
យោធាថៃបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ធ្នូ នេះ ប៉ុន្តែ កម្ពុជាពុំបានបាញ់ត្រឡប់ទៅវិញទេ។ នេះបើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ ២:១៥នាទីរសៀល ដោយយោធាថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។
ប្រភពដដែលបន្តថា កងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃភ្លាមៗឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជា។ តែយ៉ាងណាក៏ដោយ យោធាថៃបានបាញ់មកកម្ពុជា ជិត ២០នាទីទើបឈប់បាញ់វិញ ក្រោយពីកងកម្លាំងកម្ពុជាពុំបានបាញ់តប។
កម្ពុជាអះអាងថា ខ្លួនកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពីឧប្បត្តិហេតុនេះ និងគ្រោងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
លោក ហ៊ុន ម៉ាណែត បន្តថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ទោះជាយ៉ាងណា ក្នុងករណីបាញ់ប្រហារថ្មីនេះ ភាគីថៃបានចោទថា ខាងកម្ពុជាជាអ្នកផ្ទុះអាវុធមុនទៅវិញ។
កាសែត ឌឹ ណេសិន (The Nation) របស់ថៃចុះផ្សាយដោយស្រង់ការអះអាងរបស់ភូមិភាគ២របស់ថៃ ថា កម្ពុជាជាអ្នកបាញ់ទៅទឹកដីថៃមុន រហូតធ្វើឱ្យទាហានថៃ ២នាក់រងរបួសទៀតផង។ ខាងថៃអះអាងថា ក្រោយកម្ពុជាបាញ់មកខ្លួន ភាគីថៃបានបាញ់តបត្រឡប់ទៅវិញ រហូតដល់ម៉ោង ២.៥០នាទីរសៀលទើបបញ្ចប់ ហើយកំពុងបង្កើនការប្រុងប្រយ័ត្ន និងបានបញ្ជូនយោធាពីរនាក់ទៅមន្ទីរពេទ្យ ព្រមទាំងមានផែនការជម្លៀសប្រជាជនផង៕










