អ្នកឃ្លាំមើល​ថា ការ​បញ្ចប់​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មិន​ច្បាស់លាស់ ក្រោយ​ថៃ​​លើក​ពេល​ប្រជុំ JBC

0
100
កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm
កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ថៃ (ឆ្វេង) និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។ រូប៖ Pressocm

អ្នកឃ្លាំមើល​ថា ស្ថានការណ៍​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ គ្មាន​ភាព​ច្បាស់លាស់​នោះ​ទេ ដោយសារ​ភាគី​ថៃ បាន​ពន្យារពេល​ចូលរួម​កិច្ចប្រជុំ ដើម្បី​ដោះស្រាយ​រឿង​បោះបង្គោល​ព្រំដែន ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា និង​ចោទប្រកាន់​កម្ពុជា ថា រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។ ពួកគាត់​ថា ក្នុង​ស្ថានភាព​បែប​នេះ កម្ពុជា​គួរតែ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ជាជាង​ចរចា​ទ្វេភាគី​ជាមួយ​ថៃ។

បន្ទាប់ពី​ធ្វើសង្គ្រាម​ឈ្លានពាន និង​ចូល​ទន្ទ្រាន​កាន់កាប់​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​មក ពេល​នេះ​ភាគី​ថៃ ហាក់​មិន​ចង់​និយាយ​រឿង​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​ឡើយ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​៥ ខែមករា ថា កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​នៃ​ភាគី​ទាំងពីរ ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា និង​គ្រោង​នឹង​រៀបចំឡើង​នៅ​សប្ដាហ៍​ទី​១ ក្នុង​ខែមករា នៅ​ខេត្ត​សៀមរាប​នោះ ត្រូវ​បាន​ភាគី​ថៃ​ស្នើសុំ​លើក​ពេល ដោយ​លើក​ហេតុផល​រង់ចាំ​នីតិវិធី​ផ្ទៃក្នុង។

ទោះជា​យ៉ាងណា រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​បញ្ជាក់​ថា កម្ពុជា​បាន​ស្នើ​ជាថ្មី​ម្ដងទៀត ទៅ​ភាគី​ថៃ តាមរយៈ​កំណត់​ទូត ដើម្បី​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​សប្ដាហ៍​ទី​២ ឬ​ទី​៣ ក្នុង​ខែ​មករា ដើម្បី​ពិភាក្សា​លើ​ការ​វាស់វែង​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​មួយចំនួន ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កំណត់​ខ្សែ​ព្រំដែន ដើរ​តាម​ផ្លូវទឹក និង​បន្ទាត់​ត្រង់​ជាដើម​។ ក្រៅ​ពី​នេះ ភាគី​កម្ពុជា ក៏​នឹង​លើក​យក​បញ្ហា​ដែល​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​បំពាន​លើ​បូរណភាព​ទឹកដី និង​ឈូស​ឆាយ​បំផ្លាញ​លំនៅឋាន​របស់​ពលរដ្ឋ​ខ្មែរ និង​ហាមឃាត់ មិន​ឱ្យ​ចូល​ទៅ​រស់នៅ ក្នុង​លំនៅឋាន​វិញ​ផង​ដែរ។

គិត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ថៃ នៅ​មិនទាន់​ឆ្លើយតប ចំពោះ​សំណើ​លើក​ទីពីរ​របស់​កម្ពុជា ដែល​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ JBC ក្រោយ​ការប្រកាស​បទ​ឈប់​បាញ់​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៦ ខែ​មករា ថា ភាគី​ថៃ​ហាក់​មានបំណង​ពន្យារ​ពេល​ពី​ការចរចា ដើម្បី​ធ្វើជា​តូបនីយកម្ម​ទឹកដី​របស់​កម្ពុជា ដែល​យោធា​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក ឱ្យ​ក្លាយ​ទៅជា​របស់​ថៃ តាមរយៈ​ការបំផ្លាញ​សំណង់​ចាស់ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី។

លោក អ៊ុំ សំអាន៖ «បទ​ឈប់​បាញ់​ហ្នឹង គឺ​ផុយ​ស្រួយ​ណាស់ អាច​ផ្ទុះអាវុធ​បាន​គ្រប់​ពេលវេលា​។ ហើយ​ការ​សង្ឃឹម ទៅ​លើ​ការ​ប្រជុំ​កិច្ចការ​ចម្រុះ នៃ​គណៈកម្មាធិការ​ព្រំដែន JBC គឺ​ថៃ​មិន​ព្រម​ប្រជុំ​នោះ​ទេ។ ទោះបី​ចរចា​ទ្វេភាគី​ក៏ដោយ ក៏​ទីតាំង​ចំនួន ២៨​ហ្នឹង មិន​អាច​ទាមទារ​យក​វិញ​តាមរយៈ​ការចរចា​ទ្វេភាគី​ហ្នឹង​បានទេ ទាល់តែ​កម្ពុជា​ប្ដឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ»។

កន្លងមក​កម្ពុជា​ធ្លាប់​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ជា​លើកដំបូង​របស់​ប្រទេស​ទាំងពីរ ក្រោយ​មាន​បទ​ឈប់​បាញ់​ផង​ដែរ ក៏ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ចេញមុខ​បដិសេធ​ភ្លាមៗ ដោយ​លើក​ហេតុផល​ថា ថៃ​មិន​ទាន់​ត្រៀម​នីតិវិធី និង​ថា លទ្ធផល​នៃ​ការប្រជុំ​នេះ​ត្រូវ​ចងភ្ជាប់​នឹង​តួនាទី​របស់​រដ្ឋាភិបាល​ថៃ​ថ្មី។

ក្រៅ​ពី​នេះ លោក ស៊ីហាសាក់ បាន​អះអាង​ទៀត​ថា ស្ថានភាព​នៃ​ជម្លោះ​កម្ពុជា និង​ថៃ នៅ​មាន​ភាព​ផុយស្រួយ​នៅឡើយ ខណៈ​រដ្ឋាភិបាល​របស់​ថៃ​បច្ចុប្បន្ន គឺជា​រដ្ឋាភិបាលចាំផ្ទះ ហើយ​ថៃ​មិនអាច​មានការ​កំណត់ពេល​ឱ្យ​បាន​ជាក់លាក់​សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ជាមួយ​កម្ពុជា​បាន​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ភាគី​ថៃ​បាន​ប្រើប្រាស់​បទ​ឈប់​បាញ់ យក​មក​សម្លុត និង​ចងជើង មិន​ឱ្យ​កម្ពុជា​តវ៉ា និង​ម្ខាង​ទៀត ថៃ​បាន​ប្រើ​លេស​ចោទប្រកាន់​មក​លើ​កម្ពុជា និង​ពន្យារ​ពេល​កិច្ចប្រជុំ JBC ដើម្បី​បន្តកាន់កាប់​ទឹកដី​តាម​បណ្ដោយ​ព្រំដែន ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ពី​កម្ពុជា។

លោក ម៉ែន ណាត៖ «ថៃ​ប្រើ​យន្តការ​២ ទីមួយ​យន្តការ ការទូត ដោយ​ចោទប្រកាន់​កម្ពុជា ទាំង​ខុសច្បាប់​។ ទីពីរ​ប្រើ​កម្លាំង​យោធា ដើម្បី​ត្រួតត្រា។ ឯ​ចំណែក​កម្ពុជា​យើង អត់​ចង់​តបត​ដោយ​ប្រើ​កម្លាំង​យោធា​ទេ គ្រាន់តែ​តវ៉ា​តាមផ្លូវ​ច្បាប់​ទេ»។

យ៉ាងណាមិញ ក្រៅពី​ភាព​ចម្រូងចម្រាស លើ​ការកំណត់​ពេល​បើក​កិច្ចប្រជុំ JBC ហើយ​នោះ គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ធ្លាប់​បាន​ស្នើ​ជា​ឯកច្ឆន្ទ ឱ្យ​លុបចោល​ជាបន្ទាន់ នូវ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្ដីពី​ការវាស់វែង​និង​ខណ្ឌសីមា​ព្រំដែន​គោក​ជាមួយ​កម្ពុជា និង​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០១ ស្ដី​អំពី​ការ​អភិវឌ្ឍ​រួមគ្នា សម្រាប់​វិស័យ​ធនធាន​ថាមពល (OCA) ក្នុង​ដែនសមុទ្រ ដែល​ភាគី​ទាំង​២ អះអាង​ថា ត្រួតស៊ីគ្នា​។ ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ ប្រើប្រាស់​អំណាច​កងទ័ព​ជើង​ទឹក និង​ការ​បិទ​ឈូង​សមុទ្រ ដើម្បី​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​ចូល​ចរចា ក្នុង​ពេល​មាន​សង្គ្រាម​ទៀត​ផង។

អ្នក​តាមដាន​ស្ថានការណ៍ យល់​ឃើញ​ថា ស្ថិត​នៅ​ក្នុង​កាលៈទេសៈ ដែល​ថៃ​ក្រឡុក​ស្ថានការណ៍​តាមចិត្ត​បែប​នេះ កម្ពុជា​គួរតែ​ត្រៀម​យុទ្ធសាស្ត្រ ទាំង​ផ្នែក​យោធា និង​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ចប់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ