

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រកាសកាលពីពេលថ្មីៗនេះថា យ៉ាងហោចណាស់មានជនជាតិចិនប្រមាណ ១០ម៉ឺននាក់បានចូលមកកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសលើកលែងទិដ្ឋាការ។ ទន្ទឹមនឹងការបើកចំហឱ្យជនជាតិចិនចូលមកកម្ពុជា អាជ្ញាធរក៏បានបណ្ដេញជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសជាបន្តបន្ទាប់ ខណៈបញ្ហាឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែននៅតែជាបញ្ហាក្ដៅគគុក ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់អាចដោះស្រាយបាននៅឡើយ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងអនុវត្តគោលនយោបាយបើកចំហជើងមេឃសាជាថ្មី ដោយអនុញ្ញាតឱ្យជនជាតិចិនចូលកម្ពុជាដោយសេរី ខណៈអាជ្ញាធរបន្តតាមបង្ក្រាបបណ្ដាញឧក្រិដ្ឋជនដែលពង្រាយប្រតិបត្តិការឆបោកនៅតាមផ្ទះ។
ថ្វីត្បិតបណ្ដាញឧក្រិដ្ឋជនដែលប្រតិបត្តិការឧស្សាហកម្មឆបោកតាមអនឡាញភាគច្រើនមានប្រភពពីប្រទេសចិនក៏ដោយ ក៏មន្ត្រីអាជ្ញាធរកម្ពុជាអះអាងថា ការអនុវត្តគោលនយោបាយបើកចំហនេះ គឺដើម្បីជំរុញការស្ដារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក (CC Times) កាលពីសប្ដាហ៍មុនថា គិតត្រឹមថ្ងៃទី២ ខែសីហា យ៉ាងហោចណាស់មានជនជាតិចិនជាង ១០ម៉ឺនបានចូលមកកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសលើកលែងទិដ្ឋាការ។ លោកបញ្ជាក់ថា ក្នុងចំណោមជនជាតិចិនទាំងនោះ មានជាង ៤០ភាគរយគឺជាទេសចរគ្មានទិដ្ឋាការធ្វើដំណើរចេញពីប្រទេសចិនដោយផ្ទាល់ រីឯជនជាតិចិនមួយភាគធំទៀតចូលមកដោយមានភ្ជាប់ទិដ្ឋាការការងារ និងអាជីវកម្មនៅកម្ពុជា។
លោក សុខ វាសនា ធ្លាប់ប្រកាសថា កម្ពុជាគ្មានការរឹតបន្តឹង និងព្រួយបារម្ភថា ទេសចរដែលធ្វើដំណើរចេញពីប្រទេសចិនមកប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដូចជាអំពើឆបោកតាមអនឡាញនៅកម្ពុជាឡើយ ដោយលោកអះអាងថា កម្ពុជាមានទំនុកចិត្តលើមិត្តដែកថែបចិន។
ទោះជាយ៉ាងណា ដោយសារតែការទុកចិត្តលើមិត្តដែកថែបចិននេះ រដ្ឋាភិបាលត្រកូល ហ៊ុន បានរងការរិះគន់ថា បានបើកផ្លូវឱ្យបណ្ដាញឧក្រិដ្ឋជនចូលមកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់បង្កើតអាណាចក្រឧស្សាហកម្មឆបោកតាមអនឡាញដ៏ធំប្រចាំតំបន់។ លើសពីនេះ រដ្ឋាភិបាលឪកូនលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ថែមទាំងយកមេខ្លោងឧក្រិដ្ឋជនចិនគឺលោក ចេន ហ្ស៊ី ធ្វើជាទីប្រឹក្សាផ្ទាល់ និងបានប្រែក្លាយប្រទេសកម្ពុជាក្លាយជាសម្បុកឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលជាការនាំអាម៉ាស់សម្រាប់ប្រជាជាតិ និងធ្វើឱ្យសេដ្ឋកិច្ចនៅតែបន្តដុនដាប។
ទោះបីជារដ្ឋាភិបាលកម្ពុជាប្រកាសថា ការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនក្នុងបំណងស្ដារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាក៏ដោយ ប៉ុន្តែមេដឹកនាំក្រុងភ្នំពេញមិនប្រកាសលើកលែងទិដ្ឋាការសម្រាប់ទេសចរមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត និងទេសចរមកពីតំបន់អឺរ៉ុបឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ និងអ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍លោក សុខ សុមនា ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី១០ ខែសីហា។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់អំពើពុករលួយ និងឧក្រិដ្ឋកម្ម ដើម្បីធានាសុវត្ថិភាព និងស្ដារទំនុកចិត្តពីអ្នកទេសចរអន្តរជាតិ។ លោកជឿថា ប្រសិនបើកម្ពុជានៅតែមានកេរ្តិ៍ឈ្មោះពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម អំពើពុករលួយ និងការចាប់ជំរិតនោះ មិនត្រឹមតែទេសចរមកពីប្រទេសលោកខាងលិចប៉ុណ្ណោះទេ សូម្បីតែទេសចរចិនដែលជាដៃគូជិតស្និទ្ធរបស់កម្ពុជាក៏ខ្លាចរអា និងស្ទាក់ស្ទើរក្នុងការចូលមកទស្សនាកម្ពុជាដែរ។
លោក វន់ ពៅ៖ «ចំណុចទីមួយដែលរដ្ឋាភិបាលត្រូវធ្វើគឺ ត្រូវលាងជម្រះឱ្យអស់នូវមន្ទិលសង្ស័យដែលភ្ញៀវទេសចរតែងតែបារម្ភអំពី (Scam online) ការឆបោកផ្សេងៗតាមអ៊ីនធឺណិត អំពើអសន្តិសុខមួយចំនួននៅតំបន់ទេសចរណ៍ត្រូវលាងជម្រះឱ្យអស់ ជាពិសេសត្រូវលាងជម្រះឱ្យអស់នូវ (scam online) នៅស្រុកយើងឱ្យពិតប្រាកដ ដើម្បីជាទំនុកទុកចិត្តទៅដល់ភ្ញៀវទេសចរ ទៅដល់ជនជាតិបរទេសទាំងឡាយដែលមកទស្សនកិច្ច មកលេងនៅស្រុកយើង»។
រដ្ឋាភិបាលត្រកូល ហ៊ុន កំពុងរងការរិះគន់ថា អសមត្ថភាពស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ បន្ថែមពីនេះ ការរាលដាលអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ចាប់ជំរិត និងបង្ខាំងមនុស្សធ្វើទារុណកម្ម ព្រមទាំងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យសេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជាកាន់តែដុនដាបបន្ថែមទៀត។ ស្ថានភាពនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ ចំណែកឯប្រជាពលរដ្ឋទូទៅក៏ពិបាកក្នុងរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥លាន ៥៦ម៉ឺននាក់ ដែលថយចុះជិត ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦០ម៉ឺននាក់ដែលធ្លាក់ចុះជាង ៤៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
អ្នកឃ្លាំមើលលើកឡើងថា កត្តាសំខាន់ដែលប្រទេសកម្ពុជាក្លាយជាប្រទេសត្រូវបានគេមើលឃើញថា គ្មានសុវត្ថិភាព និងសម្បូរដោយអំពើឧក្រិដ្ឋកម្មកំពុងប៉ះពាល់សេដ្ឋកិច្ចជាតិដូចសព្វថ្ងៃគឺដោយសារតែរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នៅតែព្យាយាមកាងការពារមេខ្លោងសំខាន់ៗពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្ម ជាហេតុធ្វើឱ្យការបង្ក្រាបបទល្មើសគ្មានប្រសិទ្ធភាព និងធ្វើឱ្យសហគមន៍អន្តរជាតិនៅតែគ្មានជំនឿចិត្ត៕









