យោធា​ថៃ​ដាក់​ច្បាប់អាជ្ញាសឹក និង​បម្រាម​គោចរ​លើ​ទឹកដី​ខ្មែរ​ក្នុងភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
104
ទិដ្ឋភាពទាហានថៃដាក់បន្លាលួសបិទផ្លូវនៅភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្ត​បន្ទាយាមានជ័យ កាលពីថ្ងៃទី២៩ មិថុនា ២០២៦។ រូប៖ ទាហានថៃ
ទិដ្ឋភាពទាហានថៃដាក់បន្លាលួសបិទផ្លូវនៅភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្ត​បន្ទាយាមានជ័យ កាលពីថ្ងៃទី២៩ មិថុនា ២០២៦។ រូប៖ ទាហានថៃ

យោធា​ថៃ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​រឹត​បន្តឹង​សន្តិសុខ ដោយ​ប្រកាស​ដាក់​បម្រាម​គោចរ​ក្រោម​ច្បាប់​អាជ្ញាសឹក​១៩១៤ របស់​ថៃ​នៅ​លើ​ទឹកដី​ខ្មែរ នៅ​ក្នុង​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ ដោយ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ធ្វើដំណើរ​ចេញ​-​ចូល ឬ​ចាក​ចេញពី​លំនៅឋាន ចាប់ពី​ម៉ោង ៦:០០ ល្ងាច ដល់​ម៉ោង ៦:០០ ព្រឹក។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កងកម្លាំង​យោធា​ថៃ បាន ប្រកាស​ដាក់​បម្រាម​គោចរ និង​ច្បាប់​អាជ្ញាសឹក នៅ​តំបន់​ភូមិ​ជោគជ័យ ដោយ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន ឱ្យ​ធ្វើដំណើរ​ចេញ​-​ចូល ឬ​ចាក​ចេញពី​លំនៅឋាន ចាប់ពី​ម៉ោង ៦:០០ ល្ងាច ដល់​ម៉ោង ៦:០០ ព្រឹក​។ ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​អាស្រ័យ​ផល អនុញ្ញាត​ឱ្យ​ចូល​ទៅ​ធ្វើ​កសិកម្ម​បានតែ​នៅ​ចន្លោះ​ម៉ោង ៦:០០ ព្រឹក ដល់​ម៉ោង ៦:០០ ល្ងាច ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ អត្តសញ្ញាណប័ណ្ណ ដើម្បី​ចុះឈ្មោះ​ជាមួយ​មន្ត្រី​យាមល្បាត។

លោក អ៊ុំ សំអាន បាន​បន្ថែម​ថា ការ​ដាក់​បម្រាម​គោចរ​នេះ គឺ​ថៃ​ចង់​បង្ហាញថា ទឹកដី​នៅ​ភូមិ​ជោគជ័យ គឺជា​កម្មសិទ្ធិ​របស់​ថៃ​ផ្ដាច់មុខ មិនមែន​ជា​ទឹកដី​របស់​កម្ពុជា​ទេ ព្រោះ​លោក​ថា តាម​ធម្មតា​ការ​ដាក់​បម្រាម​គោចរ ទាល់តែ​ទឹកដី​នោះ​ជា​ទឹកដី​របស់​ខ្លួន ទើប​អាច​ធ្វើ​ទៅ​បាន មិនអាច​ដាក់​នៅ​ទឹកដី​ប្រទេស​ផ្សេង​បាន​នោះ​ទេ។

លោក អ៊ុំ សំអាន៖ «ថៃ​គេ​បានដាក់ អឺ ច្បាប់អាជ្ញាសឹក និង​ដាក់​បម្រាម​នៅ​ភូមិ​ជោគជ័យ​នេះ បង្ហាញ​ពី​កម្សោយ​ក្នុង​ការ​ការពារ​ជាតិ និង​អសមត្ថភាព​របស់​ត្រកូល​ហ៊ុន ដែល​អនុញ្ញាត​ឲ្យ​ថៃ ដាក់​បម្រាម​គោចរ ហើយ​និង​ដាក់ចេញ​នូវ​ច្បាប់អាជ្ញាសឹក​នៅ​លើ​ទឹកដី​ខ្មែរ​យើង​នៅ​ភូមិ​ជោគជ័យ»។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែ​ត គឺត្រូវ​ធ្វើ​លិខិតតវ៉ា ហើយ​មួយទៀត​ត្រូវ ប្រើ​សិទ្ធិ​ស្វ័យការពារ​នៅ​ពេល​ដែល​ថៃ​រាយ​បន្លា​លួស​រុលចូល​យក​ដី​ខ្មែរ​បន្ថែម​ទៀត​។ លោក​ជំរុញ​ឱ្យ​លោក​ហ៊ុន ម៉ា​ណែ​ត​ប្រញាប់​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ទាមទារ​យក​ភូមិ​ជោគជ័យ​មកវិញ។

យោធា​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បន្ត​ដឹកនាំ​ក្រុម​ពលរដ្ឋ​ថៃ​ចុះ​វាស់វែង និង​ចែក​ដី​នៅ​តំបន់​ភូមិ​ជោគជ័យ ក្នុង​ទីតាំង​ដែល​យោធា​ថៃ​ឈ្លានពាន​បាន​ពី​ពលរដ្ឋ​ខ្មែរ ខណៈ​ពេល​កន្លងមក យោធា​ថៃ​បាន​កាត់​ឆ្វៀល​ដី​ជាច្រើន​ហិកតារ និង​ជា​ច្រើនដង ចែក​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ។

ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមិថុនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជាថ្មី​ទៀត ដោយ​បាន​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​ថៃ ក្រោយពី​ក្រុមការងារ​វាស់វែង​ដីធ្លី​របស់​ថៃ បាន​ចុះ​វាស់វែង​ដីធ្លី និង​ដាក់​បង្គោល​ព្រំ​ដី នៅ​ចន្លោះ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ដែល​ជា​ទឹកដី​កម្ពុជា។

ក្រសួងការបរទេស​កម្ពុជា បញ្ជាក់​ថា សកម្មភាព​របស់​ភាគី​ថៃ ពេលនេះ បាន​រំលោភបំពាន​យ៉ាង​ច្បាស់​លើ​កិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ ដែល​រួមមាន អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០០ (MOU-2000) ឯកសារ​បែបបទ​បច្ចេកទេស ឆ្នាំ​២០០៣ និង កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ព្រំដែន​រួម (JBC) កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៥​។ បើ​តាម​ក្រសួងការបរទេស​កម្ពុជា សកម្មភាព​របស់​ភាគី​ថៃ នេះ ក៏​ផ្ទុយ​ពី​ការព្រមព្រៀង​ក្នុង​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ប្រទេស​ទាំងពីរ បាន​ព្រមព្រៀង​ឱ្យ​បញ្ហា​ព្រំដែន ត្រូវ​ដោះស្រាយ​តាមរយៈ JBC និង​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។

ទាក់​ទង់​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បើ​ពិនិត្យ​អំពី​អធិបតេយ្យភាព បូរណភាព​ទឹកដី គ្មាន​បរទេស​ណា​មាន​សិទ្ធិ​មក​ដាក់​បម្រាម​នៅ​លើ​ទឹកដី ប្រទេស​ដទៃ​តាម​អំពើ​ចិត្តបាន​នោះ​ទេ​។ លោក​ថា នេះ​ជា​ការ​បំពាន​ទៅដល់​សិទ្ធិ​សេរីភាព ដើរហើរ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុ្ងង​តំបន់​នោះ។

លោក ស៊ឹង សែនករុណា៖ «បញ្ហា​ទាំងអស់​នេះ​គឺ​រដ្ឋាភិបាល កម្ពុជា​ត្រូវ​មាន​វិធានការ​ឆ្លើយតប យ៉ាងណា​នៅក្នុង អាការ​ដែល​ដាក់​បម្រាម​គោចរ ដែល ដែល​រំលោភ​មកដល់​អធិបតេយ្យ​ភាព​ប្រទេស​កម្ពុជា បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​ហ្នឹង អ៊ីចឹង​អាហ្នឹង​គឺ ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សិទ្ធិ របស់​ពលរដ្ឋ​របស់​ខ្លួន»។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា បើសិនជា​រដ្ឋាភិបាល​មិន​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន ធ្វើ​ឲ្យ​បរទេស​ដែល​ជា​ប្រទេសជិតខាង គេ​បានចិត្ត គេ​អាច​បន្ត​ឈ្លានពាន​ទៅតាម​បណ្តា​ភូមិ​ផ្សេងៗ ឬក៏​ទៅដល់​ខេត្ត ដែល​គេ​ចង់បាន​។ លោ​កថា​នេះ​ជា​ការ​រំលោភបំពាន និង​ជា​ការ​មើលស្រាល ព្រមទាំង​ប្រមាថ លើ​បូរណភាព​ទឹកដី របស់​ប្រទេស​កម្ពុជា។

អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជាក់​កន្លងមក​ថា យោធា​ថៃ បាន​ដាក់​ទូ​កុងតឺន័រ​ចំនួន​២០​កន្លែង ដែល​មាន​សរុប ១០៥​ទូ នៅ​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ និង​តំបន់​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ​។ សកម្មភាព​ដែល​យោធា​ថៃ​ដាក់​ទូ​កុងតឺន័រ និង​រាយ​បន្លា​លួស​នៅ​តំបន់​ទាំងនេះ គឺ​កើតឡើង​ក្រោយ​បទ​ឈប់​បាញ់​លើក​ទី​២​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។

លោក អ៊ុំ រាត្រី បាន អះអាង​ថា នៅ​តំបន់​បឹង​ត្រកួន ដែល​មាន​៤​ភូមិ ស្ថិតនៅ​ស្រុក​ថ្មពួក ត្រូវ​បាន​យោធា​ថៃ ដាក់​ទូ​កុងតឺន័រ​ចំនួន​១៣​ទីតាំង ដែល​មាន ២៦​ទូ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​កម្ពុជា​ដល់​ទៅ ៥៨៤ ហិកតារ។ នៅ​ភូមិ​ព្រៃចាន់​វិញ យោធា​ថៃ​បាន​រំលោភ​កាន់កាប់​ផ្ទៃដី​កម្ពុជា​៤២​ហិកតារ ដោយ​បាន​ដាក់​ទូ​កុងតឺន័រ​ចំនួន ៣​ទីតាំង ដែល​មាន​ដល់ ៦៣​ទូ​។ ចំពោះ ភូមិ​ជោគជ័យ ដែល​ស្ថិតនៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ដែរ​នោះ យោធា​ថៃ​កាន់កាប់​ដី ១៣៧​ហិកតារ និង​ដាក់​ទូ​កុងតឺន័រ​នៅ​ភូមិ​ជោគជ័យ ៤​ទីតាំង​ដែល​មាន​១៦​ទូ​កុងតឺន័រ។

កាលពី​ថ្ងៃទី​២១ ខែមិថុនា ទាហាន​ថៃ បាន​ឈរ​យាម និង​ការពារ​ឱ្យ​កសិករ​ថៃ ភ្ជួរស្រែ​លើ​ដី​កសិករ​ខ្មែរ នៅ​ភូមិ​ជោគជ័យ ខណៈ​កាល​ពី​ខែឧសភា ឆ្នាំ​២០២៦ ទាហាន​ថៃ បាន​ចូល​មក​ហាមឃាត់​ពលរដ្ឋ​ខ្មែរ ដែល​ភ្ជួរស្រែ​លើ​ដី​ខ្មែរ នៅ​ភូមិ​សិលា​ខ្មែរ ហើយ​ក្រោយមក​ទាហាន​ខ្មែរ បាន​យល់​ព្រមឱ្យ​ពលរដ្ឋ​ខ្មែរ ដកថយ ៤០០​ម៉ែត្រ​ពី​ទីនោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ