

ពលរដ្ឋរងគ្រោះដីធ្លីនៅស្រុករវៀង ខេត្តព្រះវិហារ ដែលក្រុមហ៊ុនរបស់កូនលោក ទ្រី ភាព គឺលោក ទ្រី ដាលុច រំលោភយកជាច្រើនឆ្នាំ មិនសង្ឃឹមថា អាជ្ញាធរអាចរកដំណោះស្រាយឲ្យពួកគាត់បានសមរម្យ និងយុត្តិធម៌នោះទេ ពីព្រោះថ្មីៗនេះក្រុមហ៊ុនបានគំរាមឲ្យពលរដ្ឋផ្ដិតមេដៃឈប់តវ៉ា។ សង្គមស៊ីវិលថា ការគំរាមកំហែងពលរដ្ឋ គឺជាទង្វើផ្ទុយពីច្បាប់។
ក្រោយអាជ្ញាធរកោះហៅពលរដ្ឋរកដំណោះស្រាយ អស់រយៈពេលជិតមួយខែរួចមក អាជ្ញាធរមិនទាន់បានចុះទៅរកដំណោះស្រាយតាមការសន្យានោះទេ តែផ្ទុយទៅវិញ ភាគីក្រុមហ៊ុនបានដើរគំរាមពលរដ្ឋឲ្យផ្ដិតមេដៃ និងឲ្យពលរដ្ឋឈប់តវ៉ា ។ ពលរដ្ឋបារម្ភខ្លាចការបង្ខំឲ្យពលរដ្ឋផ្ដិតមេដៃ គឺដើម្បីបន្លំយកដីពលរដ្ឋ។
តំណាងពលរដ្ឋរងគ្រោះដីធ្លីនៅស្រុករវៀង លោកស្រី នុត សុខឿន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែមិថុនាថា ក្រោយអាជ្ញាធរថ្នាក់ជាតិកោះហៅ និងចុះពិនិត្យទីតាំងទំនាស់ ថ្មីៗនេះខាងតំណាងក្រុមហ៊ុនបានគំរាមឲ្យពលរដ្ឋរងគ្រោះផ្ដិតមេដៃ ដោយអះអាងថា នឹងយកទៅរកដំណោះស្រាយ ប៉ុន្តែពលរដ្ឋបារម្ភខ្លាចយកមេដៃទាំងនោះ ទៅបន្លំថាពលរដ្ឋព្រមព្រៀងប្រគល់ដីឲ្យទៅក្រុមហ៊ុន ពីព្រោះកន្លងទៅធ្លាប់មានករណីបែបនេះម្ដងរួចទៅហើយ។ លោកស្រីមិនមានសង្ឃឹមថា ទទួលបានដីដែលបាត់បង់ និងសំណងសមរម្យ ដោយត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
លោកស្រី នុត សុខឿន៖ «គំរាមលើកមុនឲ្យផ្លូវដើរឥទ្បូវក្រោយទៀតក្រុមខាងការងារសូរិយោ ឬខាងថ្នាក់ខេត្តគេចុះមកទៀតនេះ ឲ្យគ្នាបិទទៀត ឲ្យឈប់ទាមទារ ឈប់តវ៉ារឿងដីធ្លី មិនដឹងគិតយ៉ាងមិចទេ បើគេយកក្រយ៉ៅដៃទៅគេថា ឈប់តវ៉ា ពួកគាត់មិនឲ្យពួកខ្ញុំតវ៉ា ហើយគំរាមថា អ្នកស្រុកអ្នកភូមិផ្តិតក្រយ៉ៅដៃអស់ហើយ នៅសល់១០ភាគរយទៀតទេ មិនដឹងផ្តិតក្រយ៉ៅដៃអីទេ ខ្ញុំអត់ដឹងទេ»។
ពលរដ្ឋរងគ្រោះព្រមាន នាំគ្នាទៅតវ៉ានៅរាជធានីភ្នំពេញម្ដងទៀត ដើម្បីស្នើឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីស្រែចម្ការឲ្យពលរដ្ឋរងគ្រោះ និងរកដំណោះស្រាយសាជាថ្មី ចំពោះពលរដ្ឋដែលទទួលយកសំណងដោយបង្ខំ ប្រសិនបើអាជ្ញាធររកដំណោះស្រាយឲ្យពលរដ្ឋ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងតំណាងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៤ ខែមិថុនា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ អាជ្ញាធរបានកោះហៅពលរដ្ឋជួបជុំរកដំណោះស្រាយនៅសាលាខេត្តព្រះវិហារ ហើយអាជ្ញាធរថ្នាក់ជាតិសន្យាចុះដោះស្រាយបញ្ហាទំនាស់ដីធ្លីទាំងអស់នៅកន្លែងមានបញ្ហាផ្ទាល់។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះអាជ្ញាធរមិនទាន់ចុះរកដំណោះស្រាយនោះទេ។
ការកោះហៅពលរដ្ឋរកដំណោះស្រាយនេះ បន្ទាប់ពីពលរដ្ឋនាំគ្នាចេញតវ៉ា ក្រោយពលរដ្ឋរងគ្រោះ ត្រូវក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់លោក ទ្រី ដាលុច រំលោភយកដីស្រែចម្ការ អស់រយៈពេលជាង៣ឆ្នាំនេះ ដោយអ្នកខ្លះបង្ខំចិត្តទទួលយកសំណងមិនសមរម្យ អ្នកខ្លះទៀតមិនទទួលបានសំណង ដោយសារភ័យខ្លាចអាជ្ញាធរ និងក្រុមហ៊ុនធ្វើបាប ខណៈកន្លងទៅ តំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានគំរាមពលរដ្ឋថា បើមិនទទួលយកសំណងក៏ពួកគេត្រូវតែយកដីស្រែចម្ការទាំងអស់នោះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី លើកឡើងថា ការបង្ខំឲ្យពលរដ្ឋផ្ដិតមេដៃដោយមិនមានខ្លឹមសារ ជាទង្វើផ្ទុយពីច្បាប់។ លោកជំរុញឲ្យអាជ្ញាធរ ចុះរកដំណោះស្រាយឲ្យពលរដ្ឋតាមការសន្យាឲ្យបានឆាប់ ដើម្បីឲ្យពលរដ្ឋរងគ្រោះទាំងនោះ អាចដាំដុះបង្កបង្កើនផល សម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ មិនគួរអូសបន្លាយបែបនេះឡើយ។
លោក យិន ម៉េងលី៖ «ការសន្យាត្រូវតែធ្វើឲ្យបានតាមសន្យារបស់ខ្លួនហើយត្រូវរកពេលវេលាមួយសមរម្យ ប្រសិនជាមិនទាន់ធ្វើការដោះស្រាយបានទេ រដូវធ្វើស្រែចំការ ឬប្រមូលផលមកដល់គឺត្រូវតែអនុញ្ញាតឲ្យពលរដ្ឋធ្វើសកម្មភាព ធ្វើការប្រមូលផល ឬការដាំដុះបង្កបង្កើនផលដើម្បីបញ្ហាសេដ្ឋកិច្ចទៅឆ្នាំក្រោយទៀត ប្រសិនជាខកខានមិនបានធ្វើឆ្នាំនេះពលរដ្ឋអាចប្រឈមទៅនឹងបញ្ហាខ្វះខាត បញ្ហាសេដ្ឋកិច្ច បញ្ហាសំណងផ្សេងៗ»។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច បានរុករកនិងធ្វើអាជីវកម្មរ៉ែដែកអស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិពីរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកយកទៅលក់នៅក្រៅប្រទេស។ លើសពីនោះក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានដណ្ដើមយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែងរាប់ពាន់គ្រួសារ និងច្បាមយកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ រាប់ពាន់ហិកតារ។
ក្រៅពីនោះ រថយន្តដែលដឹកជញ្ជូនរ៉ែដែក ពីខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង យកទៅដាក់សាឡង់នៅខេត្តកំពង់ឆ្នាំង បានបំផ្លិចបំផ្លាញផ្លូវជាតិអស់ជាច្រើនខ្សែ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវរងផលប៉ះពាល់សុខភាពផ្លូវដង្ហើម និងសួតធ្ងន់ធ្ងរ ដោយសារការដឹកជញ្ជូនបង្កឱ្យមានដីហុយខ្លាំង ។ លោក ទ្រី ដាលុច គឺជាកូនប្រុសរបស់លោក ទ្រី ភាព ដែលជាអ្នកជំនួញល្បីល្បាញខាងបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជា ហើយបច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕







