តុលាការ​កំពូល​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​លោក គា វិសាល ជាប់​ពន្ធនាគារ ២​ឆ្នាំ​ដដែល

0
9
អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល។ រូប៖ បណ្ដាញសង្គម
អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល។ រូប៖ បណ្ដាញសង្គម

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ដែល​ផ្ដន្ទាទោស​មន្ត្រី​បក្ស​ប្រឆាំង​លោក គា វិសាល ដាក់​ពន្ធនាគារ ២​ឆ្នាំ ឱ្យ​នៅ​ដដែល។ ក្រោយ​ការសម្រេច​របស់​តុលាការ លោក គា វិសាល អះអាង​ថា បើ​ចង់ឱ្យ​តុលាការ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​រូបលោក លុះត្រា​ណា​តែ​លោក ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ថា ចំណាត់ការ​យឺតយ៉ាវ របស់​តុលាការ​កំពូល ធ្វើ​ឱ្យ​ជនជាប់ចោទ មិន​បាន​យុត្តិធម៌ តាម​ការ​រំពឹងទុក។

តុលាការ​កំពូល​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ច្រានចោល​បណ្ដឹងសាទុក្ខ​របស់​លោក គា វិសាល ដោយ​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ដែល​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​ឱ្យ​នៅ​ដដែល។

ការសម្រេច​របស់​តុលាការ​កំពូល នៅ​ថ្ងៃ​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​គណបក្ស កម្លាំង​ជាតិ​ខេត្តកំពង់ចាម​លោក គា វិសាល បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់ រយៈពេល​កំណត់ និង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​តាំង​ពី​ខែមីនា។

អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពង់ចាម លោក គា វិសាល ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ ថា លោក​មិនដឹង​និយាយ​យ៉ាងណា អំពី​យុត្តិធម៌​នោះ​ទេ ដោយ​អះអាង​ថា លោក​ដឹង​ជាមុន​រួចហើយ គឺ​បើ​ចង់ឱ្យ​តុលាការ​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​លើ​លោក លុះត្រា​ណា​តែ​លោក​យល់ព្រម ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច។ លោក​កត់សម្គាល់​ថា នេះ​ជា​ទម្លាប់​សម្រេចសេចក្ដី​ជា​ធម្មតា របស់​តុលាការ​នៅ​កម្ពុជា ទៅលើ​សំណុំរឿង ដែល​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ សកម្មជន​នយោបាយ និង​សកម្មជន​សង្គម។

លោក គា វិសាល៖ «ជំហរ​ខ្ញុំ​! ខ្ញុំ​មិន​ចុះចូល​ទេ​ប៉ុន្តែ​បើសិនជា​ខ្ញុំ​ចុះចូល ខ្ញុំ​ជឿ​ថា តុលាការ​នឹង​ទម្លាក់​បទចោទប្រកាន់​ទាំងអស់ គឺ​ខ្ញុំ​ជឿជាក់​កន្លែង​ហ្នឹង ពិសេស រឿង​ចុះចូល​លា​ចេញពី​បក្ស​ប្រឆាំង​ហើយ ទៅ​ចុះ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដាច់ខាត គេ​ដោះលែង អាហ្នឹង​វា​ជាទូទៅ​វា​អ៊ីចឹង»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ថា សំណុំរឿង លោក គា វិសាល គឺជា​ការអនុវត្ត​នីតិ​វិធី​យឺតយ៉ាវ​របស់​តុលាការ​កំពូល ពីព្រោះ​មន្ត្រី​បក្ស ប្រឆាំង​រូប​នេះ បាន​អនុវត្ត​ទោស​ចប់​សព្វគ្រប់​ហើយ តាំងពី​ជាង ៣​ខែ​មុន​តុលាការ កំពូល​បើក​សវនាកា​ជំនុំជម្រះ និង ប្រកាស​សាលដីកា​ម្ល៉េះ​។ លោក​យល់​ថា កាល​ណា​សំដៅ​ដល់​យុត្តិធម៌ និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ តុលាការ​គួរតែ​ពិនិត្យ អាទិភាព​នៃ​សំណុំរឿង ដែល​គួរតែ​អនុវត្ត​នីតិវិធី​ឱ្យ​ទាន់​ពេលវេលា ប៉ុន្តែ​តុលាការ កំពូល ទំនង​ជា​ចាត់ការ​តាម​លំដាប់​រឿង​ចូល​ទៅ​តុលាការ​។ លោក​ថា ចំណាត់ការ បែបនេះ ធ្វើ​ឱ្យ​ជនជាប់ចោទ មិន​ទទួល​បាន​យុត្តិធម៌ តាម​ការ​រំពឹង​ទុក​នោះ​ទេ។

លោក អំ សំអាត៖ «បញ្ហា​នេះ យើង​ឃើញថា ទោះជា​យ៉ាងណា ក៏​សាលដីកា តុលាការ​កំពូល វា​ជា​សាលដីកា​ចុងក្រោយ ហើយ​ស្ថាពរ​ទៅ​ហើយ លោក គា វិសាល ក៏​អនុវត្ត​ចប់​មុន សាលដីកា​របស់​តុលាការ​កំពូល​ទៅទៀត។ អាហ្នឹង​ជា​រឿង មួយ​ដែរ បើ​និយាយ​ពី​ការ​សង្ឃឹម​របស់​លោក គា វិសាល ហ្នឹង បាន​ន័យ​ថា វា​អត់​អាច​ទទួល​យក​បាន​នូវ​យុត្តិធម៌ ដោយសារតែ​គាត់​អនុវត្ត​ទោស​ចប់​ហើយ បាន​សវនាការ និង​សាលដីកា​របស់​តុលាការ​កំពូល​ប្រកាស​តាម​ក្រោយ»។

លោក គា វិសាល ធ្លាប់​ជាប់ពន្ធនាគារ​ពីរ​លើក​ហើយ​។ លើក​ទី​១ លោក​ជាប់​ពន្ធនាគារ ជាង ១​ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ពី​បទ​«​ញុះញង់​» ជុំវិញ ការ​បញ្ចេញ មតិ​លើ​ទំព័រ​ហ្វេសប៊ុក និង​វិទ្យុ ហើយ​លើក​ទី​២ លោក​ជាប់ពន្ធនាគារ ២​ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៤ ដល់​ដើមឆ្នាំ​២០២៦។

ក្នុង​ខែមីនា ឆ្នាំ​២០២៤ លោក គា វិសាល ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ត្រូវ​បាន​ផ្តន្ទាទោស​ក្នុង​ខែសីហា​ឆ្នាំ​២០២៤​ដដែល ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ ប្រកាន់​ពី​បទ «​ញុះញង់​ឱ្យមាន​ការរើសអើង​»​និង​បទ «​ជេរប្រមាថ​ជា​សាធារណៈ​» តាម​មាត្រា ៤៩៤ ៤៩៦ និង ៣០៧ នៃ​ក្រមព្រហ្មទណ្ឌ ។ ការផ្តន្ទាទោស​នេះ ធ្វើ ឡើង​បន្ទាប់ពី​លោក គា វិសាល បាន​បង្ហោះ​សារ លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក រិះគន់​កំណត់ត្រា​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​រាជ​រដ្ឋាភិបាល។

លោក គា វិសាល ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បង្គាប់​ឱ្យ​លោក សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន ២០​លាន​រៀល​ទៅ​ដើម​បណ្តឹង គឺ​លោក ម៉ៃ ហុងស្រៀង។ លោក គា វិសាល និង លោក ម៉ៃ ហុងស្រៀង ពី​ដើម​ឡើយ គឺជា​មន្ត្រី គណបក្សប្រឆាំង​ដូចគ្នា ប៉ុន្តែ លោក ម៉ៃ ហុងស្រៀង បាន​ប្ដឹង​លោក គា វិសាល ទៅ​តុលាការ​បន្ទាប់ពី​លោក ម៉ៃ ហុងស្រៀង បាន​ចុះចូល​គណបក្ស​កាន់អំណាច ខណៈ​លោក គា វិសាល នៅ​បន្ត​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។

ក្ដីក្ដាំ​នេះ បាន​ឡើង​ដល់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បន្ទាប់ពី​លោក គា វិសាល មិន​សុខចិត្ត​ទទួលយក​សេចក្ដីសម្រេច​របស់​សាលាដំបូង។ យ៉ាងណា តុលាការ ជាន់ខ្ពស់​ទាំងពីរ​ថ្នាក់ នៅតែ​រក្សា​សាលក្រម​សាលាដំបូង​ដដែល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ