
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន អះអាងថា ភាគីថៃនឹងដោះលែងទាហានកម្ពុជា ១៨នាក់ នៅថ្ងៃទី៣០ ខែធ្នូ នៅម៉ោង ១២ថ្ងៃត្រង់ ក្រោយអនុវត្តបទឈប់បាញ់រយៈពេល ៧២ម៉ោង។ ប្រមុខការបរទេសកម្ពុជារូបនេះបញ្ជាក់ថា ការព្រមព្រៀងនេះកើតឡើងក្នុងកិច្ចប្រជុំត្រីភាគីដែលមានចិនជាសាក្សី និងជួយសម្របសម្រួល។ អ្នកឃ្លាំមើលវាយតម្លៃថា ការដោះលែងទាហានកម្ពុជា និងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ មិនមែនកើតចេញពីការសម្របសម្រួលរបស់ប្រទេសចិនកុម្មុយនិស្តឡើយ គឺដោយសារតែរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន យល់ព្រមដើរតាមផ្លូវគូសវាសរបស់ចិន និងកាត់ដីឱ្យភាគីថៃ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅថ្ងៃទី២៩ ខែធ្នូ បានថ្លែងក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន និងដំណើរទស្សនកិច្ចរបស់លោក ២ថ្ងៃទៅប្រទេសចិនថា កម្ពុជាបានត្រៀមស្វាគមន៍វីវៈកងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលថៃបានចាប់ធ្វើជាឈ្លើយសឹក និងយល់ព្រមដោះលែងនៅថ្ងៃទី៣០ ខែធ្នូ នៅម៉ោង ១២ថ្ងៃត្រង់ក្នុងករណីភាគីកម្ពុជា និងថៃ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើបទឈប់បាញ់ក្នុងរយៈពេល ៧២ម៉ោង។
ក្រៅពីនេះ លោកថា ភាគីចិនក៏បានតៀមខ្លួនផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹកតាមព្រំដែន និងជំនួយបច្ចេកទេសផ្សេងៗដូចជាការសម្អាតមីននៅតាមព្រំដែន និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
លោក ប្រាក់ សុខុន៖ «ខ្ញុំបានសួរបញ្ជាក់ភាគីថៃថា តើគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានដឹង និងសម្របសម្រួលបញ្ហានេះហើយឬនៅ? គាត់ថា បាន។ អ៊ីចឹងយើងក៏ត្រៀមលក្ខណៈដែរ ហើយសង្ឃឹមថា មិនមានបញ្ហាអីកើតឡើងពេលនេះ ទៅដល់ថ្ងៃត្រង់ថ្ងៃស្អែកទេ ហើយនឹងទទួលបានស្វាគមន៍ទាហានយើងទាំង ១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធកូនឪពុកម្ដាយរបស់គាត់វិញ»។
ការព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថៃ និងចិន នៅខេត្តយូណាន (Yunnan) ប្រទេសចិនកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ។ សេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិនឱ្យដឹងថា ប្រមុខរដ្ឋមន្ត្រីការបរទេសទាំងបី បានជជែកលើការពង្រឹង និងអនុវត្តបទឈប់បាញ់ជាអាទិភាពចម្បង រួមទាំងការស្ដារទំនាក់ទំនងការទូតរវាងកម្ពុជាថៃឡើងវិញ និងប្ដេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនដូចជា អំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្សជាដើម។ ក្រៅពីនេះ កម្ពុជា និងថៃ ក៏បានព្រមព្រៀងគ្នាប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន ដើម្បីធានាថា បទឈប់បាញ់ត្រូវបានអនុវត្តតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាព។
ក្រៅពីជំនួបត្រីភាគី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក៏បានជជែកទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ក្នុងការបន្តប្ដេជ្ញាកសាងជោគវាសនារួមគ្នា និងរឹតចំណងមិត្តភាពដែកថែប។ ភាគីកម្ពុជា និងចិនប្រកាសពីការបន្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយឥតងាករេ លើការជំរុញវិស័យអាទិភាពទាំង ៦រួមមាន នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ទោះជាយ៉ាងណា កិច្ចប្រជុំត្រីភាគីដែលរៀបចំដោយប្រទេសចិនកុម្មុយនិស្តត្រូវបានអ្នកឃ្លាំមើលវាយតម្លៃថា ភាគីចិនកំពុងឆ្លៀតឱកាសកេងចំណេញនយោបាយនៅក្នុងឆាកអន្តរជាតិ និងចង់ព្យាយាមបន្សាបឥទ្ធិពលដំណោះស្រាយយន្តការអាស៊ាន និងអន្តរជាតិ នៅក្នុងការសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ភាគីចិនគ្មានឥទ្ធិពលក្នុងការជួយដោះស្រាយក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃឡើយ។ លោកបន្តថា ការចេញមុខរបស់ចិនក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជាថៃ គឺភាគីចិនចង់បង្ហាញឥទ្ធិពល និងទាញប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពីភាគីជម្លោះ និងចោទថា ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺដោយសារតែរដ្ឋាភិបាលត្រកូល ហ៊ុន យល់ព្រមកាត់ទឹកដីឱ្យភាគីថៃ។
លោក គឹម សុខ៖ «ការឈប់បាញ់គ្នានេះមិនមែនព្រោះតែឥទ្ធិពលរបស់ចិនទេ គឺព្រោះតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្រមធ្វើតាមថៃ និយាយឱ្យចំព្រមធ្វើជាអាយ៉ងរបស់ថៃដោយចេញមុខ ដូចដែលធ្វើអាយ៉ងរបស់វៀតណាមអ៊ីចឹង។ ចាប់ពីពេលនេះតទៅរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន នឹងស្ដាប់តាមថៃនូវរបៀបដែលគូសវាសលើបញ្ហាជម្លោះព្រំដែន។ បើទោះបីជាមានឯកសារស្របច្បាប់គ្រប់គ្រាន់ក្នុងការការពារកម្ពុជាក៏ដោយ តែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងបំភ័ន្តប្រជាពលរដ្ឋខ្មែរ ដោយឱ្យពលរដ្ឋខ្មែរលេបថ្នាំពុលសន្តិភាព ថ្នាំពុលរួបរួមជាតិរបស់ពួកគាត់ ហើយភ្លេចគិតពីតាក់ទិក (Tactics) និងល្បិចកលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវកាត់ដីកម្ពុជាទៅឱ្យភាគីថៃ»។
កម្ពុជា និងថៃបានឯកភាពអនុវត្តបទឈប់បាញ់ជាបន្ទាន់សាជាថ្មីកាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ក្រោយមានកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្រោយយោធាថៃបានវាយប្រហារឈ្លានពានកម្ពុជាយ៉ាងកម្រោលដោយអាវុធធុនធ្ងន់ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ។ យ៉ាងណាក៏ដោយ ក្រោយអនុវត្តបទឈប់បាញ់នេះ គឺបានបន្សល់នូវមន្ទិលសង្ស័យដល់ពលរដ្ឋលើទីតាំងឈរជើងដែលយោធាថៃកំពុងកាន់កាប់ ដូចជាតំបន់អានសេះ ដែលកងវិស្វកម្មថៃបានប្រើគ្រឿងចក្របំផ្លាញរូបសំណាកព្រះវិស្ណុ និងរូបសំណាក់លោកតាអ៊ុំ និងផ្សារនៅច្រកអានសេះ ខណៈផ្ទះសម្បែងដីធ្លីនៅតាមព្រំដែន និងកាស៊ីណូដូចជានៅតំបន់អូរស្មាច់ជាដើមត្រូវបានទាហានថៃព័ទ្ធបន្លាលួស។
អ្នកឃ្លាំមើលវាយតម្លៃថា ការចរចាទ្វេភាគី និងដោះស្រាយរវាងរដ្ឋាភិបាលត្រកូល ហ៊ុន ជាមួយថៃជុំវិញបញ្ហាជម្លោះក្រោយទទួលយកបទឈប់បាញ់នេះ គឺមិនមានស្ថិរភាព ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពេញលេញអំពីមហិច្ឆតាឈ្លានពានរបស់ថៃឡើយ។ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលឪកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត យកបញ្ហាជម្លោះព្រំដែនជាមួយថៃទៅដោះស្រាយតាមយន្តការអន្តរជាតិ និងប្ដឹងភាគីថៃទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យទទួលខុសត្រូវចំពោះសង្គ្រាមវាយប្រហារឈ្លានពានកម្ពុជាតាំងពីខែកក្កដា៕










