ថៃ​បន្ត​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ខេត្ត​បាត់ដំបង បើ​ទោះ​ជា​កម្ពុជា​តវ៉ា​ថា ជា​ទង្វើ​ខុសច្បាប់

0
113
ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ
ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ភាគី​ថៃ​កំពុងតែ​មមាញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​អចិន្ត្រៃយ៍ ដែល​ធ្វើឡើង​អំពី​ឥដ្ឋ​ស៊ីម៉ងត៍​នៅ​តាម​បណ្ដោយ​បង្គោល​ព្រំដែន​លេខ​៥២​ដល់​៥៤ ក្នុង​ខេត្ត​ចន្ទបុរី ប្រទេស​ថៃ ជាប់​នឹង​ស្រុក​កំរៀង ខេត្ត​បាត់បង់ ខណៈ​កម្ពុជា​នៅ​ពុំ​មាន​វិធានការ​រារាំង ជា​ផ្លូវការ​នៅឡើយ​។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ បើ​ពុំ​ដូច្នោះ​ទេ ភាគី​ថៃ​នឹង មិន​ស្ដាប់​កម្ពុជា​ឡើយ។

ស្របពេល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្មាន​គោលជំហរ​ច្បាស់លាស់ ក្នុង​ការ​រុញ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទៅ​ដោះស្រាយ តាមរយៈ​យន្តការ​អន្តរជាតិ ភាគី​ថៃ​កំពុងតែ​សាងសង់​សំណង​រឹង​ជាច្រើន នៅ​លើ​ដី​ខ្មែរ ដែល​ពួកគេ​កំពុង​កាន់កាប់ ខណៈ​ថ្មីៗ​នេះ​ទៀត ពួកគេ​កំពុង​ពន្លឿន ការ​សាងសង់​ជញ្ជាំង​ព្រំដែន​អចិន្ត្រយ៍ តាម​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បាត់បង់​ដោយ​ឯកតោភាគី។

ការសាងសង់​ជញ្ជាំង​ព្រំដែន​នេះ គឺ​បាន​ចាប់​ដើម​តាំងពី​ថ្ងៃទី​២​ខែមេសា ដែល​មាន​ចម្ងាយ​ប្រមាណ​១៣១០​ម៉ែត្រ ហើយ ពួកគេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ខែ មិថុនា​ឆ្នាំ​២០២៦ ខណៈ​បច្ចុប្បន្ន​សម្រេច បាន​ជាង​២០%​ហើយ​។ ជញ្ជាំង​ព្រំដែន​នេះ មាន​កម្ពស់​ប្រហែល​១៧០​សង់ទីម៉ែត្រ ហើយ​បំពាក់​សំណាញ់​ដែក​ពី​ខាងលើ​ដែល​មាន​កម្ពស់​ប្រហែល​២០​សង់ទីម៉ែត្រ ថែមទៀត។

ជុំវិញ​ការសាងសង់​ជញ្ជាំង​ព្រំដែន​នេះ​ដែរ កាលពី​ថ្ងៃទី​១០ ខែមេសា ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​លិខិតតវ៉ា ដោយ​រៀបរាប់​ថា កម្ពុជា​តវ៉ា​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​តាម​ព្រំដែន​កម្ពុជា​។ ក្នុង​នោះ ក្រសួង​បាន​តវ៉ា​ប្រឆាំង​នឹង​ភាគី​ថៃ ដែល​សាងសង់​របង​ព្រំដែន​ជា​ឯកតោភាគី​នៅក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ និង​៥៤ ជាប់​ព្រំដែន​ខេត្ត​បាត់បង់ ហើយ​ចាត់ទុកថា នេះ​ជា​ទង្វើ​ខុសច្បាប់ និង​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា រួម​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះបង្គោល ព្រំដែន​បណ្ដោះអាសន្ន​រវាង​ប្រទេស​ទាំងពីរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការសាងសង់​ជញ្ជាំង​ព្រំដែន របស់​ភាគី​ថៃ ជា​ឯកតោភាគី គឺ​ដោយសារតែ កម្ពុជា គ្មាន​គោលជំហរ​ច្បាស់លាស់​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​ជាក់ស្ដែង និង​មិន​យក​សំណុំ​រឿង​នេះ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ហើយ​ការទូត​របស់​កម្ពុជា ក៏​ខ្សោយ​ផង​នោះ ទើប​ធ្វើ​ឱ្យ​ភាគី​ថៃ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត។

លោក​បន្ត​ថា ថ្វី​ត្បិត​ថា លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​នៅ​លើ​វេទិកា​អាស៊ាន នា​ប្រទេស​ហ្វីលីពីន​ថ្មីៗ​នេះ ថា មិន​ទទួលស្គាល់ ការ​រំកិល​ព្រំដែន របស់​ថៃ ចូល​ដី​កម្ពុជា​ក្ដី ភាគី​ថៃ​មិន​ស្ដាប់​កម្ពុជា​នោះ​ទេ ខណៈ​ភាគី​ថៃ​កំពុង​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ ទាំង​ដែន​គោក និង​ដែនសមុទ្រ​ជាង​៧០​ទីតាំង​រួម​នឹង​ពង្រីក​ការឈ្លានពាន​ចូល​តាម​ខេត្ត​មួយចំនួន​ថ្មីៗ​ទៀត ដូចជា​ខេត្ត​បាត់បង់ និង ខេត្ត​ប៉ៃលិន​ជាដើម ដែល​នេះ​បង្ហាញថា កម្ពុជា​កាន់តែ​ទន់ខ្សោយ​មិនអាច​ធ្វើ​អ្វី​ថៃ​បាន។

លោក ម៉ែន ណាត៖ «បញ្ជាក់​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​ខ្សោយ​មែនទែន​គ្មាន​យន្តការ​អ្វី​ច្បាស់លាស់​ក្នុង​ការ​ដាក់​សម្ពាធ​ថៃ ដូចជា​យន្តការ​ទប់ស្កាត់​ជាក់ស្ដែង​ក៏​អត់​ធ្វើ ហើយ​យន្តការ​ការទូត ដើម្បី​ទប់ស្កាត់​ភាព​គឃ្លើន​របស់​ថៃ​ក៏​មិន​ខ្លាំងក្លា រួម​នឹង​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ក៏​អត់​មាន​ធ្វើ​នោះ​ទេ ម្ល៉ោះហើយ​បានជា​ថៃ​បន្ត​គឃ្លើន​ប្រមាថ​ឥត​ឈប់ឈរ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាចទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១២ ខែឧសភា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន សង្កេត​ឃើញ​ថា ការ​សាងសង់​របង​អចិន្ត្រៃយ៍​នៅ​តាម​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​ខេត្ត​បាត់បង់ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា​បង្គោល​ព្រំដែន​លេខ​៥២ ដល់​លេខ​៥៤ ដែល​ភាគី​ថៃ​បង្ហោះ គឺជា​បង្គោល​ព្រំដែន​ថ្មី​សន្លាង មិនមែន​ជា​បង្គោល​ព្រំដែន​ដែល​សាងសង់​នៅ​ចន្លោះ​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២០ នា​សម័យ​បារាំង​នោះ​ទេ​។​

លោក​ថា បង្គោល​ព្រំដែន​ចាស់ ទំនងជា​ភាគី​ថា​បាន​វាយកម្ទេច​ចោល រួច​រំកិល​បង្គោល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ ដោយ​សាងសង់​បង្គោលព្រំ​ដែន​ថ្មី ជំនួស​វិញ ហើយ​ដាក់​នៅ​ទីតាំង​ថ្មី ទើប​បង្គោល​ព្រំដែន​សព្វ​ថ្ងៃនេះ មាន​លក្ខណៈ​ថ្មី​សន្លាង​។ លោក​ថា កម្ពុជា​ត្រូវតែ​តវ៉ា ហើយ​បញ្ជូន​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ មិន​គួរ​បណ្ដែតបណ្ដោយ បែប​នេះ​ទេ។

លោក អ៊ុំ សំអាន៖ «ការ​ធ្វើ​របង​ព្រំដែន ប្រាកដជា​ឈ្លានពាន​យក​ទឹកដី​ខ្មែរ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិតជា​កំសាកញី អសមត្ថភាព អត់​ទៅ​រារាំង​គេ ដែល​គេ​ធ្វើ​របង​ជា​អចិន្ត្រៃយ៍​។ ចុងក្រោយ​អត់​អាច​ឱ្យ​ថៃ​ទៅ​វាយ​របង​បេតុង​នោះ​បាន​ទេ អ៊ីចឹង​ទៅ​អត់​មាន​សមត្ថភាព​ឱ្យ​ថៃ​វាយ​របង​ចេញ​បានទេ សូម្បីតែ​របង​បន្លា​លួស និង​កុងតឺន័រ​មិន​ហ៊ាន​វាយ​ផង»។

ក្រៅ​តែ​ពី​ការ​សាងសង់ របង​ព្រំដែន​អចិន្ត្រយ៍​នៅ​ស្រុក​កំរៀង យោធា​ថៃ​ក៏​កំពុងតែ​មមាញឹក​ក្នុង​ការ ប្រើ​គ្រឿងចក្រ ជីក​ប្រឡាយ នៅ​ក្បែរ​បន្លា​លួស ដែល​ពូកគេ​បាន​ព័ទ្ធ​រំលោភ​យក​ទឹកដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ រីឯ​កងទ័ព​ខ្មែរ​បាន​ត្រឹមតែ​ឈរ​ស្រែក​រារាំង ពី​ចម្ងាយ មិនអាច​ហាមឃាត់ ទាហាន​ថៃ​បាន​នោះ​ទេ​។ ជាមួយគ្នា​នោះ នៅ​លើ​ភ្នំ​៤២៤ ក្នុង​តំបន់​ជាំស្រងាំ ខេត្ត​ឧត្តរមានជ័យ គេ​ក៏​ឃើញ មាន​ព្រះសង្ឃ និង​យោធា​ថៃ ក៏​កំពុង​តែ​បន្ត​ឈូស​ឆាយ​ដី​ព្រៃ និង​ធ្វើ​ផ្លូវ​បេតុង ថ្មី រំលោភ​ចូល​ដី​ខ្មែរ កាន់តែ​ជ្រៅ។

អ្នកឃ្លាំមើល​ថា ប្រសិនបើ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តាម​យន្តការ អន្តរជាតិ មួយ​ចំនួន​ទៀត​ទេ គឺ​គ្មាន​ផ្លូវ​ដែល អាច​រារាំង​មហិច្ឆតា​ថៃ ឱ្យ​បញ្ឈប់​ការឈ្លានពាន​យក​ទឹកដី​ខ្មែរ​នោះ​ទេ​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ស្ដាប់​មតិ​ប្រជាពលរដ្ឋ​ដែល​តែងតែ​ចង់​ឃើញ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ និង​ផ្ដោត​លើ​ការ​បង្រួបបង្រួម​ជាតិ ឱ្យ​រឹងមាំ​ឡើងវិញ ដើម្បី​កុំឱ្យ​ប្រទេសជិតខាង​គេ​ប្រមាថមើលងាយ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ និង​អ្នកនយោបាយ បាក់បែក​សាមគ្គី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ