

មេធាវីស្នើសុំតុលាការដោះលែងលោក ថាច់ សេដ្ឋា ឲ្យមានសេរីភាពវិញ ដោយថា កូនក្ដីរបស់លោកបានអនុវត្តទោសគ្រប់ចំនួនតាមនីតិវិធីច្បាប់តាំងពីថ្ងៃ ទី ២០ ខែមេសា ប៉ុន្តែមកដល់នេះ លោកមិនទាន់ត្រូវដោះលែងនៅឡើយ។ សង្គមស៊ីវិល ចាត់ទុកការបន្តឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ គឺជាការ បំពានគោលការណ៍ច្បាប់ និងរំលោភសិទ្ធិរបស់គាត់ធ្ងន់ធ្ងរ។
មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០១ ខែឧសភា ថា លោកបានដាក់ពាក្យស្នើសុំទៅតុលាការ ដោះលែងកូនក្ដីឲ្យមានសេរីភាពកាលពីថ្ងៃទី២៨ ខែមេសា ដែលធ្វើឡើងទៅតាមស្មារតីច្បាប់។
លោកបន្តថា តុលាការផ្ដន្ទាទោសកូនក្ដីចំនួនពីរបទល្មើស ដោយសំណុំរឿងទី១ ពាក់ព័ន្ធបទចោទប្រកាន់ចេញសែកស្អុយគ្មានសាច់ប្រាក់ ដែលត្រូវជាប់ពន្ធនាគារ ១ ឆ្នាំ៦ ខែ ដោយគិតចាប់ពីថ្ងៃឃុំខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ចំណែកសំណុំរឿងទី២ ពាក់ព័ន្ធនឹងបទ«ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» និង«ញុះញង់ឲ្យមានការរើសអើង»វិញ តុលាការកាត់ឲ្យកូនក្ដី លោកមានទោស ៣ ឆ្នាំ និងពិន័យប្រាក់ ៤ លានរៀល ខណៈសំណុំរឿងនេះ តុលាការបានចេញដីកាឃុំខ្លួននៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ ហើយគិតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កូនក្ដីរបស់លោក ក៏បានអនុវត្តទោសគ្រប់ចំនួនតាមច្បាប់។
លោក សឺន ជុំជួន៖ «តាមស្មារតីច្បាប់បាន ចែងថា ទណ្ឌិតអនុវត្តទោសដោយចាប់ផ្ដើមរាប់ពី ថ្ងៃទណ្ឌិតត្រូវ បានឃុំខ្លួនជាផ្លូវការ ថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន រាប់បញ្ជូនមុនពេលសាលក្រម ឬក៏មុនពេលសាលដីកាចូលជាស្ថាពរ ប៉ុន្តែបើយើងគិតបញ្ជូនទាំងស្រុងទៅក្នុងថេរវេលាទោស ដែលដាក់ពន្ធនាគារហ្នឹង ត្រូវបានទទួលហ្នឹង គឺគាត់បានអនុវត្តចប់គ្រប់ហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ។ អ៊ីចឹងមូលហេតុទាំងអស់នេះហើយ ដែលយើងសំអាងទៅស្មារតីច្បាប់ ដែល បានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌផង ទើបយើងសម្រេច ដាក់ពាក្យស្នើសុំឲ្យព្រះរាជអាជ្ញា ឬតំណាងអយ្យការ ធ្វើការដោះលែងគាត់ឲ្យមាន សេរីភាព»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ នៅថ្ងៃទី០១ ខែឧសភា។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា មានដើមកំណើតខ្មែរក្រោម ត្រូវ បានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អំឡុងពេល ដែលរដ្ឋាភិបាលរបស់ត្រកូលហ៊ុន បើកយុទ្ធនាការរារាំង និងកម្ទេចគណបក្ស ប្រឆាំង នៅមុនការបោះឆ្នោត ដែលលោក ហ៊ុន សែន និងក្រុមមេដឹកនាំ កំពូលៗ របស់បក្សប្រជាជនកម្ពុជា ត្រៀមផ្ទេរអំណាចជាប្រព័ន្ធឲ្យកូនៗរបស់ពួកគេ។
តុលាការគ្រប់ជាន់ថ្នាក់ បានផ្ដន្ទាទោសលោក ថាច់ សេដ្ឋា នៅក្នុងសំណុំរឿងចេញ សែកអត់ប្រាក់ឲ្យជាប់ពន្ធនាគារ១៨ខែ។ ចំណែកសំណុំរឿងញុះញង់មួយ ទៀត តុលាការផ្ដន្ទាទោសឲ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ទាក់ទង លោក និយាយ ពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ ៧មករានៅក្នុងវេទិកាជាមួយអ្នកគាំទ្រនៅក្រៅប្រទេសកាលខែមករា ឆ្នាំ២០២៣។ ការកាត់ទោសលោក ថាច់ សេដ្ឋា ទាំងពីរសំណុំរឿងនេះ ត្រូវបានគេមើលឃើញថា ជារឿងនយោបាយសុទ្ធសាធ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ជាទូទៅនៅក្នុងនីតិវិធីច្បាប់ នៅពេលដែលទណ្ឌិតណាម្នាក់ អនុវត្តទោសគ្រប់ចំនួន ហើយមិនមានពាក់ព័ន្ធនឹងទោសថ្មី ឬក៏មិនមានដីកាចេញពីតុលាការ ក្នុងការសម្រេចបន្តឃុំខ្លួនទៀតទេ គឺទណ្ឌិតនោះ នឹងត្រូវដោះលែងជាបន្ទាន់។ លោកថា ប្រសិនបើការឃុំខ្លួន ដោយគ្មានមូលហេតុ ឬមិនមានចេញដីកាសម្រេចបន្តឃុំខ្លួន ក្នុងករណីផ្សេងណាមួយនោះទេ លោកថា ការឃុំខ្លួននោះ គឺខុសច្បាប់។
លោក នី សុខា៖ «បើសិនជាករណីនោះ មិនមានពាក់ព័ន្ធនឹងរឿងថ្មី ហើយក៏មិនមានដីកាបន្តឃុំខ្លួនពីតុលាការ ខ្ញុំគិតថា ករណីដែលឃុំខ្លួននោះ គឺជាអំពើមួយដែលខុសច្បាប់ ហើយអ្នកដែលទទួលរងនៅអយុត្តិធម៌មានសិទ្ធិ នៅក្នុងការប្ដឹងដើម្បីទាមទារ។ អ្នកដែលឃុំខ្លួនគេខុសច្បាប់ហ្នឹង គឺនៅក្នុងក្រមព្រហ្មទណ្ឌ គឺមានទោសផងដែរ»។
ទោះបីប្រទេសកម្ពុជា រងការឈ្លានពានទឹកដីពីប្រទេសជិតខាងក៏ដោយ ប៉ុន្តែ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើ អ្នកនយោបាយ សកម្មជន នយោបាយ បរិស្ថាន និងសកម្មជនសង្គម អ្នកប្រើប្រាស់ បណ្ដាញសង្គម ព្រមទាំងអ្នកសារព័ត៌មាន។
សង្គមស៊ីវិល និងអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាល និងតុលាការដោះលែង អ្នកជាប់ឃុំដោយសារមូលហេតុនយោបាយ និងការបញ្ចេញមតិស្របច្បាប់ ទាំងជាង ១០០ នាក់ឲ្យមានសេរីភាពវិញ ដើម្បីលើកម្ពស់សិទ្ធិពលរដ្ឋ ក្នុងប្រទេសប្រកាន់ប្រជាធិបតេយ្យ និងឈានទៅផ្សះផ្សាបង្រួបបង្រួមជាតិឡើងវិញ។ ពួកគាត់ថា ប្រសិនបើនៅតែបន្តឃុំខ្លួនពួកគេនោះ ការផ្សះផ្សា និងបង្រួបបង្រួមជាតិ មិន អាចធ្វើទៅបានឡើយ ពីព្រោះអ្នកដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួន មិនបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌ ដូចការចោទប្រកាន់របស់តុលាការ ប៉ុន្តែការចាប់ និងឃុំ ពួកគេគឺពាក់ព័ន្ធនឹងរឿងនយោបាយ៕









