ប៉ូលិស​កូរ៉េខាងត្បូង​ចាប់​ខ្លួន​មនុស្ស ៤៧​នាក់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​កម្ពុជា និង​ឡាវ

0
143
ទិដ្ឋភាពក្រសួងមហាផ្ទៃបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ រូប៖ កាសែត​កម្ពុជាថ្មី
ទិដ្ឋភាពក្រសួងមហាផ្ទៃបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ រូប៖ កាសែត​កម្ពុជាថ្មី

ប៉ូលិស​កូរ៉េខាងត្បូង​ចាប់​ខ្លួន​មនុស្ស ៤៧​នាក់​ពាក់ព័ន្ធ​នឹង​ការ​បើក​គេហទំព័រ​ល្បែង​ស៊ីសង​ខុស​ច្បាប់ នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​ទឹក​ប្រាក់​ភ្នាល់​សរុប​ជិត ៦០០លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៤ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ូលិស​កូរ៉េ​ខាងត្បូង​បញ្ជាក់​ថា បណ្ដាញ​ល្បែង​ស៊ីសង​អនឡាញ​ខុស​ច្បាប់​នេះ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​កម្ពុជា មុន​នឹង​ពង្រីក​ប្រតិបត្តិការ​ល្បែង​ស៊ីសង​តាម​អនឡាញ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដូច​ជា​ប្រទេស​ឡាវ​ជាដើម។ 

ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​បាន​ប្រើប្រាស់​ទឹកដី​ប្រទេស​កម្ពុជា ដើម្បី​ដំណើរ​ការ​បណ្ដាញ​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​អ៊ីនធឺណិត ប៉ុន្តែ​ក្រោយ​អាជ្ញាធរ​បង្កើន​ការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា ពួកគេ​បាន​ផ្លាស់ប្ដូរ​មូលដ្ឋាន​ប្រតិបត្តិការ​ទៅ​ប្រទេស​ឡាវ ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​ប៉ូលិស។

សារព័ត៌មាន អេសប៊ីអេស ញូស៍ (SBS News) របស់​កូរ៉េខាងត្បូង​រាយការណ៍​ថា ក្រុម​ឧក្រិដ្ឋជន​នេះ​មាន​សមាជិក​ជា​ជនជាតិ​កូរ៉េខាងត្បូង និង​មាន​ទំនាក់ទំនង​ជាមួយ​សាលារៀន​មួយ​កន្លែង​នៅ​ខេត្តជេជូ (Jeju) នៃ​ប្រទេស​កូរ៉េខាងត្បូង។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា ប៉ូលិស​កូរ៉េខាងត្បូង​បាន​កំណត់​អត្តសញ្ញាណ​មេខ្លោង​ពីរ​នាក់​មាន​អាយុ​ជាង ២០ឆ្នាំ និង​បាន​រៀបចំ​សមាជិក​ជា​ប្រធាន​ក្រុម​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដើម្បី​ទទួល​បន្ទុក​លាង​លុយ​កខ្វក់ ជ្រើសរើស​គណនី​ធនាគារ​សម្រាប់​ប្រើប្រាស់​ក្នុង​បទល្មើស និង​ទាក់ទាញ​អ្នក​ភ្នាល់​លេង​ល្បែង​តាម​អនឡាញ។

ជា​មួយ​គ្នា​នេះ សមាជិក​ក្រុម​នេះ​បាន​ចំណាយ​លុយ​ដែល​រក​បាន​ពី​អំពើ​ឧក្រិដ្ឋកម្ម ដើម្បី​រស់​នៅ​យ៉ាង​ប្រណីត រួម​ទាំង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​​ថ្នាក់​លំដាប់​កំពូល​ទៅ​ទស្សនាការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ដោយ​ផ្ទាល់ នៅ​តំបន់​អាមេរិក​ខាង​ជើង និង​អាមេរិក​កណ្ដាល។

កាសែត​កូរ៉េខាងត្បូង​ដដែល​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា​បាន​ប្រកាស​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​សមាជិក បណ្ដាញ​បង្កើត​ល្បែង​ស៊ីសង​ខុស​ច្បាប់​នេះ ៤៧នាក់។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​នេះ​ក្នុង​នោះ​រួមទាំង​មេខ្លោង​ផង ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន និង​កំពុង​តាម​ចាប់​ជនសង្ស័យ ៥នាក់​ទៀត​ដែល​បន្ត​រត់​គេច​ខ្លួន។ កម្លាំង​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ប្រាក់​សុទ្ធ និង​គ្រឿងអលង្ការ ព្រម​ទាំង​មាស តម្លៃ​ប្រមាណ ១លាន ២សែន​ដុល្លារ ព្រម​ទាំង​កំណត់​បាន​ប្រាក់​ដែល​សង្ស័យ​ថា ជា​ចំណូល​ពី​បទល្មើស​លាង​លុយ​កខ្វក់​ចំនួន​ជាង ៣លាន ៧សែន ៤ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ចាត់​វិធានការ​រឹបអូស។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា។

កាល​ពី​ខែមីនា កន្លងទៅ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ១០នាក់ ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ផ្ទះ​ពីរ​កន្លែង​នៅ​ខណ្ឌសែនសុខ និង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បញ្ជាក់​ថា ក្រុម​នេះ​បាន​ដំណើរ​ការ​បើក​ដំណើរ​ការ​គេហទំព័រ​ដែល​ផ្សព្វផ្សាយ​ល្បែង​ស៊ីសង​ខុស​ច្បាប់ ដោយ​កំណត់​គោលដៅ​អ្នក​ភ្នាល់​ល្បែង​នៅ​កូរ៉េខាងត្បូង និង​ប្រទេស​ផ្សេង​ទៀត​ដោយ​ប្រើ​ទឹកដី​កម្ពុជា​ជា​មូលដ្ឋាន​ប្រតិបត្តិការ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​កម្ពុជា​បាន​កំណត់​អត្តសញ្ញាណ​បុរស​ម្នាក់​ឈ្មោះ គីម ឆាងហាន (Kim Changhan) ជា​មេខ្លោង និង​រឹប​អូស​ប្រាក់​សុទ្ធ​ជិត ២ម៉ឺនដុល្លារ និង​ឧបករណ៍​កុំព្យូទ័រ​ជាច្រើន​គ្រឿង។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា បណ្ដាញ​ដែល​បង្កើត​វេទិកា​ល្បែង​ភ្នាល់​ស៊ីសង​ខុស​ច្បាប់​តាម​អនឡាញ អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់​គឺ​កញ្ចប់​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ អ្នកស្រី​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ទាំង​នេះ​បន្ត​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ​នៅ​កម្ពុជា​នៅ​ឡើយ ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅ​តែ​បន្ត​ដឹកនាំ​បែប​ឯក​បក្ស ការពារ​តែ​អំណាច​ក្រុម​បក្ខពួក ព្រម​ទាំង​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

«ប្រភព​កខ្វក់​ហ្នឹង​នៅ​ចាក់​ឫស​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។ អ្វី​ដែល​យើង​ឃើញ​ច្បាស់​ហ្នឹង គឺ ឧកញ៉ា​ធំៗ មិន​ថា ឧកញ៉ា​ទេ មន្ត្រី​ជាន់​ខ្ពស់​មាន​ឈ្មោះ ដែល​សហរដ្ឋអាមេរិក​ដាក់​បញ្ជី​ហើយ​មិន​ទាន់​ប្រឈម​មុខ​នឹង​ច្បាប់។ ច្បាប់ នៅ​ប្រទេស​ខ្មែរ​ក៏​អត់​មាន​ផង ហើយ​អ្នក​ដែល​ចិញ្ចឹម​ចាក់​ទឹក​ឱ្យ​ឫស​ហ្នឹង​វា​នៅ​តែ​មាន​ឫស​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​គឺ​អ្នក​ដែល​ដឹកនាំ ប្រទេស​យើង​សព្វ​ថ្ងៃ​ហ្នឹង​ឯង»។

ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​អ្នកស្រី មូរ សុខហួរ

របាយការណ៍​ស៊ើបអង្កេត​ក្រុមហ៊ុន​បច្ចេកវិទ្យា អ៊ីនហ្វូប្លុក (Infoblox) ធ្លាប់​លាតត្រដាង​ថា ចង្កោម​នៃ​វេទិកា​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​អ៊ីនធឺណិត​ដែល​ពលរដ្ឋ​ខ្មែរ​ឃើញ​ស្ទើរ​មិន​លោះ​ថ្ងៃ គឺ​ដំណើរ​ការ​ចេញ​ពី​បណ្ដាញ​ឧក្រិដ្ឋជន​ផ្ទាល់​ដែល​បាន​បង្កើត​ទី​ស្នាក់​កណ្ដាល​ដ៏​ធំ​ក្នុង​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា និង​គ្មាន​ចំណាត់​ការ​រាំង​ខ្ទប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ។ កាន់​តែ​អាក្រក់​ជាង​នេះ អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន​ដដែល​ព្រមាន​ថា បណ្ដាញ​វេទិកា​ភ្នាល់​ល្បែង​ស៊ីសង​តាម​អនឡាញ​ទាំង​នោះ​មិន​ត្រឹម​តែ​ក្លែងបន្លំ​ប្លន់​លុយ​ប្រជាជន និង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិសុខ​ក្នុង​តំបន់​នោះ​ទេ បណ្ដាញ​ឧក្រិដ្ឋជន​ក៏​អាច​លួច​ហេក (Hack) ចូល​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​អ្នក​ចូល​លេង​ថែម​ទៀត​ផង។

ថ្វីត្បិត​អាជ្ញាធរ​កម្ពុជា​ប្រកាស​បិទ​ល្បែង​ភ្នាល់​តាម​អនឡាញ​កាល​ពី​ឆ្នាំ២០១៩ ក៏​ដោយ ឧកញ៉ា​ខ្មែរ​គ្រាក់ៗ​ដូចជា​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​លោក កុក អាន នៅ​តែ​បន្ត​រង​ការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ដោយ​ផ្ទាល់​នៃ​វេទិកា​ល្បែង​ភ្នាល់​តាម​អនឡាញ​ទាំង​នេះ។ ក្រុម​មន្ត្រី​ឧកញ៉ា​ដែល​រក​ស៊ី​ផ្នែក​វិស័យ​កាស៊ីណូ​ទាំង​នេះ​ក៏​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​សំខាន់​តាមរយៈ​ការ​សម្របសម្រួល​បណ្ដាញ​លាង​លុយ​កខ្វក់ ជួល​អគារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ និង​រៀបចំ​ទទួល​ស្វាគមន៍​អ្នក​ស្ពាយ​លុយ​មក​ភ្នាល់​ល្បែង​ក្នុង​ទំហំ​ទឹក​ប្រាក់​ធំ​រហូត​ដល់​រាប់​រយ​លាន​ដុល្លារ​នៅ​កម្ពុជា។ មន្ត្រី​ដែល​ជា​អ្នក​កាន់​ហឹប​លុយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​រូប​នេះ ក៏​បាន​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​រួច​មក​ហើយ​ដោយសារ​តែ​អាមេរិក​រក​ឃើញ​ថា ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ អំពើ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ និង​ពលកម្ម​ដោយ​បង្ខំ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​តែ​ការពារ​ឱ្យ​ពួកគេ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ