

អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសយល់ថា ការបង្ក្រាបបណ្ដាញឆបោកអនឡាញឆ្លងដែន នឹងក្លាយជារបៀបវារៈអាទិភាពក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនរំពឹងចង់ឃើញចំណាត់ការជាក់ស្ដែងពីរដ្ឋាភិបាលកម្ពុជា លើបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក បានជួបពិភាក្សាជាលើកដំបូងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលើកឡើងពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទ្សន៍អាស៊ីសេរីថា ការផ្ដោតលើការរុះរើបណ្ដាញឆបោកក្នុងជំនួបដំបូងរវាងឯកអគ្គរដ្ឋទូតអាមេរិក លោក គ្រីស្តូហ្វឺ អ៊ែនដឺសិន (Christopher Anderson) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បង្ហាញថា បញ្ហានេះជាចំណុចស្នូលមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកថា លោក អ៊ែនដឺសិន បានបញ្ជាក់ថា លោកនឹងធ្វើការជាមួយកម្ពុជា ដើម្បីរុះរើទីតាំងឆបោក និងបណ្ដាញឧក្រិដ្ឋកម្មនៅពីក្រោយ ដោយចាត់ទុកការការពារពលរដ្ឋអាមេរិកជាកាតព្វកិច្ចសំខាន់របស់លោក។
លោក សេង វណ្ណលី យល់ថា អាមេរិកទំនងជាចង់ឃើញលទ្ធផលជាក់ស្ដែង រួមមានការកាត់ផ្ដាច់លំហូរហិរញ្ញវត្ថុ និងការចាត់វិធានការលើអ្នកដឹកនាំបណ្ដាញឧក្រិដ្ឋកម្ម។ លោក ថា សម្រាប់កម្ពុជា កិច្ចសហការនេះជាឱកាសស្ដារទំនុកចិត្តអន្តរជាតិឡើងវិញ ព្រោះបញ្ហាឧក្រិដ្ឋកម្ម និងការចោទប្រកាន់អំពីការការពារអ្នកប្រព្រឹត្តបទល្មើស អាចធ្វើឱ្យអ្នកវិនិយោគស្របច្បាប់មានការព្រួយបារម្ភ។
«ជំពូកថ្មី នៃទំនាក់ទំនង នឹងមានន័យពិតប្រាកដ នៅពេលកិច្ចសហការនាំឱ្យមេក្លោងទទួលខុសត្រូវ ទ្រព្យបទល្មើសត្រូវបានចាត់ការតាមច្បាប់ និងបណ្ដាញការពារឧក្រិដ្ឋកម្មត្រូវបានរុះរើ។ បើនៅតែបង្ក្រាបតែអ្នកតូចតាច ថ្នាក់ក្រោម ខណៈអ្នកបញ្ជានៅពីក្រោយរួចខ្លួន នោះទំនុកចិត្តនឹងពិបាកកសាង ទោះមានពាក្យសន្យាល្អប៉ុណ្ណាក៏ដោយ»។
លោក សេង វណ្ណលី
លោកក៏យល់ថា អាមេរិកអាចស្នើឱ្យចាប់ខ្លួនបុគ្គលខ្មែរដែលមានតួនាទីសំខាន់ក្នុងបណ្ដាញឆបោក ប្រសិនបើការស៊ើបអង្កេតរកឃើញភស្តុតាងពាក់ព័ន្ធនឹងបទល្មើសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ លោកថា រដ្ឋាភិបាលកម្ពុជាមិនត្រូវរង់ចាំឱ្យអាមេរិកផ្ដល់ឈ្មោះមេក្លោង ទើបចាប់ផ្ដើមចាត់វិធានការនោះទេ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសថា លោក គ្រីស្តូហ្វឺ អ៊ែនដឺសិន (Christopher Anderson) និងលោក ហ៊ុន ម៉ាណែត បានជួបគ្នាជាលើកដំបូង ដើម្បីពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ។
ស្ថានទូតបានឱ្យដឹងថា មេដឹកនាំទាំងពីរក៏បានជជែកគ្នាដោយផ្ដោតលើការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនអាមេរិក និងកម្ពុជាផងដែរ។
លោក អ៊ែនដឺសិន បានបញ្ជាក់ថា អាទិភាពការងាររបស់លោករួមមាន ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការធ្វើការជាមួយដៃគូកម្ពុជាដើម្បីរុះរើបណ្ដាញឆបោក ដែលត្រូវបានចោទប្រកាន់ថាបានលួចប្រាក់រាប់ពាន់លានដុល្លារពីពលរដ្ឋអាមេរិក និងប្រជាជននៅជុំវិញពិភពលោក។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ក៏បានជួបទ្វេភាគីជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែរ។ ក្រៅពីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនោះ ឯកអគ្គរដ្ឋទូតអាមេរិក និងលោក ហ៊ុន សែន ក៏បានជជែកគ្នាអំពីបញ្ហាបបណ្ដាញឧក្រិដ្ឋកម្មឆបោកឆ្លងដែនដូចគ្នា។
ទោះជាយ៉ាងណា អ្នកនាំពាក្យនៃរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ ចាត់ទុកការលើកឡើងអំពីពាណិជ្ជកម្ម និងការវិនិយោគថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូត ដើម្បីសម្រួលបរិយាកាស មុននឹងពិភាក្សាអំពីបញ្ហាស្មុគស្មាញផ្សេងទៀត ជាពិសេសការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ។
លោក គឹម សុខ បានអះអាងថា សារសំខាន់ដែលអាមេរិកចង់ផ្ញើទៅលោក ហ៊ុន ម៉ាណែត គឺថា ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយអាមេរិក នឹងពិបាកសម្រេចបាន ប្រសិនបើកម្ពុជាមិនចាត់វិធានការប្រកបដោយប្រសិទ្ធភាពលើបណ្ដាញឆបោកអនឡាញ។
«ខ្ញុំមើលឃើញថា ជំហររបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីគឺបើកផ្លូវនិយាយអំពីពាណិជ្ជកម្ម និងការវិនិយោគ ក៏ប៉ុន្តែផ្ដោតជាសំខាន់ទៅលើការកម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាទៅវិញទេ។ ដោយគាត់ចង់បោះព័ត៌មានដល់លោក ហ៊ុន ម៉ាណែត ថា ដើម្បីអាចធ្វើពាណិជ្ជកម្ម និងវិនិយោគល្អជាមួយអាមេរិក ត្រូវតែកម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញជាមុនសិន»។
លោក គឹម សុខ
មុនពេលមកដល់កម្ពុជា និងចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មី លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានប្រកាសប្ដេជ្ញា និងសន្យាចំពោះ មុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា ការកម្ទេចបណ្ដាញឆបោកនៅកម្ពុជា គឺជាអាទិភាពសំខាន់មួយនៃបេសកកម្មរបស់លោក ព្រោះបណ្ដាញឆបោកទាំងនេះបានប្លន់លុយពីពលរដ្ឋអាមេរិកអស់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕









