

ក្រសួងមហាផ្ទៃអះអាងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានជនជាតិខ្មែរ និងជនបរទេសជិត ៥ពាន់នាក់កំពុងជាប់ឃុំក្នុងសំណុំរឿងឆបោកតាមអនឡាញ ខណៈមន្ត្រីនគរបាលជិត ៨០នាក់ទៀត ក៏ត្រូវបានដាក់ទណ្ឌកម្ម វិន័យពាក់ព័ន្ធនឹងបទល្មើសនេះ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលលើកឡើងថា តួលេខចាប់ខ្លួន និងដាក់ទណ្ឌកម្មមន្ត្រីតូចតាចនេះ មិនទាន់គ្រប់គ្រាន់ ដើម្បីបង្កើតជំនឿចិត្តដល់សហគមន៍អន្តរជាតិថា កម្ពុជាបានបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានជោគជ័យនោះទេ ខណៈមេខ្លោងកំពូលៗដែលរងការចោទប្រកាន់នៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មនេះនៅមិនទាន់ត្រូវបានអាជ្ញាធរចាត់ការឡើយ។
ក្រសួងមហាផ្ទៃប្រកាសនៅថ្ងៃទី២៥ ខែកញ្ញា ថា ជនជាតិខ្មែរ និងជនបរទេសជិត ៥ពាន់នាក់ កំពុងជាប់ឃុំក្នុងសំណុំរឿងឆបោកតាមអនឡាញ និងកំពុងស្ថិតក្នុងនីតិវិធីផ្សេងៗគ្នា។ ក្នុងនោះ ជនជាប់ឃុំជាង ៤ពាន់នាក់ (៤.១៦៨) ត្រូវបានចោទប្រកាន់ជាស្ថាពរដោយតំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត ខណៈជនជាប់ឃុំជាង ៤រយនាក់ (៤៤១) កំពុងស្ថិតក្រោមការស៊ើបអង្កេត និងដំណើរការស៊ើបសួរ។
ក្រៅពីនេះ ជនជាប់ឃុំជិត ២រយនាក់ (១៩៤) ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងសម្រេចផ្ដន្ទាទោសរួច ប៉ុន្តែជនត្រូវចោទនៅមានសិទ្ធិប្ដឹងឧទ្ធរណ៍ ខណៈទណ្ឌិតចំនួន ៣១នាក់ មានសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។
ជនឃុំពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញទាំងនេះត្រូវបានអាជ្ញាធរឃុំខ្លួននៅពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ កន្លែងនៅទូទាំងប្រទេស។ ពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធច្រើនជាងគេ រួមមាន ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគារខេត្តកោះកុង។
ក្រៅពីចំនួនជនជាប់ឃុំ ក្រសួងមហាផ្ទៃអះអាងថា ក៏មានមន្ត្រីនគរបាលជិត ៨០នាក់ផ្សេងទៀតបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញក្នុងកម្រិតស្រាល ហើយក្រសួងមហាផ្ទៃបានអនុវត្តទណ្ឌកម្មផ្នែកវិន័យលើពួកគេដូចជា ការព្រមានជាលើកដំបូង ការបន្ទាបឋានៈតួនាទី ផ្អាកការងារ និងប្រាក់ខែជាបណ្ដោះអាសន្ន និងរហូតដល់ដកតំណែង។
ជុំវិញរឿងនេះ មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា អំពើឆបោកតាមអនឡាញគឺជាបទល្មើសឧក្រិដ្ឋហើយអ្នកដែលពាក់ព័ន្ធ ឬសមគំនិតនោះ គ្មានការបែងចែកថា ពាក់ព័ន្ធស្រាលឬធ្ងន់ឡើយ ពោលត្រូវប្រឈមមុខនឹងច្បាប់ដូចគ្នា។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ស្វាគមន៍ចំពោះចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកថា អាជ្ញាធរមិនទាន់បង្ក្រាបឱ្យដល់ឫសគល់នៃបណ្ដាញឆបោកតាមអនឡាញនៅឡើយទេ។ លោកបន្តថា ការបង្ហាញត្រឹមតែតួលេខអ្នកជាប់ឃុំមិនទាន់មានតម្លាភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិមានជំនឿលើប្រសិទ្ធភាពនៃការបង្ក្រាបឧក្រិដ្ឋកម្មនេះនៅឡើយ។
លោក ប៉ោ មករា ចង់ឃើញរដ្ឋាភិបាលស៊ើបអង្កេតមេខ្លោង និងបោសសម្អាតមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញ។
លោក ប៉ោ មករា៖ «បញ្ហាអំពើពុករលួយវាជាបញ្ហាមួយដែលរុញច្រានឱ្យមានស្កែមនៅកម្ពុជាហ្នឹង ប្រតិបត្តិការយ៉ាងរលូន ហើយធ្វើឱ្យប្រជាពលរដ្ឋខ្មែររងគ្រោះ ធ្វើឱ្យប្រទេសជាតិអាប់ឱនកេរ្តិ៍ឈ្មោះតាមរយៈស្កែមអនឡាញហ្នឹង។ ថា រដ្ឋាភិបាលគួរតែវែកញែក ឬក៏រកឫសគល់បញ្ហាសំខាន់ៗដែលក្រុមនេះវាភ្ជាប់ទៅស្កែមអនឡាញនៅក្រៅប្រទេសថែមទៀត ដើម្បីជីកឫសគល់ឱ្យដាច់អំពីបណ្ដាញចេញពីកម្ពុជាទាំងអស់»។
អាជ្ញាធរឱ្យដឹងថា រយៈពេលមួយឆ្នាំកន្លងទៅនេះ សមត្ថកិច្ចបានបង្ក្រាប និងបិទទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញជាង ៨រយទីតាំង (៨៣២)។ ក្នុងនោះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងជាង ៤រយករណីទៅតុលាការដោយមានជនសង្ស័យជិត ៤ពាន់នាក់ (៣,៩២៧) និងបានបណ្ដេញជនបរទេសចម្រុះជាតិសាសន៍ជាង ២២ម៉ឺននាក់ចេញពីកម្ពុជា។
ទាក់ទងនឹងសំណុំរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ ថ្លែងប្រាប់កាសែតជប៉ុន នីកគី អេស៊ា (Nikkei Asia) កាលពីថ្ងៃទី២៤ ខែកញ្ញា ថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតទីតាំងឆបោកតាមអនឡាញជាច្រើនទីតាំងដែលមានទំនាក់ទំនងជាមួយសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ ២រូប។ ត្បិតថ្វីមិនបានបញ្ហាអត្តសញ្ញាណ ប៉ុន្តែគេជឿថា សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ ២រូបដែលលោក លោក ឆៃ ស៊ីណារិទ្ធ បង្ហើបនោះគឺលោក លី យ៉ុងផាត់ និងលោក កុក អាន។
មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ការស៊ើបអង្កេតលើទីតាំងឆបោកពាក់ព័ន្ធនឹងក្រុមសមាជិកព្រឹទ្ធសភាទាំងនេះ ជាផ្នែកមួយនៃការបង្ក្រាបបណ្ដាញឆបោកតាមតាមអនឡាញ និងស្វែងរកអ្នកដែលស្ថិតនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះ។ លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់ទៀតថា អាជ្ញាធរក៏កំពុងពង្រីកការស៊ើបអង្កេតទៅលើបណ្ដាញហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រីន គ្រុប (Prince Group) របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងបណ្ដាញឆបោកពាក់ព័ន្ធ ដោយសារតែលុយរបស់ពួកគេដែលបានមកពីអំពើឧក្រិដ្ឋកម្មអាចត្រូវបានលាងសម្អាតតាមរយៈអាជីវកម្មស្របច្បាប់នៅកម្ពុជា។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ កាលពីឆ្នាំ២០២៤ ពាក់ព័ន្ធការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ធ្វើទារុណកម្ម និងបណ្ដាញក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ បន្ទាប់មកនៅខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិកបានបន្តដាក់ទណ្ឌកម្មលើលោក កុក អាន និងបណ្ដាញ រួមទាំងក្រុមហ៊ុនពាក់ព័ន្ធដោយចោទថា លោកជាមេខ្លោងសំខាន់មួយរូបគ្រប់គ្រង និងអភិវឌ្ឍបរិវេណមជ្ឈមណ្ឌលឆបោកតាមអនឡាញជាច្រើនកន្លែងនៅកម្ពុជា។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា គាំទ្រចំពោះចំណាត់ការស៊ើបអង្កេតមើលមេខ្លោងដែលមានតួនាទីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ប៉ុន្តែក៏ទាមទារឱ្យមានតម្លាភាព។ លោកពន្យល់ថា តម្លាភាពនេះគឺរដ្ឋាភិបាលកម្ពុជាត្រូវតែអនុញ្ញាតឱ្យអង្គការជាតិ និងអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មលើមេខ្លោង ឬមន្ត្រីទាំងនោះចូលរួមសហការដោយផ្ទាល់ ដើម្បីស្រាវជ្រាវ និងពិនិត្យក្រុមហ៊ុន ព្រមទាំងបង្ហាញមុខប្រតិបត្តិករហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងតាមអគារនៅតាមតំបន់នីមួយៗជាសាធារណៈ។
លោក ឌី ថេហូយ៉ា៖ «ការស៊ើបអង្កេតលំដាប់ត្រីធំទាំងអស់នេះគឺវាអាស្រ័យទៅលើការចូលរួមពីស្ថាប័នឯករាជ្យដែរ។ ប្រសិនបើមិនមានស្ថាប័នឯករាជ្យក្នុងការស៊ើបអង្កេតអីទេ ច្បាស់ណាស់ ព្រោះអ្នកដែលមានឥទ្ធិពលគឺមិនអាចស្រាវជ្រាវ ឬពិបាកក្នុងការស្រាវជ្រាវ ឬវាជាឧបសគ្គក្នុងដំណើរការស៊ើបអង្កេត។ អ៊ីចឹងវាទល់តែមានកម្រិតអ្នកដែលឯករាជ្យក្នុងដំណើរការស៊ើបអង្កេតដែលមិនពាក់ព័ន្ធនឹងផលប្រយោជន៍ មិនពាក់ព័ន្ធនឹងបក្សពួក មិនពាក់ព័ន្ធនឹងមនោសញ្ចេតនាជាដើមហ្នឹង។ ចំណុចដែលមានការចូលរួមមានតម្លាភាពហ្នឹងអាហ្នឹងវាជាឱកាសក្នុងការលាងខ្លួនគាត់ដែរ។ ប្រសិនបើមានតម្លាភាពឱ្យមានការចូលរួមទេ គាត់អត់អាចលាងខ្លួនគាត់បានទេ គេនៅតែបន្ទុកសង្ស័យដដែល»។
កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិជាលើកដំបូង ដើម្បីប្រឆាំងការឆបោកតាមអនឡាញកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ដោយមានប្រទេស២៨ និងអង្គការអន្តរជាតិចំនួន ៧ បានចូលរួម។ សន្និសីទបានអនុម័ត «សេចក្ដីប្រកាសទីក្រុងភ្នំពេញ» ចំនួន ១១ចំណុច ដែលគ្របដណ្ដប់លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម កាត់ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុឧក្រិដ្ឋជន និងការពារជនរងគ្រោះពីការជួញដូរ។
កម្ពុជាបានរងសម្ពាធអន្តរជាតិកាន់តែខ្លាំងជាពិសេសពីសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច ២រូបគឺលោក លី យ៉ុងផាត់ លោក លោក កុក អាន រួមទាំងអ្នកជំនួញខ្មែរដើមកំណើតចិន និងបណ្ដាញអាជីវកម្មពួកគេជាបន្តបន្ទាប់ក្រោមបទចោទពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញ អំពើទារុណកម្ម និងការជួញដូរមនុស្សនៅកម្ពុជា៕









