អ្នកឃ្លាំមើល​ថា អ្នក​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​អ្នក​​ឈឺឆ្អាល​បញ្ហា​សង្គម មិនមែន​​អ្នក​ប៉ុនប៉ង​ផ្ដួលរំលំ​ត្រកូល «ហ៊ុន» ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​មេ​បក្ស​កាន់អំណាច លោក ហ៊ុន សែន តាម​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ ជា​បន្តបន្ទាប់ តាមពិត​មិនមែន ជា​អ្នក​ដែល​ប៉ុនប៉ង​ចង់​ផ្ដួលរំលំ​ត្រកូល​«​ហ៊ុន​»​ចេញពី​អំណាច​នោះ​ទេ ផ្ទុយទៅវិញ គឺ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ ឈឺឆ្អាល បញ្ហា​សង្គម និង​នយោបាយ​។ ការ​លើកឡើង​នេះ ក្រោយពី​អាជ្ញាធរ​ក្រុងភ្នំពេញ​បន្ត​ចាប់ខ្លួន​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​ពលរដ្ឋ ដាក់​ពន្ធនាគារ តាម​ទំនើងចិត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់ និង​សិទ្ធិមនុស្ស​ជា​សកល។

ចាប់តាំងពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​រំលឹក​ជាថ្មី អំពី​យុទ្ធនាការ​«​ងើប​មួយ​វាយ​មួយ​» មក​លើ​ពលរដ្ឋ​ដែល លោក​ចោទ​ថា ចង់​ប៉ុនប៉ង​ផ្ដួលរំលំ​ត្រកូល​«​ហ៊ុន​» មក ប្រជាពលរដ្ឋ និង​សកម្មជន​ដែល​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ស្របច្បាប់​អំពី​បញ្ហា​សង្គម និង​បញ្ហា​ព្រំដែន បាន​ក្លាយជា​គោលដៅ​នៃ​ការ​តាម​ធ្វើទុក្ខបុកម្នេញ ការ​គំរាមកំហែង និង​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៦ ខែ​កក្កដា ថា លោក ហ៊ុន សែន ដឹកនាំ ប្រទេសជាតិ ជាង​បួន​ទសវត្សរ៍​មកនេះ បាន​បង្កើត រឿង​អយុត្តិធម៌ ជាច្រើន រួម​នឹង​ការរំលោភ​សិទ្ធិ បង្កើន​មន្ត្រី​ពុករលួយ គ្រប់​ជាន់ថ្នាក់ និង​បំផ្លាញ​ប្រព័ន្ធ​នីតិរដ្ឋ​ជាដើម​។ លោក​បន្ត​ថា ថ្មីៗ​នេះ ទាំង​លោក និង​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ ជាច្រើន​នៅ​តាម​បណ្ដោយ​ព្រំដែន ត្រូវ​បាន បាត់បង់ ដោយសារតែ យោធា​ថៃ​បង្ក​សង្គ្រាម​ឈ្លានពាន ហើយ​រដ្ឋាភិបាល​ឪពុក​កូន​នេះ​គឺ គ្មាន សមត្ថភាព ទាមទារ​យក​មក​វិញ​បាន​នោះ​ទេ ដូច្នេះ លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​ការ គំរាម​ហែង និង​ចាប់​ពលរដ្ឋ និង​អ្នកនយោបាយ​ដាក់​ពន្ធនាគារ ដើម្បី​កុំឱ្យ​ឈឺឆ្អាល​រឿង​សង្គម និង នយោបាយ។

លោក​ថា ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ លោក ហ៊ុន សែន ហាក់ ភ័យខ្លាច​បាត់បង់​អំណាច​ជ្រុល រហូត​តាម​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​ពលរដ្ឋ និង​អ្នកនយោបាយ បក្ស​ប្រឆាំង ដោយ​គ្រាន់តែ ពួកគាត់​បញ្ចេញមតិ​រិះគន់ និង​ឈឺឆ្អាល​បញ្ហា​សង្គម បញ្ហា​ទឹកដី និង អធិបតេយ្យ​ជាតិ។

លោក ស៊ឹង សែនករុណា៖ «មានការ​ធានា​ទៅលើ​សុវត្ថិភាព ការរស់នៅ​របស់​ប្រជាពលរដ្ឋ ទៅលើ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​រីកចម្រើន​អ្វី​ទាំងនេះ ខ្ញុំ​គិតថា​អាហ្នឹង​គឺជា​រឿង​ដែល​គួរ​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ មិនមែន​ទៅ​ប្រើ​មធ្យោបាយ​បែប​(​ចាប់ខ្លួន​ពលរដ្ឋ​)​នេះ​ទេ។ ហើយ​ការ​ប្រើ​មធ្យោបាយ​បែប​នេះ ខ្ញុំ​គិតថា មិន​អាច​ធ្វើ​អស់​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ងើបឈរ កាន់តែ​ខ្លាំង​ឡើង ការ​រមិលគុណ​កាន់តែ​ខ្លាំង​ឡើង​ទៅ​វិញ​ទេ​។ ពីព្រោះ​សង្គម​ហ្នឹង​ពោរពេញ​ទៅ​ដោយ​បញ្ហា អ្នកណា​និយាយ​អ្វី​ក៏​ត្រូវ​ដែរ គ្មានអ្វី​ខុស​ទេ ដោយសារតែ​បញ្ហា​ហ្នឹង​កំពុងតែ​កើតមានឡើង​ហ្នឹងឯង​។ អញ្ចឹង​គួរតែ បញ្ឈប់​ទៅលើ​រឿង​ហ្នឹង​ទៅ គួរតែ គិត គួរ​រក​ដំណោះស្រាយ កែ​លម្អ កែ​លម្អ​ខ្លួន ដោយ​ភាពស្មោះត្រង់ ទទួលខុសត្រូវ​ទៅលើ​ការដឹកនាំ​របស់​ខ្លួន​ឲ្យ​ល្អ​ប្រសើរ ឲ្យ​រស់​បាន​ទាំងអស់គ្នា​ទៅ អាហ្នឹង​គឺ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ហើយ បាទ»។

ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន សែន បាន​ប្រកាស​ពី​យុទ្ធនាការ​«​ងើប​មួយ​វាយ​មួយ​»​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​លោក​ចោទ​ថា ចង់​ប៉ុនប៉ង​រដ្ឋាភិបាល ហើយ​ក្រោយ​ពី​ការប្រកាស​នេះ គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ ពាក់ព័ន្ធ បាន​យក​ទៅ​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព ខណៈ​ដែល​សព្វថ្ងៃ មាន​ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា បន្តបន្ទាប់ ទាំង​ព្រះសង្ឃ គ្រូបង្រៀន អ្នកនយោបាយ​។ តាម​ការ​កាត់​ត្រា​របស់​អង្គ​ការពារ​សិទ្ធិមនុស្ស​លីកាដូ រកឃើញ​ថា មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សហជីព និង​ពលរដ្ឋ ទាំង​ថ្មី ទាំង​ចាស់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឱ្យ​ចាប់ខ្លួន ដាក់​ពន្ធនាគារ បាន​កើនឡើង ដល់​១១៩​នាក់ ខណៈ​ពលរដ្ឋ រាប់​រយ​នាក់​ទៀត បាន​រត់​ភៀស ខ្លួន​ទៅ​ក្រៅប្រទេស ក្រោយពី​អ្នក​ទាំង​នោះ​បាន ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ឈឺឆ្អាល​បញ្ហា​សង្គម​និង​នយោបាយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch កាល​ពី​ដើម​ឆ្នាំ​២០២៦ បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង អំពី​ស្ថានភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​បន្ត​ធ្លាក់ចុះ។ ស្ថាប័ន​អន្តរជាតិ​នេះ បាន​រៀបរាប់​ថា ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០២៣​មក ស្ថានភាព​សិទ្ធិ មនុស្ស​បាន​បន្ត​ធ្លាក់ចុះ​ដុនដាប​កាន់តែ​ខ្លាំង​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការ បង្ក្រាប​គ្រប់​ទម្រង់ មក​លើ​ពលរដ្ឋ អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អង្គការ សង្គម​ស៊ីវិល ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បន្ត​ថា គណបក្សកាន់អំណាច ដែល​គ្រប់គ្រង​លើ​អំណាច​រដ្ឋ​ទាំងអស់ រួម​ទាំង​ប្រព័ន្ធ​តុលាការ ផង​នោះ តែងតែ​ដាក់ទណ្ឌកម្ម​លើ អ្នក​រិះគន់ ដោយ​ការ​ចាប់ខ្លួន ដាក់​ពន្ធនាគារ​ទាំង​បំពាន​ច្បាប់ រួចហើយ​បង្ខំ​ឱ្យ​ពលរដ្ឋ​សារភាព ឬ​សុំទោស លោក ហ៊ុន សែន និង រដ្ឋាភិបាល​កម្ពុជា ជា​សាធារណៈ ដើម្បី​បាន​រួច​ផុត​ពី​ការ​ឃុំខ្លួន និង​ការចោទប្រកាន់​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់​ថា ទង្វើ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ គួរតែ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ