

អ្នកជំនាញការទូត និងអ្នកវិភាគនយោបាយកម្ពុជាជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំផែនការធ្វើទំនើបកម្មវិស័យការពារជាតិ ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពានទៅថ្ងៃអនាគត។ ពួកគេថាឆ្លងកាត់សង្គ្រាមព្រំដែនពីរលើកនេះជាមួយយោធាថៃក្នុងឆ្នាំ២០២៥ កម្ពុជារងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារទាហានថៃបានប្រើអាវុធទំនើបរហូតដល់យន្តហោះ F-16 និងដ្រូនបាញ់ស្រោចសន្ធាប់មកលើទឹកដីកម្ពុជា ខណៈកម្ពុជាពុំមានអាវុធធន់ធ្ងន់តបតជាមួយនឹងយោធាថៃឡើយ។
បើទោះជាកម្ពុជាក្រោមការដឹកនាំនៃគ្រួសារត្រកូល ហ៊ុន បានបិទបញ្ចប់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំមកហើយក្តី ក៏វិស័យការពារជាតិកម្ពុជានៅមិនទាន់រឹងមាំបើប្រៀបធៀបជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃនិងវៀតណាមដែលមានកម្លាំងសេដ្ឋកិច្ចខ្លាំង និងប្រជាជនច្រើន ដែលជាហេតុធ្វើឱ្យអ្នកឃ្លាំមើលព្រួយបារម្ភពីការរំលោភបំពានបូរណភាពទឹកដីកម្ពុជានៅពេលអនាគត។
សាស្ត្រាចារ្យជំនាញការទូត និងកិច្ចការសកលនៅមហាវិទ្យាល័យ Occidental College សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ មករា ថា ឆ្លងកាត់ការផ្ទុះអាវុធជាលើកទី២ រវាងកម្ពុជា-ថៃ មេរៀនដែលសំខាន់គឺ កម្ពុជា ត្រូវការធ្វើកំណែទម្រង់វិស័យយោធាជាបន្ទាន់ ដោយពង្រឹងគុណភាពនិងសមត្ថភាពរបស់កងទ័ព ជាជាងការពង្រីកចំនួនមនុស្ស។ លោកថា នេះគឺជាការកែលម្អវិជ្ជាជីវៈ ការគ្រប់គ្រង ហើយរដ្ឋាភិបាលកម្ពុជាត្រូវជៀសវាងការយកកងកម្លាំងប្រដាប់អាវុធធ្វើជាឧបករណ៍នយោបាយបំរើ និងការពារអំណាចរបស់ខ្លួន។
លោក អៀ សុផល បានឲ្យដឹងទៀតថា រដ្ឋាភិបាលត្រូវបង្រួមចំនួនយោធាឲ្យតូចជាងមុន ដើម្បីងាយស្រួលទទួលបានការបណ្តុះបណ្តាលកាន់តែមានគុណភាពនិងមានវិន័យកាន់តែប្រសើរ។ លោកថា ក្នុងការពារទឹកដីរបស់ខ្លួនដែលនៅសេសសល់ ពលរដ្ឋកម្ពុជាមិនអាចពឹងផ្អែកលើគំនិតជាតិនិយម ឬការទាមទារតាមរយៈប្រវត្តិសាស្ត្រតែមួយបានទេ គឺត្រូវពឹងលើកម្លាំងយោធាមានគុណភាព និងខឿនការពារជាតិខ្លាំង នៅពេលដែលប្រឈមមុខនឹងប្រទេសជិតខាងដែលមានកម្លាំងយោធាខ្លាំងជាង។
លោក អៀ សុផល បន្ថែមទៀតថា៖«កម្ពុជាត្រូវវិនិយោគតាមព្រំដែន ដើម្បីកុំឱ្យវិបត្តិសន្តិសុខក្លាយជាវិបត្តិនយោបាយ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវលោកបណ្ឌិត សេក សុជាតិ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា បន្ទាប់ពីសង្គ្រាមពីរលើកជាមួយថៃ រដ្ឋាភិបាលកម្ពុជាត្រូវតែគិតគូរពង្រឹងសមត្ថភាពរបស់យោធានៅគ្រប់អង្គភាពទាំងអស់ជាពិសេសកងទ័ពការពារព្រំដែនជួរមុខដើម្បីឲ្យពួកគាត់អាចមានជំនាញប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗ។
លោក សេក សុជាតិ បានឲ្យដឹងបន្ថែមទៀតថា កងទ័ពទាំងអស់មិនថា ជាស្ថាប័នប៉ូលិស ប៉េអិម រឺទាហាននោះទេ រដ្ឋាភិបាលត្រូវបន្ថែមជំនាញឌីជីថលទៅដល់ពួកគាត់។ លោកថា កងទ័ពជួរមុខត្រូវបណ្តុះបណ្តាលឱ្យមានជំនាញ ក្នុងការប្រយុទ្ធការប្រើប្រាស់អាវុធទំនើប។
លោក សេក សុជាតិ៖ «កម្ពុជាក៏ត្រូវពង្រឹងសមត្ថភាពកងទ័ពដោយធ្វើការពិចារណាក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងការបើកយន្តហោះចម្បាំង និងបញ្ជាទិញយន្តហោះចម្បាំងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។
លោក សេក សុជាតិ បន្ថែមទៀតថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពធនធានមនុស្ស ហើយនឹងបំពាក់នូវឧបករណ៍ឆ្លាតវៃដើម្បីធ្វើឲ្យមានភាពប្រាកដប្រជានិងរឹងមាំនៅក្នុងការការពារ ការតាមដានស្ថានការណ៍ទាក់ទងទៅនឹងព្រំដែន។ មួយវិញទៀត លោកថា កម្ពុជាក៏ត្រូវទិញអាវុធធន់ធ្ងន់ និងអាវុធទំនើបផ្សេងៗទៀតផងដែរ។
ប្រធាននៃស្ថាប័នអធិបតេយ្យភាពជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីកន្លងមកថា រដ្ឋាភិបាលគួរតែបង្កើនការចំណាយលើវិស័យការពារជាតិដើម្បីធ្វើទំនើបកម្មសព្វាវុធ ពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជាក្នុងការការពារទឹកដីជាពិសេស បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសថៃ។
លោកបញ្ជាក់បន្ថែមថា៖ «រដ្ឋាភិបាលក៏គួរតែគិតទៅដល់ សម្ភារៈយោធា ឱ្យដូចទៅនឹងអ្វីដែលលោកហ៊ុន សែន បំពាក់ទៅឲ្យកងអង្គរក្សរបស់លោកផងដែរ»។
ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ នៅថ្ងៃ១៤ កក្កដា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី ប៉ុន្តែលោកក៏ទទួលស្គាល់ថា កម្ពុជាមិនអាចនៅនឹងថ្កល់នោះទេ ដោយសារតែការរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា ក៏ត្រូវតែបន្តធ្វើទំនើបកម្ម និងការកែសម្រួលអង្គភាពទ័ព និងធនធានមនុស្សក្នុងវិស័យការពារជាតិ ឱ្យស្របនឹងការវិវឌ្ឍបច្ចេកវិទ្យា ដើម្បីធានា និងបង្កើនប្រសិទ្ធភាពការពារជាតិរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត៖ «ការពង្រីកនឹងទំនើបកម្មកងទ័ពទៅថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធភាព ខ្ញុំប្រើពាក្យថា ទំនើបកម្មកងទ័ព ពាក្យថាទំនើបកម្មកងទ័ពនោះគឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងការធ្វើទំនើបកម្មគ្រឿងបំពាក់ សមត្ថភាពបំពាក់»។
បើទោះជាលោក ហ៊ុន ម៉ាណែត អះអាងពីការធ្វើទំនើបកម្មកងទ័ពដូចនេះក្តី ក្រោមការដឹកនាំរបស់លោកជាង២ឆ្នាំមកនេះ គេសង្កេតឃើញថា កំណែទម្រង់កងទ័ពនៅមានកម្រិត អំពើពុករលួយ បក្ខពួកនិយមនៅក្នុងវិស័យកងទ័ពនៅតែកើតមាន ខណៈខឿនការពារជាតិរបស់កម្ពុជាទាំងផ្លូវគោក ទឹក និងអាកាសនៅទន់ខ្សោយ ដែលធ្វើឱ្យកម្ពុជាពិបាកតបតនៅពេលមានសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាង។

រដ្ឋាភិបាលស្នងអំណាចពីឪពុក លោក ហ៊ុន ម៉ាណែត គ្រោងចំណាយថវិការដ្ឋឆ្នាំ២០២៦ សរុបប្រមាណ ១០ពាន់លានដុល្លារដែលថវិកាមួយភាគធំ ផ្ដោតទៅលើកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ប៉ុន្តែរដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ចំនួន ៣.១ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ដើម្បីយកមកបង្គ្រប់លើគម្រោងចំណាយនេះ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរកឃើញថា សង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុងឆ្នាំ២០២៥នេះ ទាហានថៃបានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុល (សារធាតុគីមី) គ្រាប់កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់អាវុធធុនមធ្យមនិងស្រាល យន្តហោះចម្បាំង F-16 និង T-50TH រថយន្តបាញ់រ៉ុកកែតប្រភេទ DTI-2 នាវាចម្បាំងយ៉ាងច្រើនឥតគណនាមកលើទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ តំបន់មូលដ្ឋានកងទ័ពកម្ពុជា និងគោលដៅស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ភូមិករ និងដីស្រែចម្ការប្រជាពលរដ្ឋជាដើម។ គ្រាប់បែកដែលបន្សល់ពីស្លាកស្នាមសង្គ្រាមនេះ នឹងប៉ះពាល់ដល់គម្រោងបោសសម្អាតមីននៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០៣០៕









