អ្នកឃ្លាំមើល​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ចុះ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​មណ្ឌលគិរី

0
91
សកម្មភាពក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជញ្ជូនតាមឡានយីឌុប កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ANN Hot News
សកម្មភាពក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជញ្ជូនតាមឡានយីឌុប កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ANN Hot News

អ្នកឃ្លាំមើល ទាមទារ​ឲ្យ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ លួច​កាប់​ឈើ​នៅក្នុង​តំបន់​ការពារ រួច​ដឹក​ចូលក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​។ តែ​មន្ត្រី​ជំនាញ​ជំរុញ​ឲ្យ ពលរដ្ឋ និង​អ្នក​ស្រឡាញ់​បរិស្ថាន​ប្ដឹង ឬ​រាយការណ៍​ឲ្យ​អាជ្ញាធរ​ខេត្ត​សាមី​ចុះ​បង្ក្រាប​បទល្មើស​ទាំងនោះ។

ក្រោយ​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​លេង​បណ្ដាញ​សង្គម​នាំគ្នា​ចែករំលែក​រូបភាព និង​វីដេអូ បង្ហាញ​រថយន្ត​ធន​ធ្ងន់​ជាច្រើន​គ្រឿង ដែល​កំពុង​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ អ្នកឃ្លាំមើល ទាមទារ​ឲ្យ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ លួច​កាប់​ឈើ​នៅក្នុង​តំបន់​ការពារ រួច​ដឹក​ចូលក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែសីហា​ថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់ និង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ នៅតែ​បន្ត​វត្តមាន នា​ភូមិភាគ​ឦសាន ហើយ​ទីតាំង​ទាំងនោះ មិនឃើញ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ​។ លោក​បារម្ភ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ធំៗ លួច​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ការពារ យក​ទៅ​បន្លំ​ជា​ឈើ​ដេញថ្លៃ​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ឯកជន​។ លោក​ទាមទារ​ឲ្យ​មន្ត្រី​ពាក់​ពន្ធ​ចុះ​ស៊ើបអង្កេត​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។

លោក សេង សុខហេង៖ «ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​បែបនេះ យើង​មើលឃើញ​ថា​គោលនយោបាយ​ព្រៃឈើ​ជាតិ នឹង​បរាជ័យ ទិសដៅ​ស្ការ​គម្រប​ព្រៃឈើ​របស់​រដ្ឋាភិបាល​ប្រាកដ​បរាជ័យ​ជាក់​ជាមិនខាន ប្រសិនបើជា​យើង​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស វា​ប្រសើរ​ជាង​យើង​ព្យាយាម​ដាំ ព្រៃឈើ​មាន​ស្រាប់​ហើយ យើង​គួរតែ​ការពារ»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី អ្នកសារព័ត៌មាន​ក្នុងស្រុក និង​ពលរដ្ឋ​លេង​បណ្ដាញ​សង្គម នាំគ្នា​ចែករំលែក​រូបភាព និង​វីដេអូ រថយន្ត​វ៉េអង ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រាប់​សិប​គ្រឿង ដោយ​សំអាង​ថា ការ​ដឹកឈើ​ទាំងនោះ​មាន​លិខិតអនុញ្ញាត និង​ជា​ឈើ​កាប់​នៅក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ជា ចិន្ដា ដែល​មាន​ទីតាំង​ជាប់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ដោយ​លោក​ជំរុញ​ឲ្យ ពលរដ្ឋ និង​អ្នក​ស្រឡាញ់​បរិស្ថាន​ទាំងនោះ ទៅ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ខេត្ត ពីព្រោះ​សកម្មភាព​ទាំងនោះ​មិនទាន់​ដល់ពេល​គណៈកម្មការ​ជាតិ​ចុះ​បង្ក្រាប និង​ស្រាវជ្រាវ​ឡើយ។

លោក អេង ហ៊ី៖ «​គាត់​ទៅ​ទំនាក់​ទ​នង​ជាមួយ​អាជ្ញាធរ​ដែនដី​ទៅ ហើយ​អាជ្ញាធរ​ខេត្ត​គេ​នឹង​ធ្វើ​ការងារ​នឹង​ហើយ អាជ្ញាធរ​ថ្នាក់​ជាតិ ទាល់​តែ​មាន​ករណី​ណាមួយ​បាន​ទៅ​ធ្វើ​នឹង​ណុង អញ្ចឹង​ជូនដំណឹង​ទៅ​គាត់​ទៅ ឲ្យ​គាត់​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី នៅ​ខេត្ត​ណា​រាយការណ៍​ទៅ​នឹង​ទៅ​គេ​ចុះ​ធ្វើការ​រឿង​នឹង»។

ចំណែក​ពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញែក ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង សំឡេង​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​ក្នុង​ឃុំ​រយ៉​កំពុង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​ក្នុង​មួយ​សប្ដាហ៍ ទៅ​ពីរ​សប្ដាហ៍ មាន​រថយន្ត​វ៉េអង​ចាប់ពី​១៥​គ្រឿង ទៅ​២០ គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ទាំងនោះ​។ លោក​ថា តំបន់​ដែល​ក្រុមហ៊ុន​ទាំងនោះ​កាប់​ឈើ​ធ្វើ​អាជីវកម្ម ដូចជា​នៅ​តំបន់​ព្រៃ​ខៀវ និង​តំបន់​ផ្សេងទៀត ដែល​សន្តិសុខ​ក្រុមហ៊ុន​ហាម​ឃាត​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​អាស្រ័យ​ផល​នៅ​តំបន់​នេះនោះ​ឡើយ។

បច្ចុប្បន្ន​នៅ​តំបន់​ព្រៃ​ការពារ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មាន​ក្រុមហ៊ុន​ចំនួន​៧ កំពុង​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ដូចជា ក្រុមហ៊ុន​៩៥ ក្រុមហ៊ុន ជា​ចិន្ដា ក្រុមហ៊ុន​វាសនា និង​ក្រុមហ៊ុន​អាន ម៉ារ៉ានី ដែល​មាន​ទីតាំង​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ