

យោធាថៃបានពង្រីកសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា ជាច្រើនស្រុកនៅតំបន់ព្រំដែនខេត្តបាត់ដំបង ដែលជាប់នឹងខេត្តស្រះកែវ របស់ថៃ។ ក្នុងសកម្មភាពឈ្លានពាននេះ យោធាថៃបានរាយបន្លាលួស និងចោទកម្ពុជាថា បានកែប្រែផ្លូវទឹកដែលភាគីទាំងពីរបានឯកភាពគ្នាយកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន។ មន្ត្រីគណបក្សប្រឆាំងយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង គ្មានតំបន់ដែលថៃទាមទារនោះឡើយ។
បាត់ដំបង ដែលជាខេត្តមួយដែលទទួលរងការវាយប្រហារស្រាលជាងគេ ពីសំណាក់យោធាថៃ ក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនចំនួនពីរលើក ពេលនេះបានភ្លក់រសជាតិបន្លាលួស និងការឈ្លានពានរបស់យោធាថៃហើយ។
ទាហានខ្មែរម្នាក់ ប្រចាំការនៅយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌលាក់អត្តសញ្ញាណថា នៅថ្ងៃទី២៩ ខែមេសា នេះ ទាហានខ្មែរ និងទាហានថៃ បានប្រកែកគ្នា បន្ទាប់ពីទាហានថៃបានដើរល្បាតចូលក្នុងទឹកដីខ្មែរ នៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាប់នឹងស្រុកខ្លងហាត ខេត្តស្រះកែវ របស់ថៃ។ លោកបន្តថា សកម្មភាពតវ៉ាគ្នានេះ បានកើតឡើងបន្ទាប់ពីទាហានថៃ បានដើរល្បាតក្នុងទឹកដីខ្មែរ ដោយបានអះអាងថាតំបន់នោះគឺជាទឹកដីរបស់ថៃ ដែលភាគីកម្ពុជាបានទន្ទ្រានយក តាមរយៈការលុបអូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែន។
ចំណែកនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក វិញ ទាហានថៃបានចងតម្រុយតាមផ្លូវក្នុងព្រៃ និងចូលដោះមីនក្នុងទឹកដីកម្ពុជា ក្នុងតំបន់ភ្នំ៥៣ ខណៈនៅភូមិគគីរ ទាហានថៃបានចាប់ផ្ដើមដើរល្បាតនៅតាមបណ្ដោយអូរខ្សែបន្ទាត់ព្រំដែនអស់រយៈពេលជិតមួយសប្ដាហ៍មកហើយ។ ទាហានខ្មែរឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្នុងទឹកដីថៃ ក្បែរតំបន់ព្រំដែន ក្នុងស្រុកភ្នំព្រឹក ដែលធ្វើឱ្យទាហានខ្មែរដាក់ស្ថានការណ៍ក្នុងស្ថានភាពប្រុងប្រយ័ត្ន។
ស្រដៀងគ្នានេះដែរ នៅតំបន់ព្រំដែនស្រុកសំពៅលូន ជាប់នឹងតំបន់ខ្លងណាំសៃ របស់ថៃវិញ ទាហានថៃបានរាយបន្លាលួសក្បែរមាត់ប្រឡាយនៅតាមបណ្ដោយព្រំដែន ដោយនៅទីតាំងមួយចំនួនទាហានថៃបានរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជាជាច្រើនម៉ែត្រ។ នៅបើតាមការអះអាងរបស់មន្ត្រីមូលដ្ឋានម្នាក់ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ។
កាលពីថ្ងៃទី២៨ ខែមេសា ទាហានខ្មែរ និងទាហានថៃ បានប៉ះពាក្យសម្ដីគ្នានៅតំបន់នេះ ដោយទាហានខ្មែរបានតវ៉ាឱ្យទាហានថៃបញ្ឈប់សកម្មភាពរាយបន្លាលួស និងរើចេញទៅវិញ ព្រោះសកម្មភាពនេះ ជាការរំលោភបំពានលើបទឈប់បាញ់។ ក៏ប៉ុន្តែទាហានថៃបានជំទាស់ដោយសំអាងថា ទីតាំងរាយបន្លាលួសនេះ ស្ថិតក្នុងទឹកដីថៃ និងមិនបានរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ។
គិតមកដល់ពេលនេះ ក្រសួងការពារជាតិ និងទីបញ្ជាការយោធភូមិភាគទី៥ មិនទាន់ចេញសេចក្ដីថ្លែងការណ៍ពីករណីឈ្លានពានរបស់យោធាថៃ នៅតំបន់ព្រំដែនក្នុងខេត្តបាត់ដំបង នោះឡើយ។

ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន មានប្រសាសន៍ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង គ្មានតំបន់ដែលថៃទាមទារផ្អែកតាមផែនទីខ្នាត ១/៥០.០០០ ដែលភាគីថៃបានគូរដោយខ្លួនឯងនោះឡើយ។ លោក អ៊ុំ សំអាន បន្តថា បើផ្អែកទៅលើកម្លាំងយោធារបស់ភាគីថៃ និងនយោបាយដ៏ទន់ខ្សោយរបស់មេដឹកនាំកម្ពុជាបច្ចុប្បន្ន ថៃនឹងបន្តឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀត នៅតំបន់ព្រំដែនខេត្តបាត់ដំបង ប៉ៃលិន និងកោះកុង ដោយមិនចាំបាច់ធ្វើសង្គ្រាមនោះឡើយ។
លោក អ៊ុំ សំអាន៖ «តាមប្រវត្តិនៃការបោះបង្គោលព្រំដែន ខេត្តទាំងនេះមានការបោះបង្គោលព្រំដែនរឹងមាំពីសម័យអាណានិគមបារាំងហើយ ប៉ុន្តែបង្គោលមួយចំនួនត្រូវបានភាគីថៃរំកិលចូលក្នុងទឹកដីខ្មែរ»។
ងាកចេញពីខេត្តបាត់ដំបង នៅឯព្រំដែនខេត្តប៉ៃលិន ឯណោះវិញ ទាហានថៃនៅតែបន្តឈូសឆាយសាងសង់ផ្លូវរាប់សិបគីឡូម៉ែត្រ និងរាយបន្លាលួស នៅក្នុងតំបន់ស្រុកពោងណាំរ៉ន (Pongnamron) ខេត្តចន្ទបុរី (Chanthaburi) របស់ថៃ ដោយរំលោភចូលទឹកដីកម្ពុជា ជាច្រើនទីតាំងក្នុងតំបន់ជ្រលងភ្នំក្បាលដំរី ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ តាមការផ្សព្វផ្សាយរបស់យោធាថៃ ភាគីថៃបានធ្វើសកម្មភាពកែប្រែទីតាំងមួយចំនួន នៅតាមបណ្ដោយអូរធម្មជាតិ ដែលភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ បានបដិសេធថា មិនមានការបាត់បង់ទឹកដីនៅតំបន់ព្រំដែនខេត្តប៉ៃលិន នោះឡើយ។ ទោះជាបែបនេះក្ដី អ្នកភូមិបរតាំងស៊ូ អះអាងថា ទាហានថៃបានចូលមកកាន់កាប់ទឹកដីកម្ពុជា ដោយចាប់ផ្ដើមចេញពីតំបន់ព្រំដែនបង្គោលឡាក់លេខ ៦៦ និង៦៧ ក្នុងចំណុចទួលរំដេង តាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ ពោលគឺតាំងពីជំនាន់ប្ដីរបស់អ្នកស្រី បាន ស្រីមុំ ដែលជាអតីតមេទ័ពខ្មែរក្រហម និងបច្ចុប្បន្នជានាយទាហានផ្កាយ៤ គឺលោក អ៊ី ឈាន នៅជាអភិបាលខេត្តប៉ៃលិន មកម្ល៉េះ។
ពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់ព្រំដែននេះដែរ ទាហានខ្មែរ ដែលឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានអះអាងដូចៗគ្នាថា ស្ថានភាពនៅតាមព្រំដែន ហាក់មានភាពផុយស្រួយឡើងវិញ បន្ទាប់ពីទាហានថៃបានពង្រីកតំបន់ឈរជើង និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ។
ពួកគាត់អះអាងទៀតថា ពេលខ្លះទាហានខ្មែរ និងទាហានថៃ បានដើរល្បាត ជ្រួសផ្លូវគ្នា និងពេលខ្លះទាហានថៃបានធ្វើសកម្មភាពពួនស្ទាក់ ដែលបណ្ដាលឱ្យភាគីទាំងពីរឈ្លោះប្រកែកគ្នា រហូតដល់ពេលខ្លះ ស្ទើរតែឈានដល់ការប្រើប្រាស់អាវុធ ដូចជាបាញ់កាំភ្លើង គប់គ្រាប់បែក និងបាញ់បេAPG ប្រយុទ្ធគ្នាទៀតផង៕





