ឪពុក​អ្នកទោស​មនសិការ​លោក ធី ថន ថា ការ​បន្ត​ឃុំខ្លួន​កូនប្រុស​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត

0
94

ឪពុក​អ្នកទោស​មនសិការ លោក ធី ថន លើកឡើង​ថា ការ​បន្ត​ឃុំខ្លួន កូនប្រុស​របស់​លោក គឺជា​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ខណៈ​កូនប្រុស​របស់​លោក គ្មាន​កំហុស​ដូច​ការចោទប្រកាន់​។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​តុលាការ​បាន​ចាប់ និង​ឃុំខ្លួន​អ្នកទោស​មនសិការ​រូប​នេះ​ជាង ១​ឆ្នាំ​មក​ហើយ។

ឪពុក​អ្នកទោស​មនសិការ លោក ធី ថន គឺ​លោក មឿន ធី លើកឡើង​ថា សង្គម​ខ្មែរ​យើង ទាមទារ​ឲ្យ​ពលរដ្ឋ​ហ៊ាន​ប្រើ​សិទ្ធិ​សេរីភាព​ច្រើន​គ្នា ដើម្បី​សម្ដែង​មតិ និង​តវ៉ា​រក​យុត្តិធម៌។ លោក​ថា បើ​ចេញ​មុខ​ម្ដងម្នាក់ៗ នោះ​ប្រឈម​នឹង​ការ​ធ្វើបាប និង​មិន​អាច​ផ្លាស់ប្ដូរ​កម្ពុជា​ឲ្យ​ក្លាយជា​សង្គម ដែល​មាន​សេរីភាព​បាន​ទេ។

លោក មឿន ធី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៥ ខែមករា​ថា លោក​លែង​មាន​ពាក្យ​នឹង​និយាយ​ហើយ អំពី​ចំណាត់ការ​ដ៏​អយុត្តិធម៌​របស់​តុលាការ ក្នុង​ការ​បន្ត​ឃុំខ្លួន​កូនប្រុស​របស់​លោក ដែល​គ្មាន​កំហុស ។ លោក​បាន​ហៅ​ការ បន្ត​ឃុំខ្លួន​កូនប្រុស ថា ជា​ការ​បំបិទ​សំឡេង​ពលរដ្ឋ​មិន​ឲ្យ​និយាយ​ពី​បញ្ហា​សង្គមជាតិ និង​ជា​ការ​បង្ក​វិបត្តិ​ផ្លូវចិត្ត​ដល់​អ្នកទោស​មនសិការ។

លោក មឿន ធី៖ «វា​អស់សិទ្ធិ​សេរីភាព វា​ទារុណកម្ម​ខាង​ផ្លូវចិត្ត នៅ​យើង​ចេះ តែ​ចាំៗ​អត់​មាន​សម្រេច​ថា​ម៉េច អា​រឿង​ស្អី​ពិតប្រាកដ​ក៏​អត់ ហើយ​រឿង​ពីមុន​មក រឿង​សុទ្ធតែ​ក្បត់ជាតិ​ក្បត់​អី ដល់ពេល​សម្រេច​តុលាការ គាត់​និយាយ​ថា អាច ប៉ះពាល់​ទាក់ទង​ដល់​អា​បួន​ខេត្ត អា​គ្រោង CLV ហ្នឹង ដល់​ពេល​ខ្ញុំ​សួរ​កូន​ទៅ កូន​ថា អត់​មាន​ពាក់ព័ន្ធ​រឿង​ហ្នឹង​ផង»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​របស់​លោក ធី ថន សុំ​លើក​ពេល​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៥ ខែមករា​នេះ ដោយសារ តែ​មេធាវី​ទើប​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​សវនាការ​កាលពី​រសៀល​ថ្ងៃ​សុក្រ ជាហេតុ​ធ្វើ​ឲ្យ​មេធាវី មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការ​សិក្សា​សំណុំរឿង។

លោក ធី ថន គឺជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់​ខ្លួន កាលពី​ខែ​សីហា ឆ្នាំ​២០២៤ និង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «​រួមគំនិត​ក្បត់​» តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។ លោក កើត សារ៉ាយ ដែល​ជា​ប្រធាន​នៃ​សមាគម​នេះ ក៏​កំពុងតែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ រយៈពេល ៤​ឆ្នាំ បន្ទាប់ពី​ការ​ចាប់ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​២០២៤ ពី​បទ «​ញុះញង់​ឱ្យ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​និង​បទ «​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ ផ្ដន្ទាទោស​បទមជ្ឈិម»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៥ ខែមករា​ថា សហគមន៍​អន្តរជាតិ តែងតែ​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​សកម្មភាព​របស់​ពួកគាត់ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ការពារ​ប្រយោជន៍​ជាតិ សិទ្ធិមនុស្ស បរិស្ថាន និង ធនធានធម្មជាតិ​ជាដើម។

លោក អំ សំអាត៖ «ករណី​លោក ធី ថន ក៏ដូចជា​សកម្មជន​ការងារ​សង្គម សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន​ដ៏ទៃ​ទៀត ឬក៏​សកម្មជន​គណបក្ស នយោបាយ​មួយចំនួន​ថា ការ​ចាប់ ការ​ចោទប្រកាន់ ឬ​ការ​ឃុំ​ខ្លួន ហាក់ដូចជា​មិន មាន​ហេតុ ផល​គ្រប់គ្រាន់​ទៅវិញ​ទេ ដែល​នឹង​ត្រូវ​ធ្វើការ​ចោទប្រកាន់ ឃុំខ្លួន ពួកគាត់ ពីព្រោះ ពួកគាត់​ជា​យុវជន​សកម្ម​នៅក្នុង​ការងារ​សង្គម​គួរតែ​ត្រូវ​បាន​ធ្វើការ លើកទឹកចិត្ត មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់​ឃុំខ្លួន​ដូច្នេះ​ទេ»។

អ្នកឃ្លាំមើល​កត់សម្គាល់​ថា ពេល​លោក ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី បទ «​ក្បត់ជាតិ​» ត្រូវ​បាន​ចោទប្រកាន់​តែ​ទៅលើ​អ្នកដឹកនាំ​នយោបាយ​ប្រឆាំង ជា​គូ​ប្រជែង​អំណាច រីឯ​សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយ ច្រើនតែ​ត្រូវ​ប្រឈម​នឹង​បទ​ចោទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​អាទិ៍​» ឬ​បទ​«​ញុះញង់​បង្ក​អសន្តិសុខ​ក្នុង​សង្គម»។ ប៉ុន្តែ ពួកគាត់​ថា បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើងជា​នាយករដ្ឋមន្ត្រី ដោយ​គ្មាន​ការបោះឆ្នោត​ត្រឹមត្រូវ កាលពី​ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​និង​សកម្មជន ដែល​គ្រាន់តែ​សម្ដែង​មតិ ក៏​ត្រូវ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​តុលាការ​ចោទ​ប្រកាន់​ដល់​បទ «​រួមគំនិត​ក្បត់​» និង​បទ​«​ក្បត់ជាតិ» ។

អង្គការ​លីកាដូ ធ្លាប់​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា លោក ធី ថន គឺជា​អ្នក​ជាប់ឃុំ​ម្នាក់ ក្នុងចំណោម​អ្នក​ជាប់ឃុំ​ដោយសារតែ​ប្រើ​សិទ្ធិ​បញ្ចេញមតិ និង​ភាព​សកម្ម​និយម​របស់​លោក​នៅក្នុង​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ