

យោធាថៃបដិសេធចំពោះកម្ពុជា លើភាពជាម្ចាស់របស់ប្រាសាទខ្នារ ដែលជាប្រាសាទបុរាណរបស់ខ្មែរ ដោយសង្កត់ធ្ងន់ថា ប្រទេសថៃមិនទទួលស្គាល់ការទាមទារជាឯកតោភាគីរបស់កម្ពុជានោះឡើយ ទោះបីជាប្រាសាទខ្មែរបុរាណមួយនេះ ស្ថិតក្នុងទឹកដីកម្ពុជាក៏ដោយ។
យោធាថៃបានប្រកាសថា ចាប់ពីពេលនេះប្រាសាទខ្នារ នឹងក្លាយជាកម្មសិទ្ធិរបស់ប្រទេសថៃ និងហាមមិនឱ្យកម្ពុជាទាមទារទៀតនោះឡើយ។
មេបញ្ជាការទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែលមានតួនាទីជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍កម្ពុជា និងថៃ(JIC) បានថ្លែងកាលពីថ្ងៃទី៣០ ខែមិថុនា ដោយបដិសេធចំពោះការអះអាងរបស់មន្ត្រីកិច្ចការព្រំដែនរបស់កម្ពុជាដែលថា ប្រាសាទខ្នារ គឺស្ថិតនៅក្នុងបូរណភាពទឹកដីរបស់កម្ពុជា និងចោទប្រកាន់ថៃថាបានចូលកាន់កាប់ដោយដុតបំផ្លាញកាំជណ្ដើរឡើងទៅកាន់ប្រាសាទបុរាណខ្មែរមួយនេះ។
ការអះអាងរបស់យោធាថៃនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក អ៊ិត សុត្ថា ដែលបានអះអាងក្នុងពេលថ្មីៗនេះថា យោធាថៃកំពុងគូសផែនទីថ្មីមួយទៀត ដោយដាក់បញ្ចូលតំបន់ឈ្លានពានដែលដណ្ដើមពីកម្ពុជា ចូលទៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីផែនទីមាត្រដ្ឋាន១/៥០.០០០ដែលថៃគូសជាឯកតោភាគី និងប្រើប្រាស់ជាឯកតោភាគីសម្រាប់បោះបង្គោលព្រំដែន បានបង្ហាញថា ប្រាសាទខ្នារ ប្រាសាទតាក្របី និងប្រាសាទដទៃទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។
លោកបន្តថា កុំថាឡើយផែនទីខ្នាត១/៥០.០០០ ដែលថៃបានប្រើ ទោះបីផែនទីផ្សេងទៀតដែលថៃផលិត ឬគូសជាឯកតោភាគីក្ដី ក៏ផែនទីទាំងនោះគ្មានតម្លៃ ឬទម្ងន់តាមផ្លូវច្បាប់នោះឡើយ។
ទោះជាបែបនេះក្ដី យោធាថៃបានច្រានចោល និងចាត់ទុកការលើកឡើងរបស់មន្ត្រីកិច្ចការព្រំដែនរបស់កម្ពុជា គឺជាការអះអាងឯកតោភាគី ដែលគ្មានទម្ងន់តាមច្បាប់អន្តរជាតិ។ ទន្ទឹមគ្នានេះ យោធាថៃបានប្រកាសមិនទទួលយកការអះអាងលើអធិបតេយ្យភាពណាមួយ ក្នុងតំបន់មានជម្លោះដោយភាគីណាមួយឡើយ។ ក្នុងនោះយោធាថៃក៏បានបបួលកម្ពុជាប្រើប្រាស់យន្តការទ្វេភាគី ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយផ្អែកលើភស្តុតាងផ្លូវច្បាប់ រួមទាំងសន្ធិសញ្ញា ឯកសារប្រវត្តិសាស្ត្រ និងកំណត់ត្រាការបោះបង្គោលព្រំដែន ដោយមិនត្រូវប្រើប្រាស់សេចក្ដីថ្លែងការណ៍ ឬការបកស្រាយផែនទីដោយភាគីម្ខាងដើម្បីទាមទារទឹកដីត្រឡប់ទៅវិញ ដែលបង្កឱ្យមានជម្លោះកើតមានឡើងនោះឡើយ។
យោធាថៃអះអាងទៀតថា បច្ចុប្បន្ននេះថៃបានចុះបញ្ជីប្រាសាទខ្មែរបុរាណនៅភ្នំដងដងរែក និងតំបន់មួយចំនួនតាមព្រំដែន ទៅក្នុងសម្បត្តិបេតិកភណ្ឌរបស់ថៃរួចរាល់ហើយ ខណៈទីតាំងមួយចំនួនទៀតដែលយោធាថៃដណ្ដើមបានពីកម្ពុជានៅតាមព្រំដែន ថៃនឹងគ្រប់គ្រងតំបន់ទាំងនេះជាអចិន្ត្រៃយ៍ ហើយថៃនឹងពង្រឹងកម្លាំងការពារ និងបានកម្ទេចជណ្ដើរឡើងលើប្រាសាទខាងទីតាំងដែលកងទ័ពខ្មែរឈរជើង ដើម្បីកាត់ផ្ដាច់ការទាមទារត្រឡប់ទៅវិញពីសំណាក់ភាគីកម្ពុជា។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ ខែកក្កដា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា ថៃកំពុងប្រើប្រាស់អំណាចយោធាដើម្បីបង្កើតភាពស្របច្បាប់ និងធ្វើជាតូបនីយកម្មនៅលើទឹកដីកម្ពុជា។ លោកបន្តថា បើជ្រុលជាបង្ហាញពីឯកសារភស្តុតាងទៅហើយ ភាគីកម្ពុជាគួរតែប្ដឹងថៃដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ទៅតាមអ្វីដែលយោធាថៃបានបបួល។
លោក អ៊ុំ សំអាន៖ «គ្រាន់តែបង្ហាញតាមរយៈទូរទស្សន៍ តាមបណ្ដាញសង្គមហ្នឹង អត់មានទម្ងន់ផ្នែកផ្លូវច្បាប់នោះទេ ហើយក៏មិនអាចទាមទារទឹកដីខ្មែរយើង ឬក៏ប្រាសាទខ្នារពីថៃនោះដែរ គ្រាន់តែបង្ហាញអញ្ចឹង។ ទាល់តែប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ អាហ្នឹងបានវាមានទម្ងន់ផ្លូវច្បាប់ ហើយអាចទាមទារប្រាសាទព្រះវិហារ និងទឹកដីខ្មែរយើងត្រឡប់មកវិញ»។
បច្ចុប្បន្នយោធាថៃបានសាងសង់ផ្លូវបេតុង រូបសំណាក កាំជណ្ដើរ បង្កាន់ដៃសម្រាប់មើលទេសភាពពីលើភ្នំ និងរក្សាទុករូងភ្នំ និងលេណដ្ឋានរបស់ទាហានខ្មែរ ដើម្បីទាក់ទាញប្រជាពលរដ្ឋថៃ មកទស្សនា។ ក្នុងនោះ ថៃក៏កំពុងសិក្សាពីគម្រោងកែលំអជញ្ជាំងថ្មបាយក្រៀមរបស់ប្រាសាទខ្នារ ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ ដើម្បីធ្វើឱ្យប្រាសាទខ្មែរបុរាណមួយនេះ ក្លាយជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ដោយសំយោគជាមួយធម្មជាតិនៅលើខ្នងភ្នំដងរែក។
ងាកមករឿងបញ្ហាបាត់បង់ទឹកដីវិញ លោក អ៊ុំ សំអាន អះអាងថា គិតត្រឹមដើមខែកក្កដា នេះ យោធាថៃបានពង្រីកការកាន់កាប់ទឹកដីកម្ពុជា ចំនួន១ទីតាំងបន្ថែមទៀត នៅតំបន់ល្អាង៨៧ នៅតំបន់ប្រវត្តិសាស្ត្រយោធាជប់រុន ស្ថិតក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកបន្តថា តំបន់ដែលកម្ពុជាបានបាត់បង់ទៅកាន់ភាគីថៃ សរុបមានចំនួន ៧០ទីតាំង ដែលនេះគឺជាការបាត់បង់ទឹកដីដ៏ច្រើនបំផុត និងមិនធ្លាប់មានចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងមក៕








