រដ្ឋាភិបាល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ស្នើ​ឱ្យ​ពលរដ្ឋ​​ទាំងអស់​រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​យោធា​ថៃ

0
241
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ជុំវិញ​ពិភពលោក បង្កើន​ចលនា​រួម​កម្លាំង​គ្នា​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា និង​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​ភាគី​ថៃ​យក​ធ្វើជា​លេស ចូល​មក​ឈ្លានពាន​កម្ពុជា។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី​១៨ ខែ​ធ្នូ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ជុំវិញ​ពិភពលោក រួមគ្នា​ធ្វើបាតុកម្ម ដើម្បី​ទាមទារ ចំនួន​៧​ចំណុច ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន រវាង​កម្ពុជា និង​ថៃ។ ចំណុច​ទាំងនេះ រួមមាន ការ​ថ្កោលទោស និង​ទាមទារ​ឱ្យ​យោធា​ថៃ បញ្ឈប់​ការឈ្លានពាន​មក​លើ​កម្ពុជា ការ​ជំរុញ​ឱ្យ​ភាគី​ថៃ ជា​ប្រទេស​ហត្ថលេខី ត្រូវ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ដែល​តម្រូវ​ឱ្យ​គោរព​អធិបតេយ្យភាព​គ្នា​ទៅវិញ​ទៅមក។

ក្នុង​នោះ រដ្ឋាភិបាល​ក្រៅប្រទេស​មួយ​នេះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ បង្ហាញ​ពី​រូបមន្ត​ជាក់លាក់ ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​លាង​លុយកខ្វក់ និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​លេស​របស់​យោធា​ថៃ ដែល​ប្រើ​ហេតុផល​នេះ​ជា​ឧបករណ៍​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ អំពី​ការឈ្លានពាន​របស់​ពួកគេ​មក​លើ​កម្ពុជា​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា បាន​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា ស្នើ​ទៅ​សហប្រធាន នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​ឡើងវិញ ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​យោធា​ថៃ ចូល​ឈ្លានពាន​កម្ពុជា និង​លើកយក​សំណុំ​រឿង​នេះ ប្ដឹង​ទៅ​តុលាការអន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ពាក់ព័ន្ធ​នឹង​ករណី​យោធា​ថៃ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​បំផ្លាញ​ប្រាសាទបុរាណ​ខ្មែរ។

ចំពោះ​ចំណុច​ចុងក្រោយ​វិញ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ពី​គោលជំហរ​ផ្សះផ្សា​ជាតិ ដោយ​ចាប់ផ្ដើម​ដោះលែង​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ និង​ត្រូវ​ទម្លាក់​ចោល​បទចោទប្រកាន់​របស់​ពួកគេ ដើម្បី​បើកផ្លូវ ឱ្យ​មាន​ការប្រកួតប្រជែង​នយោបាយ ដែល​មាន​ភាព​ត្រឹមត្រូវ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ពាក់ព័ន្ធ​នឹង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា នេះ​បាន​ទេ ដោយ​លោក​បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍។

នៅក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ ដូច​ផ្លេកបន្ទោរ​ពី​សំណាក់​កងទ័ព​ថៃ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​អ្នកមាន​ទស្សនៈ​ផ្ទុយ បាន​ទម្លាក់​រឿង​នយោបាយ​ចុះ ហើយ​រួមគ្នា​រៃអង្គាស​ថវិកា​ជួយ​ទៅដល់​ជនភៀសសឹក និង​ធ្វើបាតុកម្ម ទាមទារ​ឱ្យ​យោធា​ថៃ បញ្ឈប់​ការឈ្លានពាន​មក​លើ​កម្ពុជា។

ក៏ប៉ុន្តែ សម្រាប់​មេដឹកនាំ​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ឥស្សរជន​នយោបាយ​ថៃ​វិញ មិន​បាន​ប្រកាស​ពី​គោលជំហរ ឬ​បើកផ្លូវ​ដើម្បី​ផ្សះផ្សា​ជាតិ ជាមួយ​អ្នកនយោបាយ​ខ្មែរ​ដូចគ្នា​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូច​ឱ្យ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ រួបរួម​គ្នា ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ។ លោក​បន្ត​ថា ទាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស និង​ក្រៅប្រទេស អាច​ធ្វើ​ការងារ​ជាមួយគ្នា​បាន ដោយ​បែងចែក​ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា។

លោក ស៊ឹង សែនករុណា៖ «​រដ្ឋាភិបាល​ក្រៅប្រទេស បើ​អាច​ដើរ​តួនាទី​ណាមួយ ក្នុង​នាម​ជា​អ្នកនយោបាយ​ខ្មែរ ត្រូវធ្វើ​ការ​ទំនាក់ទំនង​បរទេស​នានា ជាមួយ​ប្រទេស​លោក​សេរី ឬ​ប្រទេស​មាន​ឥទ្ធិពល អាច​ធ្វើ​សេចក្ដីថ្លែងការណ៍ ឬ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ណាមួយ ដើម្បី​និយាយ​អំពី​ការ​ព្រួយ​បារម្ភ អំពី​ការឈ្លានពាន​របស់​ប្រទេស​ថៃ ទៅ​បណ្ដា​ប្រទេស​ទាំងអស់​នោះ»។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា បាន​អះអាង​ថា លក្ខខណ្ឌ​ទាំង ៧​ចំណុច ដែល​បាន​លើកឡើង​ខាងលើ​នេះ គឺជា​ដំណោះស្រាយ​ធ្វើ​ឱ្យ​កម្ពុជា មាន​ស្ថិរភាព ទាំង​នៅ​ចំពោះមុខ និង​យូរអង្វែង​។ នៅក្នុង​ហេតុផល​នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បង្កើន​ចលនា​ធ្វើបាតុកម្ម ទាមទារ​ការអនុវត្ត លើ​ចំណុច​ទាំង ៧​នេះ ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រងគ្រោះ និង​ជួប​ទុក្ខវេទនា នៅក្នុង​ប្រទេស​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ