អ្នកឃ្លាំមើល​បន្ត​ស្នើ​ដល់​អាជ្ញាធរ​ចាប់​ខ្លួន​ម្ចាស់​អាគារ​ដែល​ជួល​ឱ្យ​ក្រុម​ឆបោក​អនឡាញ

0
113
ទិដ្ឋភាពកម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​វិឡា​ដ៏​ធំ​មួយ ក្នុ​ងភូមិ២ សង្កាត់​លេខ៣ ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ម៉ឺងម៉ាត់​ទៅ​លើ​អ្នក​មាន​លុយ​មាន​អំណាច​ដែល​ជួល​ផ្ទះ​វិឡា ឬ​ទីតាំង​ភូមិ​គ្រឹះ​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​បណ្ដាញ​ឆបោក​តាម​អនឡាញ​បន្ត​ប្រតិបត្តិការ។ ការ​លើកឡើង​នេះ កើតឡើង​បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​វិឡា​ស្កឹមស្កៃ​មួយ​កន្លែង​ទៀត​ក្នុង​ខេត្តព្រះសីហនុ និង​ឃាត់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៤នាក់​ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ក្រុម​អ្នក​មាន​លុយ និង​អំណាច​មួយ​ចំនួន​នៅ​តែ​បន្ត​បើក​ទ្វារ​ភូមិ​គ្រឹះ និង​ផ្ទះ​វីឡា​របស់​ខ្លួន ដើម្បី​ជួល​ឱ្យ​ក្រុម​បណ្ដាញ​ឆបោក​តាម​អនឡាញ ខណៈ​បណ្ដាញ​ឧក្រិដ្ឋជន​ទាំង​នេះ កំពុង​បែកខ្ញែក​ទីតាំង​ប្រតិបត្តិការ​ពី​មជ្ឈមណ្ឌល​អគារ​ធំៗ មក​លាក់​ខ្លួន​នៅ​តាម​អគារ​តូចៗ​ដូច​ជា​ផ្ទះ​វិឡា និង​បន្ទប់​ជួល ដើម្បី​បន្ត​ប្រតិបត្តិការ​ឆបោក​របស់​ពួកគេ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា រិះគន់​ថា ចំណាត់​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​របស់​រដ្ឋាភិបាល​កន្លង​មក ធ្វើ​ឡើង​ត្រឹម​តែ​ជា​រូបភាព​បង្ហាញ​ការ​ចាប់​ខ្លួន​តែ​មន្ត្រី​ថ្នាក់​ក្រោម ឬ​អ្នក​ពាក់ព័ន្ធ​តូច​តាច ប៉ុន្តែ​មិន​ហ៊ាន​ប៉ះពាល់​ដល់​មេខ្លោង និង​មន្ត្រី​អ្នក​មាន​អំណាច​គ្រាក់ៗ​នៅ​ថ្នាក់​លើ​នោះ​ឡើយ។ លោក​លើកឡើង​ទៀត​ថា ប្រព័ន្ធ​យុត្តិធម៌ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​អាច​កម្ទេច​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ​បាន​ឡើយ ដោយសារ​តែ​មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ចាំ​តែ​ស្ដាប់​បទបញ្ជា​ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​កំពូល​ដូចជា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត មុន​នឹង​មាន​វិធានការ​លើ​បុគ្គល​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម។

ទោះ​ជា​យ៉ាងណា លោក ស៊ឹង សែនករុណា ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ពង្រឹង​អំពើ​និទ្ទណ្ឌភាព និង​ការពារ​ក្រុម​បក្ខពួក​និយម​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នេះ កម្ពុជា​នឹង​បន្ត​រង​ភាព​អាម៉ាស់ និង​រង​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖ «ការណ៍​ដែល​មិន​ចាត់​វិធានការ​លើ​អ្នក​មាន​អំណាច​បែប​ហ្នឹង បង្ហាញ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​ដែល​ជា​បក្ខពួក​របស់​ខ្លួន អ្នក​ដែល​មាន​អំណាច និង​ឥទ្ធិពល​ដែរ​ហ្នឹង គឺ​ច្បាស់​ជា​រួច​ខ្លួន​ហើយ គឺ​មិន​ត្រឹម​មិន​ចាត់​វិធានការ​ទេ អាច​នឹង​មាន​ការ ការពារ​ទៅ​ទៀត មាន​ការ​ការពារ​ពី​ក្រោយ​ខ្នង​អី​ទៅ​ទៀត។ អ៊ីចឹង​យើង​មិន​រំពឹង​ថា ការ​ចាត់​វិធានការ​ទៅ​លើ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នេះ មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​មិន​កម្ចាត់​ពី​កំពូល​មក​មុន។ ត្រូវ​មាន​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ដែល​ចាប់ផ្ដើម​ចាត់​វិធានការ​ពី​លើ​មក អ៊ីចឹង​អ្នក​ដែល​តូចតាច​ខាង​ក្រោម​ហ្នឹង រឹតតែ​មិន​ហ៊ាន​ប្រព្រឹត្ត​បន្ត​ទៀត​ហើយ ពីព្រោះ​គេ​មើល​ឃើញ​ថា ឋានៈ​អ្នក​ខាង​លើ​ប៉ុណ្ណឹង​​ហើយ គេ​ចាត់​វិធានការ រឿង​អី​ពួកគាត់​ដែល​ជា​អ្នក​តូច​តាច គាត់​ហ៊ាន​ទៅ​ប្រព្រឹត្ត​នូវ​អំពើ​បែប​ហ្នឹង»។

ការ​លើកឡើង​នេះ កើតឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​វិឡា​ដ៏​ធំ​មួយ ក្នុ​ងភូមិ២ សង្កាត់​លេខ៣ ខេត្ត​ព្រះសីហនុ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​តុលា ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រួម​មាន​ជនជាតិ​ចិន ម៉ាឡេស៊ី កូរ៉េ និង​ខ្មែរ សរុប​ចំនួន ៣៤នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ឃ្លិប​វីដេអូ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បង្ហោះ​ក្នុង​អំឡុង​ប្រតិបត្តិការ​បង្ក្រាប បង្ហាញ​ឱ្យ​ឃើញ​ក្រុម​ជនសង្ស័យ​អង្គុយ​ធ្វើ​ការ​ជុំ​គ្នា​នៅ​មុខ​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង នៅ​ក្នុង​ផ្ទះ​វិឡា​ដែល​បំពាក់​ដោយ​គ្រឿង​សង្ហារិម​ប្រណិតៗ។ ទោះ​ជា​យ៉ាង​ណា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ ឬ​បញ្ជាក់​អំពី​ចំណាត់​ការ​លើ​ម្ចាស់​វិឡា ដែល​បាន​ជួល​ទីតាំង​ឱ្យ​ក្រុម​សង្ស័យ​ប្រើប្រាស់​ធ្វើ​ជា​កន្លែង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នេះ​នៅ​ឡើយ​ទេ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ លោក ស រដ្ឋា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១ ខែតុលា។

ជុំវិញ​រឿង​នេះ ប្រធាន​ស្ថាប័ន​ប្រជាធិបតេយ្យ យុត្តិធម៌ និង​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក អ៊ូ សាមឌី លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​បង្ក្រាប​អ្នក​មាន​អំណាច​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នោះ​ទេ ហើយ​សកម្មភាព​បង្ក្រាប​កន្លង​មក​លោក​ថា គ្រាន់​តែ​ធ្វើ​ឡើង ដើម្បី​បំភ័ន្ត​ភ្នែក​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ដោយសារ​តែ​ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​ដល់​មេខ្លោង ទើប​ក្រុម​ឧក្រិដ្ឋជន​បាន​បែកខ្ញែក និង​បត់បែន​វិធីសាស្ត្រ​ប្រតិបត្តិការ​ពី​មជ្ឈមណ្ឌល​ធំៗ​មក​ជា​ទម្រង់​តូចៗ​ដូចជា​តាម​បន្ទប់​ជួល និង​ផ្ទះ វិឡា​របស់​អ្នក​មាន​លុយ​មាន​អំណាច​វិញ។

លោក អ៊ូ សាមឌី៖ «ស្ថាបត្យកម្ម​ហ្នឹង​វា​បំបែក​ពី​ធំ​ទៅ​ដល់​តូចៗ​ម្ដង អ៊ីចឹង​កាល​ណា​តូចៗ វា​មាន​ការ​លំបាក​នៅ​ក្នុង FBI ដែល​ចុះ​មក​ស៊ើបអង្កេត ឬ​មួយ​ក៏​តាម​ចាប់ បើសិនជា​ចាប់ៗ​បាន​តែ​មេ​តូចៗ​ទេ ហើយ​មេ​តូចៗ​ហ្នឹង​អត់​អាច​ភ្ជាប់​ទៅ​ដល់​មេ​ធំ​ដូច​លោក កុក អាន អី​ពី​មុន​ទេ គ្រាន់តែ​ចាប់​មួយ​អ៊ីចឹង​ទៅ បញ្ជូន​ទៅ​ស្រុក​វិញ​អ៊ីចឹង​ទៅ ចាប់​មួយ​អ៊ីចឹង​ទៅ បញ្ជូន​ទៅ​ស្រុក​មួយ​អ៊ីចឹង​ទៅ ហើយ​វា​ងាយស្រួល​នៅ​ក្នុង​ការ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទៀត​ថា ស្ថាបត្យកម្ម​នេះ​ឥឡូវ​លែង​មាន​មេ​ធំ​នៅ​ពី​ក្រោយ មាន​តែ​តូចតាច​អ៊ីចឹង​ទៅ វា​អត់​អាច​ពាក់ព័ន្ធ​ដល់ ហ៊ុន តូ អត់​អាច​មាន​ភស្តុតាង​ដូច​មុន​ទៀត​ទេ អ៊ីចឹង​បាន​ស្ថាបត្យកម្ម​អនឡាញ​នេះ​គឺ​អត់​ឈប់​ទេ​បង គេ​នៅ​តែ​បើក​ដដែល ហើយ​បើក​ច្រើន​ជាង​មុន​ទៀត»។

ករណី​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ហើយ​លាក់បាំង​អត្តសញ្ញាណ ឬ​មិន​ចាត់​វិធានការ​ច្បាប់​លើ​ម្ចាស់​វិឡា​ជួល​ឱ្យ​ក្រុម​ឆបោក​តាម​អនឡាញ​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ កន្លង​មក ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ឆបោក​នៅ​តាម​សណ្ឋាគារ ភូមិ​គ្រឹះ​របស់​អ្នក​មាន​លុយ​មាន​អំណាច​នៅ​ខេត្ត​ព្រះសីហនុ តំបន់​ជ្រៃធំ ខេត្ត​កណ្ដាល កំពង់ស្ពឺ បាត់ដំបង និង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​តែងតែ​បង្ហាញ​ត្រឹមតែ​រូបភាព​ចាប់​បញ្ជូន​ខ្លួន​បុគ្គល ឬ​ជនបរទេស​ដែល​អ្នក​ខ្លះ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ប៉ុណ្ណោះ។ រីឯ​ម្ចាស់ ភូមិ​គ្រឹះ ឬ​ម្ចាស់​ទីតាំង​វិឡា​ស្កឹមស្កៃ​ដែល​ជួយ​ជ្រោមជ្រែង និង​ទទួល​បាន​ផល​ប្រយោជន៍ ឬ​លុយ​កាក់​ថ្លៃ​ជួល​វិឡា​ពី​ក្រុម​ឧក្រិដ្ឋជន តែងតែ​ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ឬ​រង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ ដើម្បី​ឱ្យ​សាធារណជន​បាន​ឃើញ​ឡើយ។

ក្រុម​អ្នកឃ្លាំមើល​ព្រមាន​ថា ដរាបណា​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​ការពារ​ម្ចាស់​ទីតាំង​ដែល​មាន​ខ្នង​បង្អែក​ទាំង​នោះ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នឹង​នៅ​តែ​អាច​ផ្លាស់ប្ដូរ​រូបភាព និង​បន្ត​ពង្រីក​ឫសគល់​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ពួកគេ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា​ដដែល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ