន។
គណៈកម្មការរៀបចំការបោះឆ្នោតពលរដ្ឋខ្មែរនៅក្រៅប្រទេស KOEC បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ កញ្ញា បង្ហាញការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានដែលថា ការចូលរួមក្នុងដំណើរការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចត្រូវចាត់ទុកថា ជាការ «បះបោរ» ឬ «បំបែករដ្ឋ» ហើយអាចនាំឱ្យមានការផ្តន្ទាទោសព្រហ្មទណ្ឌ ឬបាត់បង់សញ្ជាតិខ្មែរ។
KOEC អះអាងថា ការផ្សព្វផ្សាយព័ត៌មានទាំងនោះ ជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងមិនមានមូលដ្ឋានច្បាប់ណាមួយគាំទ្រហើយជាការបង្កការយល់ច្រឡំ ការភ័យខ្លាច និងរារាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសពីការចូលរួមសកម្មភាពស៊ីវិល និងនយោបាយដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍របស់ KOEC ធ្វើឡើងនៅមុនការបោះឆ្នោតសភាពលរដ្ឋខ្មែរក្រៅប្រទេស (សពខក KOKA) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ ១៤ តុលា ឆ្នាំ២០២៦។
KOEC ចាត់ទុកសារគំរាមកំហែងទាំងនេះជា ការគំរាមកំហែងឆ្លងដែន (Transnational Repression) ដែលអាចត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសសេរីទាំង ៧ ដែល KOEC មានតំណាងខ្លួន និងមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋនៃប្រទេសនោះ។
អ្នកនាំពាក្យសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជាប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ថ្លែងថា KOEC កំពុងចងក្រងសារគំរាមកំហែង ស្រាវជ្រាវទិន្ន័យ និងបុគ្គលដែលផ្ញើសារ ឬប្រព្រឹត្តសកម្មភាពគំរាមកំហែងឆ្លងដែនលើសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីបន្តនីតិវិធីច្បាប់ ដោយស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលប្រទេសទាំងនោះ ដើម្បីធានាថា ពលរដ្ឋម្ចាស់ឆ្នោតម្នាក់ៗត្រូវបានការពារដោយច្បាប់។ លោកបញ្ជាក់ថា សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ឬ KOCA គឺជាគម្រោងសង្គមស៊ីវិល និងប្រជាធិបតេយ្យ ដែលកើតចេញពីការចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក្នុងបំណងលើកស្ទួយសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ស្របតាមគោលការណ៍សិទ្ធិមនុស្សជាសកល ដោយមិនមានការរំលោភច្បាប់ប្រទេសណាមួយឡើយ។
ផ្ទុយទៅវិញលោកថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឬសភាខ្មែរនៅក្នុងប្រទេសបានបំរើផលប្រយោជន៍ប្រជាពលរដ្ឋ បានត្រឹមត្រូវច្បាស់លាស់តាមគោលការណ៍ច្បាប់ដែលមានចែងនោះ សភាក្រៅប្រទេសក៏មិនមានសកម្មភាពអ្វីដែរ។
លោកថ្លែងថា ទង្វើមេដឹកនាំសព្វថ្ងៃមិនបានប្រព្រឹត្តដូចអ្វីដែលលោកបានលើកឡើងឡើយ ប៉ុន្តែមេដឹកនាំកម្ពុជា បានបរាជ័យក្នុងការដឹកនាំប្រទេស ធ្វើឲ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ពលរដ្ឋធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក និងបញ្ហាឆបោកតាមអនឡាញ ដែលធ្វើឱ្យកម្ពុជារងភាពអាម៉ាស់ធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលមួយនេះ បានរំលោភសិទ្ធិមនុស្ស រំលោភលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងជាដើម ទើបបង្កើតឲ្យមានសភាពលរដ្ឋខ្មែរនៅក្រៅប្រទេសបែបនេះ។
លោក ស៊ឹង សែនករុណា៖ «បុគ្គលណាដែលមានសញ្ជាតិនៅក្រៅប្រទេស នៅប្រទេសដែលខ្លួនកំពុងរស់នៅ ហើយទៅចូលរួមជាមួយនឹងជនផ្តាច់ការ នោះគឺជាការដើរប្រាសចាកអំពីគោលការណ៍នៃប្រទេសសេរីហើយ។ ប្រទេសទាំងអស់នេះ គេការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគេ ក្នុងសកម្មភាពបុព្វហេតុសិទ្ធិមនុស្ស ការគោរពច្បាប់ យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យអីទាំងអស់នេះហើយ។ អ៊ីចឹងបើអ្នកឯងមកគំរាមកំហែងប្រជាពលរដ្ឋគេ អ៊ីចឹងចង់មិនចង់ គេនឹងមានវិធានការតាមដែលគេអាចធ្វើទៅបាន តាមរយៈការទូត តាមរយៈការអនុវត្តច្បាប់នៅក្នុងប្រទេសដែលគេមានស្រាប់ គេក៏អាចនឹងបន្តបង្កើតច្បាប់នានាដើម្បីការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលនៅក្រៅប្រទេសដែរ ជាពិសេសពលរដ្ឋខ្មែរយើងដែលមានសញ្ជាតិនៅក្នុងប្រទេសនីមួយៗហ្នឹង។»
KOEC ក៏បានអំពាវនាវដល់សាធារណជន អង្គការជាតិ និងអន្តរជាតិ និងជាពិសេសពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្ន កុំឱ្យការគំរាមកំហែងដែលគ្មានមូលដ្ឋាន បង្កការភ័យខ្លាច ឬបំបាក់ឆន្ទៈក្នុងការចូលរួមជាម្ចាស់ឆ្នោត។ KOEC ប្តេជ្ញាចិត្តរក្សាការសំងាត់នូវព័ត៌មានផ្ទាល់ខ្លួន និងឯកជនភាពរបស់អ្នកបោះឆ្នោតទាំងអស់ មិនត្រូវបានរំលោភបំពានក្នុងការដំណើរការបោះឆ្នោតនោះទេ និងការពារយ៉ាងតឹងរឹងបំផុត មានតម្លាភាព និងប្រជាធិបតេយ្យ ដើម្បីធានាថា សំឡេងរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រូវបានគោរព និងផ្តល់តំលៃពិតប្រាកដ។
កន្លងមក រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏ធ្លាប់រងការរិះគន់ថា បានប្រើប្រាស់ ការគំរាមកំហែងឆ្លងដែនលើអ្នកមាននិន្នាការផ្ទុយ ឬប្រឆាំងនឹងខ្លួន ជាពិសេសលោក ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលទាំងក្នុងប្រទេស និងក្រៅប្រទេសដាក់ពន្ធនាគារផងដែរ៕









