

អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ស្នើសុំច្បាប់តុលាការកំពូល ដើម្បីទៅចូលរួមបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌចំនួន១៥ថ្ងៃ នៅឯស្រុកកំណើត ក្នុងខេត្តកណ្ដាល។ ការស្នើនេះ ក្រោយពីលោកកំពុងតែស្ថិតក្រោមបម្រាមដ៏រឹងបំផុតពីតុលាការកំពូល ដែលហាមមិនឱ្យផ្លាស់ទីលំនៅ និងធ្វើដំណើរចេញពីក្រុងភ្នំពេញហាមបង្ហាញវត្តមានក្នុងចំណោមមហាជន និងហាមថ្លែងសារនយោបាយនានា នៅតាមទីសាធារណៈជាដើម។
អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ដែលហ៊ុមព័ទ្ធទៅដោយក្ដីក្ដាំជាច្រើនគឺ លោក រ៉ុង ឈុន នៅថ្ងៃទី២២ ខែកញ្ញា បានយកលិខិតទៅដាក់នៅខាងមុខតុលាការកំពូលដោយផ្ទាល់ ដើម្បីស្នើសុំច្បាប់ ទៅលេងស្រុកកំណើតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនៅស្រុកស្អាង ខេត្តកណ្ដាល។
លិខិតស្នើសុំច្បាប់នោះ លោក រ៉ុង ឈុន បានបង្ហាញពីគោលបំណងចង់ធ្វើបុណ្យទានជាមួយបងប្អូនសាច់ញាតិ ដើម្បីឧទ្ទិសបុណ្យកុសលដល់ឪពុកម្ដាយ និងជីដូនជីតា ដែលបានស្លាប់។ ជាមួយគ្នានោះ លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការស្នើសុំច្បាប់ពីតុលាការកំពូលនេះ គឺដោយសារតែតុលាការកំពូលបានសម្រេច រក្សាសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានហាមរួបលោក មិនឱ្យចាកចេញពីទីក្រុងភ្នំពេញ។ លោកចាត់ទុកការដាក់កំហិតនេះជាការបិទសិទ្ធិសេរីភាព ដ៏ធ្ងន់ធ្ងរ ព្រោះលោកមិនអាចធ្វើដំណើរទៅណាដោយសេរី។
លោកសង្ឃឹមថា តុលាការកំពូលនឹងអនុញ្ញាតឱ្យលោកអាចធ្វើដំណើរទៅធ្វើបុណ្យទាននៅឯស្រុកកំណើត ព្រោះថាការធ្វើបុណ្យទាន ជាប្រពៃណីខ្មែរ ដែលពលរដ្ឋគ្រាប់រូបតែងតែគោរពប្រតិបត្តិតាម។ ទន្ទឹមគ្នានោះ លោកអំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដូចជាយុវជនមាតាធម្មជាតិ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា និងមេធាវីសញ្ជាតិអាមេរិក ដើមកំណើតខ្មែរកញ្ញា សេង ធារី ជាដើម ដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។
លោក រ៉ុង ឈុន៖ «បើមានការដោះលែងបង្កើនឱ្យឃើញថាខ្មែរយើងមានការឯកភាពនិងផ្សះផ្សាជាតិ ហើយនៅពេលហ្នឹងខ្មែរយើងនឹងនឹងខ្លាំងណាស់។ ហើយបើសិនជាថាជើងនៅតែប្រកាន់ផាត់អ្នកដែលមតិផ្ទុយចេញហ្នឹងខ្មែរយើងលំបាកនឹងរកភាពខ្លាំងណាស់។ ហើយខ្ញុំក៏សូមឱ្យបានឈប់ទៅ អ្នកដឹកនាំរដ្ឋបញ្ឈប់ការចាប់ការចងបើមានពលរដ្ឋខ្លួននិយាយលើសលួសគួរតែហៅពួកគាត់ទៅអប់រំ ហើយឱ្យគាត់មានសេរីភាពឡើងវិញទៅកុំឱ្យគ្រាន់តែបញ្ចេញទស្សនៈបញ្ចេញមតិចាប់ចងដាក់គុក វាអត់មានផលចំណេញដល់ជាតិដល់ប្រជាពលរដ្ឋទេ មានតែខាតហើយខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់កិត្តិយសជាតិអ្នកដឹកនាំ។»
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែកញ្ញា ។ ទោះជាយ៉ាងណា លោក អ៊ុក គឹមសិទ្ធិ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា តុលាការកំពូល មិនទាន់បានសម្រេចបែបណានៅឡើយទេ ចំពោះលិខិតស្នើសុំច្បាប់របស់លោក រ៉ុង ឈុន។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី យល់ថា ការដាក់លិខិតស្នើសុំតុលាការកំពូលនេះ ជារឿងល្អ ដែលតុលាការគួរតែអនុញ្ញាតឱ្យលោក រ៉ុង ឈុន បានទៅលេងស្រុកកំណើត ដើម្បីបានជួបជុំសាច់ញាតិ នារដូវបុណ្យទាន។ លោកថាការធ្វើបែបនេះជាការបង្ហាញពីគុណធម៌របស់រដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកការផ្សះផ្សាជាតិ នាពេលអនាគត។
លោកយល់ថា ការដាក់កម្រិតមិនឱ្យលោក រ៉ុង ឈុន ចាកចេញពីទីក្រុងភ្នំពេញ ជារឿងដ៏ធ្ងន់ធ្ងរសម្រាប់អ្នកនយោបាយ ដែលរដ្ឋាភិបាលគួរតែគិតគូរ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ។ លោកបន្តថា សំណុំរឿងលោក រ៉ុង ឈុន មានតែរដ្ឋាភិបាលដែលមានសិទ្ធិស្នើសុំព្រះមហាក្សត្រ ឱ្យទម្លាក់ការចោទប្រកាន់។ ដូច្នេះលោកទទូចឱ្យរដ្ឋាភិបាល និងអ្នកនយោបាយបក្សប្រឆាំងគួរតែជជែកគ្នា ក្នុងគោលដៅដើម្បីផលប្រយោជន៍ជាតិ ជាជាងផលប្រយោជន៍បក្ខពួក និងអំណាចនិយម។
លោក យិន ម៉េងលី៖ «យើងនៅតែចង់ឱ្យមានការបើកនូវលំហសេរីភាពជាមូលដ្ឋានសម្រាប់ខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ចូលមកធ្វើការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ និងឆ្នាំក្រោយបន្ទាប់ទៀត។ យើងចង់ឱ្យឃើញមានការចូលរួមមិនត្រូវបានក្រុមខ្មែរណាមួយត្រូវបានផាត់ចេញពីការចូលរួមក្នុងឆាកនយោបាយនេះទេ។ »
កាលពីថ្ងៃទី១៩ ខែមិថុនា តុលាការកំពូលបានសម្រេចរក្សាទុកការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញមកលើលោក រ៉ុង ឈុន ដែលឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកហូតសិទ្ធិនយោបាយ មួយជីវិត ក្រោមបទចោទ«មិនរាងចាល» ក្នុងសំណុំរឿង«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីលោកបានអត្ថាធិប្បាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងជួបសួរសុខទុក្ខពលរដ្ឋ ដែលមានជម្លោះដីធ្លីនៅជាយក្រុងភ្នំពេញ។
ប៉ុន្តែ តុលាការកំពូល បានកែសម្រួលទោសខ្លះ ដូចជាការផ្ដន្ទាទោសឱ្យ លោក រ៉ុង ឈុន ជាប់ពន្ធនាគារ៤ឆ្នាំ បន្ថយមកនៅ ៣ឆ្នាំ តាមរយៈការព្យួរទោស សាកល្បង ចំណែកការដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត បន្ធូរមកនៅត្រឹម៥ឆ្នាំ។ ជាមួយគ្នានោះ តុលាការកំពូលបានហាម លោក រ៉ុង ឈុន មិនឱ្យដូរទីលំនៅក្រៅពីភ្នំពេញ ហាមមិនឱ្យថ្លែងសារនយោបាយនៅតាមទីសាធារណៈ និងហាមមិនឱ្យមានវត្តមានក្នុងចំណោមមហាជនច្រើនជាដើម៕








