អ្នកឃ្លាំមើល​ថា មហាជន​នៅតែ​បាត់​ទំនុកចិត្ត​លើ​លោក កឹម សុខា ទោះ​លោក​មិន​ចុះ​ចូល​បក្ស​កាន់​អំណាច

0
65
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​លើកឡើង​ថា ទំនុកចិត្ត ពី​មហាជន​លើ​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​កូនស្រី កញ្ញា កឹម មនោ​វិទ្យា នៅតែ​ធ្លាក់ចុះ បើទោះបី​ជា​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា អ្នក​ទាំងពីរ​មិនបាន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ក្ដី​។ ការ​លើកឡើង​នេះ ក្រោយពី​កញ្ញា កឹម មនោវិទ្យា ប្រាប់​ទី​ផ្នែក​ងារ​សារព័ត៌មាន​អន្តរជាតិ AFP ថា​តួនាទី​ប្រេសិត​ពិសេស​ដែល​លោក ហ៊ុន ម៉ាណែត ផ្តល់​ឱ្យ មិន​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​កញ្ញា និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

ក្រោយពី​មានការ​រិះគន់ និង​វែកញែក​ជាច្រើន លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ កូនស្រី​មេ​ប្រឆាំង គឺ​កញ្ញា កឹម មនោវិទ្យា ទទួល​បាន​តួនាទី​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល​មក កញ្ញា​បាន​ចេញ​មុខ​លាង​សម្អាតខ្លួន និង​ការពារ​កិត្តិយស​ឪពុក​របស់​កញ្ញា​ថា មិន​ជាប់​ពាក់ព័ន្ធ​បក្ស​កាន់អំណាច​នោះ​ទេ ប៉ុន្តែ អ្នកឃ្លាំមើល​យល់ថា បើ​ទោះ​បី​ជា​កញ្ញា ព្យាយាម​លាង​សម្អាតខ្លួន​ក្ដី ករណីនេះ​មិនអាច​ស្ដារ​ទំនុកចិត្ត ពី​ពលរដ្ឋ​បាន​នោះ​ទេ ប្រសិនបើ តួនាទី​កើតឡើង ដោយ​ការដោះដូរ​លក្ខខណ្ឌ​មួយចំនួន ដែល​តម្រូវ​ឱ្យ កញ្ញា មិន​រិះគន់​ចំណុច​អវិជ្ជមាន និង​ធ្វើ​ការងារ​ដោយ​គ្រាន់តែ​រណប​រដ្ឋាភិបាល។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែសីហា​ថា បើ​ទោះ​បីជា កញ្ញា កឹម មនោវិទ្យា អះអាង​ថា មិន​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ថា មិន​ពាក់ព័ន្ធ​ឪពុក​របស់​កញ្ញា​ក្ដី នេះ​មិនអាច​លុបបំបាត់​សំណួរ​ធំៗ​អំពី​ជំហរ​នយោបាយ​របស់​កញ្ញា និង​គ្រួសារ​លោក កឹម សុខា បានទេ។ លោក​បន្ត​ថា បញ្ហា​មិនមែន​ចូលបក្ស ឬ​មិន​ចូលបក្ស​កាន់អំណាច​នោះ​ឡើយ ប៉ុន្តែ​ស្ថិត​នៅ​ត្រង់ថា តើ​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​ត្រូវ​ដាក់​លក្ខខណ្ឌ​ឱ្យ​ឈប់​រិះគន់ និង​ឈប់​វាយប្រហារ​រដ្ឋាភិបាល​ឬ​យ៉ាងណា។

លោក​ថា​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ប្រសិនបើ​ការចូលរួម​ជួយ​ជាតិ ត្រូវ​ភ្ជាប់​ជាមួយ​ការ​មិន​អាច​រិះគន់​បក្ស​កាន់អំណាច នោះ​មិនមែន​ជា​លំហ​នយោបាយ​ឯករាជ្យ​ដែល​ពលរដ្ឋ​សាទរ​នោះ​ឡើយ ប៉ុន្តែ ជា​កលល្បិច​ដែល​បក្ស​កាន់អំណាច​រៀបចំ ដើម្បី​ការពារ​ផលប្រយោជន៍​អំណាច ជាជាង​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ។

លោក​អះអាង​ថា ចំពោះ​អនាគត​របស់​លោក កឹម សុខា និង​កញ្ញា មនោ​វិទ្យា បើទោះពី​ជា​មាន​គោល​គំនិត ចង់​ចូលរួម​ជាមួយ​បក្ស​ផ្សេង ដែល​មិនមែន​ជា​គណបក្សកាន់អំណាច​ក្ដី ការ​ទទួល​បាន​ទំនុកចិត្ត ពី​មហាជន ជា​រឿង​ពិបាក​ស្ដារ​ឡើងវិញ ប្រសិនបើ​នៅតែ រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ហើយ​មិន​ហ៊ាន​រិះគន់​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​ជាតិ​ជាធំ ពេលនោះ បើទោះ​បី បង្កើត​គណបក្ស​ថ្មី​ក្ដី​ក៏​គ្រាន់តែ​ជា​គណបក្សប្រឆាំង​ដែល​រណប​រដ្ឋាភិបាល ហើយ គ្មាន​ថ្ងៃ​ប្រកួតប្រជែង ជាមួយ​បក្ស​កាន់អំណាច​បាន​ឡើយ​។ ដូច្នេះ​លោក​ថា ពលរដ្ឋ​នឹង​មើល​ឃើញ​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ គ្រាន់តែ​ជា​ថ្នូរ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

លោក សេង វណ្ណលី៖ «សំណួរ​ថា លោក កឹម សុខា នៅតែ​ជា​អ្នកនយោបាយ​ប្រឆាំង ឬ​នឹង​ក្លាយជា​អ្នកនយោបាយ​រណប មិនអាច​វាស់​តាម​ពាក្យ​ថា មិន​ចូល CPP ទេ ប៉ុន្តែ​ត្រូវ​វាស់​តាម​សកម្មភាព​។ បើ​លោក​មិនអាច​រិះគន់​រដ្ឋាភិបាល មិនអាច​ប្រឆាំង​គោលនយោបាយ​ដែល​ខ្លួន​យល់ថា​ខុស និង​មិនអាច​ឈរ​ជាមួយ​អ្នក​ដែល​រង​សម្ពាធ​នយោបាយ​បាន នោះ​ទោះ​មិនមែន​ជា​សមាជិក CPP ក៏ដោយ រូបភាព​នយោបាយ​របស់​លោក​អាច​នៅតែ​ត្រូវ​មើល​ថា ជិតស្និទ្ធ ឬ​ស្ថិត​ក្នុង​រង្វង់​ដែល​រដ្ឋាភិបាល​អាច​ទទួល​យក​បាន​។ នេះ​ជា​ហានិភ័យ​ធំ​ចំពោះ​មរតក លោក កឹម សុខា ព្រោះ​វា​អាច​ធ្វើ​ឱ្យ​លោក​ផ្លាស់​ពី​និមិត្តរូប​នៃ​ការប្រកួតប្រជែង នយោបាយ ទៅជា​និមិត្តរូប​នៃ​ការ​សម្រប​ខ្លួន»។

ការ​លើកឡើង​នេះ ក្រោយពី​កញ្ញា កឹម មនោវិទ្យា ប្រាប់​សារព័ត៌មាន​អន្តរជាតិ AFP ថ្មីៗ​នេះ ថា​តួនាទី ជា​ប្រេសិត​ពិសេស​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​ឪពុក​កញ្ញា និង​បក្ស​កាន់អំណាច​នោះ​ទេ។ កញ្ញា​បន្ត​ថា ការ​ខ្វែងគំនិត​គ្នា​នៅក្នុង​ឆាកនយោបាយ​គឺជា​រឿង​មួយ ប៉ុន្តែ​ការទទួលខុសត្រូវ របស់​កញ្ញា ចំពោះ​ប្រទេស​កម្ពុជា គឺជា​រឿង​មួយ​ផ្សេងទៀត​។ ដូច្នេះ​កញ្ញា​បញ្ជាក់​ថា តំណែង​ថ្មី​នេះ នឹង​ផ្ដោត​លើ «​កិច្ចការ​អន្តរជាតិ​» ជាពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង «​ការ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​» បន្ទាប់ពី​តំបន់​ព្រំដែន​ត្រូវ​បាន «​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ»។

យ៉ាងណា លោក សេង វណ្ណលី យល់​ថា ប្រសិនបើ លោក កឹម សុខា និង​កញ្ញា កឹម មនោ​វិទ្យា មិន​ចូល​ជាមួយ​គណបក្សកាន់អំណាច​ដោយ​ផ្ទាល់​ក្ដី អ្វី​ដែល​ពួកគេ​គួរ​ធ្វើ​ដើម្បី​បង្ហាញ​ពី​ទំនួល​ខុសត្រូវ ក្នុងនាម​ជា​អ្នកនយោបាយ គួរតែ​បញ្ជាក់​ជំហរ​ឱ្យ​ច្បាស់ និង​ឈប់​ទុក​ឱ្យ​សាធារណជន​សន្និដ្ឋាន​ជំនួស​លោក​។ ជាពិសេស លោក កឹម សុខា គួរ​និយាយ​ថា ការផ្សះផ្សា​មិន​មានន័យថា បោះបង់​សិទ្ធិ​រិះគន់ ហើយ​ការ​ជួយ​ជាតិ​មិន​មានន័យថា ត្រូវ​ស្ងៀម​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ខុស​នោះ​ទេ​។ លោក​បន្ត​ថា ប្រសិនបើ​លោក កឹម សុខា​នៅតែ​ចង់​រក្សា​មរតក​នយោបាយ និង​ទំនុកចិត្ត​របស់​អ្នកគាំទ្រ លោក​ត្រូវ​បង្ហាញថា ខ្លួន​នៅតែ ឯករាជ្យ​ពី​រដ្ឋាភិបាល ឯករាជ្យ​ពី​គ្រួសារ និង​ឯករាជ្យ​ពី​ការដោះដូរ នយោបាយ បើ​មិន​ដូច្នោះ​ទេ ទោះ​មាន​គណបក្ស​ថ្មី ឬ​តួនាទី​ថ្មី​ក៏ដោយ ក៏​ពិបាក​ស្ដារ​ទំនុកចិត្ត​ពី​ពលរដ្ឋ។

ស្រប​ទៅ​នឹង​ការ​អះអាង​របស់ កញ្ញា កឹម មនោ​វិទ្យា ដែល​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ស្វាគមន៍​ឱ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ ដើម្បី​ឱ្យ​ចូលរួម​ធ្វើ​កិច្ច​ការងារ ជាមួយ​រដ្ឋាភិបាល​។​ប៉ុន្តែ​លោក​ថា មិន​ស្វាគមន៍​នោះ​ទេ ចំពោះ​អ្នកនយោបាយ ដែល​បន្ត​រិះគន់ និង​វាយប្រហារ​មក​លើ​បក្ស​កាន់អំណាច​។ ចំណុច​នេះ ត្រូវ​បាន​អ្នកវិភាគ និង​ពលរដ្ឋ​មើលឃើញ​ថា ការចូលរួម​ធ្វើ​កិច្ច​ការងារ​ជាតិ ជាមួយ​រដ្ឋាភិបាល គឺ​គ្រាន់តែ ដើម្បី​ល្អមើល ប៉ុន្តែ​នៅតែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​ការ​បិទ​ខ្ទប់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ខណៈ​អ្នក​ទោស​នយោបាយ​ជាច្រើន នៅតែ​មិន​ត្រូវ​បាន​ដោះលែង។

ជាមួយ​គ្នា​នេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលាការ លោក សម រង្សី បាន​ថ្លែង​នៅក្នុង​វេទិកា​អ្នក​ស្ដាប់​ទូរទស្សន៍​អាស៊ីសេរី​កាលពី​ថ្ងៃទី​១៩ ខែសីហា​ថា ការ​រំពឹង​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន នឹង​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ តាមរយៈ​ការ​បើក​ឱ្យ​មាន​វប្បធម៌​សន្ទនា នៅ​ពេល​នេះ​គឺ​គ្រាន់តែ​ជា ល្បែង​នយោបាយ ដ៏​ស្មោកគ្រោក របស់​លោក ហ៊ុន សែន ដើម្បី​បិទបាំង​ពី​អសមត្ថភាព ដែល​មិនអាច​ការពារ​បូរណភាព​ទឹកដី ពី​ការឈ្លានពាន​របស់​យោធា​ថៃ និង​ការដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​មានកេរ្តិ៍ឈ្មោះ មិនល្អ លើ​ឆាក​អន្តរជាតិ ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ និង​ការរំលោភ​សិទ្ធិមនុស្ស ជាដើម។

លោក​បន្ថែម​ថា អ្នក​ដែល​ចូល​ប្រឡាក់ប្រឡូស ជាមួយ របប​ក្រុងភ្នំពេញ គឺ​គ្មាន​ថ្ងៃ ដែល​ពលរដ្ឋ​គាំទ្រ និង​ជឿ​ទុកចិត្ត​ថា នឹង​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បាន​នោះ​ឡើយ ព្រោះ​លោក ហ៊ុន សែន គ្មាន​ថ្ងៃ ចង់​ស្ដារ​មុខមាត់​ប្រទេសជាតិ​ដោយ​ភាព​ថ្លៃថ្នូរ​នោះ​ទេ ក្រៅ​តែពី​ការ​ធ្វើ​គ្រប់យ៉ាង ដើម្បី​ការពារ​អំណាច​ត្រកូល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ