

គណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងមួយនៅកម្ពុជា មិនគាំទ្រឲ្យយកក្មេងទំនើងទៅបម្រើការងារនៅជួរមុខនោះទេ ព្រោះបារម្ភខ្លាចបង្កើតបញ្ហាកាន់តែច្រើននៅតាមព្រំដែន និងអសន្តិសុខដល់ប្រទេសជាតិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ប្រកាសឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យបង្កើតច្បាប់ យកក្មេងទំនើងទៅបម្រើការងារនៅជួរមុខ ឬនៅតាមព្រំដែនដែលកំពុងមានជម្លោះ។
គណបក្សកម្លាំងជាតិ មិនគាំទ្រឲ្យរដ្ឋាភិបាលយកក្មេងទំនើងទៅបម្រើការងារកងទ័ពនៅជួរមុខ ឬព្រំដែនដែលកំពុងមានបញ្ហានោះទេ ដោយបារម្ភខ្លាច បង្កបញ្ហាកាន់តែច្រើន ដូចជា មិនគោរពវិន័យ សុខភាព ខ្វះសមត្ថភាព និងប្រសិទ្ធភាពរបស់ស្ថាប័នការពារជាតិ។ លើសពីនោះ ការចូលបម្រើការងារក្នុងស្ថាប័នកងទ័ព គឺត្រូវគោរពច្បាប់ បទបញ្ជា និងវិន័យយ៉ាងតឹងរ៉ឹង។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ គណបក្សកម្លាំងជាតិ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា។
គណបក្សកម្លាំងជាតិ អះអាងទៀតថា ការកើនឡើងនូវក្មេងទំនើងច្រើនក្នុងពេលបច្ចុប្បន្ន គឺដោយសារកត្តាជាច្រើនដូចជា ខ្វះការអប់រំ កើនឡើងគ្រឿនញៀន គ្រឿងស្រវឹង បរិយាកាសសង្គម និងខ្វះការគ្រប់គ្រង ឬបង្ក្រាបជាដើម។ គណបក្សកម្លាំងជាតិ អំពាវនាវឲ្យរដ្ឋាភិបាល ពិចារណាឡើងវិញ ដោយត្រូវយកក្មេងទំនើងទាំងនោះ ទៅអប់រំ កែប្រែឲ្យក្លាយជាធនធានមនុស្សល្អ ដើម្បីធ្វើសមាហរណកម្មចូលសង្គមវិញ។
ទាក់ទិននឹងបញ្ហានេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៩ ខែមេសា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២៦ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវសិក្សាផ្នែកច្បាប់បន្ថែម ពាក់ព័ន្ធករណីក្មេងទំនើង ដែលកំពុងជាប់ពន្ធនាគាររាប់ពាន់នាក់ ដើម្បីបញ្ជូនឱ្យទៅជួយការងារកងទ័ពតាមព្រំដែន ដោយលោកគិតថាការចាប់ក្មេងទំនើងទាំងនោះ ទៅដាក់គុកអស់តែបាយ ខណៈក្មេងខ្លះកែខ្លួន ហើយក្មេងខ្លះទៀតមិនកែខ្លួន។
ចំណែកទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែមេសាថា រដ្ឋាភិបាលត្រូវពង្រឹងវិស័យអប់រំ តាមរយៈការឲ្យតម្លៃទៅលើគ្រូបង្រៀន ដោយត្រូវតំឡើងប្រាក់បៀវត្សដល់ពួកគាត់ឲ្យបានសមរម្យ លើសពីនោះអ្នកដឹកនាំរដ្ឋាភិបាលត្រូវប្រើប្រាស់ភាសានៅលើវេទិកាសាធារណៈទៅកាន់ពលរដ្ឋឲ្យបានល្អ មិនគួរនិយាយភាសាមិនសមរម្យនោះទេ។
លោក រ៉ុង ឈុន៖ «ទាំងថ្នាក់ដឹកនាំ ត្រូវតែផ្ញើសារប្រយ័ត្នប្រយែង ត្រូវលុបបំបាត់ បញ្ហាគ្រឿងញៀន កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ទាក់ទងជុំវិញបញ្ហាទាំងអស់នេះ ចង់ឲ្យលោកនាយករដ្ឋមន្ត្រី ពិនិត្យជុំវិញគម្រោងហ្នឹងឡើងវិញ ហើយសុំឲ្យទម្លាក់ចោលតែម្ដង មិនត្រូវយកក្មេងទំនើងទៅបម្រើ ឬមួយចូលទៅក្នុងស្ថាប័ន មានសារសំខាន់ក្នុងការការពារជាតិនោះទេ»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមខែកុម្ភៈឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបយុវជនដែលជាក្មេងទំនើងចំនួន ១០៤ករណី និងឃាត់ខ្លួនមនុស្សជិត ៤០០ (៣៧៦)នាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។ ក្រសួងមហាផ្ទៃថា សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងជិត ៤០០នាក់ទៅតុលាការ និងឃុំខ្លួននៅក្នុងពន្ធនាគារ។
អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលយកវិស័យយោធា ជាកន្លែងកែប្រែក្មេងទំនើង គឺជាការយល់ច្រឡំធ្ងន់ធ្ងរ ពីព្រោះវិស័យនេះគឺជាសសរស្ដម្ភ ដែលតម្រូវឱ្យមានការជ្រើសរើសមនុស្សមកធ្វើការ ប្រកបដោយសមត្ថភាពនិងវិជ្ជាជីវៈខ្ពស់ ហើយការយកក្មេងទំនើងទៅពាក់ព័ន្ធ នឹងធ្វើឱ្យតម្លៃយោធាធ្លាក់ចុះ ប្រសិនបើ អ្នកគ្រប់គ្រងក្មេងទំនើង ខ្វះវិន័យ និងការទទួលខុសត្រូវខ្ពស់ បញ្ហាអសន្តិសុខតាមព្រំដែននឹងកើតឡើងជាក់ជាមិនខាន៕









