សាលាឧទ្ធរណ៍​បដិសេធ​ជាថ្មី សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
208
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម

សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែធ្នូ បាន​បើកសវនាការ​មុន អង្គ​សេចក្តី​លើ​បណ្តឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​ចោទ​អំពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង ការ​បញ្ចេញ​មតិ អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

បន្ទាប់ពី​បញ្ចប់​សវនាការ ចៅក្រម​សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ដដែល ដោយ​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំង ​បីនាក់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឡើយ​។ តុលាការ​លើក​ហេតុផល​ថា បណ្ដឹង ឧទ្ធរណ៍ របស់​ពួកគាត់​ផ្ទុយ​នឹង​មាត្រា ៣៨៤ នៃ​ក្រម​នីតិវិធី ព្រហ្មទណ្ឌ ដោយសារ បណ្ដឹង នេះ បាន​ផុត​រយៈពេល​កំណត់​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍។

ទោះជា​យ៉ាងណា នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែធ្នូ​ថា នីតិវិធី​ជា រឿង​មួយ ប៉ុន្តែ ក្នុង​កាលៈទេសៈ​យោធា​ថៃ កំពុង​ធ្វើសង្គ្រាម​ឈ្លានពាន បូរណភាព ទឹកដី​កម្ពុជា​នេះ អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ឯកភាព​ជាតិ និង ការ​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ ជា​រឿង​សំខាន់។ លោក​ថា តុលាការ និង​អាជ្ញាធរ គួរ​ពិនិត្យ​ពិចារណា​ដោះលែង សកម្មជន​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស បរិស្ថាន សហជីព សកម្មជន​សង្គម និង សកម្មជន នយោបាយ តាម​គោលការណ៍​បង្រួបបង្រួម​សាមគ្គី​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​រឹងមាំ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ចំនួន ៣​នាក់​រួមមាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ ត្រូវ​បាន​សមត្ថកិច្ច​នៃ ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ។ ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី ពួកគាត់ បាន​និយាយ​ពី​ការ​បញ្ចូល​ខេត្ត​ចំនួន ៤ របស់​ប្រទេស​កម្ពុជា​រួមមាន​រតនគិរី មណ្ឌលគិរី ក្រចេះ និង ស្ទឹងត្រែង នៅក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម (CLV-DTA)​។ ប៉ុន្តែ​ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ត្រីភាគី​នេះ​រួច​មក​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ