

អ្នកឃ្លាំមើលបារម្ភថា ការត្រួតពិនិត្យផ្ទៃក្នុងមិនរឹងមាំ ធ្វើឲ្យមន្ត្រីចរាចរណ៍ខិលខូចឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ។ ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលដាក់ឱ្យដំណើរការឡើងវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនចាប់ពីថ្ងៃទី១ កញ្ញា តទៅ និងក្រោយពីមន្ត្រីនគរបាលចរាចរណ៍២រូប បានជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេសកាលពីថ្ងៃទី៣០ ខែសីហា ដែលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋនៅលើបណ្តាញសង្គម។
អ្នកឃ្លាំមើលថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីរាជការគ្មានវិន័យត្រឹមត្រូវ និងការប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័ន ធ្វើឲ្យមន្ត្រីភ្លេចវិជ្ជាជីវៈ គ្មានសីលធម៌ ហើយអាចយកច្បាប់ទៅធ្វើជាឧបករណ៍រកប្រាក់ចូលហោប៉ៅរបស់ខ្លួន ដោយមិនគិតពីប្រជាពលរដ្ឋ និងកេរ្តិ៍ឈ្មោះជាតិឡើយ។
ប្រតិកម្មនេះ កើតឡើងក្រោយពីមន្ត្រីនគរបាលចរាចរណ៍ស័ក្តិ៣ឈ្មោះ ហោ ផល្លី និងមន្ត្រីកិច្ចសន្យាឈ្មោះ ស៊ឹម រដ្ឋា ជម្រិតទារប្រាក់ ពីជនបរទេស២រូប នៅគោលដៅផ្លូវម៉ៅសេទុង ខណៈពេលជនបរទេសទាំង២នាក់នោះ ធ្វើដំណើរត្រឡប់មកពីខេត្តកំពតវិញ។
ក្រោយប្រតិកម្មខ្លាំងពីមហាជន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានដាក់បញ្ជាឲ្យស្នងការរងផែននគរបាលចរាចរណ៍ លោក ហេង រតនា ធ្វើការស្រាវជ្រាវជាបន្ទាន់ និងបានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ម្នាក់ និងមន្ត្រីកិច្ចសន្យាម្នាក់ ដែលពាក់ព័ន្ធបញ្ហានេះ មកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់ព័ត៌មានក្នុងស្រុក។
មន្ត្រីនគរបាលចរាចរណ៍ស័ក្តិ៣ លោក ហោ ផល្លី ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន តាមបញ្ជារបស់លោក ជួន ណារិន្ទ ក្រោយសួរនាំរួច និងរង់ចាំបន្តនីតិវិធី។ ចំណែក មន្ត្រីកិច្ចសន្យា ឈ្មោះ ស៊ឹម រដ្ឋា ត្រូវបានបណ្តេញចេញពីមន្ត្រីកិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ថ្លែងថា កំហុសរបស់មន្ត្រីនគរបាលចរាចរណ៍ហ៊ានទារប្រាក់ពីជនបរទេសរហូតដល់ ៥០០ដុល្លារ និងករណីកន្លងមកផ្សេងទៀត គឺឆ្លុះបញ្ចាំងពីបញ្ហាធំនៅក្នុងការអនុវត្តច្បាប់នៅកម្ពុជា។ លោករិះគន់ចំពោះវិធានការរបស់អាជ្ញាធរ ថា ចាត់វិធានការលើមន្ត្រីខិលខូចទាំងនោះ តែពេលមានរឿងបែកធ្លាយ និងប្រតិកម្មលើបណ្ដាញសង្គម ប៉ុន្តែមិនកែប្រែប្រព័ន្ធអនុវត្តច្បាប់ទាំងមូលទេ ហើយបញ្ហានេះនឹងកើតឡើងម្ដងហើយម្ដងទៀតនាពេលខាងមុខ។ លោកបន្តថា ការផាកពិន័យមិនច្បាស់លាស់ ឬការប្រើច្បាប់ចរាចរណ៍ជាហេតុផល ដើម្បីទាមទារប្រាក់ពីប្រជាពលរដ្ឋមិនសមហេតុផលនេះ ដោយសារ ការដាក់ទណ្ឌកម្មមិនមានប្រសិទ្ធភាព និងវប្បធម៌និទ្ទណ្ឌភាព ដែលធ្វើឱ្យមន្ត្រីខ្លះគិតថា ទោះធ្វើខុសក៏មិនមានផលវិបាកធ្ងន់ធ្ងរ។
លោក សេង វណ្ណលី អះអាងថា ករណីទារប្រាក់ពីជនបរទេសលើសកម្រិតបែបនេះ អាចប៉ះពាល់រូបភាពមិនល្អដល់កម្ពុជា។ លោកថា ករណីនេះក៏អាចធ្វើឲ្យពលរដ្ឋបាត់ជំនឿលើមន្ត្រីចរាចរណ៍ លែងគោរពលើការអនុវត្តច្បាប់ចរាចរណ៍ ហើយអាចប៉ះពាល់ដោយផ្ទាល់ដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវ។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា រដ្ឋាភិបាលមិនចាំបាច់ត្រឹមតែពង្រឹងច្បាប់ទេ ព្រោះច្បាប់មានស្រាប់ទៅហើយ។ តែបញ្ហាគឺការអនុវត្តឱ្យស្មើគ្នា តម្លាភាព និងការទទួលខុសត្រូវ។ គួរធ្វើឱ្យការផាកពិន័យមានតម្លៃច្បាស់លាស់ មានបង្កាន់ដៃទូទាត់ ឬប្រព័ន្ធទូទាត់ដែលអាចតាមដានបាន ដើម្បីកាត់បន្ថយឱកាសចរចាប្រាក់ផ្ទាល់រវាងមន្ត្រី និងអ្នកបើកបរ។ ជាមួយគ្នានេះ ត្រូវបង្កើតយន្តការបណ្តឹងដែលពលរដ្ឋអាចធ្វើការ ដោយមិនបាច់ខ្លាចការសងសឹកពីមន្ត្រី។ ហើយបើស៊ើបអង្កេតរកឃើញថា មន្ត្រីណាម្នាក់ប្រើតួនាទីជំរិតទារប្រាក់ ឬក៏ប្រព្រឹត្តអំពើពុករលួយ ត្រូវអនុវត្តទណ្ឌកម្មតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។ មិនគួរបញ្ចប់ត្រឹមការសុំទោស ផ្ទេរតួនាទី ឬព្យួរការងារជាបណ្ដោះអាសន្ននោះទេ។ ទណ្ឌកម្មដែលច្បាស់លាស់ និងអនុវត្តដោយគ្មានការរើសអើង ទើបអាចផ្ញើសារទៅកាន់មន្ត្រីទាំងអស់ថា ឯកសណ្ឋាន និងអំណាចរបស់រដ្ឋគឺសម្រាប់បម្រើប្រជាពលរដ្ឋ មិនមែនសម្រាប់យកទៅរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ បាទ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសួរនាំបន្ថែមជុំវិញរឿងនេះបាននៅឡើយ នៅថ្ងៃទី១ កញ្ញា ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា លើកឡើងថា ករណីខាងលើនេះ គឺបង្ហាញពីកម្រិតអប់រំរបស់មន្ត្រីរាជការ និងភាពស្មុគស្មាញនៃអំពើពុករលួយនៅកម្ពុជា។ លោកបន្តថា បញ្ហានេះ ជះឥទ្ធិពលអាក្រក់ដល់មន្ត្រីនគរបាលចរាចរណ៍ផ្សេងទៀត និងអ្នកជំនាន់ក្រោយ ដែលយល់ថា អំពើពុករលួយជារឿងធម្មតាក្នុងសង្គម និងមិនមានសីលធម៌ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ លោកអះអាងថា រដ្ឋាភិបាលខ្វះវិធានការអប់រំ និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ ហើយការអនុវត្តច្បាប់លើមន្ត្រីខិលខូច ក៏មិនមានប្រសិទ្ធភាពគ្រប់គ្រាន់។
លោក ប៉ោ មករា៖ «អឺបញ្ហាទាំងអស់នេះ វាជាបញ្ហាដែលកម្ពុជាក៏ដូចជារដ្ឋាភិបាល សង្គមទាំងមូលរងគ្រោះ ពាក់ព័ន្ធទៅនឹងការដែលអនុវត្តតួនាទីរបស់ខ្លួនឯងគ្មានវិន័យ គ្មានសីលធម៌ គ្មានបេះដូងនៅក្នុងការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ ឬក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ្នឹងចូលរួមនៅក្នុងការគោរពច្បាប់ចរាចរណ៍ហ្នឹង ប្រសិនណាបើសិនជាឥរិយាបថមន្ត្រីនគរបាល ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ហ្នឹង ប្រព្រឹត្តនូវអំពើពុករលួយ អសីលធម៌បែបនេះ»។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ កាលពីថ្ងៃទី៣១ សីហា អគ្គស្នងការរងនគរបាលជាតិលោក ចេវ ហាក់ ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារកាណាឌីយ៉ា ស្ដីពីការប្រើប្រាស់សេវាកម្ម ធនាគារកាណាឌីយ៉ា សម្រាប់ប្រតិបត្តិការ បង់ប្រាក់ពិន័យ អំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថាចាប់ពីថ្ងៃទី១ កញ្ញា នេះតទៅ សមត្ថកិច្ចចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើខេត្តចំនួន៥ ដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល និងស្វាយរៀង។ ការរឹតបន្តឹងនេះ គឺបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល៦ខែដើមឆ្នាំ២០២៦ បានកើនឡើង២០% ហើយអ្នកស្លាប់កើន១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
អ្នកឃ្លាំមើលទទូចឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាពគ្នារវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋដោយដាក់ទោសទណ្ឌ លើមន្ត្រីដែលអនុវត្តច្បាប់ផ្ទុយវិជ្ជាជីវៈឲ្យបានធ្ងន់ធ្ងរដើម្បីជាគំរូដល់មន្ត្រីដទៃទៀត មិនឲ្យប្រព្រឹត្តកំហុសដដែលៗនេះ៕









