ថៃ​សាងសង់​របង​បេតុង​នៅ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៤ ជាប់​ខេត្ត​បាត់ដំបង សម្រេច​បាន​ពាក់កណ្ដាល

0
73
របងថ្មដែលថៃសង់ដោយឯកតោភាគី​នៅ​ជាប់ខេត្ត​បាត់ដំបង និង​ខេត្ត​ចន្ទបុរី។ រូប៖ កាសែត ខៅសុត
របងថ្មដែលថៃសង់ដោយឯកតោភាគី​នៅ​ជាប់ខេត្ត​បាត់ដំបង និង​ខេត្ត​ចន្ទបុរី។ រូប៖ កាសែត ខៅសុត

គណៈកម្មាធិការ​សន្តិសុខ​ជាតិ​ថៃ​បាន​អះអាង​ថា ការសាងសង់​របង​ជញ្ជាំង​អចិន្ត្រៃយ៍​ចាប់ពី​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៤ ដែល​ស្ថិតនៅ​ខេត្ត​ចន្ទបុរី ជាប់​នឹង​ខេត្តបាត់ដំបង សម្រេច​បាន​ជាង​៦០០​ម៉ែត្រ ឬ​ស្មើនឹង​៥០​ភាគរយ​ហើយ​។ ក្រៅ​ពី​នេះ ភាគី​ថៃ​ក៏បាន​លើកឡើង​ពី​គម្រោង​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​នៅ​តាម​បង្គោលព្រំ​ដែនកម្ពុជា ជា​បន្តបន្ទាប់​ទៀត ដោយ​ភាគី​ថៃ​បាន​អះអាង​ថា ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន។

គណៈកម្មាធិការ​សន្តិសុខ​ជាតិ​របស់​ថៃ បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ទាហាន​កង​វិស្វកម្ម​ថៃ ដែល​បាន​សាងសង់​របង​ព្រំដែន​កម្ពុជា​-​ថៃ​ជា​លើកដំបូង​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៤ ដែល​មាន​ប្រវែង​ជាង​១​ពាន់​៣​រយ​ម៉ែត្រ ដោយ​សម្រេច​បាន​ពាក់កណ្ដាល​ទៅតាម​ផែនការ​ដែល​បាន​កំណត់។

គណៈកម្មាធិការ​សន្តិសុខ​ជាតិ​ថៃ បាន​បញ្ជាក់​ថា របង​ព្រំដែន​អចិន្ត្រៃយ៍ ដែល​ជា​គម្រោង​សាងសង់​ដំណាក់កាល​ទី​១​នេះ នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ខេត្ត​កក្កដា នេះ ហើយ​យោធា​ថៃ​នឹង​បន្ត​សាងសង់​របង​ព្រំដែន​អេឡិចត្រូនិក និង​របង​ជញ្ជាំង​បេតុង​បន្ថែម​ទៀត ចាប់ពី​ទីតាំង​បង្គោល​ព្រំដែន​លេខ​៥៤ ដល់​លេខ​៥៩ ដែល​មាន​ប្រវែង ៦​គីឡូម៉ែត្រ និង​បន្ត​សាងសង់​ដល់​បង្គោល​ព្រំដែន​លេខ​៦៦។

របង​អចិន្ត្រៃយ៍​ដែល​យោធា​ថៃ​កំពង់​សាងសង់​នេះ គឺ​មាន​ទីតាំង​ចាប់ពី​ភូមិសាស្ត្រ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង រហូត​ទៅដល់​សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន។ គណៈកម្មាធិការ​សន្តិសុខ​ជាតិ​ថៃ បាន​លើកឡើង​ថា ការសាងសង់​របង​ព្រំដែន​នេះ ប្រសិនបើ​ភាគី​ថៃ​មិន​ធ្វើ​អត្តនោម័តិ​ធ្វើជា​ឯកតោភាគី​នោះ​ទេ ទោះ​ចរចា​១០០​ឆ្នាំ​ទៀត ក៏​ភាគី​កម្ពុជា​មិន​ឯកភាព​ឱ្យ​សាងសង់​នោះ​ឡើយ​។ ទន្ទឹមគ្នា​នេះ ភាគី​ថៃ​បាន​អះអាង​ថា ការសាងសង់​របង​ព្រំដែន​នេះ គឺ​ធ្វើ​ឡើង​តែ​ក្នុង​ទីតាំង​ភាគី​ទាំង​ពីរ​បាន​វាស់វែង និង​កំណត់​បង្គោល​ព្រំដែន​ច្បាស់លាស់។

ទោះជា​បែបនេះ​ក្ដី កម្ពុជា​តាមរយៈ​ក្រសួងការបរទេស ធ្លាប់​បាន​ចេញ​លិខិតតវ៉ា​ប្រឆាំង​នឹង​សកម្មភាព​សាងសង់​របង​ព្រំដែន​ឯកតោភាគី​របស់​ភាគី​ថៃ និង​បាន​ចាត់ទុក​ការសាងសង់​នេះ គឺ​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀង​របស់​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) និង​បាន​ប៉ះពាល់​ទៅលើ​ការ​ដាំ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន។

បន្ថែម​ពីលើ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ក្បែរ​តំបន់​បង្គោល​ព្រំដែន ដែល​ភាគី​បាន​សាងសង់​របង​អចិន្ត្រៃយ៍​នេះ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា យោធា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​នៅ​តាម​មាត់​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ចូលក្នុង​ទឹកដី​កម្ពុជា​រាប់រយ​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ហិកតារ ត្រូវ​បាត់បង់​ទៅកាន់​ប្រទេស​ថៃ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អភិបាលខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣ ខែកក្កដា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការសាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​របស់​ភាគី​ថៃ បាន​បំពាន​ច្បាប់​អន្តរជាតិ និង​បង្កប់​នូវ​សកម្មភាព​ឈ្លានពាន ព្រោះ​ការសាងសង់​របង​នេះ គ្មាន​ការ​ឯកភាព​ពី​ភាគី​កម្ពុជា ដែល​ជា​ប្រទេសជិតខាង និង​មិនបាន​ផ្ទៀងផ្ទាត់​បង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «ថៃ​គេ​មាន​ផែនការ​សាងសង់ ធ្វើ​របង​បេតុង ធ្វើ​បន្លា​លួស ធ្វើ​លេណដ្ឋាន​អី គ្រប់បែបយ៉ាង​ទាំងអស់ គឺជា ផែនការ​វែងឆ្ងាយ​យូរអង្វែង​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ​ដែល​គេ​កាន់កាប់​រាល់ថ្ងៃ​ហ្នឹង ហើយ​គេ​អាច​ពង្រីក​បាន​គឺ​គេ​បន្ត​ពង្រីក​ថែមទៀត​។ ក្នុង​រឿងនេះ សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង កុំ​ធ្វើ​លំៗ​អញ្ចឹង​ទៀត ក្នុង​រឿង​បញ្ហា សៀម​ឈ្លានពាន​នេះ ត្រូវតែ​ប្រញាប់​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ»។

យ៉ាងណាក៏ដោយ គណៈកម្មាធិការ​សន្តិសុខ​ជាតិ​ថៃ បានប្រកាស​ថា ភាគី​ថៃ​នឹង​ពង្រីក​គម្រោង​សាងសង់​របង​អចិន្ត្រៃយ៍​តាម​ព្រំដែន​នេះ ទៅកាន់​តំបន់​មួយ​ចំនួន​ទៀត​ដែល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​កម្ពុជា ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា​នោះ​ឡើយ។

ក្រៅពី​ប្រកាស​អំពី​ការ​វិវឌ្ឍ​នៃ​គម្រោង​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​ហើយ​នោះ គណៈកម្មាធិការ​សន្តិសុខ​ជាតិ​ថៃ​ក៏បាន​លើក​ឡើង​អំពី​ការ​ច្រឹប​យក​ទឹកដី​កម្ពុជា សរុប​ប្រហែល​២​ហិកតារ នៅ​តាម​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ក្នុង​រយៈពេល​ថ្មីៗ​នេះ យក​មក​ដាក់បញ្ចូល​ក្នុង​ទឹកដី​របស់​ប្រទេស​ថៃ​។ គណៈកម្មាធិការ​សន្តិសុខ​ជាតិ​ថៃ បាន​ហៅ​សកម្មភាព​នេះ​ថា គឺជា​យុទ្ធសាស្ត្រ​ច្បាំង​យក​ទឹកដី ដោយ​មិន​ចាំបាច់​ផ្ទុះអាវុធ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ