

ប្រជាពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អតីតឧកញ៉ា ឡេង ចាន់ណា ព្រមានធ្វើការតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើនៅបន្តគ្មានដំណោះស្រាយ ហើយទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចេញមុខទទួលខុសត្រូវ។ មេធាវីរដ្ឋាភិបាលបដិសេធការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែសង្គមស៊ីវិលថា លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ត្រូវតែរកយុត្តិធម៌ ជូនពលរដ្ឋរងគ្រោះ បើចង់គេចផុតពីការចោទប្រកាន់។
សំណុំរឿងរកស៊ីឆបោកប្រាក់ពលរដ្ឋរាប់រយលានដុល្លាររបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា រហូតដល់លោក ហ៊ុន ម៉ាណែត នោះ មានរយៈពេលជាង ២ឆ្នាំហើយ ពុំទាន់មានច្រកចេញអ្វីទាំងអស់ ហើយពលរដ្ឋរងគ្រោះ នៅតែដង្ហោយរកដំណោះស្រាយនៅឡើយ។
ប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី លើកឡើងថា ក្រុមបក្ខពួកមេខ្យល់ក្រុមហ៊ុននេះ និងមានទាំងមន្ត្រីអាជ្ញាធរផង តែងតែលើកឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅគំរាមចាប់ពលរដ្ឋរងគ្រោះដាក់គុកពេលពួកគាត់ចង់នាំគ្នាចេញតវ៉ាទាមទារដំណោះស្រាយ។ ពលរដ្ឋរងគ្រោះយល់ឃើញថា អ្នកចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង អាចចេញតវ៉ាបានងាយ ព្រោះក្រុមហ៊ុននេះ មានខ្នងមិនក្រាសដល់កំពូល ប៉ុន្តែក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា វិញមានលោក ហ៊ុន ម៉ាណែត ជាមេធំធ្វើបង្អែក ទើបមានបណ្ដាញញឹកណាស់ ក្នុងការធ្វើយុទ្ធនាការសម្លុតពលរដ្ឋរងគ្រោះមិនឱ្យប្រមូលគ្នាតវ៉ា។
ពលរដ្ឋនៅខេត្តសៀមរាប ដែលគាត់រួមជាមួយសាច់ញាតិម្នាក់ និងមិត្តភក្ដិម្នាក់ទៀត ចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី សរុបអស់ប្រាក់ជិត ៦ម៉ឺនដុល្លារ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា មិនមែនសុខៗ ប្រជាពលរដ្ឋយកលុយទៅឱ្យក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា បោកស្រួលៗនោះទេ ប៉ុន្តែលោកស្រីចោទថា គឺលោក ហ៊ុន ម៉ាណែត ជាអ្នកនៅពីក្រោយការបង្កើតក្រុមហ៊ុននេះឡើង ដែលធ្វើឱ្យពលរដ្ឋសម្រេចចិត្តដាក់លុយវិនិយោគ តែទីបំផុត គឺជាការបោកប្រាស់ដើម្បីប្រមូលលុយទៅចិញ្ចឹមអំណាច។ លោកស្រីថា លោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវ។
ពលរដ្ឋរងគ្រោះ៖ «លោក ហ៊ុន ម៉ាណែត គាត់បង្កើតក្រុមហ្នឹងឡើង ដើម្បីឱ្យប្រមូលលុយពីប្រជាពលរដ្ឋ នៅនោះ គាត់មិនទាន់ឡើងធ្វើជានាយករដ្ឋមន្ត្រីទេ។ អ៊ីចឹងគាត់យកលុយទៅបង្កើតឱ្យគាត់បានធ្វើជានាយករដ្ឋមន្ត្រី ដល់សព្វថ្ងៃហ្នឹង។ បើសម្ដីខ្ញុំនិយាយហើយជាប់គុកក៏ជាប់ទៅខ្ញុំអត់ខ្លាចទេ ព្រោះអីម្ដាយខ្ញុំក៏បានបាត់បង់ជីវិតដោយសារតែក្រុមហ៊ុនហ្នឹង បក្ខពួកគាត់ហ្នឹង»។
ទោះប្រឈមនឹងការគំរាមកំហែងយ៉ាងណាក៏ដោយ លោកស្រីអំពាវនាវឱ្យពលរដ្ឋរងគ្រោះ ត្រូវស្រុះគ្នាចេញតវ៉ា ពីព្រោះសព្វថ្ងៃ អ្នកបាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា រស់ពិបាកជាងស្លាប់ទៅទៀត ដោយសារបន្ទុកបំណុលវ័ណ្ឌកគ្រប់ក្រុមគ្រួសារ។ លោកស្រីថា ការនាំគ្នាចេញតវ៉ា គឺជាសេចក្ដីសង្ឃឹមតែមួយគត់ ដែលអាចបានដំណោះស្រាយខ្លះ។
ពលរដ្ឋរងគ្រោះ៖ «ខ្ញុំសូមឱ្យជនរងគ្រោះទាំងអស់ក្រោកឈរឡើងទាំងអស់គ្នា កុំភ្លេចរឿងហ្នឹង រឿងហ្នឹង គឺរឿងដ៏ឈឺចាប់បំផុត មិនមែនឈឺចាប់ដោយសារតែយើងល្ងង់ខ្លៅទេ ដោយសារតែមេដឹកនាំគាត់ជាអ្នកបង្កើតរឿងហ្នឹងឡើង ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ធ្លាក់ក្នុងបំណុលដ៏ធ្ងន់ធ្ងរហើយឈឺចាប់បំផុត»។
ពលករនៅប្រទេសកូរ៉េខាងត្បូង ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា ដែរ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស នៅតែមានស្មារតីទាមទារយុត្តិធម៌មិនទម្លាក់ចោលឡើយ ហើយព្រមានថា នឹងមានការតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើគ្មានដំណោះស្រាយ។ លោកថា ពលរដ្ឋរងគ្រោះគ្រប់គ្នា សុទ្ធតែចង់ចេញតវ៉ា។
ពលរដ្ឋរងគ្រោះ៖ «បើសិនជាអូសបន្លាយទៅមុខទៀត អាចនឹងបងប្អូនយើងប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំ ព្រោះអីពួកគាត់កំពុងប្រមូលផ្តុំគ្នា គាត់គិតថា បើយើងនៅតែបន្តស្ងៀមស្ងាត់បែបនេះទៀត វាអត់មានដំណោះស្រាយអីទេ មានតែចេញតវ៉ាការរកអន្តរាគមន៍ថែមទៀត»។
ទោះជាយ៉ាងណា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលលោក គី តិច ដែលលោក ហ៊ុន សែន ចាត់ឱ្យការពារក្ដីប្រជាពលរដ្ឋរងគ្រោះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែធ្នូ ដោយបដិសេធការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ក្នុងសំណុំរឿងឆបោករបស់អ្នកស្រី ឡេង ចាន់ណា។
លោក គី តិច៖ «ពាក់ព័ន្ធនឹងរឿងហ្នឹង ខ្ញុំឆ្លើយខ្លីតាមខ្ញុំអត់ទម្លាប់ឆ្លើយទេ ក៏ប៉ុន្តែបើនិយាយការពាក់ព័ន្ធរបស់សម្ដេចនាយករដ្ឋមន្ត្រីជាមួយក្រុមហ៊ុនហ្នឹង គឺអត់មានទេ ជាការប្រឌិតទាំងស្រុងតែម្ដង»។
ពលករនៅប្រទេសកូរ៉េខាងត្បូងនិយាយថា នៅមុនការផ្ទុះចេញវិវាទក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ត្រូវលោក ហ៊ុន ម៉ាណែត និងបក្ខពួកប្រើប្រាស់ជាទីតាំងធ្វើការងារគណបក្សប្រជាជនកម្ពុជាផង និងជាកន្លែងរកស៊ីផង រហូតដល់ការធ្វើទីផ្សាររបស់ក្រុមហ៊ុននេះ ក៏ប្រើរូបភាពគណបក្សកាន់អំណាចតែម្ដង។ លោកថា អ្នករងគ្រោះ គ្រប់គ្នាចាញ់បោករូបភាពទីផ្សារ ដែលមានវត្តមានលោក ហ៊ុន ម៉ាណែត ការភ្ជាប់គណបក្សប្រជាជនកម្ពុជាជាមួយក្រុមហ៊ុន និងការធានាអះអាងរបស់មន្ត្រីជាន់ខ្ពស់ គណបក្សនេះ គឺមិនមែនទុកចិត្តអ្នកស្រី ឡេង ចាន់ណា នោះទេ។
«បញ្ជូនបក្សនៅសៀមរាបដូចជានៅថ្ងៃទី៣ ខែ៩ ឆ្នាំ២០២៣ ខ្ញុំរៀងភ្លេចដែរ កាលនោះមានវត្តសម្ដេច ហ៊ុន ម៉ាណែត គឺគាត់ទៅជាអធិបតីនៅក្នុងកម្មវិធីបញ្ជូននៅទីតាំងដីឡូត៍របស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ហ្នឹងតែម្ដង ហើយបុគ្គលិកក្រុមហ៊ុនហ្នឹងគាត់ចូលសមាជិកបក្សប្រជាជនកម្ពុជារាប់រយនាក់ដែរនៅហ្នឹង»។
ពលរដ្ឋរងគ្រោះនៅខេត្តកំពង់ចាម ប្រាប់ទូរទស្សន៍អាស៊ីសេរីថា តុលាការខេត្តសៀមរាបធ្វើមិនដឹងមិនឮ ពេលពួកគាត់ទៅសួរអំពីដំណោះស្រាយ។ លោកថា តុលាការបង្ហាញឥរិយាបថមិនខ្វល់ ពីព្រោះករណីឆបោកនេះ មានជាប់ពាក់ព័ន្ធ នឹងអ្នកកាន់អំណាច និងគណបក្សប្រជាជនកម្ពុជា។
ពលរដ្ឋរងគ្រោះ៖ «ខ្ញុំគិតថា មានអ្នកធំនៅពីក្រោយហើយ ព្រោះអ្នកធំហ្នឹង បានលាភសក្ការច្រើនដូចតា ស៊ាន បូរ៉ាត់ តា ស ថាវី។ តា ស ថាវី ផ្កាយ តា ស៊ាន បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយបងម៉ាណែត នេះ តាំងពីគាត់មិនទាន់ឡើងជានាយករដ្ឋមន្ត្រី»។
សំណុំរឿងរកស៊ីឆបោកដ៏ធំ របស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី រយៈពេល ជាង២ឆ្នាំមកនេះ តុលាការ បានចាប់ឃុំខ្លួននាយិកាក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកប្រមាណ ១០នាក់ដាក់ក្នុងពន្ធនាគារ។ បន្ថែមពីនេះ កាលពីខែសីហាកន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចព្យួរតំណែងអនុប្រធានអង្គភាពរបស់ខ្លួន និងមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ គឺលោក ស៊ាន បូរ៉ាត់ ព្រមទាំងព្យួរតំណែងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ ស ថាវី ដោយសារជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារជាមួយអ្នកស្រី ឡេង ចាន់ណា ដែរ។ លោក ស៊ាន បូរ៉ាត់ គឺជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ព្រោះលោក គឺជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន។ ទោះជាយ៉ាងណា មកទល់ពេលនេះ តុលាការ មិនទាន់ចាប់ខ្លួនមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ទាំងនេះឡើយ ហើយពលរដ្ឋ ក៏ពុំទាន់ទទួលបានដំណោះស្រាយអ្វីដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែធ្នូ ថា លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ត្រូវតែបំពេញតួនាទីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បើមិនដូច្នោះទេ មិនអាចគេចផុត ពីការចោទប្រកាន់របស់ប្រជាពលរដ្ឋរងគ្រោះបានឡើយ។
លោក ស៊ឹង សែនករុណា៖ «អ្វីៗទាំងអស់ហ្នឹង គឺដូចប្រជាពលរដ្ឋចោទប្រកាន់អ៊ីចឹង បើសិនជាអត់មានវិធានការតាមផ្លូវច្បាប់ណាមួយ រកដំណោះស្រាយនិងផ្ដល់យុត្តិធម៌ជូនពួកគាត់បាន។ អ៊ីចឹងការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកបង្កើត ឬក៏ពាក់ព័ន្ធឬក៏នៅពីក្រោយខ្នងហ្នឹង ជាពិតហើយ»។
អតីតឧកញ៉ា ឡេង ចាន់ណា នាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ត្រូវបានតុលាការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌចំនួនបី រួមមានបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងបទសម្អាតប្រាក់ កាលពីខែមីនា ឆ្នាំ២០២៤ និងត្រូវបានបញ្ចប់គោរមងារ «ឧកញ៉ា» ភ្លាមៗ នៅពេលនោះ នៅក្រោយការផ្ទុះបញ្ហាឆបោកនេះ ប្រមាណមួយឆ្នាំ។ ប្រជាពលរដ្ឋជាង ១ ម៉ឺន ២ពាន់នាក់ទាំងក្នុងប្រទេស និងទាំងពលករក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០លានដុល្លារ។
អ្នកស្រី ឡេង ចាន់ណា កាលនៅមានសេរីភាពធ្លាប់បាននិយាយថា ការចាត់ការណាមួយលើក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រីស្មើនឹងប៉ះពាល់លោក ហ៊ុន ម៉aណែត រហូតដល់អ្នកស្រីហ៊ានប្រកាសប្រាប់សមាជិកក្រុមហ៊ុនថា ប្រ៊ីលាន ស៊ីធី គឺជាក្រុមហ៊ុនរបស់លោក ហ៊ុន ម៉ាណែត៕









