

អ្នកជំនាញកសិកម្មលោក នី ណាក់ ដែលតែងរិះគន់បញ្ហាសង្គម មានសេរីភាពវិញហើយនៅថ្ងៃទី៥ មករា ក្រោយអនុវត្តទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
លោក នី ណាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនបីលានរៀល (ប្រហែល ៧៥០ ដុល្លារសហរដ្ឋអាមេរិក) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
តុលាការក៏បានបង្គាប់ឱ្យលោក នី ណាក់ សងសំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួន២០០លានរៀល (ប្រហែល ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
ទើបតែថ្មីៗនេះ គឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តុលាការកំពូលបានតម្កល់ការសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែលប្រឆាំងនឹងបណ្តឹងទាស់របស់លោក នី ណាក់។
លោក នី ណាក់ ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស ២លើកមកហើយ ពីបទចោទប្រកាន់ដូចគ្នា។ លើកទីមួយគឺក្រោយលោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករិះគន់អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វ៉េង សាខុន ករណីទិញម៉ាស់ពាក់ឱ្យកូនមាន់ និងលើកទី២នេះ ក្រោយលោកបានសសេររិះគន់នៅលើបណ្ដាញសង្គមចំពោះការផ្ដល់ដីសម្បទានមួយកន្លែងដល់បុគ្គលម្នាក់ឈ្មោះ ហេង សួរ ដែលលោកគិតថា ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្ន៕









