

គណបក្សកម្លាំងជាតិខកចិត្តចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលបានចាប់ខ្លួនអតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ អ្នកស្រី ហែម ចន្ធី ដាក់ពន្ធនាគារទាំងអយុត្តិធម៌។ ពួកគាត់ថា ការចាប់ខ្លួននេះ ជាការរើសអើង និងជាការគំរាមកំហែងផ្នែកនយោបាយ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែផ្ដោត លើការធ្វើនយោបាយបង្រួបបង្រួម និងផ្សះផ្សាជាតិឡើងវិញ ជាជាងយកខ្មែរគ្នាឯងជាសត្រូវ។
បើទោះបីជាពាក្យ«បង្រួបបង្រួម និងការផ្សះផ្សាជាតិ» ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតែនិយាយក្ដែងៗស្ទើរតែគ្រប់វេទិកាក្ដី វិធានការចាប់ខ្លួន សកម្មជនបក្សប្រឆាំង និងពលរដ្ឋ ដាក់ពន្ធនាគារ ពីសំណាក់អាជ្ញាធរនៅតែបន្តកើនឡើងជាលំដាប់ ដោយគ្មានការស្រាកស្រាន្តនោះឡើយ។
គណបក្សបក្សកម្លាំងជាតិ នៅថ្ងៃទី១១ ខែឧសា បានចេញសេចក្ដីថ្លែងការណ៍ ដោយបង្ហាញពីការខកចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះការចាប់ខ្លួន អតីតប្រធានចលនាស្ត្រីរបស់គណបក្សកម្លាំងជាតិ គឺ អ្នកស្រី ហែម ចន្នី កាលពីថ្ងៃទី២៦ ខែមេសា ស្ថិតនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ហើយបក្សកម្លាំងជាតិ ក៏ចាត់ទុកការចាប់ខ្លួននេះ គឺជារឿងអយុត្តិធម៌។
សេចក្ដីថ្លែងការណ៍ដដែលក៏បានហៅការចាប់ខ្លួននេះ ថាជាការរើសអើងនយោបាយ ការគំរាមកំហែងផ្នែកនយោបាយ និងជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ផ្ទុយទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលតែងតែអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចេះ រួបរួមគ្នា សាមគ្គីគ្នា និងឯកភាពជាតិខ្មែរ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានទឹកដី ដូចជាថៃដើម។
បញ្ជាក់បន្ថែមទៅនឹងសេចក្ដីថ្លែងការណ៍នេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថា ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងតែជួបវិបត្តិជាច្រើន ដូចជាបញ្ហាសេដ្ឋកិច្ច បញ្ហាឧក្រិដ្ឋឆបោកកម្ម អនឡាញ និងការឈ្លានពាន ពីប្រទេសថៃនេះ រដ្ឋាភិបាលគួរតែផ្ដោតលើការដោះលែង អ្នកទោសនយោបាយ សកម្មជនបរិស្ថាន និង ពលរដ្ឋ ឱ្យមានសេរីភាពឡើងវិញដើម្បីជួបជុំគ្រួសារ និងស្ដារមុខមាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិនោះទើបជារឿងសំខាន់។
លោកបន្តថា ការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់នេះ គ្មានផលចំណេញនោះទេ ក្រៅតែពីធ្វើឱ្យប្រទេសជាតិ បន្តបែកបាក់ និង គ្មានការឯកភាពជាតិពិតប្រាកដ។ បន្ថែមពីលើនោះលោកថា ការចាប់ចងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការគំរាមកំហែង និងការរារាំង ដល់ដំណើរការនៃការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ព្រោះអ្នកនយោបាយបក្សឆាំង ត្រូវបានក្លាយជាមុខសញ្ញានៃការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិត ក្នុងការធ្វើនយោបាយ។
លោក រ៉ុង ឈុន៖ «វាអត់មានអ្វីដែលចំណេញដល់ជាតិ ហើយមិនត្រូវបានទទួលការសាទរពីអន្តរជាតិ ហើយវានឹងប៉ះពាល់ដល់កិច្ចការទូតរបស់កម្ពុជាយើងដែរ»។
អ្នកស្រី ហែម ចន្នី មានអាយុ ៤៤ឆ្នាំ ហើយ ជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរខេត្ត កំពង់ស្ពឺ ចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ពាក់ព័ន្ធបទចោទ«រួមគំនិតក្បត់» ក្រោយពី អ្នកស្រី បានវិលត្រឡប់មកពីជួបជាមួយនឹងអភិបាលខេត្តកំពង់ស្ពឺ គឺលោក ជាម ច័ន្ទសោភ័ណ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ស្ពឺ។ ប៉ុន្តែគេនៅពុំទាន់ដឹងថាតើ ក្នុងជំនួបនោះ អ្នកស្រី បាននិយាយអ្វីខ្លះ រហូតឈានដល់ការចាប់ខ្លួននោះទេ។ អ្នកស្រីបច្ចុប្បន្នកំពុងតែជាប់ឃុំក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ អស់រយៈពេលជិត២០ថ្ងៃ មកហើយ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែឧសភា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ការចាប់ខ្លួនសកម្មជននយោបាយ ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងតែដើរថយក្រោយ ក្នុងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោកបន្តថា ការចាប់ខ្លួន អ្នកនយោបាយ ដោយសារតែពួកគាត់ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងធ្វើសកម្មភាពនយោបាយ គឺជារឿងដែលគួរឱ្យព្រួយបារម្ភ ហើយជាសញ្ញានៃ ការបែកបាក់ជាតិកាន់តែខ្លាំង ខណៈដែលប្រទេសជាតិកំពុងតែ បែកប្រាក់ស្រាប់។
លោក នី សុខា៖ «បើយើងនៅតែបន្តធ្វើទុក្ខបុកម្នេញ និងបន្តចាប់ខ្លួនសកម្មជននយោបាយបែបនេះខ្ញុំគិតថា ស្មារតីនៃការផ្សះផ្សាជាតិនឹងមិនអាចទៅមុខរួចទេ។ អ៊ីចឹង វាបង្ហាញពីសញ្ញានៃការបន្តបែកបាក់ជាតិ បន្តទៅមុខទៀត។ វាពុំមែនជាភាពខ្លាំង សម្រាប់ប្រទេសកម្ពុជាយើង នៅក្នុងស្ថានភាពមួយដែលប្រទេសយើងកំពុងតែមាន បញ្ហាប្រឈម និងវិបត្តិក្នុងការឈ្លានពានរបស់ប្រទេសថៃ ពាក់ព័ន្ធ បូរណភាពទឹកដីរបស់យើងនោះទេ»។
លោកស្រី ហែម ចន្នី គឺអតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ក្នុងចំណោមសមាជិក១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រកាសសាលក្រមកំបាំងមុខកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយផ្ដន្ទាទោស ដាក់ឱ្យជាប់ពន្ធនាគារកំណត់ ៧ឆ្នាំ ពីបទរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ អ្នកស្រី ចន្នី និងមនុស្សចំនួន ១០នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធ នឹងសារជជែកគ្នា ដែលបង្ហាញពីការ គាំទ្ររបស់អ្នកស្រី នៅក្នុងក្រុមទំនាក់ទំនង ឬហៅថា Messenger ហ្វេសប៊ុក ឈ្មោះ “កំពង់ស្ពឺប្រជាធិបតេយ្យ” មកលើផែនការធ្វើមាតុភូមិនិវត្តន៍របស់ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក លោក សម រង្ស៊ី។ ក្នុងនោះ អ្នកស្រី ចន្នី ក៏បានចូលរួមក្នុងយុទ្ធនាការហូបនំបញ្ចុក និងគាំទ្រមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
កន្លងទៅ អ្នកស្រីបានភៀសខ្លួនទៅរស់នៅប្រទេសថៃ មួយរយៈ ក្រោយពីតុលាការឯកបក្ស បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល កាលពី ឆ្នាំ២០១៧ ។ ក្រោយមកទៀត អ្នកស្រីបានវិលត្រឡប់ មករស់នៅកម្ពុជាវិញ តាំងពីឆ្នាំ ២០១៩ ស្របពេលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានអំពាវនាវដល់អ្នកនយោបាយជំទាស់ ដែលភៀសខ្លួនទៅក្រៅប្រទេស ឱ្យត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩។ ទោះជាយ៉ាងណា គណបក្សកម្លាំងជាតិ តាមរយៈសេចក្ដីថ្លែងការណ៍ បានអំពាវនាវឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែ ដោះលែងលោកស្រី ហែម ចន្នី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ៕









