លោក រ៉ុង ឈុន ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​ជា​រឿង​«​អយុត្តិធម៌»សម្រាប់​លោក

0
154
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទីប្រឹក្សា​គណបក្ស​កម្លាំង លោក រ៉ុង ឈុន ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល រឿង ដកសិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ និង បន្ត​ព្យួរទោស​សាកល្បង ៣​ឆ្នាំ រួម​នឹង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល លើ​រូបលោក ថា​ជា​រឿង​«​អយុត្តិធម៌​»​បំផុត ។ ការ​លើកឡើង​នេះ ក្រោយពី​តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា សម្រេច​ឱ្យ លោក រ៉ុង ឈុន មានទោស​ដដែល បន្ទាប់ពី​លោក​បាន​ប្ដឹង​សាទុក្ខ​ប្រឆាំង នឹង​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កន្លង​ទៅ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​ប្រធាន​សហជីព ដ៏​លេចធ្លោ លោក រ៉ុង ឈុង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ប្រកាស​សាលដីកា​រួច​ថា ការសម្រេច​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ មិន​ឱ្យ​លោក​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ​តាម​វេទិកាសាធារណៈ ហាម​ផ្លាស់​ទីលំនៅ ក្រៅពី​រាជធានី​ភ្នំពេញ និង ការ​ព្យួរទោស​សាកល្បង​៣​ឆ្នាំ​មក​លើ​រូបលោក នេះ គឺជា រឿង «​អយុត្តិធម៌​»​បំផុត​។ លោក​ចាត់ទុក​ការ ការចោទប្រកាន់​ពី​តុលាការ​គ្រប់​ជាន់ថ្នាក់​នេះ ហាក់​បង្ហាញថា រដ្ឋាភិបាល ហាក់ ដូច​ខ្លាច​ឥទ្ធិពល​របស់​លោក​ហួសហេតុ​ពេក ទើប​មិន​ហ៊ាន​បើក​សេរីភាព​ឱ្យ លោក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ដោយ​ស្មើ​មុខ​ស្មើ​មាត់។

លោក រ៉ុង ឈុង៖ «​ខ្ញុំ​មិន​នឹក​ស្ថាន​ថា​ខ្ញុំ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​អ្នកកាន់អំណាច​ខ្លាច​វត្តមាន​របស់ខ្ញុំ​ទេ ទើបតែ​ថ្ងៃនេះ​បាន​ដឹង​ថា ខ្ញុំ​មាន​ឥទ្ធិពល​ដែរ ដែល​ធ្វើ​ឱ្យ​អ្នកកាន់អំណាច​មិន​ហ៊ាន ផ្ដល់​សេរីភាព​ឱ្យ​ខ្ញុំ​ក្នុង​ការ​ផ្ដល់​ឱ្យ​ខ្ញុំ​ក្នុង​ការ​ប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ ឆ្នាំ​២០២៨​ខាង​មុន​នេះ»។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ ជាង​៦០០​នាក់ នៅ​ថ្ងៃទី​១៩ ខែមិថុនា បាន​ប្រមូល​ម្ដុំ​គ្នា អមដំណើរ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យ៉ាង​អធិកអធម ដើរទៅ​កាន់​តុលាការ​កំពូល ដើម្បី ចាំ​ស្ដាប់​សាលដីកា​របស់​តុលាការ ក្រោយ ពី​លោក រ៉ុង ឈុន បាន​ប្ដឹង​សាទុក្ខ ប្រឆាំង​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក។

នៅ​ខាងក្រៅ​បរិវេណ​តុលាការ​កំពូល ឯណោះ​វិញ គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស និង​សន្តិសុខ​រាប់​សិប​នាក់ យាមកាម​យ៉ាង​តឹងរ៉ឹង រួម​នឹង​របាំង​ការពារ មិន​ឱ្យ​អ្នកគាំទ្រ លោក រ៉ុង ឈុន ចូល​ទៅ​ជិត​នោះ​ទេ​។ រីឯ លោក រ៉ុង ឈុន ពុំបាន​ចូល​ស្ដាប់​សាលដីកា តុលាការ​កំពូល​ដោយ​ផ្ទាល់​នោះ​ដែរ​ដោយ​លោក​រៀបចំ​ឱ្យ​តំណែង​៥​នាក់​ចូល​ទៅ​ជំនួស រួម​នឹង​មេធាវី​ផង។ រីឯ លោក​វិញ ឈរ​នៅ​ជាមួយ​អ្នកគាំទ្រ រាប់​រយ​នាក់ នៅ​ខាងក្រៅ និង​អង្គុយ​ធ្វើ​សមាធិ ចាំ​ស្ដាប់​លទ្ធផល។

បន្ទាប់ពី​បើកសវនាការ​មួយ​ព្រឹក​ធំ តុលាការ​កំពូល​ក៏​ប្រកាស​លទ្ធផល​ដោយ​បន្ធូរ​បន្ថយទោស​ខ្លះ និង ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ លើ​លោក រ៉ុង ឈុន ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល រួម​នឹង ការ ដកហូត​សិទ្ធិ មិន​ឱ្យ​ថ្លែង​សារ​នយោបាយ និង​ការ​ផ្លាស់​ទីលំនៅ​ក្រៅ​រាជធានី​ភ្នំពេញ។

លោក រ៉ុង ឈុន ក៏បាន​ថ្លែង​សារ ដោយ​សំឡេង​ខ្លាំងៗ ផ្ដាំ​ទៅកាន់​អ្នកគាំទ្រ​ទាំងអស់​ថា ថ្វី​ត្បិត តុលាការ បាន​រឹតត្បិត និង​ដកហូត​សិទ្ធិ​ជា​ពលរដ្ឋ​របស់​លោក​អស់ហើយ​ក្ដី នេះ​មិនមែន​មានន័យថា ជា​ជំហាន​បញ្ចប់​នៃ​ជីវិត​នយោបាយ​នោះ​ទេ​។ លោក​ប្រកាស «​សូមកុំ​អស់សង្ឃឹម​ឱ្យ​សោះ​» ព្រោះ​គ្មាន​ភាព «​យុត្តិធម៌​»​ណាមួយ ត្រូវ​បាន​គេ​យក​មក​ឱ្យ​ដោយ​ងាយៗ​នោះ​ឡើយ​ដូច្នេះ គឺ​មានតែ​ការ​តស៊ូ និង​ការ​ប្រឹងប្រែង​សាមគ្គី​គ្នា ជម្នះ​ភាព អយុត្តិធម៌ ទើប​ជា​ពលរដ្ឋ​ខ្លាំង។

លោក រ៉ុង ឈុន៖ «​ឱ្យ​តែ​មាន​ដង្ហើម​នៅតែ​ដក​យើង​នៅតែ​មាន​សង្ឃឹម ។ ឱ្យ​តែ​មាន​ដង្ហើម​នៅតែ​ដក សកម្មភាព​យើង​នៅតែ​ធ្វើ យើង​នៅតែ​មាន​សង្ឃឹម បងប្អូន​សង្ឃឹម ជិត​មកដល់​នៅពេល​អនាគត​ខាងមុខ​ដ៏​ខ្លី​នេះ​ហើយ បងប្អូន»។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) អង្គុយស្មឹងស្មាធរង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កាលពី​ថ្ងៃទី​៣១ ខែមីនា សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​តម្កល់​សាល ក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បាន​ការ​ដដែល​ក្នុង​សំណុំរឿង​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​ដកហូត​សិទ្ធិ​នយោបាយ​មួយ​ជីវិត ក្រោម​បទ​ចោទ​«​មិន​រាងចាល​» ក្នុង​សំណុំរឿង​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ក្រោយ​ពី​លោក​បាន​អត្ថាធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ខែ​ឧសភា​ឆ្នាំ​២០២៥។

ក្រោយ​មក​ទៀត​លោក រ៉ុង ឈុន ក៏បាន​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​បទ​ចោទ​ខាងលើ​ហើយ តុលាការ​កំពូល បាន​បើកសវនាការ​សំណុំរឿង ដដែល​នេះ កាលពី​ថ្ងៃទី​១៥ ខែមិថុនា​។ ចំណែក​ថ្ងៃទី​១៩ ខែមិថុនា សាលាដំបូង​ក៏​បាន​ប្រកាស​សាលដីកា ដោយ​បន្ធូរ​បន្ថយទោស​ខ្លះ ដូចជា​ការ​ផ្ដន្ទាទោស ឱ្យ​លោក រ៉ុង ឈុន ជាប់ពន្ធនាគារ​៤​ឆ្នាំ បន្ថយ​មក​នៅ ៣​ឆ្នាំ តាមរយៈ​ការ​ព្យួរទោស​សាកល្បង ចំណែក​ការ​ដកហូត​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត បន្ធូរ​មក​នៅ​ត្រឹម​៥​ឆ្នាំ​។ ជាមួយគ្នា​នោះ តុលាការ​កំពូល​ក៏បាន​ដកហូត​សិទ្ធិ​មួយចំនួន​ដែរ ដូចជា​ការ ហាម លោក រ៉ុង ឈុន មិន​ឱ្យ​ដូរ​ទីលំនៅ​ក្រៅពី​ភ្នំពេញ និង​ហាម​មិន​ឱ្យ​ថ្លែង​សារ​នយោបាយ​នៅ​តាម​ទី​សាធារណៈ​ជាដើម។

អ្នកគាំទ្រ​លោក រ៉ុង ឈុន មក​ពី​ខេត្ត​សៀមរាប លោកស្រី ជុំ សុវណ្ណ យល់ថា ការដែល​តុលាការ​គ្រប់​ជាន់ថ្នាក់​បន្ត​ចោទប្រកាន់ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​មក​លើ លោក រ៉ុង ឈុន ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ព្រោះ លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ។ លោកស្រី​ថា លោក រ៉ុង ឈុន គឺជា​មនុស្ស​ស្អាតស្អំ ហើយ​តែងតែ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ ដូច្នេះ​តុលាការ គួរតែ ទម្លាក់​បទ​ចោទ ទាំងអស់​មក​លើ​លោក​ឱ្យ​បាន​ឆាប់។

លោកស្រី ជុំ សុវណ្ណ៖ «ឃើញថា អយុត្តិធម៌​សម្រាប់​លោកគ្រូ​ណាស់ ក្នុងនាម លោកគ្រូ​ជា​ប្រជាពលរដ្ឋ​មួយ​រូប ។ លោកគ្រូ​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​អ្វី​ទេ​។ នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម អ៊ីចឹង​ការ​បិទ​សិទ្ធិ​សេរីភាព​នេះ បញ្ជាក់​ថា មិន​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​កម្ពុជា​នោះ​ទេ។ អ៊ីចឹង​សម្រាប់​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​រួបរួម សាមគ្គី អភិវឌ្ឍន៍​ប្រទេសជាតិ​យើង»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច ទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត ដែល​បាន​ចូលរួម​តាមដាន​ក្នុង​សំណុំ​រឿង​នេះ​យល់​ថា ការសម្រេច​របស់​តុលាការ​កំពូល ហាក់​បន្ធូរបន្ថយ​ជាង​មុន ព្រោះ​ទោស​ជាប់ពន្ធនាគារ​៤​ឆ្នាំ​ត្រូវ​បាន​ដូរ​មក​ព្យួរ​សាកល្បង ៣​ឆ្នាំ ហើយ ការ​ដកហូត សិទ្ធិ​ធ្វើ​នយោបាយ​មួយ​ជីវិត​ក៏​ត្រូវ​បាន​បន្ធូរ​មក​ត្រឹម​៥​ឆ្នាំ ដូច្នេះ លោក​យល់ថា ក្នុង​ស្ថានភាព​ប្រទេសជាតិ កំពុងតែ​រង​ការឈ្លានពាន ទឹកដី​ពី​សំណាក់​ប្រទេស​ថៃ រដ្ឋាភិបាល​ត្រូវតែ ផ្ដោត​លើ​ការ​បង្រួបបង្រួម​ជាតិ និង គួរ​ធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ឱ្យ​ព្រះអង្គ ចុះ​ព្រះ​ហត្ថលេខា លើកលែងទោស​មក​លើ​លោក រ៉ុង ឈុន គឺជា​រឿង​ដ៏​ល្អ។

លោក យី សុខសាន្ត៖ «ការ​មិន​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​នេះ បញ្ជាក់​ថា​យើង​យល់ដឹង​ច្រើន ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​។ អ៊ីចឹង យើង​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​ធ្វើ​លិខិត​ស្នើសុំ​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​លើកលែងទោស​ដល់​អ្នកនយោបាយ​ឱ្យ​មាន​សេរីភាព និង​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន គឺជា​អ្នកនយោបាយ ជា​អ្នកការពារ​សិទ្ធិ​កម្មករ​-​សហជីព និង ជា​គ្រូបង្រៀន​ឯករាជ្យ​ម្នាក់ ដែល​បាន​តស៊ូ ដើម្បី​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាង​ពាក់កណ្ដាល​ជីវិត​មក​ហើយ។ លោក​ជា​អ្នកនយោបាយ​បក្ស​ប្រឆាំង ដ៏​គំរូ ម្នាក់​ដែល​មិន​ខ្វល់​រឿង​ទ្រព្យសម្បត្តិ និង​មុខតំណែង ជាធំ​នោះ​ទេ។ នៅក្នុង​ដំណើរ​ជីវិត​នយោបាយ របស់​លោក ពោរពេញ​ដោយ​ឧបសគ្គ ហើយក៏​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​២​លើក រួច​មក​ហើយ និង​មានរឿង​ក្ដីក្ដាំ ជាច្រើន​នៅក្នុង​តុលាការ ប៉ុន្តែ លោក​នៅតែ​មាន​ឆន្ទៈ​រឹងមាំ មិន​បោះបង់​មនសិការ ដូរ​យក​ទ្រព្យសម្បត្តិ និង មុខតំណែង​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ​។ កន្លងទៅ​ទាំង អង្គការ​ជាតិ និង​អន្តរជាតិ បាន​ចាត់ទុក​សំណុំរឿង លោក រ៉ុង ឈុន មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​នយោបាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ