

អាជ្ញាធរកម្ពុជាបានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបន្តបន្ទាប់ នៅតាមទីតាំងក្នុងរាជធានី និងខេត្តមួយចំនួន ដោយបានឃាត់ខ្លួនជនសង្ស័យខ្មែរ និងបរទេសជាច្រើននាក់។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលថា ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា អាចនឹងស្ងប់តែមួយរយៈពេលប៉ុណ្ណោះ ក្រោយពេលដែលមានការដាក់សម្ពាធពីអន្តរជាតិ។
ទោះបីជាអាជ្ញាធរកម្ពុជា បានបើកយុទ្ធនាការបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត ស្ទើរតែមិនលស់ថ្ងៃទៅហើយក្ដី ក៏ឧក្រិដ្ឋកម្មមួយនេះ នៅតែមានសកម្មភាព និងមិនទាន់រលាយបាត់ពីទឹកដីកម្ពុជានោះឡើយ។
កាលពីថ្ងៃទី១ ខែធ្នូ អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរ ក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២៨នាក់ ក្នុងនោះមានស្ត្រី ០៦នាក់ បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)។ ក្នុងចំណោមជនសង្ស័យទាំងអស់នេះ មានជនជាតិវៀតណាម (Vietnam) ចំនួន ២៧នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដោយអាជ្ញាធរ រកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធ នឹងករណីឆបោកតាមអនឡាញ បែបលួងលោមស្នេហា ឬអន្ទាក់ទឹកឃ្មុំ និងបោកប្រាស់ ឬគំរាមទារប្រាក់ពីជនរងគ្រោះ។
ដោយឡែក នៅខេត្តសៀមរាប វិញ ក្នុងថ្ងៃដដែលនោះ អាជ្ញាធរខេត្តនេះ បានចាប់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ក្នុងប្រតិបត្តិការចុះឆែកឆេរ នៅចំណុចផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីក្រុមជនសង្ស័យ បានមកស្នាក់នៅក្នុងខេត្តសៀមរាប បានរយ:ពេលប្រហែលកន្លះខែ។ ជនសង្ស័យទាំង ១៩នាក់នេះ រួមមានជនជាតិបង់ក្លាដេស្ហ (Bangladesh) ចំនួន១៦នាក់ និងនេប៉ាល់ (Nepal) ចំនួន ៣នាក់។ សមត្ថកិច្ចរកឃើញថា ជនបរទេសទាំងនេះ បានត្រៀមរៀបចំប្រព័ន្ធ ដើម្បីធ្វើសកម្មភាពឆបោកតាមអ៊ីនធឺណិត ក្រោមរូបភាពទាក់ទាញឱ្យជនរងគ្រោះវិនិយោគទិញភាគហ៊ុន ដោយដាក់គោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។
ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគ្រួសារត្រកូល ហ៊ុន បានទទួលរងសម្ពាធពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ចាប់ជំរិតធ្វើទារុណកម្ម និងលាងលុយកខ្វក់ មានមូលដ្ឋាននៅលើទឹកដីកម្ពុជា ដែលគេរកឃើញថា មេខ្លោងនៅពីក្រោយឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គឺលោក ចេន ហ្សី ដែលជាជនជាតិចិន ចូលសញ្ជាតិកម្ពុជា។
សមាជិកជាន់ខ្ពស់ នៃរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក ម៉ែន សុថាវរិន្ទ យល់ឃើញថា ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត នៅកម្ពុជា អាចនឹងចុះថមថយតែមួយរយៈប៉ុណ្ណោះ ក្រោយពេលដែលមានការដាក់សម្ពាធពីអន្តរជាតិ ដោយលោកអះអាងថា ដោយសារជំនួញសង្គមងងឹតមួយនេះ គឺជាប្រភពចំណូល ជួយទ្រទ្រង់ដល់បក្សកាន់អំណាច និងចិញ្ចឹមគ្រួសារមេដឹកនាំត្រកូលហ៊ុន។
លោក ម៉ែន សុថាវរិន្ទ្រ៖ «មិនដែលមានករណីចោរ ចាប់ចោរនោះទេ។ ករណីនេះគឺជាឆាកល្ខោននោះទេ បើគេចង់បោសសម្អាតមែន គឺអាចធ្វើទៅរួចហើយ យើងគិតមើល លោក ចេន ហ្សី នៅក្នុងប្រទេសកម្ពុជា ហើយគូកនទាំងអស់ ជាពិសេសលោក ហ៊ុន តូ នៅហ្នឹងមុខ ហេតុអ្វីចាប់មិនបាន»។
ពាក់ព័ន្ធរឿងនេះ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២ ខែធ្នូ ថា ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមិនមែនជារឿងងាយស្រួល ដូចករណីឆបោកទូទៅនោះទេ ដោយសារក្រុមប្រតិបត្តិករ បានអភិវឌ្ឍវិធីសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រតិបត្តិការឆបោក កាន់តែទំនើប។ អ្នកស្រីឱ្យដឹងទៀតថា ការទប់ស្កាត់ប្រតិបត្តិករបរទេស ចូលមកកម្ពុជា ក៏ជារឿងលំបាកផងដែរ ដោយសារជនបរទេសទាំងនោះ បានចូលមកកម្ពុជា ដោយក្លែងបន្លំជាអ្នកទេសចរ។
អ្នកស្រី ជូ ប៊ុនអេង៖ «កន្លងមកយើងដឹងហើយថា យើងត្រូវការអ្នកទេសចរ យើងត្រូវការអ្នកវិនិយោគ ប៉ុន្តែ អ្នកណាទៅដឹងថា ក្នុងចំណោមនោះមានជនល្មើស ដែលបង្កប់ខ្លួនក្នុងចំណោមអ្នកដែលចូលមកកម្ពុជា។ អ៊ីចឹងនៅពេលដែលគេចាប់ផ្ដើមធ្វើសកម្មភាព យើងដឹងយើងបង្ក្រាប។ ក៏ប៉ុន្តែសួរថា ម៉េចក៏មិនបង្ក្រាបនៅព្រំដែន បើគេមិនទាន់ធ្វើអីផង យើងទៅចាប់គេម៉េចកើត។ ហើយបើមានឈ្មោះនៅក្នុងបញ្ជីខ្មៅសហការមកពីក្រៅ រឿងហ្នឹងយើងអាចធ្វើបាន»។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើលលើកឡើងថា មូលហេតុដែលមេខ្លោងឧក្រិដ្ឋជន ជ្រើសរើសយកកម្ពុជា សម្រាប់សាងសង់រោងចក្រឆបោកតាមអ៊ីនធឺណិតបែបនេះ គឺដោយសារកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបក្សកាន់អំណាច សម្បូរអំពើពុករលួយ និងមានប្រព័ន្ធនីតិរដ្ឋខ្សោយ រហូតមេឧក្រិដ្ឋជន មានឱកាសឈរថតរូបក្បែរមេដឹកនាំ ឬក្លាយជាទីប្រឹក្សាមេដឹកនាំថែមទៀតផង។
ជុំវិញរឿងនេះ ទីប្រឹក្សាផ្នែកធុរកិច្ច និងអភិបាលកិច្ច លោក ប៉ិច ពិសី មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរ ចង់កំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត នៅកម្ពុជានោះ ហាក់មិនមែនជារឿងដែលពិបាកនោះទេ ដោយសាររបាយការណ៍របស់អន្តរជាតិ បានរំលេចឈ្មោះរបស់ពួកគេរួចស្រេចទៅហើយ។
លោក ប៉ិច ពិសី៖ «ដើម្បីបំបែកក្រុមឧក្រិដ្ឋនេះ ទាល់តែយើង ទីមួយទាល់តែយើងស្វែងរកការពិត ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ទីពីរអនុវត្តច្បាប់ ដែលមានជាធរមាន។ អ៊ីចឹងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ជាពិសេសហ្នឹងគឺ ទប់ស្កាត់នូវអំពើស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយដែលក្រុមឧក្រិដ្ឋជនតែងតែប្រើ»។
របាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ឱ្យដឹងថា ចាប់ពីចុងខែមិថុនា រហូតដល់ដើមខែធ្នូ នេះ អាជ្ញាធរបានបង្ក្រាបករណីឆបោកតាមអនឡាញ នៅទូទាំងប្រទេសសរុបចំនួន ១១៥ករណី។ ក្នុងប្រតិបត្តិការទាំងនោះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជិត ៥ពាន់នាក់ (៤,៨៥១) ក្នុងនោះមានស្រីជាង ៩រយនាក់ (៩២៥) រួមមានជាង ២០សញ្ជាតិ ដូចជា ចិន វៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដេស្ហ ថៃ កូរ៉េខាងត្បូង និងនេប៉ាល់ជាដើម។
ទោះជាយ៉ាងណា សារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយស្រង់សម្ដីអ្នកជំនាញ និងរបាយការណ៍អន្តរជាតិ អំពីករណីឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាថា ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅកម្ពុជា ក្នុងរយៈកាលចុងក្រោយនេះ គ្រាន់តែជាឆាកល្ខោនបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ និងចាប់បានតែក្រុមប្រតិបត្តិករតូចតាច។ បន្ថែមពីលើនេះ អ្នកជំនាញយល់ឃើញថា រដ្ឋាភិបាលកម្ពុជា គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ ដោយពួកគេសង្កេតឃើញថា បទល្មើសបច្ចេកវិទ្យានេះ កន្លងមកបានចិញ្ចឹមសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ទឹកប្រាក់ចន្លោះពី១២ ទៅ១៩ពាន់លានដុល្លារសហរដ្ឋអាមេរិក៕









