លោក អ៊ុំ សំអាន ស្នើ​លោក ហ៊ុន ម៉ាណែត លើកលែងទោស​​​​​​ដល់​លោក​​មុន​ទៅ​កម្ពុជា

0
171
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​​ លោក អ៊ុំ សំអាន​ ​​​​​​ស្នើ​​ជា​ថ្មី​​ ​ដល់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​​​ ឱ្យ​​​ជួយ​​ទួល​ថ្វាយ​​​ព្រះមហាក្សត្រ​ដើម្បី​លើក​លែង​ទោស​ដល់​​រូប​លោក និង​ប្រតិភូ​ដទៃ​ទៀត​​​ ​មុន​លោក​​​ទៅ​កាន់​​ប្រទេស​កម្ពុជា​​​នៅ​ខែ​ក្រោយ ដើម្បី​ជជែក​​រឿង​ព្រំដែន​។ ​​ការ​ស្នើ​នេះ​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត នៅ​តែ​​​មិន​ទាន់​ឆ្លើយ​តប​​នឹង​​​លក្ខខណ្ឌ​​​របស់​​លោក​នៅ​ឡើយ​​ ​​​ប៉ុន្តែ​បែរ​ជា​​​​​រក​លេស​​​​ឌឺដង​​ មក​លើ​​​លោក​ អ៊ុំ សំអាន វិញ។ អ្នក​វិភាគ​យល់​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​ដាក់​លក្ខខណ្ឌ​របស់​លោក អ៊ំ សំអាន ប្រសិន​បើ​លោក​ចង់​ជជែក​រក​ខុស​ត្រូវ​រឿង​បញ្ហា​ទឹក​ដី​មែន​នេះ។

​​​បើ​ទោះ​បី​ជា​ សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក​ អ៊ុំ សំអាន រឿង​​​​​​បបួល​គ្នា​ជជែក​ដេញ​ដោល​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​លើ​ទឹកដី​កម្ពុជា​​​ ​មាន​ការ​វិវត្តន៍​ថ្មី​​ៗ​ជា​បន្តបន្ទាប់​ក្ដី ​​លោក ហ៊ុន ម៉ាណែត នៅ​ពុំ​ទាន់​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​របស់​ លោក អ៊ុំ សំអាន ដែល​​ទទូច​ឱ្យ​​​​​​​រដ្ឋាភិបាល​​​​​​ជួយ​​អន្តរាគមន៍​ ដល់​ព្រះមហាក្សត្រ​ ​​​​លើក​លែង​ទោស​ រូបលោក និង​​ប្រតិភូ​ដទៃ​ទៀត​​​​ ​​​​​​​នៅ​ឡើយ។ លោក អ៊ុំ សំអាន ​សង្ឃឹម​ថា លោក ហ៊ុន ម៉ាណែត​ នឹង​ឆ្លើយ​តប​ជា​វិជ្ជមាន​។​

​​ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៤ ខែ​តុលា ថា ​លោក​នៅ​តែ​មាន​​សង្ឃឹម​ថា​ លោក ហ៊ុន ម៉ាណែត នឹង​ឆ្លើយ​តប​ជា​វិជ្ជមាន​នូវ​សំណើ​​​​​របស់​លោក ដើម្បី​បាន​​​ត្រឡប់​ទៅ​កាន់​​មាតុភូមិ​ដើម្បី​​ ​ជជែក​​​រឿង​ព្រំដែន​​ជា​មួយ​រដ្ឋាភិបាល។ លោក​អះអាង​ថា​សំណើ​របស់​លោក​ ​ទៅ​កាន់​​ លោក ហ៊ុន ម៉ាណែត ឱ្យ​​​ជួយ​អន្តរាគមន៍​​ដល់​​ព្រះមហាក្សត្រ ដើម្បី​លើក​លែង​ទោស​ ​​​ដល់​រូប​​លោក និង​ប្រតិភូ​ជា​ការ​​​​បើក​ផ្លូវ​​​​​ដ៏​សំខាន់​​​ ​​​ទៅ​​​​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ។

បន្ថែម​ពី​លើ​នោះ​ លោក​នៅ​តែ​ចាត់​ទុក​ការ​ជជែក​បញ្ហា​ព្រំដែន​​ដោយ​ផ្ទាល់​ជាមួយ​ ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច គឺ​​ជា​​ស្មារតី​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ​និង​ការ​បង្រួបបង្រួម​ជាតិ​ ​​​​មិន​មែន​ជា​ការ​​​វាយ​ប្រហារ​គ្នា​ ដើម្បី​ឈ្នះ​ចាញ់​នោះ​​ទេ​ បើ​ទោះ​ពី​ជា​សារ​របស់​លោក ហ៊ុន ម៉ាណែត ​ឆ្លើយ​តប​ទៅ​កាន់​លោក​ក្នុង​​លក្ខខណ្ឌ​ផ្ចាញ់ផ្ចាល និង​បន្ទាបបន្ថោក​លោក​​​​ ជា​ញឹកញាប់​ក្ដី។

​លោក អ៊ុំ សំអាន៖ «ខ្ញុំ​សូម​ស្នើ​ទៅ​កាន់​ លោក ហ៊ុន ម៉ាណែត ធ្វើ​ម៉េច​ធ្វើ​តាម​សំណើ​ដែល​ខ្ញុំ​ដាក់​ជូន​នឹង​ទៅ​ ​វា​នឹង​ដំណើរ​ការ​បាន​ហើយ សម្រាប់​កិច្ច​ពិភាក្សា​​នៅ​ប្រទេស​កម្ពុជា​។​ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​យក​​លេស​នេះ​​ យក​លេស​នោះ​​ ​មិន​ព្រម​ធ្វើ​ទៅ​តាម​សំណើ​របស់​​យើង​ ។​ មិន​ជា​សំណើ​​អ្វី​ដែល​​ធ្ងន់ធ្ងរ ដែល​គាត់​មិន​អាច​ធ្វើ​បាន​នោះ​ទេ»។

​ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ទៅ​កាន់​ ​លោក​ អ៊ុំ សំអាន នៅ​សារ​ចុង​ក្រោយ​ថា​​ ការ​ដាក់​លក្ខខណ្ឌ​​របស់​លោក អ៊ុំ សំអាន​ ​​​​គឺ​ជា​ការ​​ដោះ​ខ្លួន​ចេញ​ពី​ការ​​​អញ្ជើញ​​​​​​របស់​លោក ​​​មក​​កម្ពុជា ដើម្បី​​ជជែក​លើ​​​ខ្សែ​ព្រំដែន ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ និង​៥៩​​​។ ​លោក​ ហ៊ុន ម៉ាណែត បាន​ឌឺ​ដង​ថា​ ​បើ​គ្រាន់​តែ​​​ ​​យក​ឯកសារ​ពាក់ព័ន្ធ​​ ដើម្បី​​បញ្ជាក់​លើ​ដី​ប៉ុន្មាន​គីឡូ​ម៉ែត្រ​​ ​លោក​ អ៊ុំ សំអាន​​ មិន​ហ៊ាន​មក​ជជែក​​​​ដោយ​ផ្ទាល់​ផង​​ ​​មិន​​អាច​ជជែក​បញ្ហា​ព្រំដែន​ទាំង​មូល​បាន​ឡើយ។ លោក ​ហ៊ុន ម៉ាណែត បន្ត​​​​​ថា​ ​​​នឹង​រង​ចាំ​ចម្លើយ​ជា​ថ្មី​​​ ​ពី​លោក អ៊ុំ សំអាន ឱ្យ​បាន​ច្បាស់​លាស់​​​​​​ ​​​​​​​ដោយ​ផ្ដោត​​​លើ​ការ​​ជជែក​​បញ្ហា​​បង្គោល​​ព្រំដែន​​លេខ​៥២ ដល់៥៩​ ​ប៉ុណ្ណោះ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ​​​ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ដោយ​ហៅ​ទូរស័ព្ទ​​ចូល តែ​​​គ្មាន​អ្នក​ទទួល។

​​ទោះ​ជា​យ៉ាងណា​ ការ​អញ្ជើញ​របស់ លោក ហ៊ុន ម៉ាណែត ទៅ​កាន់​លោក អ៊ុំ សំអាន មក​​​​ប្រទេស​​​កម្ពុជា​​ដើម្បី​ជជែក​រឿង​ព្រំដែន ​​គឺ​លោក​​​កំណត់​ថា​​នឹង​​​​ជជែក​តែ​ទៅ​លើ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ និង​៥៩ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ចន្ទបុរី ប្រទេស​ថៃ ប៉ុណ្ណោះ​​​ ​​ក្រោយ​ពី​​លោក ហ៊ុន ម៉ាណែត ខឹង​សម្បារ​​​​នឹង​​លោក អ៊ុំ សំអាន ​ដែល​​បាន​ចោទ​លោក​​​​ថា កាត់​​ដី​ឱ្យ​ថៃ​​​​ជិត​១គីឡូម៉ែត្រ​​។ ការ​ចោទ​ប្រកាន់​នេះ​ ក្រោយ​ពី​​​លោក ហ៊ុន ម៉ាណែត បាន​​​អះអាង​ថា​​​ការ​ធ្វើ​​របង​បេតុង​​របស់​ថៃ​​នៅ​​ចន្លោះ​បង្គោល​លេខ​៥២ ដល់​៥៩ មិន​បាន​ប៉ះពាល់​ដី​ខ្មែរ​នោះ​ទេ​។​

​ប៉ុន្តែ​ ​​​ពលរដ្ឋ​មួយ​ចំនួន ដែល​​រស់​នៅ​ក្នុង​ភូមិ​ស្វាយស ​និង​ភូមិ​ព្រះពុទ្ធ ស្រុក​​កំរៀង ខេត្ត​បាត់ដំបង ដែល​មាន​ដី​ស្រែ​​ចម្ការ​​ ​តាម​បណ្ដោយ​​ចន្លោះ​​បង្គោល​ព្រំដែន​​ ​លេខ​៥២ ដល់​៥៥​ បាន​​​​​​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ និង​សំឡេង ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​​ថា​ ​មាន​​​​​ដីស្រែ​ និង​ចម្ការ​ដំឡូងមី​​​​​​រាប់​សិប​​ហិកតារ ​​របស់​ពលរដ្ឋ​​​បាន​បាត់បង់​​​ ខណៈ​ដែល​​​​​​​ថៃ​​​កំពុង​ធ្វើ​របង​បេតុង​​​​ ​​​និង​រំកិល​​បង្គោល​ព្រំដែន​ ចូល​​​ដី​ខ្មែរ​​យ៉ាង​ជ្រៅ។ ពួក​គាត់​​​​​ថា​ ករណី​​នេះ​​អាជ្ញាធរ​​​បាន​ព្យាយាម​បិទបាំង និង​គំរាម​មិន​ឱ្យ​ពលរដ្ឋ​​​​និយាយ​​​​​ព្រោះ​ខ្លាច​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល។ ពួក​គាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​ ត្រូវ​ចុះ​​ពិនិត្យ​ឡើង​​វិញ​​​​ ​​​​​​​​ព្រោះ​កម្ពុជា​ពិត​ជា​បាន​បាត់បង់​​ដី​​មែន។

អ្នក​តាម​ដាន​​ផ្នែក​​ភូមិ​សាស្ត្រ​នយោបាយ​ ​ លោក សេង វណ្ណលី យល់​ថា​​ ការ​អញ្ជើញ​​​របស់​លោក​ ហ៊ុន ម៉ាណែត ​​​​​​ឱ្យ​លោក អ៊ុំ សំអាន​​ទៅ​ជជែក​រឿង​​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៩​​ មិន​មែន​ជា​ចេតនា​ស្មោះត្រង់ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ព្រំដែន​​​​នោះ​​ទេ​ បើ​ទោះ​បី​ជា​តំបន់​នោះ​កម្ពុជា​បាន​បាត់បង់​ទឹក​ដី​​​ ឬ​មិន​បាត់​បង់​ក្ដី​ ក៏​គ្រាន់​តែ​ជាល្បែង​នយោបាយ​ ​​​​ដើម្បី​គ្រប់គ្រង​​​ព័ត៌មាន និង​បង្វែរ​អារម្មណ៍​សាធារណជន។ ព្រោះ​​​លោក ហ៊ុន ម៉ាណែត គ្មាន​ភាព​ក្លាហាន​ពិត​ប្រាកដ​នោះ​ទេ។

លោក​បន្ត​ថា រឿង​​រ៉ាវ​ព្រំដែន​ ជា​ប្រធាន​បទ​ដ៏​រសើប​ ដែល​អាច​​​អង្រួន​ប្រជាប្រិយភាព និង​អំណាច​​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ ​​ដូច្នេះ​​ លោក ហ៊ុន ម៉ាណែត​ ចង់​​ប្រែ​ក្លាយ​កិច្ច​ពិភាក្សា​​បញ្ហា​ព្រំដែន​​​​​លើ​ឯកសារ ​និង​ផែនទី ជាក់ស្ដែង​​ឱ្យ​​ក្លាយ​ទៅ​​ជា​ការ​ប្រកួតប្រជែង​ភាព​ក្លាហាន​បុគ្គល ថា​តើ​​ហ៊ាន​ចូល​ស្រុក ឬ​អត់ ប៉ុណ្ណោះ​​​​។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​ទាញ​យក​ប្រៀប​ផ្នែក​ជាតិ​និយម កាត់​បន្ថយ​សម្ពាធ​ពី​ការ​តម្រូវ​ឱ្យ​បង្ហាញ​ភស្តុតាង​បច្ចេកទេស​ជា​សាធារណៈ​ និង​បង្កើត​សម្ពាធ​ផ្លូវ​ចិត្ត​លើ​អ្នក​រិះគន់​ថា បើ​មិន​ព្រម​មក ​គឺ​ស្មើ​នឹង​គ្មាន​ភស្តុតាង ឬ​មិន​គោរព​ប្រជាពលរដ្ឋ​។

លោក សេង វណ្ណលី៖ «​​ខ្ញុំ​ជឿ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​មាន​ចេតនា​ចង់​បំភ្លឺ​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ផ្ទៀងផ្ទាត់​ភស្តុតាង​ដោយ​ស្មោះ​ត្រង់​មែន​នោះ ទី​កន្លែង​នៃ​ការ​ជជែក​មិន​គួរ​ជា​ឧបសគ្គ​ទាល់​តែ​សោះ ហើយ​ការ​ចាប់​ផ្ដើម​តាម​អនឡាញ នឹង​ក្លាយ​ជា​ការ​ល្បង​មើល​ឆន្ទៈ​ពិត​ប្រាកដ​របស់​ភាគី​ទាំង​សង​ខាង​»។

លោក សេង វណ្ណលី ​យល់​ឃើញ​ថា​ ​​​ស្ថានភាព​​​នេះ​​​​​​ លោក អ៊ុំ​ សំអាន មិន​​គួរ​ទៅ​​​​កម្ពុជា​​នោះ​ទេ​​ ខណៈ​ដែល​​​ប្រព័ន្ធ​យុត្តិធម៌​ ​​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ឧបករណ៍​នយោបាយ ​​ហើយ​ការ​​ការ​ធានា​សុវត្ថិភាព​ត្រឹម​ពាក្យ​សម្ដី​​​ មិន​អាច​​​​​​​​​ទុក​ចិត្ត​បាន​ឡើយ​។ លោក​អះអាង​ថា​​ លោក អ៊ុំ សំអាន និង​ក្រុម​ការងារ ​អាច​​នឹង​​​ត្រូវ​​ចាប់​​ខ្លួន​​​​ភ្លាមៗ​ នៅ​ពេល​​​​ជាន់​​​​ទឹក​​​ដី​​​​ខ្មែរ។ លោក​បន្ត​ថា ​ដើម្បី​​​សុវត្ថិភាព​ ​លុះ​ត្រា​តែ​មាន​ការ​ធានា​ផ្លូវ​ច្បាប់ និង​មាន​ការ​ចូល​រួម​ឃ្លាំមើល​ពី​ស្ថាប័ន​អន្តរជាតិ​ ឬ​អង្គការ​សហប្រជាជាតិ​ជា​លាយលក្ខណ៍​អក្សរ​ច្បាស់​លាស់ ទើប​ការ​ធ្វើ​ដំណើរ​ចូល​​​មាតុភូមិ​កំណើត​ ​​អាច​មាន​សុវត្ថិភាព ហើយ​​ការ​ជជែក​ក៏​មាន​លក្ខខណ្ឌ​ទូលំទូលាយ។ លោក​​​​ថា ​លក្ខខណ្ឌ​ទាំង​នេះ​​​​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ប្រសិន​បើ​​​​លោក ហ៊ុន ម៉ាណែត ​​​​មាន​ឆន្ទៈ​ ចង់​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​ពិត​ប្រាកដ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ