

បណ្ដាញព័ត៌មានអន្តរជាតិ ម៉ុងហ្កាបេ (Mongabay) លើកឡើងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែមិនយកចិត្តទុកដាក់ចំពោះការទាមទាររបស់អង្គការសហប្រជាជាតិ ឱ្យដោះលែងសកម្មជន បរិស្ថានទាំង ៥ រូបហើយរដ្ឋាភិបាល ព្យាយាមការពារអំពើឃុំខ្លួនពួកគេ។ អ្នកឃ្លាំមើលជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាក់ស្ដែង លើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការជាជាងគ្រាន់តែអំពាវនាវ។
បណ្ដាញព័ត៌មានម៉ុងហ្កាបេ (mongabay) ចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានការពារការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំង ៥នាក់ដោយបំពាន ទោះបីជាក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនតាមទំនើងចិត្ត បានប្រកាសថា សកម្មជនបរិស្ថានទាំងនេះ ត្រូវដាក់ពន្ធនាគារដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវក៏ដោយ។ ក្រុមការងារអង្គការសហប្រជាជាតិ ថ្មីៗនេះ ថែមបានអំពាវនាវឱ្យដោះលែងពួកគេជាបន្ទាន់។
សកម្មជនបរិស្ថានមាតាធម្មជាតិ កំពុងជាប់ពន្ធនាគារ ចន្លោះពី ៦ ឆ្នាំទៅ ៨ឆ្នាំ ក្រោមការចោទប្រកាន់ពីអំពើ «គប់គិតប្រឆាំងនឹងរដ្ឋាភិបាល» ចាប់តាំងពីឆ្នាំ២០២៤មក។ សកម្មជនទាំង ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភន កែវរស្មី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី។
ក្នុងសេចក្ដីសម្រេចកម្រាស់១៦ទំព័ររបស់ខ្លួន កាលពីខែកុម្ភៈ អង្គការសហប្រជាជាតិរកឃើញថា ការឃុំខ្លួនសកម្មជនបរិស្ថានទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋ និងមិនយុត្តិធម៌ ដោយសារតែការចាប់ខ្លួនពួកគេពុំមានមូលដ្ឋានច្បាប់។ លើសពីនេះទៀត អង្គការសហប្រជាជាតិ លើកឡើងថា ការកាត់ទោស សកម្មជនបរិស្ថាន ធ្វើឡើងដោយសារមូលហេតុនៃការរើសអើង ដោយផ្អែកលើ ទស្សនៈនយោបាយ និងឋានៈពួកគេក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស ហើយ អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានកំណត់គោលដៅទៅលើពួកគេ ដោយហេតុ តែក្រុមសកម្មជនបរិស្ថាន អនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី២៧ ខែសីហា។
ប្រធានអង្គប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បំពានជ្រុលហួសហេតុ លើគោលការណ៍សិទ្ធិមនុស្ស គឺបំពានទាំងប្រជាពលរដ្ឋខ្មែរ និងទាំងសេចក្ដីស្នើរបស់អង្គការសហប្រជាជាតិ។ លោកថា ស្ថានភាពសិទ្ធិមនុស្ស ដ៏អន់របស់កម្ពុជាសព្វថ្ងៃ ត្រូវទាមទារឱ្យសហគមន៍អន្តរជាតិ បង្ហាញវិធានការស្រុះ គ្នា ឱ្យបានច្បាស់លាស់ លើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែសម្រួលជាជាងការត្រឹមតែអំពាវនាវ ដែលរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន នៅតែបន្តប្រើវប្បធម៌មិនខ្វល់ខ្វាយដោះស្រាយ។
លោក ស៊ឹង សែនករុណា៖ «តាំងពីជំនាន់បំផ្លាញនៅគណបក្សសង្គ្រោះជាតិ បន្តបន្ទាប់មកហើយ ការធ្វើបាបសកម្មជនសង្គម សកម្មជនបរិស្ថាន នយោបាយក៏មានរយៈកាលបន្តបន្ទាប់យូរមកហើយដែរ។ សហគមន៍អន្តរជាតិនៅតែមិនអាចធ្វើអ្វីឱ្យមេដឹកនាំកម្ពុជា មានការខ្លាចរអា ហើយបញ្ឈប់ទៅសកម្មភាពបំពានទៅលើ ជនស្លូតត្រង់ សកម្មជនដែលស្លូតត្រង់ ដែលពួកគេប្រើប្រាស់នៅសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីបុព្វហេតុការពារនៅផលប្រយោជន៍ប្រទេសជាតិ។ ទាំងអស់នេះ ខ្ញុំគិតថា គួរតែសហគមន៍អន្តរជាតិ មានវិធានការអីឱ្យខ្លាំងជាងហ្នឹង ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាហ្នឹង បញ្ឈប់នូវអំពើ ដែលធ្វើទុក្ខបុកម្នេញទាំងអស់ហ្នឹងបន្តទៅទៀតបាន»។
សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានស្នើជាបន្ទាន់ឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង ៥នាក់ ដោយអនុលោមតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាផ្ដល់សច្ចាប័ន កាលពីឆ្នាំ១៩៩២ ។ បន្ថែមលើនេះ អង្គការសហប្រជាជាតិ ថែមទាំងផ្ដល់ភស្តុតាងបញ្ជាក់ពីការអនុវត្តវិធានការឱ្យស្រប ទៅនឹងគោលការណ៍អន្តរជាតិទាំងនេះ ក្នុងរយៈពេល ៦ខែផង។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ កាលពីពេលថ្មីៗនេះ បានជំរុញឱ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកយកបញ្ហាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែង សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប។
រីឯ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) កាលពីចុងខែកក្កដា បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកទូលាយលំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ខណៈប្រទេសកំពុងឈាន ទៅរកការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨។ លោក ថម អេនឌ្រូ បានរំឭកលោក ហ៊ុន ម៉ាណែត ចំៗអំពីការផ្ដល់សេរីភាព ដល់ជនរងគ្រោះជាង១០០ នាក់ដែលកំពុង ជាប់ពន្ធនាគារនៅកម្ពុជា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន៕









