

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យពលរដ្ឋពង្រឹងសមត្ថភាព មានវិន័យ និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីអាចជួយគ្រួសារ និងសង្គមជាតិ ខណៈលោករងការរិះគន់ថា ជាមេដឹកនាំដែល «អសមត្ថភាព» និង «ខ្វះទំនួលខុសត្រូវខ្ពស់»លើការដឹកនាំប្រទេសជាតិ ឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យ ប្រទេសជិតខាងប្រមាថមើលងាយ និងឈ្លានពានយកទឹកដីតាមអំពើចិត្ត។
លោកនាយករដ្ឋមន្ត្រី លោក ម៉ាណែត នៅថ្ងៃទី០១ ខែឧសភា បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅឯកំពង់ផែស្វយ័ត ក្រុងព្រះសីហនុថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ។ លោកថា រដ្ឋាភិបាលរបស់លោក បានខិតខំ បន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ឱ្យកាន់តែរីកចម្រើន សម្រាប់ទ្រទ្រង់កំណើនសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើន សេដ្ឋកិច្ចជាតិ កាន់តែមានភាពជឿនលឿន ជាងមុន។
លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានប្រសិទ្ធភាព ដើម្បីជួយដល់ការអភិវឌ្ឍន៍ជាតិ នាពេលអនាគត។ ក្នុងនោះលោកបានលើកពីគុណវិបត្តិនៃក្មេងទំនើងដែលចេះតែបន្តកើនឡើង ហើយអាជ្ញាធរកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹង។ ឆ្លៀតក្នុងវេទិកានោះដែរ លោកក៏បានរិះគន់ បែបប្រយោល មកលើអ្នកវិភាគមួយចំនួននៅក្រៅប្រទេស ដែលតែងតែ រិះគន់ មកលើការដឹកនាំរបស់លោកថា គ្មានមូលដ្ឋានច្បាស់លាស់។ បន្ថែមពីលើនោះលោក បានណែនាំដល់ពលរដ្ឋខ្មែរ ឱ្យពង្រឹង សមត្ថភាព មានវិន័យគ្រួសារ និង មានទំនួលខុសត្រូវខ្ពស់ ដើម្បីជួយដល់គ្រួសារ និងសង្គមជាតិ ឱ្យកាន់តែ រីកចម្រើន។
លោក ហ៊ុន ម៉ាណែត៖ «ទល់តែមានវិន័យឆន្ទៈការទទួលខុសត្រូវ ទើបផែនេះរីកចម្រើន ប្រទេសជាតិក៏ដូចគ្នា ត្រូវការមនុស្ស ត្រូវការធនធានមនុស្ស។ ជាពិសេសយុវជនដែលមានវិន័យមានសមត្ថភាព និងមានឆន្ទៈក្នុងការពង្រឹងខ្លួន។ នៅពេលដែលគាត់ម្នាក់ៗរីកចម្រើន គ្រួសារគាត់រីកចម្រើន គ្រួសារគាត់រីកចម្រើន គឺធ្វើឱ្យសង្គមជាតិរីកចម្រើន។ នេះគឺជាគោលដៅរបស់យើង»។
បើទោះជា លោក ហ៊ុន ម៉ាណែត តែងតែយកវេទិកាសាធារណៈ ជាកន្លែងណែនាំប្រៀនប្រដៅមកលើពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន ឱ្យធ្វើល្អ អភិវឌ្ឍន៍ខ្លួន ចេះសាមគ្គីគ្នា និងឱ្យមានទំនួលខុសត្រូវខ្ពស់លើគ្រួសារ និងសង្គមជាតិក្ដី លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា ជាអ្នកដឹកនាំដែលពូកែតែវោហារសព្ទ ប៉ុន្តែពុំសូវមានខ្លឹមសារ ឬសាច់ការជាក់ស្ដែងនោះទេ។
កន្លងមក លោកតែងអំពាវនាវឲ្យពលរដ្ឋ ចេះសាមគ្គីគ្នា និងមានសិទ្ធិឈឺឆ្អាលរឿងបញ្ហាព្រំដែន ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលរបស់លោក នៅតែបន្តបង្ក្រាបលើសំឡេងរិះគន់និងសំឡេងប្រឆាំងឥតឈប់ឈរ។ លើសពីនេះពលរដ្ឋយល់ថា បញ្ហាពលរដ្ឋធ្លាក់ខ្លួនក្រីក្រ គ្មានសមត្ថភាព គ្មានវិន័យ គឺជាកំហុសរបស់មេដឹកនាំ ដូច្នេះលោក ហ៊ុន ម៉ាណែត គួរតែប្រើតួនាទីកែប្រែសង្គមឲ្យបានល្អត្រឹមត្រូវ មិនមែនបានត្រឹមតែសូត្រទ្រឹស្ដីឥតបានការនោះទេ។
បន្ថែមពីនេះ ពលរដ្ឋសង្កត់ធ្ងន់ថា លោក ហ៊ុន ម៉ាណែត គួរដល់ពេលផ្សះផ្សាជាតិ ស្អារប្រជាធិបតេយ្យ និងលុបបំបាត់អំពើពុករលួយ ដើម្បីមានឱកាសកសាងប្រទេសឲ្យខ្លាំង ដើម្បីទាមទារទឹកដីដែលយោធាថៃ កំពុងឈ្លានពានកាន់កាប់។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា កន្លងមក លោក ហ៊ុន ម៉ាណែត តែងតែនិយាយអំពីការផ្សះផ្សាយជាតិ ការសាមគ្គីជាតិ និងការប្រឆាំងនឹងអំពើពុករលួយ និងអយុត្តិធម៌សង្គមជាដើម ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានត្រឹមតែនិយាយ និងសន្យាខ្យល់។ លោកថា បច្ចុប្បន្នប្រទេសជាតិ នៅតែបន្តបាក់បែក ពលរដ្ឋខ្មែរ នៅតែរងគ្រោះដោយសារតែភាពអយុត្តិធម៌សង្គម បក្ខពួកនិយម អំពើពុករលួយ និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល ក្រោយពីពួកគាត់បានប្រើប្រាស់ សិទ្ធិសេរីភាពបញ្ចេញមតិ។
«ខ្ញុំយើងមានប្រសិទ្ធភាពតែមួយទេ គឺចាប់មនុស្សដាក់គុក។ អ្នកដែលរិះគន់ទិតៀនក្រុមគ្រួសារគាត់ ទិតៀនរដ្ឋាភិបាលគាត់ដែលអសកម្ម និងអសមត្ថភាព គាត់ចាប់គេដាក់គុក ហើយលឿនណាស់ វិធានការចាប់មនុស្សដាក់គុកទាំងអយុត្តិធម៌។ ចំណែកឯវិធានការកម្ចាត់អំពើពុករលួយ វិធានការពង្រឹងវិស័យច្បាប់សន្តិសុខសង្គម បំបាត់ ឧក្រិដ្ឋកម្មអនឡាញជាដើម ធ្វើអត់ដែលមានប្រសិទ្ធភាពពិតប្រាកដទេ គឺមានតែការបកស្រាយបំភាន់បន្ថែម»។
លោក ម៉ែន ណាត យល់ថា ដើម្បីឱ្យពាក្យសម្ដីរបស់ លោក ហ៊ុន ម៉ាណែត មានតម្លៃក្នុងក្រសែភ្នែកពលរដ្ឋ គឺទល់តែលោកហ៊ុន ម៉ាណែត និងមន្ត្រីគ្រប់ជាន់ថ្នាក់ និយាយតិច ជាងធ្វើ ។ លោកបន្តថា ការធ្វើ គឺធ្វើកិច្ចការបម្រើប្រយោជន៍ពលរដ្ឋ និងជាតិជាធំ ហើយប្រសិនបើ អសមត្ថភាព ក្នុងការដោះស្រាយបញ្ហា ដូចបញ្ហាសេដ្ឋកិច្ច និងបញ្ហាបូរាណភាពទឹកដីជាដើមត្រូវហ៊ានចុះចេញអំណាច ដើម្បី ផ្ដល់ជាគំរូភាពដល់មន្ត្រីដទៃទៀត។ ទន្ទឹមគ្នានោះ លោកថា បញ្ហាដែលពលរដ្ឋតែងចង់ឃើញបំផុតនៅពេលនេះ គឺ ការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងគ្មានការលើកលែង ចំពោះ អ្នកដែល កិបកេង ថវិកាជាតិ ដើម្បីប្រយោជន៍ខ្លួន និងអ្នកដែលពាក់ព័ន្ធ ឧក្រិដ្ឋកម្ម ឆបោកតាម អនឡាញ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ។
លោក ម៉ែន ណាត៖ «អ្វីដែលបច្ចុប្បន្ន មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចង់ឃើញកម្ពុជាផ្សះផ្សាស្មារតីជាតិ ស្របតាមរដ្ឋធម្មនុញ្ញ ហើយចង់ឃើញកម្ពុជាវិលត្រឡប់ទៅរកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងចង់ឃើញការបង្ក្រាបឧក្រិដ្ឋកម្ម អនឡាញជាក់ស្ដែង។ មួយទៀត ចង់ឃើញរដ្ឋាភិបាលកម្ពុជាការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាងឱ្យបានពិតប្រាកដដែរ»។
អ្នកឃ្លាំមើលលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាង៣ឆ្នាំមកនេះ បានបរាជ័យក្នុងការដោះស្រាយ បញ្ហាជាតិជាច្រើន ដូចជាបញ្ហាអំពើពុករលួយ ពលរដ្ឋ គ្មានការធ្វើសមរម្យ ឧក្រិដ្ឋកម្មអនឡាញ ការរំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះនៃប្រព័ន្ធប្រជាធិបតេយ្យ ការបែកបាក់ផ្ទៃក្នុងជាតិ និងអសមត្ថភាពក្នុងការការពារទឹកដីពីការឈ្លានពាន របស់យោធាថៃ។ បញ្ហាទាំងនេះហើយ ដែលពួកគាត់ថា រាល់ការនិយាយ របស់រដ្ឋាភិបាល លោក ម៉ាណែត នៅតាមវេទិកានានា ភាគច្រើនមាន លក្ខណៈបន្លែបន្លំ និងប្រជាភិថុតិ ដើម្បីបិទបាំងពីភាពកម្សោយរបស់ខ្លួន៕









