សង្គម​ស៊ីវិល​បន្ត​ទាមទារ​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​១២​ឆ្នាំមុន

0
139
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ Photo Courtesy of RFA
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ Photo Courtesy of RFA

សង្គម​ស៊ីវិល​បន្ត​ទាមទារ​រក​យុត្តិធម៌​ដល់​កម្មករ​ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា នៅ​ផ្លូវ​វេងស្រេង កាលពី ១២​ឆ្នាំមុន ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​រក​អ្នកទទួលខុសត្រូវ​នៃ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​នោះ។

អង្គការ​លីកាដូ (Licadho)នៅ​ថ្ងៃទី​៥ ខែមករា បាន​រំលឹក​ឡើងវិញ​ដល់​ថ្ងៃ​ដែល​កងកម្លាំង​របស់​អាជ្ញាធរ​កម្ពុជា បាន​បង្ក្រាប​យ៉ាង​ហិង្សា មក​លើ​ក្រុម​កម្មករ​ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​លើ​ផ្លូវ​វេងស្រេង ។

បើ​តាម​លីកាដូ​ហេតុការណ៍​នោះ បាន​ធ្វើ​ឱ្យ​កម្មករ​ចំនួន ៤​នាក់​ស្លាប់ និង​កុមារា​អាយុ ១៥​ឆ្នាំ ម្នាក់​បាត់​ខ្លួន​រហូត​មក​ទល់​បច្ចុប្បន្ន។

ក្រោយ​ពេល​បង្ក្រាប​យ៉ាង​ហិង្សា អាជ្ញាធរ​ក៏បាន​ចាប់ខ្លួន​កម្មករ មេដឹកនាំ​សហជីព និង​អ្នកការពារ​សិទិ្ធ​មនុស្ស​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ ហើយ​រហូត​មក​ដល់​ពេល​នេះ ពួកគេ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ខណៈ​អាជ្ញាធរ​ព្យាយាម​បំភ្លេច​ករណី​នេះ មិន​អើពើ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឡើយ។

កាលពី​ឆ្នាំ​២០១៤ ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា ក្រោយ​ពី​រដ្ឋាភិបាល​សម្រេច​កំណត់​ប្រាក់ខែ​គោល​របស់​កម្មករ​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ត្រឹម ១០០​ដុល្លារ ដែល​ពួកគេ​អះអាង​ថា មិន​សមស្រប​នឹង​ការ​ចំណាយ។

ប៉ុន្តែ រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​ដំឡើង​ជូន​កម្មករ​នោះ​ទេ ថែមទាំង​បាន​បង្ក្រាប​ការ​តវ៉ា​របស់​ពួកគេ​ទៀត។ ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​នៅ​ពេល​នេះ​រួម​មាន លោក គឹម ផាលាភ លោក សាម រ៉ាវី លោក យាន រិទ្ធី លោក ផេង កុសល និង​កុមារា​ដែល​បាត់​ខ្លួន​ឈ្មោះ ខឹម សុផាត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ