ថៃ​នៅតែ​បន្ត​សាងសង់​សំណង់​នៅ​តាម​ព្រំដែន ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា

0
104
របងព្រំដែន ដែលថៃសង់ជាឯកតោភាគី នៅស្រុកកំរៀង ខេត្ត​បាត់ដំបង។ រូប៖ បណ្ដាញសង្គម
របងព្រំដែន ដែលថៃសង់ជាឯកតោភាគី នៅស្រុកកំរៀង ខេត្ត​បាត់ដំបង។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​បន្តសកម្មភាព​សាងសង់​សំណង់ និង​សកម្មភាព​ផ្សេងៗ​នៅក្នុង​តំបន់ ដែល​យោធា​ថៃ​ឈ្លានពាន​ដណ្ដើម​បាន​ពី​កម្ពុជា និង​នៅក្នុង​តំបន់​ដែល​ភាគី​ទាំងពីរ​មិនទាន់​ឯកភាព​គ្នា​កំណត់​បង្គោល​ព្រំដែន ទោះបីជា​ភាគី​កម្ពុជា​បាន​ដាក់​លិខិតតវ៉ា​ជាច្រើនលើក​ក៏ដោយ​។ ផ្ទុយ​ពី​ការ​តវ៉ា​របស់​ភាគី​កម្ពុជា ភាគី​ថៃ​បាន​អះអាង​ដូច​មុន​ថា សកម្មភាព​របស់​យោធា​ថៃ​គឺ​ធ្វើ​ឡើង​នៅក្នុង​ទឹកដី​ថៃ​។ អ្នកឃ្លាំមើល​ចាត់ទុក​ការ​តវ៉ា​របស់​កម្ពុជា និង​ថៃ​នេះ​ថា​ជា​អា​យ៉ៃ​ឆ្លើយឆ្លង​គ្នា ដើម្បី​ទិញ​ពេល និង​លួង​ចិត្ត​ពលរដ្ឋ។

ថ្មីៗ​នេះ កម្ពុជា និង​ថៃ​បាន​ដាក់​លិខិតតវ៉ា​ប្រឆាំង​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​យោធា​ថៃ នៅ​តំបន់​ព្រំដែន​កម្ពុជា។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​លិខិតតវ៉ា​មួយ ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នៅក្នុង​ទឹកដី​កម្ពុជា​ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ ដែល​ជាប់​នឹង​ខេត្ត​បុរ៉ីរាំ (Buriram) របស់​ថៃ បន្ទាប់ពី​យោធា​ថៃ​បាន​ចូល​ឈូសឆាយ និង​រាយ​បន្លា​លួស​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​តំបន់​បង្គោល​ព្រំដែន​លេខ​២៦។

ក៏ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក កងទ័ពជើងគោក​ថៃ បាន​ចេញ​លិខិត​បដិសេធ​ឆ្លើយតប​មក​កម្ពុជា​វិញ ដោយ​អះអាង​ថា សកម្មភាព​រាយ​បន្លា​លួស​របស់​យោធា​ថៃ​នេះ គឺធ្វើ​ឡើង​នៅក្នុង​ទឹកដី​ថៃ ដើម្បី​ការពារ​សន្តិសុខ​តាម​ព្រំដែន និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់។

ស្ទើរតែ​មួយឆ្នាំ​ពេញ​ទៅ​ហើយ ដែល​កម្ពុជា និង​ថៃ​បាន​ចេញ​លិខិតតវ៉ា​គ្នា​ជាច្រើនលើក នៅក្នុង​ជម្លោះព្រំដែន​ដ៏​រ៉ាំរ៉ៃ​។ ក៏ប៉ុន្តែ​ជាទូទៅ​ក្រោយពេល​កម្ពុជា​ដាក់​លិខិតតវ៉ា ភាគី​ថៃ​ដែល​មាន​ប្រៀប​លើ​កម្លាំងយោធា នៅតែ​បន្តសកម្មភាព​សាងសង់ និង​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា​។ នៅពេល​ខ្លះ កម្ពុជា​បាន​ដាក់​លិខិតតវ៉ា​មកកាន់​ភាគី​ថៃ​ជា​ច្រើនដង ទើប​ភាគី​ថៃ​ឆ្លើយតប​មកវិញ​ម្ដង និង​ពេល​ខ្លះ​ទៀត ភាគី​ថៃ​មិនបាន​ប្រតិកម្ម​ចំពោះ​ការ​តវ៉ា​របស់​ភាគី​កម្ពុជា​នោះ​ឡើយ។

យ៉ាងណាមិញ ទោះបី​កម្ពុជា​ដាក់​លិខិតតវ៉ា​ជិត​១​ពាន់​ដង​ក៏ដោយ ក៏​យោធា​ថៃ​នៅ​បន្ត​ធ្វើ​សកម្មភាព​ឈូសឆាយ រាយ​បន្លា​លួស និង​សាងសង់​សំណង់​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​។ ជាពិសេស យោធា​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ជាច្រើន​ខ្សែ នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ មុំ​បី ភ្នំ​ខ្មោច អានសេះ ជាំ​ស្រងាំ រហូតដល់​តំបន់​ព្រំដែន​ខេត្តបាត់ដំបង ប៉ៃលិន និង​ពោធិ៍សាត់​។ ផ្លូវ​យុទ្ធសាស្ត្រ​ដែល​យោធា​ថៃ​កំពុង​សាងសង់​នេះ បាន​ត​ភ្ជាប់​គ្នា​ជា​បណ្ដាញ ដោយ​ត​ភ្ជាប់​ពី​តំបន់​ផ្លូវ​សហគមន៍​ទៅកាន់​តំបន់​ព្រំដែន និង​ឡើង​ទៅ​កាន់​គ្រប់​ទីតាំង​ជ្រលង​ដងអូរ និង​កំពូលភ្នំ​ទាំងអស់​នៅ​លើ​ជួរ​ភ្នំ​ដងរែក។

យោធា​ថៃ​បាន​អះអាង​ថា ពី​ការ​ពន្លឿន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​នេះ ឱ្យ​បាន​លឿន​បំផុត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ព្រំដែន​ដែល​មាន​ភាព​តានតឹង ដោយ​យោធា​ថៃ​នឹង​ប្រើប្រាស់​សម្រាប់​ចល័ត​ទ័ព និង​សព្វាវុធ និង​ដើម្បី​បិទផ្លូវ​ជា​អចិន្ត្រៃយ៍​របស់​កងទ័ព​ខ្មែរ ដែល​មាន​បំណង​ចូល​ដណ្ដើម​កាន់កាប់​ទីតាំង​ចាស់​យក​មក​គ្រប់គ្រង​វិញ។

ក្រៅ​ពី​នេះ យោធា​ថៃ​បាន​សាងសង់​សំណង់​ជាច្រើន​ទៀត នៅ​តំបន់​ប្រាសាទបុរាណ​ខ្មែរ ដូចជា​ប្រាសាទ​ខ្នារ តា​ក្របី និង​ប្រាសាទ​តាមាន់ធំ ខណៈ​សកម្មភាព​ទាំងនេះ ភាគី​កម្ពុជា​មិនបាន​តវ៉ា​ជា​ថ្មីទៀត​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​លេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៩ ខែមិថុនា។

ជុំវិញ​រឿងនេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ថា គោលជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ភាគី​ថៃ នៅ​រយៈកាល​ចុងក្រោយ​នេះ ហាក់​មាន​ភាព​ទន់ជ្រាយ និង​គ្មាន​ភាព​ច្បាស់លាស់​នោះ​ឡើយ ដោយ​ភាគី​កម្ពុជា បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការទូត​បែប​ទន់ភ្លន់​ជ្រុល ក្នុង​គោលបំណង​លួងលោម​ចិត្ត​ប្រជាពលរដ្ឋ ជាជាង​ការ​ទាមទារ​ទឹកដី​ដែល​បាត់បង់។

លោក សេង វណ្ណលី៖ «​លិខិតតវ៉ា​ការទូត​ដែល​ផ្ញើ​ទៅ គឺ​គ្រាន់តែ​ជា​ក្រដាស​ស្នាម​បង្គ្រប់កិច្ច​រដ្ឋបាល ដែល​ថៃ​អាច​បោះ​ចូលក្នុង​ធុងសំរាម​ពេលណា​ក៏បាន ព្រោះ​វា​គ្មាន​ការ​គំរាមកំហែង​ផ្លូវច្បាប់ ឬក៏​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ​មក​ជា​មួយ​ទេ»។

លោក សេង វណ្ណលី បន្ថែម​ថា យោធា​ថៃ​កំពុង​ធ្វើ​ជាតូបនីយកម្ម​លើ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក តាមរយៈ​ការសាងសង់​សំណង់​ថ្មី និង​កម្ទេច​សំណង់​ចាស់ ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ចាញ់​ប្រៀប​ថៃ នៅពេល​ចរចា​ទាមទារ​ទឹកដី​មកវិញ​ទៅ​ថ្ងៃមុខ។

លោក សេង វណ្ណលី៖ «ការ​ខ្វះ​វិធានការ​បិទ​ខ្ទប់ ឬក៏​ការ​ឆ្លើយតប​ជា​កម្លាំង​ការពារ​ព្រំដែន​ភ្លាមៗ​ពី​សំណាក់​ភ្នំពេញ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទម្ងន់​នៃ​ការចរចា​នៅ​ថ្ងៃ​អនាគត ព្រោះ​នៅពេល​ចូល​តុ​ចរចា ថៃ​នឹង​យក​របង​ដែល​សាងសង់​រួច​ទៅ​ហើយ​នោះ​ធ្វើជា​បន្ទាត់​ព្រំដែន​ផ្លូវការ​ជាក់ស្ដែង​ទៅវិញ​ជាមួយ​កម្ពុជា»។

ពាក់ព័ន្ធ​រឿង​វិវាទ​ព្រំដែន​នេះដែរ រដ្ឋលេខាធិការ​ប្រចាំការ នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក អ៊ិត សុត្ថា បាន​លើកឡើង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ថា យោធា​ថៃ​កំពុង​គូស​ផែនទី​ថ្មី​មួយទៀត ដោយ​ដាក់បញ្ចូល​តំបន់​ឈ្លានពាន​ដែល​ដណ្ដើម​ពី​កម្ពុជា និង​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់ ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន បន្ទាប់ពី​ផែនទី​មាត្រដ្ឋាន​១/៥០.០០០​ដែល​ថៃ​គូស​ជា​ឯកតោភាគី និង​ប្រើប្រាស់​ជា​ឯកតោភាគី​សម្រាប់​បោះបង្គោល​ព្រំដែន បាន​បង្ហាញថា ប្រាសាទ​ខ្នារ តា​ក្របី និង​ប្រាសាទ​ដទៃទៀត​នៅ​តាម​បណ្ដោយ​ព្រំដែន​គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។

លោក​បន្ត​ថា កុំថាឡើយ​ផែនទី​ភាគី​ខ្នាត​១/៥០.០០០ ដែល​ថៃ​បាន​ប្រើ ទោះបី​ផែនទី​ផ្សេងទៀត​ដែល​ថៃ​ផលិត ឬ​គូស​ជា​ឯកតោភាគី​ក្ដី ក៏​ផែនទី​ទាំងនោះ​គ្មាន​តម្លៃ ឬ​ទម្ងន់​តាមផ្លូវ​ច្បាប់​នោះ​ឡើយ។

យ៉ាងណា​ក៏ដោយ​ចុះ គិត​មកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​ប្រកាស​ពី​ការប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ជា​ផ្លូវការ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ​នៅឡើយ ទោះបី​កម្ពុជា​មាន​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​មាន​ទម្ងន់​ផ្នែក​ច្បាប់​ក៏ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ