

អ្នកឃ្លាំមើលរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា បានបរាជ័យក្នុងការបង្ក្រាបឧក្រិដ្ឋជនឆបោកតាមអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា ព្រោះមេខ្លោងធំៗដែលនៅពីក្រោយរឿងនេះ នៅមិនទាន់ ត្រូវបានចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះទេ។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានអះអាង កាលពីពេលថ្មីៗនេះថា កម្ពុជាទទួលបានជោគជ័យ លើការ បោសសម្អាត ឧក្រិដ្ឋជន ឆបោកតាមអនឡាញ ហើយមានបណ្ដាប្រទេសមួយចំនួនចង់ឱ្យកម្ពុជាចែករំលែកបទពិសោធន៍ ពីភាពជោគជ័យមួយនេះ។
អ្នកឃ្លាំមើលលើកឡើងថា ជាច្រើនឆ្នាំហើយ ដែលកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ ក្រោយពីរដ្ឋាភិបាលត្រកូល«ហ៊ុន»បានបើកដៃឱ្យឧក្រិដ្ឋជនទាំងនោះហូរចូលដោយសេរី ខណៈមេខ្លោងធំៗ ខ្លះ ប្រែក្លាយខ្លួន ទៅជាអ្នកជំនួញផ្នែកអចលនទ្រព្យ ម្ចាស់ធនាគារ និងខ្លះទៀតទទួលបានតំណែងជាទីប្រឹក្សារដ្ឋាភិបាល និងជាឧកញ៉ាជាដើម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែ មិថុនាថា សព្វថ្ងៃនេះ កម្ពុជានៅតែមិនទាន់បានបោសសម្អាតឧក្រិដ្ឋជនឆបោកតាមអនឡាញ បានត្រឹមត្រូវនោះឡើយទេ។ លោកបន្តថា បើទោះជា លោក ហ៊ុន ម៉ាណែត អួតអាងថាកម្ពុជា ទទួលបានជោគជ័យលើការបង្ក្រាបឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញក្ដី នេះគឺគ្រាន់តែជាវោហារសព្ទ ដើម្បីការពារ និងបិទបាំងមន្ត្រី និងឧកញ៉ាមួយចំនួន ដែលអន្តរជាតិរកឃើញថា ជាមេខ្លោងធំ ក្នុងឧក្រិដ្ឋកម្មឆបោកទាំងនោះ រួមមានឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ក្មួយបង្កើតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ រួមនឹងមន្ត្រីមួយចំនួនទៀត។ ដូច្នេះ លោកបញ្ជាក់ថា ដរាបណាមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលទាំងនោះ មិនទាន់ចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ទេ ប្រតិបត្តិការ ឆបោកតាម អនឡាញ នៅតែដំណើរការដដែលក្រោម រូបភាពថ្មី។
លោក ស៊ឹង សែនករុណា៖ «ដូចនៅក្នុងបញ្ជីឈ្មោះរបស់សហរដ្ឋអាមេរិកហ្នឹង យើងឃើញថាទាំងឧកញ៉ា ទាំងអ្នកពាក់ព័ន្ធដែលជាគ្រួសារថ្នាក់ដឹកនាំហ្នឹងអត់ទាន់បានចាត់វិធានការទេ អញ្ចឹងហើយបានយើងឃើញថាការបង្ក្រាបស្កេម (scam) អនឡាញហ្នឹងហាក់ដូចជានៅតែបន្តបក់ផ្សែងដោយអត់រកប្រភពឆេះភ្លើង»។
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែមិថុនា បានទទួលស្គាល់ថា កន្លងទៅអ្នកវិនិយោគជាច្រើនដែលមករកស៊ីនៅកម្ពុជាតែងតែបារម្ភពី ការចាប់ជំរិត និងការឆបោក។ រីឯនៅក្រៅប្រទេសវិញ លោកថា មន្ត្រីរដ្ឋាភិបាលជាច្រើនដែលធ្វើដំណើរ ទៅជួបជាមួយអ្នកវិនិយោគនៅក្រៅប្រទេស តែងតែជួបប្រទះនឹងសំណួរជុំវិញ បញ្ហាឆបោកតាមអនឡាញ និងសុវត្ថិភាព ក្នុងការវិនិយោគនៅកម្ពុជា ។ លោកអះអាងថា កេរ្តិ៍ឈ្មោះមិនល្អនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ព្រោះលោកចោទថា មានសារព័ត៌មានជាច្រើន បានវាយប្រហារមកលើកម្ពុជា ហើយចោទកម្ពុជាថា ជាកន្លែងដែល ឧក្រិដ្ឋឆបោកតាមអនឡាញ រស់នៅដោយសុខសាន្ត ក៏ប៉ុន្តែ លោកថា បច្ចុប្បន្ននេះ សារព័ត៌មានជាច្រើនលើសលប់ បានងាកមកសរសើរកម្ពុជាវិញ ក្រោយពីកម្ពុជាបានបើកប្រតិបត្តិការ បង្ក្រាបឧក្រិដ្ឋជន ដោយជោគជ័យ។ ទន្ទឹមគ្នានោះ លោកថា មានបណ្ដាប្រទេសជាច្រើន បានស្នើឱ្យកម្ពុជាចែករំលែកបទពិសោធន៍ផងដែរ។
លោក ហ៊ុន ម៉ាណែត៖ «ឥឡូវកាសែតភាគច្រើនលើសលុបទាំងអស់ លើកលែងតែថ្ងៃមុនមានស្អី អង្គការAmnesty International អានោះមិនដែលទទួលស្គាល់ ប៉ុន្តែគ្រប់កាសែតទាំងអស់បានចេញមកទទួលស្គាល់ សរសេរឲ្យរឿងស្កេម គឺទទួលស្គាល់នូវការយុទ្ធនាការវៃ ស្កេមរបស់យើងហើយឧក្រិដ្ឋជនបានរត់ទៅប្រទេសផ្សេងៗ ហើយប្រទេសផ្សេងៗចាប់ផ្ដើមទទួលស្គាល់ថាគេ ក៏មានដែរ ។ នេះគឺជាជោគជ័យមួយ ដែលពី៥ ខែមុន កម្ពុជាគឺជាម្នាក់ដែលទទួលបន្ទុកខ្លួនឯងតែម្ដង មកដល់ម៉ោងនេះពេលដែលគេជួប គេខុសពីមុន គេសរសើរ ហើយគេសុំ កន្លែងខ្លះមកសុំមើលម៉ូដែលរបស់យើង ហើយគេសុំឲ្យយើងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកា សន្និសីទប្រឆាំងស្កេមអនឡាញនៅកម្ពុជា»។
អង្គការ លើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី៨ ខែមិថុនា បានចេញរបាយការណ៍ ថា ទោះបីជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាបានជោគជ័យ ក្នុងការបង្ក្រាបឧក្រិដ្ឋជនឆបោកតាមអនឡាញ និងបានបញ្ជូនជនបរទេសគ្រប់ជាតិសាសន៍ ឱ្យត្រឡប់ទៅ ប្រទេសកំណើតវិញជាច្រើននាក់ក្ដី ក៏លទ្ធផលជាក់ស្ដែង នៅមានកម្រិត ខណៈជនរងគ្រោះជាច្រើនមិនទទួលបានការការពារ ឬផ្ដល់ ជំនួយបានត្រឹមត្រូវនោះទេ។
ស្ថាប័នអន្តរជាតិនេះបានបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៦ ដែល លោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា នឹងបោកសម្អាតឧក្រិដ្ឋជន ឱ្យអស់ពីកម្ពុជានោះ ខ្លួនបានរកឃើញទីតាំងមជ្ឈមណ្ឌលឆបោកចំនួន ៨៦ កន្លែងនៅកម្ពុជា ក្នុងនោះមាន ៣៣ កន្លែងដែលទើបត្រូវបានរកឃើញថ្មីៗ។ ក្រុមស្រាវជ្រាវបានសម្ភាសន៍ ជនរងគ្រោះនៃការជួញដូរចំនួន ៧៣នាក់ មកពី១៦ប្រទេសដែលត្រូវបាន ជួញដូរចូលទៅក្នុង ក្រុមឆបោកនៅក្នុងប្រទេសកម្ពុជា បានរៀបរាប់ពីការរងគ្រោះដោយការជួញដូរមនុស្ស ពលកម្ម ដោយបង្ខំ ទារុណកម្ម ការរំលោភផ្លូវភេទ និងការឃុំខ្លួន ដោយខុស ច្បាប់នៅ ក្នុងមជ្ឈមណ្ឌលទាំងនោះ។
រីឯ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch កាលពីដើមឆ្នាំ២០២៦ ក៏បានបង្ហាញក្ដីបារម្ភផងដែរ ជុំវិញឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា។ ក្នុងនោះពួកគេបាន រៀបរាប់ថា ទីតាំងបោកបន្លំតាមប្រព័ន្ធ អ៊ីនធឺណិត (cyber-scam) នៅតែបន្តកើនឡើង ដោយមានជនរងគ្រោះជាច្រើន ត្រូវបានគេជួញដូរឱ្យប្រព្រឹត្តបទល្មើសដោយបង្ខំ និងធ្វើទារុណកម្ម។ ពួកគេបន្តថា អាជ្ញាធរកម្ពុជា បានចុះបង្ក្រាបម្ដងម្កាល ប៉ុន្តែការរំលោភបំពានមកលើជនរងគ្រោះ នៅតែបន្តកើត មានជាប្រព័ន្ធដដែល ហើយ អ្នកដែលត្រូវបាន ឃុំខ្លួន ខ្វះការការពារ និងមានលទ្ធភាពតិចតួចបំផុត ក្នុងការស្វែងរកដំណោះស្រាយ ឬយុត្តិធម៌។
ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការបង្ក្រាបឧក្រិដ្ឋជនឆបោកតាមអនឡាញកន្លងទៅ របស់ លោក ហ៊ុន ម៉ាណែត មិនអាចចាត់ទុកថាជា«ជោគជ័យ» នោះទេ ព្រោះការបង្ក្រាបទាំងនោះ គឺធ្វើឡើងបានត្រឹមតែចំពោះជនបរទេសដែលជាជនរងគ្រោះក្នុងឧស្សាហកម្ម ឆបោកលំដាប់អន្តរជាតិមួយនេះ ខណៈមេខ្លោងធំៗ ដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនរកឃើញថា ជាមនុស្សជំនិតរដ្ឋាភិបាលត្រកូល«ហ៊ុន» បែរជាគ្មានស្ថាប័នពាក់ព័ន្ធ ណាហ៊ាន បើកការ ស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ ដូច្នេះ នេះ បង្ហាញថា ជាការបរាជ័យ យ៉ាងធ្ងន់ធ្ងរ របស់ លោក ហ៊ុន ម៉ាណែត។ លោកបន្តថា ការបរាជ័យមួយទៀតនោះ គឺកន្លងទៅ លោក ហ៊ុន ម៉ាណែត សន្យាថា នឹងបោសសម្អាតឧក្រិដ្ឋជនឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ប៉ុន្តែបច្ចុប្បន្ន ប្រតិបត្តិការឆបោកនៅតែមាន ហើយឧក្រិដ្ឋជនទាំងនោះបានបម្លែងពីការឆបោកលក្ខណៈទ្រង់ទ្រាយធំ តាមអគារ បែរជាមកនៅតាមផ្ទះ តូចៗ ដូចជាអ្នកភូមិ។
លោក ម៉ែន ណាត៖ «ស្ងាត់បន្តិចទៅ ក៏បទល្មើសឧក្រិដ្ឋកម្មអនឡាញមកវិញដដែល ដោយសារអ្វី? ដោយសារអាមេខ្លោងខាងក្រោយហ្នឹង វា ធ្វើការបម្រើផលប្រយោជន៍ឱ្យពួកកាន់អំណាច ជាពិសេសនៅជុំវិញលោក ហ៊ុន សែនហ្នឹង។ ពួកហ្នឹង អត់ទៅណាទេ បើពួកហ្នឹងអត់ទៅណា ធ្វើម៉េចបង្ក្រាបបទឧក្រិដ្ឋហ្នឹងបាន ពេញលេញ។ អញ្ចឹង ការអះអាងរបស់លោក ហ៊ុន ម៉ាណែត ហ្នឹង វាគ្រាន់តែជាការទូងស្គរ មួយប្រាប់អ្នកស្រុក ប្រាប់អន្តរជាតិហ្នឹង ក្នុងន័យថា បានបង្ក្រាបដែរ តែឱ្យគេជឿជាក់ ឱ្យគេវាយតម្លៃថា លទ្ធផលបង្ក្រាបល្អប្រសើរយ៉ាងណា ឱ្យពិតប្រាកដហ្នឹងគ្មានទេ»។
អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន ម៉ាណែត គួរតែបង្ហាញសកម្មភាពបង្ក្រាបឧក្រិដ្ឋជនឆបោកតាមអនឡាញ ប្រកបដោយតម្លាភាព និងត្រូវហ៊ាន ចាប់មន្ត្រី និងមនុស្សជំនិតៗរបស់ លោក មកផ្ដន្ទាទោស ឬបើកការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីបង្ហាញពីការពិតថាតើ ពួកគេពិតជា ស្អាតស្អំ ឬយ៉ាងណា។ ពួកគាត់មើលឃើញថា មជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅកម្ពុជាបានរីកសាយភាយយ៉ាងលឿនរហ័ស នៅទូទាំងខេត្ត ក្រុង ប៉ុន្តែជារដ្ឋាភិបាល អះអាងថា គ្មានបានទទួលផលប្រយោជន៍ ពីក្រុមឧក្រិដ្ឋជនទាំងនោះ ហើយ នៅតែមិនទាន់ឃើញមាន មន្ត្រីធំៗណាម្នាក់ ត្រូវបានចាប់ខ្លួន មកផ្ដន្ទាទោស ឬ បើកការស៊ើបអង្កេត ដោយឯករាជ្យនៅឡើយ។ ដូច្នេះពួកគាត់ថា ករណីនេះហាក់ពុំសមទំនងនោះឡើយ បើទោះបីជារដ្ឋាភិបាលអួតអាងថា ខ្លួនបានបង្ក្រាបដោយជោគជ័យហើយក្ដី ក៏សហគមន៍ជាតិ និងអន្តរជាតិ ជឿទាន់ទុកចិត្តនោះទេ៕








