រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​លុប​បំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា

0
148
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

អ្នកឃ្លាំមើល​សង្គម អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​ទាំងស្រុង​ចំពោះ​វិធានការ​លុបបំបាត់​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ដោយសារ​ពុំបាន​ចាត់វិធានការ​ឲ្យ​ដល់​ឬសគល​ទៅលើ​មេ​ក្លោង​ដែល​នៅ​ពីក្រោយ​បទល្មើស​ឆបោក​អនឡាញ។ ការ​លើក​ឡើង​នេះ បើ​ទោះ​ជា​បី​ជា​ក្រសួង​មហាផ្ទៃ​កម្ពុជា សហការ​ជាមួយ​ស្ថានទូត​ចិន បន្ត​បណ្តេញ​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អនឡាញ ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ក្តី។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា វិធានការ​លុបបំបាត់​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ឱ្យ​អស់​ត្រឹម​ខែមេសា របស់​លោក ហ៊ុន ម៉ាណែត គឺ​បរាជ័យ​ទាំងស្រុង ពីព្រោះ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​សមយុទ្ធ​បង្ក្រាប​លើ​ឈ្មួញ​តូចតាច​ដើម្បី​បង្ហាញ​ទៅកាន់​សហគមន៍​អន្តរជាតិ​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុងតែ​ចាត់​ធាន​ការណ៍​លើ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ប៉ុណ្ណោះ។

លោក សេង វណ្ណលី បាន​ឲ្យ​ដឹង​ទៀត​ថា បើសិនជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចង់​ឲ្យ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​មាន​ប្រសិទ្ធភាព​មែន​គឺ​រដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​វះកាត់​សាច់​អាក្រក់​របស់​ខ្លួន​ចេញ ដោយ​នាំ​មេ​ក្លោង​ធំៗ​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ហើយ​ការ​ខកខាន​មិនបាន​បង្ក្រាប​ឲ្យ​អស់​ដូច​ការសន្យា​គឺ​វា​បង្ហាញ​អំពី​ភស្តុតាង​ដែល​មិនអាច​ប្រកែក​បាន​ថា​ឧស្សាហកម្ម​ឆបោក​បាន​ក្លាយទៅជា​សេដ្ឋកិច្ច​ស្រមោល​ដែល​មាន​ឥទ្ធិពល​លើស​ពី​សមត្ថភាព​ដឹកនាំ​សេដ្ឋកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ផ្ទាល់។

លោក សេង វណ្ណលី៖ «ខ្ញុំ​យល់ថា​វា​គឺជា​សកម្មភាព​ដែល​មាន​លក្ខណៈ​ជ្រើសរើស​នឹង​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​លប់បំបាត់​ឬសគល់​នៃ​បញ្ហា​នេះ​នៅឡើយ​ទេ បើសិនជា​លោក ហ៊ុន ម៉ាណែត ពិតជា​មាន​បំណង​ចង់​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ពិតប្រាកដ​មែន​នោះ អឺ​ខ្ញុំ​គិតថា​លោក​ត្រូវតែ​បង្ហាញ​ពី​ភាព​ក្លាហាន​ក្នុង​ការ​នាំ​ខ្លួន​មេ​ក្លោង​ធំៗ​មក​ផ្ដន្ទាទោស​ដោយ​គ្មាន​ការលើកលែង»។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ គឺ​បន្ទាប់ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្រសួងមហាផ្ទៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​៥ ឈាន​ចូល​ថ្ងៃទី​៦ ខែឧសភា បាន​សហការ​ជាមួយ​ស្ថានទូត​ចិន បន្ត​បណ្តេញ​ជនជាតិ​ចិន​សរុប​ចំនួន ៣៣០​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អនឡាញ ចេញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​យន្តហោះ​ពិសេស​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ។

ជុំវិញ​ករណី ឆបោក​អន​ឡាញ នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា លោក​នៅតែ​មាន​ការ​ព្រួយបារម្ភ​សម្រាប់​ពលរដ្ឋ​ខ្មែរ​និង​ប្រទេស​ខ្មែរ​ទាំងមូល​ដែល​ពិភពលោក​បាន​ចាត់ទុក​ថា​ជា​ប្រទេស​នៃ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពុំ​ទាន់​បាន​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​លទ្ធផល​ទុកចិត្ត​និង​ទទួល​យក​បាន​នៅឡើយ​ទេ ដោយសារ​តែ​មាន​ឧកញ៉ា​គ្រាក់ៗ​នៅ​ពីក្រោយ​បទល្មើស​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ដូចជា ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវជា​បងជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត ឧកញ៉ា ទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និង​ឧកញ៉ា​គ្រាក់ៗ​ផ្សេងទៀត និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន ដែល​ធ្វើជា​ខ្នងបង្អែក​ឱ្យ​ឧក្រិដ្ឋជន​អនឡាញ​អន្តរជាតិ នៅតែ​មាន​សេរីភាព​នៅឡើយ។

លោក ស៊ឹង សែនករុណា៖ «យើង​ឃើញ​ហើយ​ថា​បំណាច់​ខែមេសា​នឹង​បញ្ចប់​បទល្មើស​ឆបោក​អនឡាញ​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​ឃើញថា​នៅតែ​បន្ត​កើតមាន​ឡើងជា​ហូរហែ អីចឹង​មានន័យថា​ការ​បង្ក្រាប​ហ្នឹង​វា​អត់​ទាន់​ទៅដល់​ឬសគល់​នៃ​បទល្មើស​ហ្នឹង​ទេ ខណៈ​ដែល​យើង​មើលឃើញ​មេ​ក្លោង​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ឥទ្ធិពល មានអំណាច​ពាក់ព័ន្ធ​ទៅ​ហ្នឹង​គណបក្សកាន់អំណាច​ក៏ដូចជា​មេដឹកនាំ​យើង​ឃើញថា​នៅ​អត់​ទាន់​មាន​វិធានការ​ទេ ផ្ទុយទៅវិញ​យើង​មើល​ឃើញ​ថា រូបភាព​ហ្នឹង​វា​ហាក់ដូច​នៅ​មាន​រឿង​ការពារ​គ្នា​ទៅវិញទៅមក​ទៀត»។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ចាត់វិធានការ​ឲ្យ​ចំ​គោលដៅ គឺ​មិន​ត្រូវ​មាន​ការរើសអើង​អ្នកធំ អ្នកតូច រឺ​ជនជាតិ​ណា​នោះ​ទេ គឺ​ត្រូវ​ចាប់​ពួកគេ​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា មុននឹង​បញ្ជូន​ពួកគេ​ទៅ​ស្រុកកំណើត​របស់​គេ​វិញ បើ​មិន​ដូច្នោះ​ទេ វិធានការ​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ល្បែង​ឆ្ពិន​ភ្នែក​សាធារណជន ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ។

ជុំវិញ​ករណី ឆបោក​អនឡាញ​នេះ​ដែរ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២៦ កន្លងមក ថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្លាស់ប្ដូរ​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ជាតិ​ពី​ការទប់ស្កាត់​ឱ្យ​ទៅ​ជា​ការ​លុបបំបាត់​ទាំងស្រុង​នូវ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែមេសា ឆ្នាំ​២០២៦​។ លោក​ទទួលស្គាល់​ថា ឧក្រិដ្ឋកម្ម​នេះ មិន​ត្រឹមតែ​បាន​សម្អុយ​ឈ្មោះ​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ​ទេ ប៉ុន្តែ​ក៏​កំពុងតែ​បំផ្លាញ​សេដ្ឋកិច្ច​ស្មោះត្រង់​ប្រទេស​ដ៏​តូច​មួយ​ក្នុង​សហគមន៍​អាស៊ាន​ដែរ។

អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​ចេញ​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​នៅ ខែមេសា ឆ្នាំ​២០២៦ បាន​រកឃើញ​ថា យ៉ាងហោចណាស់​កាស៊ីណូ​ចំនួន ១២​ទីតាំង​មាន​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​មនុស្ស​ឲ្យ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​បោកប្រាស់​តាម​អ៊ីនធឺណត។ បើទោះជា​មាន​ភស្តុតាង​ជាច្រើន​បង្ហាញថា​កាស៊ីណូ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​កម្ពុជា​នៅតែ​អនុញ្ញាត​ឱ្យ​កាស៊ីណូ​ទាំងនោះ​បន្ត​ដំណើរការ។

អង្គការ​លើកលែងទោស​អន្តរជាតិ​បន្ថែម​ថា សកម្មភាព​របស់​អាជ្ញាធរ​ខ្មែរ​ពេលនេះ​ហាក់​ផ្ទុយគ្នា​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្ដាញ​បោកប្រាស់​តាម​អ៊ីនធឺណេត។ អង្គការ​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យល់​ថា តើ​ហេតុអ្វី​បានជា​កាស៊ីណូ​ដែល​ភ្ជាប់​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​នៅតែ​ទទួល​បាន​ការ​អនុម័ត​បន្ត​អាជីវកម្ម​ពី​រដ្ឋាភិបាល។លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប) បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០២៥ ដល់​ខែមីនា ឆ្នាំ​២០២៦ គឺ​ក្នុង​រយៈពេល ៩​ខែ​ចុងក្រោយ សមត្ថកិច្ច​កម្ពុជា​ក្នុង​រាជធានី​-​ខេត្ត​បាន​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន​ជាង ២៥០​ករណី និង​បាន​បណ្តេញ​ជនបរទេស​ចំនួន ១១,០០០ នាក់​ចេញពី​កម្ពុជា។ អាជ្ញាធរ​កម្ពុជា​ក៏បាន​បញ្ជូន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អនឡាញ​ចំនួន ១១២​ករណី​ទៅកាន់​តុលាការ និង​មាន​ជនបរទេស​យ៉ាង​តិច​ណាស់ ១​ពាន់​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាត់សេចក្តី​នៅ​តុលាការ។

អ្នកឃ្លាំមើល​សង្គម​មួយចំនួន ចង់​ឃើញ សមត្ថកិច្ច​នាំ​យក​អ្នក​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​នេះ​មក​ផ្ដន្ទាទោស ដើម្បី​ឈាន​ទៅ​ផ្ដាច់​ឫសគល់​នៃ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ស្ដារ​ទំនុកចិត្ត​របស់​អន្តរជាតិ​ឡើងវិញ​។ ពួកគេ​ថា បើ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មិន​ចំ​មុខសញ្ញា​មេខ្លោង​ធំៗ វា​នឹង​ធ្វើ​ឱ្យ​ឧក្រិដ្ឋកម្ម​នេះ​កក្រើក​ជាថ្មី​ឡើងវិញ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេសជិតខាង​យក​រឿង​នេះ​មក​ធ្វើជា​លេស​វាយប្រហារ ឬ​ឈ្លានពាន​មក​លើ​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខ​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ