ប្រមុខ​ការទូត​ថៃ​ប្រកាស​បិទ​ការ​ចរចា​ព្រំដែន​គោក ដើម្បី​ឆ្លើយ​តប​ការប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ពី​សំណាក់​កម្ពុជា

0
98
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា

ប្រមុខ​ការទូត​ថៃ​បាន​ប្រកាស​ជាថ្មី​ម្ដង​ទៀត​ថា ការចរចា​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) កម្ពុជា​-​ថៃ មិនអាច​បន្ត​ទៅមុខ​បាន​ទេ ដោយសារតែ​កម្ពុជា​កំពុង​អូសទាញ​ប្រទេស​ថៃ​ឱ្យ​ចូល​ទៅ​ក្នុង​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​ថៃ ទាំង​ដែល​ភាគី​ថៃ​មិន​ចង់​ចូលរួម​ក្នុង​កិច្ចចរចា​ដែល​មាន​ភាគី​ទី​បី​ចូលរួម​នេះ​ឡើយ។ ជាមួយ​គ្នា​នេះ ភាគី​ថៃ​បាន​កំណត់​ទុកជាមុន​រួចហើយ​ថា ការចរចា​ដែន​គោក និង​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​នៅពេល​អនាគត​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​កម្ពុជា​ត្រូវ​ធ្វើតាម​លក្ខខណ្ឌ​របស់​ភាគី​ថៃ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ប្រកាស​នៅ​ថ្ងៃទី​១ ខែកក្កដា ថា​ការចរចា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) កម្ពុជា​-​ថៃ នឹង​ត្រូវ​ផ្អាក​ដោយ​មិន​កំណត់ពេល​នោះ​ឡើយ​។ លោក​អះអាង​ថា មូលហេតុ​ដែល​ថៃ​បិទផ្លូវ​ចរចា​រឿង​ព្រំដែន​គោក​ជាមួយ​កម្ពុជា​នេះ គឺ​ដោយសារតែ​ភាគី​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​បាត់បង់​ទំនុកចិត្ត​លើ​ការចរចា​ទ្វេភាគី បន្ទាប់ពី​កម្ពុជា​បាន​ជ្រើស​រើស​យក​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដែល​ជា​ការ​បើកផ្លូវ​ឱ្យ​មាន​ភាគី​ទី​បី​ចូល​មក​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​ថៃ និង​ម្យ៉ាងទៀត ថៃ​ត្រូវការ​ពេលវេលា​ដើម្បី​រៀបចំ​ឯកសារ​សម្រាប់​តតាំង​ជាមួយ​កម្ពុជា។

ទោះជា​យ៉ាងណា លោក ស៊ីហាសាក់ បាន​បន្ត​ថា ប្រទេស​ថៃ​អាច​នឹង​ពិចារណា​បើក​កិច្ចចរចា JBC ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​គោក តាម​ការ​ចង់បាន​របស់​កម្ពុជា​ឡើងវិញ ប្រសិនបើ​កម្ពុជា​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន ដូចជា​បញ្ឈប់​ការរិះគន់​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ និង​ស្ដារ​ទំនុកចិត្ត​ជាមួយគ្នា​ឡើងវិញ។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​រូប​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​នេះ​ថា ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ របស់​កម្ពុជា គឺ​ពាក់ព័ន្ធ​តែ​ព្រំដែន​សមុទ្រ​ប៉ុណ្ណោះ និង​មិន​គួរ​រាលដាល​ដល់​យន្ត​ការចរចា​ទ្វេភាគី​ក្នុង​ជម្លោះព្រំដែន​គោក ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​នោះ​ឡើយ។

ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​របស់​លោក អានុទីន ចាន់វីរៈ​គុល បាន​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០១ ឬ​MoU ២០០១ ដែល​ជា​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ ជា​ឯកតោភាគី​។ Mou44 នេះ​គឺជា​កិច្ចព្រមព្រៀង​ដែល​ភាគី​កម្ពុជា និង​ថៃ​ធ្លាប់​បាន​យក​មកប្រើ​ប្រាស់​ដើម្បី​ដោះស្រាយ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ត្រួតស៊ីគ្នា នៃ​ប្រទេស​ទាំងពីរ ដែល​មាន​ទំហំ​ចំនួន​២​ម៉ឺន ៦​ពាន់​គីឡូ​ម៉ែត្រការ៉េ ហើយ​ដែល​ត្រូវ​គេ​ប៉ាន់ប្រមាណ​ថា មាន​ផ្ទុក​នូវ​ធនធាន​ថាមពល ដែល​មាន​តម្លៃ​រហូតដល់ ៣០០ ពាន់​លាន​ដុល្លារ។​

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា កម្ពុជា​មិន​ចាំបាច់​សុំ​អង្វរ​ថៃ​ដើម្បី​ចរចា​ជម្លោះព្រំដែន​គោក​ទៀត​នោះ​ឡើយ ដោយ​កម្ពុជា​គួរតែ​ប្រ​ប្រាស់​យន្ត​ច្បាប់​អន្តរជាតិ ដែល​មាន​ទម្ងន់​ផ្នែក​ច្បាប់​ជា​សាកល ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​គោក​ជាមួយ​ថៃ​។ លោក​បន្ត​ថា ចំណែក​បញ្ហា​ព្រំដែន​សមុទ្រ​វិញ កម្ពុជា​គួរតែ​ប្រើ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ដូចគ្នា​ដែរ ព្រោះ​ភាគី​ថៃ​នឹង​មិន​គោរព​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​ផ្សះផ្សា​នោះ​ឡើយ ប្រសិនបើ​ថៃ​ចាញ់​ប្រៀប​កម្ពុជា។

គិត​មកដល់ពេលនេះ កម្ពុជា និង​ថៃ​បាន​ជ្រើសរើស និង​តែងតាំង​គណៈកម្មាធិការ​ផ្សះផ្សា​រៀងៗ​ខ្លួន​ហើយ ហើយ​គណៈកម្មាធិការ​របស់​ភាគី​ទាំងពីរ​ក៏​កំពុង​ជ្រើសរើស អ្នកសម្របសម្រួល​ទី​៥ ដែល​ធ្វើជា​ប្រធាន​សម្របសម្រួល។

តែ​យ៉ាងណា សម្រាប់​ការចរចា​ជាមួយ​កម្ពុជា​វិញ ភាគី​ថៃ​ហាក់​បាន​អ៊ុត​មើល និង​ប្រកាស​អំពី​លទ្ធផល​ទុកជាមុន​ហើយ​ថា អនុសាសន៍ ឬ​ការសម្រេច​របស់​គណៈកម្មាធិការ​ផ្សះផ្សា​ដោយ​បង្ខំ មិនមែន​ជា​សាលក្រម​សម្រេច​របស់​តុលាការ ដែល​អាច​បង្ខំ​ឱ្យ​ភាគី​ថៃ​ត្រូវ​អនុវត្ត​តាម​នោះ​ឡើយ ហើយ​នៅ​ទីបំផុត ភាគី​កម្ពុជា​នឹង​នៅតែ​ត្រូវ​ចរចា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ភាគី​ថៃ​ដដែល។

យ៉ាងណា​ក៏ដោយ​ចុះ ភាគី​ថៃ​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចូលរួម​នោះ​ឡើយ ដើម្បី​រក្សា​ភាព​ជឿជាក់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស​នៅពេល​ចរចា​កិច្ចព្រមព្រៀង ឬ​កាតព្វកិច្ច​ផ្សេងទៀត ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​ដៃគូ​ចរចា​របស់​ថៃ​អាច​នឹង​សួរ​អំពី​កម្រិត និង​សមត្ថភាព​របស់​ប្រទេស​ថៃ​ក្នុង​ការ​អនុវត្ត​តាមច្បាប់​អន្តរជាតិ។

បញ្ហា​នេះ​ត្រូវ​បាន​អ្នកឃ្លាំមើល​លើកឡើង​ថា ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដែល​ជា​មោទនភាព​របស់​មេដឹកនាំ​កម្ពុជា និង​ធ្លាប់​យក​មក​អួត​ប្រាប់​ពលរដ្ឋ​ថា ជា​អន្ទាក់​ដើម្បី​ដឹក​ដៃ​ប្រទេស​ថៃ ឱ្យ​ចូល​តុ​ចរចា​នោះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទិញ​ពេល និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​តែប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ