

គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សនេះ គឺលោក ខឿន វីរ៉ាត់ ជាលើកទី២ ថា ជាការគំរាមកំហែងផ្នែកនយោបាយ រើសអើង នយោបាយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ គណបក្សកម្លាំងជាតិ ហៅចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញ នៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។
សេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី០៨ ខែមេសានេះ បាន ថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួន លោក ខឿន វីរ៉ាត់ ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន នៃគណបក្សកម្លាំងជាតិ ខេត្តព្រៃវែង កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ គណបក្សប្រឆាំងនេះ លើកឡើងថា ការចាប់ខ្លួនលោក ខឿន វីរ៉ាត់ គឺជាការរំលោភបំពានធ្ងន់ធ្ងរ លើនីតិវិធីច្បាប់ រដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសជាសាកល ស្ដីពីសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ ដោយហេតុផលថា ពុំបានបង្ហាញនូវដីកានាំខ្លួន។
គណបក្សកម្លាំងជាតិ កត់សម្គាល់ថា ការចាប់ខ្លួនលោក ខឿន វីរ៉ាត់ ធ្វើឡើងផ្ទុយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានប្រកាស អំពីការរួបរួមសាមគ្គី ឯកភាពជាតិខ្មែរ ដើម្បីទប់ទល់នឹងការឈ្លានពានពី ប្រទេសជិតខាង។ គណបក្សប្រឆាំងនេះ អំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឲ្យដោះលែងលោក ខឿន វីរ៉ាត់ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិខ្មែរ។
គណបក្សកម្លាំងជាតិ ក៏កត់សម្គាល់ដែរថា ការធ្វើទុក្ខបុកម្នេញលើគណបក្សកម្លាំងជាតិ ដោយការចាប់ខ្លួន លោក ខឿន វីរ៉ាត់ នេះ ធ្វើឡើងក្រោយតុលាការ ដកសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន ជាអចិន្ត្រយ៍ ព្រមទាំង ឃុំខ្លួនថ្នាក់ ដឹកនាំគណបក្សកម្លាំងជាតិ ជាច្រើនរូបទៀត យ៉ាងអយុត្តិធម៌។
លោក ខឿន វីរ៉ាត់ មានដើមកំណើតជាខ្មែរក្រោម និង ជាអតីតចៅសង្កាត់រងទី១នៅរាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ។ មន្ត្រីជាន់ខ្ពស់នៃគណបក្សកម្លាំង ជាតិរូបនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនជាលើកទី២ កាលពីថ្ងៃទី៧ ខែមេសា។
លោក ខឿន វីរ៉ាត់ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពីបទក្លែងបន្លំឯកសារ ក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។ តុលាការក្រុងភ្នំពេញ កាលនោះបានកាត់ ឲ្យលោកមានទោសជាប់ពន្ធនាគារ២ឆ្នាំ ហើយក្រោយអនុវត្តទោសពេញ២ឆ្នាំ លោកក៏ត្រូវបានដោះលែងវិញ។ បន្ទាប់មកទៀត លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ រហូតមកដល់សព្វថ្ងៃ និងមានតួនាទីជាប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន ប្រចាំខេត្តព្រៃវែង៕










